សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ថវិកាជាតិ​ដល់​សាធារណជន

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ថវិកាជាតិ​ទាំង​​ប្រភព​ចំណូល និង​ចំណាយ​ដល់​សាធារណជន​ឲ្យបាន​លម្អិត​ និង​ច្បាស់លាស់​ ដើម្បី​លុបបំបាត់​អំពើ​ពុក​រលួយ​នៅ​តាម​ស្ថាប័នរដ្ឋ។ ការ​ជំរុញ​បែប​នេះ ​ធ្វើឡើង​ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​ស្ដីពី ''ការចូលរួម​របស់​ពលរដ្ឋ​ក្នុង​ដំណើរការ​នៃ​ការ​កសាង​ថវិកា និង​ការ​តាម​ដាន​លើ​ការ​ចំណាយ​ថវិកា​សាធារណៈ​ក្នុង​បរិបទ​កូវីដ-១៩'' ដែល​រៀបចំ​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) នៅ​ថ្ងៃ​ទី២៨ តុលា។

ច្បាប់ថវិកាជាតិ គឺជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់​បំផុត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍ​ជាតិ និង​តាម​វិស័យ​នីមួយៗ ដើម្បី​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ និង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ ជាពិសេស​ក្នុង​ពេល​ប្រទេស​កម្ពុជា​ រង​គ្រោះ​ដោយ​វិបត្តិ​កូវីដ-១៩។ ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ​ពិនិត្យ​ឃើញ​ថា ថវិកា​ជាតិ​ដែល​រដ្ឋាភិបាល​ប្រើ​ប្រាស់​កន្លង​មក នៅ​មិន​ទាន់​មាន​តម្លា​ភាព និង​គណនេយ្យ​ភាព​ត្រឹមត្រូវ​នោះ​ទេ។ ពួកគាត់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លាត​ត្រង​ដាង​អំពី​ចំណូល​ប្រចាំ​ឆ្នាំ​ដែល​រក​បាន​មកពី​គ្រប់​វិស័យ និង​ការ​ប្រើប្រាស់​ខ្ទង់​ចំណាយ​ឲ្យ​បាន​លម្អិត​ជា​សាធារណៈ ព្រោះ​ការ​បិទ​បាំង​រឿង​ថវិកា​ជាតិ​នេះ នាំ​ឲ្យ​ការ​ប្រើប្រាស់​ថវិកា​ជាតិ ពុំ​មាន​ប្រសិទ្ធិ​ភាព​ និង​កើតមាន​អំពើ​ពុក​រលួយ។

នាយក​ប្រតិបត្តិ​រង​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​លោក អ៊ុក វណ្ណារ៉ា ថ្លែង​ថា ​តម្លាភាព ​ឬ​ភាព​បើក​ចំហ​នៃ​ព័ត៌មាន​ថវិកា​ជាតិ ​ជា​ប្រការ​ដ៏​សំខាន់​បំផុត​ដែល​ញ៉ាំង​ឲ្យ​ពលរដ្ឋ​ទុក​ចិត្ត​រាជ​រដ្ឋាភិបាល។ លោក​បន្ត​ថា គិត​មក​ដល់​ពេល​នេះ ព័ត៌មាន​ថវិកា​ជាតិ​មិន​ទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​នោះ​ឡើយ។ លោក អ៊ុក វណ្ណារ៉ា បញ្ជាក់​លទ្ធផល​​នៃ​ការ​អង្កេត​ថវិកាជាតិ​ជា​ចំហ​រយៈ​ពេល ២ឆ្នាំ​ម្ដង​កាលពី​ឆ្នាំ២០១៩ ទាក់ទង​នឹង​តម្លាភាព