ពលរដ្ឋ​ប្រឈម​បញ្ហា​ជីវភាព​ក្រោយ​ក្រុមហ៊ុន​ឧកញ៉ា ឡេង ចាន់ណា មិន​សង​ប្រាក់​ត្រឡប់​មក​វិញ

0:00 / 0:00

ពលរដ្ឋ​ដែល​បាន​ដាក់​ទុន​រកស៊ី​ជាមួយ​ក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី (Brilliant City) របស់​ឧកញ៉ា ឡេង ចាន់ណា ស្នើ​ឱ្យ​ភាគី​ក្រុមហ៊ុន​សង់​ប្រាក់​ត្រឡប់​ទៅ​ពួកគាត់​ទៅវិញ ខណៈ​ពួកគាត់​កំពុង​ប្រឈម​បញ្ហា​លំបាក​ក្នុង​ជីវភាព​គ្រួសារ និង​មិន​មាន​លទ្ធភាព​សង​ប្រាក់​ទៅ​ធនាគារ។ មន្ត្រី​សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​គួរ​អន្តរាគមន៍​ឱ្យ​ភាគី​ក្រុមហ៊ុន​ចេញ​មក​ដោះស្រាយ​ជូន​ពលរដ្ឋ​ឱ្យ​ទាន់​ពេល​វេលា។

ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប លោកស្រី យំ សំអាង ឱ្យ​ដឹង​ថា គ្រួសារ​លោកស្រី​បាន​ខ្ចី​លុយ​ធនាគារ​ចំនួន ៤​ម៉ឺន​ដុល្លារ​ដើម្បី​ដាក់​ទុន​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា ឡេង ចាន់ណា ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​ការប្រាក់​មក​វិញ​។ ទោះជា​យ៉ាងណា ឧកញ៉ា ឡេង ចាន់ណា មិន​បាន​ផ្ដល់​ប្រាក់​មក​ឱ្យ​លោកស្រី​វិញ​ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០២៣​មក។

លោកស្រី យំ សំអាង លើក​ឡើង​ថា គ្រួសារ​លោកស្រី​មិន​មាន​លទ្ធភាព​ទ្រទ្រង់​ជីវភាព​គ្រួសារ និង​គ្មាន​លុយ​សូម្បី​ទិញ​ទឹកដោះ​គោ​ឱ្យ​ចៅ ហើយ​ប្រាក់​ចំណូល​ដែល​គ្រួសារ​លោកស្រី​រកបាន​ក៏​មិន​អាច​សង​ទៅ​ធនាគារ​វិញ​បាន​នោះ​ដែរ​។ លោកស្រី យំ សំអាង ថា ប្រសិនបើ​ក្រុមហ៊ុន​មិន​ដោះស្រាយ​ឱ្យ​ទេ ធនាគារ​នឹង​រឹបអូស​ផ្ទះ និង​ដី​នា​ពេល​ខាងមុខ​នេះ។

លោកស្រី យំ សំអាង៖ «គឺ​គ្រប់គ្នា​យើង ធំ​មែនទែន​ហើយ មិនដឹង​ធ្វើ​យ៉ាងណា​ទេ តែ​ឆ្លង​ខែ​បង់​ធនាគារ នេះ​ធនាគារ​បើកឡាន​ចូល​ភូមិ​មក មេៗ គេ​មក​លក់​ផ្ទះ លក់​ដី​ឱ្យ​គេ ថា ចាំបាច់​ត្រូវតែ​លក់​ឱ្យ​គេ»។

ពលរដ្ឋ​រស់នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង លោក នួន នឿត លើកឡើង​ថា គ្រួសារ​លោក​បាន​ធ្លាក់​ក្នុង​បំណុល​ដោយសារតែ​គ្រួសារ​លោក​មិន​អាច​រក​ថវិកា​សង់​ធនាគារ​វិញ​គ្រប់​ចំនួន ដូច្នេះ​លោក​បាន​ទៅ​ខ្ចី​បំណុល​ឯកជន​បន្ថែម​ទៀត​ដោយសារតែ​លោក​មិន​ចង់​បាត់បង់​ដី​ដែល​បាន​ដាក់​បញ្ចាំ​នៅ​ធនាគារ​នោះ​ទេ។

លោក នួន នឿន ស្នើ​ដល់​រដ្ឋាភិបាល និង​អភិបាល​ខេត្ត​សៀមរាប​អន្តរាគមន៍​ឱ្យ​ក្រុមហ៊ុន​ឧកញ៉ា ឡេង ចាន់ណា សង​ប្រាក់​ពួកគាត់​វិញ​ឆាប់ៗ។