និង​គណនេយ្យ​ភាព​ថវិកា​ជាតិ ​ការចូលរួម​របស់​ពលរដ្ឋ និង​ការ​ព្រួត​ពិនិត្យ​ការ​ចាយ​វាយ​ថវិកាជាតិ​ពី​សំណាក់​ស្ថាប័ន​នីតិបញ្ញត្តិ និង​អាជ្ញាធរ​សវនកម្ម​ជាតិ​បង្ហាញ​ថា ប្រទេស​កម្ពុជា​នៅតែ​ទទួល​បាន​ពិន្ទុ​ទាប​ខ្លាំង បើ​ប្រៀប​ធៀប​ជាមួយ​ប្រទេស​ជិត​ខាង៖ « ដើម្បី​បាន​ពិន្ទុ​កើន​ឡើង រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​បញ្ចេញ​ឯកសារ​គន្លឹះ ទាក់ទង​នឹង​ថវិកា។ ខ្ញុំ​និយាយ​ឯកសារ​គន្លឹះ​នេះ គឺ​មាន ៨តាម​ស្តង់ដារ​អន្តរជាតិ ដែល​យើង​ត្រូវ​បង្ហាញ​ជូន​ទៅ​សាធារណជន។ ក្នុង​នោះ​មាន​ឯកសារ​ជា​សេចក្ដី​ព្រាង​ថវិកា ​ចាំបាច់​ត្រូវតែ​ផ្តល់​ជូន​សាធារណជន​តាម​កាលកំណត់ ​មុន​បញ្ជូន​ទៅ​រដ្ឋសភា ​ដើម្បី​ឲ្យ​សាធារណជន​បាន ដឹង​និង​បាន​ផ្តល់​ជា​ធាតុ​ចូល។ ទី២ សំណើ​ថវិកា​ដែល​ចេញ​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មុន​ចូល​ទៅ​រដ្ឋសភា​ ត្រូវ​បញ្ចេញ​ឯកសារ​នេះ​តាមរយៈ​វ៉ឹបសៃថ៍​របស់​ក្រសួង។ ទី៣ បន្ទាប់ពី​រដ្ឋសភា​ ព្រឹទ្ធសភា​អនុម័ត​ហើយ​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​នៃ​យើង ត្រូវ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​បាន​ឃើញ​ពី​ថវិកា​ដែល​បាន​អនុម័ត​នោះ​ និង​សាធារណជន ​អាច​ចូលរួម​តាមដាន​ការ​អនុវត្ត​ផែនការ​នោះ »

គណៈរដ្ឋមន្ត្រី​នៃ​របប​ក្រុង​ភ្នំពេញ បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០២២ រួច​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី២២ តុលា ដែល​គ្រោង​ចំណាយ​ថវិកា​ជាតិ​សរុប​ប្រមាណ ៨ពាន់ ៥រយ​លាន​ដុល្លារ​អាមេរិក (៨.៥ ប៊ីលលាន)។ គម្រោង​ចំណាយ​នេះ​កើន​ឡើង ៨,៤% ធៀប​នឹង​ឆ្នាំ២០២១ ដែល​មាន​ប្រមាណ ៧ពាន់ ៥រយ​លាន​ដុល្លារ (៧.៥ ប៊ីលលាន)។ ទាក់ទង​នឹង​ចំណូល​វិញ រដ្ឋាភិបាល​គ្រោង​ប្រមូល​ចំណូល​ឱ្យ​បាន​ជាង ៦ពាន់ ៣រយ​លាន​ដុល្លារ (៦.៣ ប៊ីលលាន) កើន​ឡើង​ជិត ២០% ធៀប​នឹង​ឆ្នាំ២០២១ ដែល​មាន​ជិត ៥ពាន់​លាន​ដុល្លារ (៤.៩ ប៊ីលលាន)។ សេចក្ដី​ព្រាង​ច្បាប់​ថវិកា​នេះ​ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​អនុម័ត​ទទួលយក ​និង​ប្រគល់​ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី២៧ ខែតុលា ដើម្បី​ពិនិត្យ ​និង​សិក្សា។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍ និង​ភាព​ជា​ដៃគូ​ក្នុង​សកម្មភាព​លោក ម៉ម សម្បត្តិ មាន​ប្រសាសន៍​​ថា រដ្ឋសភា គួរតែ​បំពេញ​តួនាទី​សំខាន់ៗ មួយ​ចំនួន​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ ឡើង​នូវ​តម្លាភាព ​និង​គណនេយ្យ​ភាព​ថវិកាជាតិ ដូចជា ជំរុញ​ឲ្យ​រដ្ឋាភិបាល​ ត្រូវ​ធានា​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​បញ្ចេញ​យោបល់​ជុំវិញ​ដំណើរ​ការរៀបចំ​ផែនការ​ថវិកា​ជាតិ​ និង​ដឹង​ព័ត៌មាន​ជាក់លាក់​អំពី​គម្រោង​នៃ​ការ​ចំណាយ​ថវិកា​ជាតិ។ ក្រៅពី​នេះ​រដ្ឋសភា គួរតែ​ជជែក​ដេញដោល​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​ខ្ទង់​ចំណាយ​សម្រាប់​វិស័យ​​អាទិភាព​មួយ​ចំនួន​និង​តាមដាន​ទៅ​លើ​ការ​ចំណាយ​ថវិកាជាតិ។ លោក​​បន្ត​ថា ប្រសិនបើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង​នៅ​ក្នុង​ក្រសួង ឬ​ស្ថាប័ន​ណា​មួយ រដ្ឋសភា ត្រូវ​ហៅ​ក្រសួង ឬ​ស្ថាប័ន​នោះ​មក​បំភ្លឺ​ជូន​សាធារណជន​ ដើម្បី​ឲ្យ​អស់​មន្ទិល​សង្ស័យ៖ « គឺ​ត្រូវ​បង្ហាញ​អំពី​ប្រភព​ចំណូល។ ប្រភព​ចំណូល​យើង​ដឹង​ហើយ​ថា មិនមែន​មកពី​សារពើពន្ធ​ មកពី​សារពើពន្ធ ​មូលនិធិ ហើយ​នឹង​បំណុល​បរទេស។ ព័ត៌មាន​នេះ សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ ​មន្ត្រីរាជការ ​វិស័យ​ឯកជន ឬ​ក៏​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ពីព្រោះ​ពួកគាត់​ជាប់​កាតព្វកិច្ច​បង់ពន្ធ។ ទោះបីជា បំណុល​មកពី​បរទេស ក៏​ប្រជាពលរដ្ឋ​មាន​កាតព្វកិច្ច​ចូលរួម​ការ​សង​ត្រឡប់​ទៅវិញ ទៅ​ប្រទេស​អស់​ទាំង​នោះ​តាមរយៈ​ការ​បង់ពន្ធ​គ្រប់​សារពើ​ផង​ដែរ។ ដូច្នេះ​កន្លែង​នេះ គួរតែ​មាន​លម្អិត​នៅ​ក្នុង​ថវិកាជាតិ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លោក​យល់។ មួយ​វិញ​ទៀត នៅ​ពេល​ចំណាយ ​សភា​មាន​តួនាទី​សំខាន់​ណាស់ ​ក្នុង​ការ​តាមដាន​ត្រួតពិនិត្យ​រាល់​ការ​ចំណាយ​ថវិកាជាតិ​ទៅ​តាម​មូលដ្ឋាន​ ទៅ​តាម​ក្រសួង »

ទាក់ទង​ករណី​នេះ ​ប្រធាន​នាយកដ្ឋាន​អប់រំ បង្ការ ​និង​ទប់ស្កាត់​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ អ្នកស្រី អ៊ូ ស៊ីថា ​លើក​ឡើង​ថា ស្ថាប័ន​នីតិបញ្ញត្តិ ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ ​និង​អភិបាលកិច្ច​ល្អ ​តាមរយៈ​ការ​បង្កើត​គណៈ​កម្មការ​អង្កេត ​បោស​សម្អាត ​និង​ប្រឆាំង​អំពើ​ពុករលួយ ឬ​ហៅ​ថា គណៈកម្មការ​ទី១០ នៃ​រដ្ឋសភា។ អ្នកស្រី​អះអាង​ទៀត​ថា ​ស្ថាប័ន​នេះ​ ក៏​បាន​ចូលរួម​ពិនិត្យ​និង​រៀបចំ​សេចក្ដី​ស្នើ​ច្បាប់​ពាក់ព័ន្ធ​វិស័យ​ប្រឆាំង​អំពើពុករលួយ​ និង​បាន​ចូលរួម​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់ ​ព្រមទាំង​ចុះ​បំពេញ​បេសកកម្ម​តាម​ក្រសួង​ស្ថាប័ន និង​រាជធានី-ខេត្ត​ជាដើម៖ « នៅ​ក្នុង​នោះ ​ក៏​មាន​កិច្ចប្រតិបត្តិការ​ផ្សេងៗ ឧទាហរណ៍​ថា ​គាត់​ចុះ​បេសកកម្ម​ទៅ​ខាង​ខេត្ត គឺ​យើង​មាន​ការ​សហការ​ក្នុង​ការ​បង្ហាញ​ពី​លទ្ធផល​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​ក្នុង​ការ​ផ្សព្វផ្សាយ​ច្បាប់​បទបញ្ញត្តិ​ពាក់ព័ន្ធ​ ហើយ​ក៏​មាន​ការ​ចែក​រំលែក​នូវ​ឯកសារ ឧបករណ៍ អប់រំ​ផ្សព្វផ្សាយ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​រៀបចំ គឺ​តាម​គណៈកម្មការ​ទី១០ ក៏​បាន​យក​ឧបករណ៍​ទាំង​នោះ​ ទៅ​ផ្សព្វផ្សាយ​បន្ត​បន្ថែម​ផង​ដែរ។ នេះ​គឺ​ជា​ទម្រង់​មួយ​ចំនួន​នៃ​កិច្ច​ប្រតិបត្តិការ​ដែល​យើង​គិត​ថា អង្គនីតិបញ្ញត្តិ​ពិត​ជា​បាន​យកចិត្តទុកដាក់​ខ្ពស់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​ដូច​ជា​កិច្ចសហការ​ទៅវិញ​ទៅមក​ រវាង​អង្គនីតិប្រតិបត្តិ និង​អង្គនីតិបញ្ញត្តិ »

រាល់​ចំណូល​ចំណាយ​របស់​ស្ថាប័ន​រដ្ឋ​ទាំងអស់ ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​មួយ​ចំនួន រួម​មាន ក្រុម​ការងារ​គណនេយ្យ​ភាព​ខេត្ត នាយកដ្ឋាន​សវន​កម្ម​ផ្ទៃ​ក្នុង​​របស់​ក្រសួង​ស្ថាប័ន​នីមួយៗ អាជ្ញាធរ​សវនកម្ម​ជាតិ រដ្ឋសភា និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ករណី​ដែល​សង្ស័យ​ថា មាន​ករណី​ពុក​រលួយ។ ក៏ប៉ុន្តែ​ការ​ប្រើប្រាស់​ថវិកា​ជាតិ​នៅ​រយៈ​ពេល​ជាច្រើន​អាណត្តិ​មក​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ រក​ឃើញ​ថា មាន​តម្លាភាព​តិច​តួច​បំផុត។ លើស​ពី​នេះ ក្រុម​អ្នក​ឃ្លាំមើល​​រឹតតែ​ព្រួយ​បារម្ភ​ថែម​ទៀត ដោយសារ​តែ​ដំណើរការ​រៀបចំ និង​ការ​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​ចូលរួម​មតិយោបល់​តិចតួច​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល ហើយ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ គឺ​គ្មាន​វត្តមាន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ ដើម្បី​ជជែក​ដេញដោល​សោះ​តែ​ម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។