លោក នួន នឿន៖ «សូម​លោក​មេត្តា​ជួយ​ស្រាយ ព្រោះ​រឿង​ខ្ញុំ​ទាំងអស់​នេះ គឺ​សុទ្ធតែ​រឿង​ដីធ្លី​ដាក់​ទុន​ហ្នឹង គឺ​យក​ដី​យក​ធ្លី​យក​ទៅ​បញ្ចាំ ហើយ​លក់​ជាមួយ​នឹង​អង្គការ ដើម្បី​យក​លុយ​អង្គការ​មក​ដាក់​ទុន​ជាមួយ​គេ ហើយ​អ៊ីចឹង​មានតែ​អភិបាល​ខេត្ត​សៀមរាប​ហើយ ដែល​លោក​ជា​ភ្នែក​ជា​ច្រមុះ ជា​ម៉ែ​ជា​ឪ​ដែល​ជួយ​ដោះស្រាយ​ឱ្យ​ខ្ញុំ​ទាំងអស់គ្នា​ហ្នឹង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ ពី​ប្រធាន​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី អ្នកស្រី ឡេង ចាន់ណា និង​អភិបាល​ខេត្ត​សៀមរាប លោក ប្រាក់ សោភ័ណ បាន​ទេ នៅ​ថ្ងៃទី៥ ខែ​មីនា។

ទាក់ទិន​រឿង​នេះ អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា បញ្ហា​នេះ​រដ្ឋ​ត្រូវ​ដាក់​ចេញ​វិធានការ​អន្តរាគមន៍​ទៅលើ​ភាគី​ក្រុមហ៊ុន​ឱ្យ​ផ្ដល់​លុយ​ទៅ​ប្រជាពលរដ្ឋ​វិញ​ឱ្យ​បាន​ឆាប់ ព្រោះ​ថា បញ្ហា​នេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​សម្រាប់​ពលរដ្ឋ​ប្រសិនបើ​ដំណោះស្រាយ​នៅ​បន្ត​អូស​បន្លាយ។

លោក វណ្ណ សូផាត៖ «បញ្ហា​ហ្នឹង​វា​នៅតែ​រាលដាល​បន្ត​ទៅ​ទៀត ហើយ​គ្មាន​ដំណោះស្រាយ ហើយ​អ្នក​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ គឺ​ប្រជាពលរដ្ឋ​ដែល​គាត់​ជាប់ជំពាក់​បំណុល​ធនាគារ​ដើម្បី​យក​ប្រាក់​យក​ទៅ​ដាក់​ភាគហ៊ុន អាហ្នឹង​វា​ជា​បញ្ហា​គួរតែ​រាជរដ្ឋាភិបាល​អាច​រក​មធ្យោបាយ​ដោះស្រាយ​ណាមួយ​រវាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា»។

អ្នកស្រី ឡេង ចាន់ណា គឺជា​ប្រធាន​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែល​បោះទុន​រកស៊ី​លក់​បុរី​នៅ​ខេត្ត សៀមរាប ចាប់​តាំង​ពី​ឆ្នាំ​២០២២​មក និង​ជា​បុគ្គល​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ កន្លងមក​ក្រោយ​ការ​តវ៉ា​របស់​ពលរដ្ឋ អ្នកស្រី ឡេង ចាន់ណា បាន​លើកឡើង​ក្នុង​វីដេអូ​បែកធ្លាយ​ថា អ្នកស្រី មិន​ញញើត​នឹង​បុគ្គល​ណា​ទេ ព្រោះ​ក្រុមហ៊ុន​របស់​អ្នកស្រី ជា​ដៃគូ​របស់​រដ្ឋាភិបាល និង​ត្រូវ​បាន​ជួយ​ជ្រោមជ្រែង​ដោយ​រដ្ឋាភិបាល រីឯ​សមាគម​របស់​អ្នកស្រី បង្កើត​ឡើង​ដោយ​លោក ហ៊ុន ម៉ាណែត និង​គំរាម​ថតរូប​ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​ហ៊ាន​តវ៉ា​ទៀត​ផង។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ចេញ​លិខិត​បដិសេធ​ថា លោក ហ៊ុន ម៉ាណែត មិនបាន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​របស់​អ្នកស្រី ឡេង ចាន់ណា នោះ​ទេ និង​ព្រមាន​ចាត់វិធានការ​ច្បាប់​បើ​នៅ​បន្ត​ប្រើ​ឈ្មោះ​របស់​លោក ហ៊ុន ម៉ាណែត។ បែបនេះ​ក្តី រហូត​មក​ដល់​ពេល​នេះ គេ​មិនទាន់​ឃើញ​រដ្ឋាភិបាល​ចាត់​វិធានការ​ក្តៅ​ទៅ​លើ​ក្រុមហ៊ុន​របស់​អ្នកស្រី ឡេង ចាន់ណា ដែល​ពលរដ្ឋ​ចោទ​ប្រកាន់​ថា ឆបោក​ពួកគាត់​នៅ​ឡើយ បើ​ទោះ​ជា​ពលរដ្ឋ​ចេញ​តវ៉ា​ជាច្រើនលើក​ច្រើនសា តែ​គ្មាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។