ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​កណ្ដាល ​ធ្វើ​ត្រី​ឆ្អើរ​លក់​ដោះស្រាយ​ជីវភាព​គ្រួសារ

0:00 / 0:00

ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ស្រុក​ល្វាឯម​ខេត្ត​កណ្ដាល​ប្រកប​មុខរបរ​ធ្វើ​ត្រី​ឆ្អើរ​លក់​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ បើ​ទោះ​ជា​មាន​អ្នក​ខ្លះ​បោះបង់​មុខរបរ​មួយ​នេះ​ចោល​ទៅ​ហើយ​ក្ដី។ ពួកគាត់​អះអាង​ថា ថ្វីត្បិត​មុខរបរ​មួយ​នេះ​មិន​បាន​ធ្វើ​ឱ្យ​ពួកគាត់​ក្លាយ​ជា​អ្នក​មាន ប៉ុន្តែ​ការ​ធ្វើ​ត្រី​ឆ្អើរ​គឺជា​មុខរបរ​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​អ្នក​ភូមិ​ព្រែកក្មេង ស្រុក​ល្វាឯម។

ដើម្បី​បាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ផង និង​ជា​ការ​រួមចំណែក​ថែរក្សា​អត្តសញ្ញាណ​របស់​ភូមិ​ឋាន​ផង ពលរដ្ឋ​មួយ​ចំនួន​នៅ​ភូមិ​ព្រែក​ក្មេង ឃុំ​កោះរះ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​ បន្ត​ប្រកបរបរ​ធ្វើ​ត្រី​ឆ្អើរ​លក់​បើ​ទោះ​ជា​មុខ​របរ​មួយ​នេះ​ត្រូវ​ចំណាយ​កម្លាំង​ច្រើន និង​ទទួល​បាន​ប្រាក់​ចំណេញ​តិចតួច​ក្ដី។

អាជីវករ​ធ្វើ​ត្រី​ឆ្អើរ នៅ​ភូមិ​ព្រែកក្មេង លោកស្រី ស្រ៊ុន សារឹត ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លោកស្រី​ប្រកបមុខរបរ​មួយ​នេះ​បន្ត​ពី​ឪពុកម្ដាយ​របស់​លោកស្រី ដោយ​ក្នុង​មួយ​ខែ​អាច​រក​ប្រាក់​ចំណូល​ចន្លោះ​ពី​៥០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល ។ លោកស្រី​បន្ត​ថា​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​ធ្វើ​ត្រី​ឆ្អើរ​លក់​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​ចំណាយ​ឡើយ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​លោកស្រី​ស្ទើរតែ​ចង់​បោះបង់​មុខរបរ​នេះ​ចោល​ម្តងម្កាល។

លោកស្រី ស៊្រុន សារឹត៖«ឥឡូវ​គេ​ឈប់​ ភាគ​ច្រើន​គេ​ទៅ​ធ្វើ​ការ​វិញ។ វា​ហត់​ហើយ​ចំណេញ​តិច​ទៀត ហត់​ណាស់​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង​គេ​សុខ​ចិត្ត​ទៅ​ធ្វើ​ការ​យក​ប្រាក់ខែ​វិញ​ល្អ​ជាង​ធ្វើ​អា​នេះ​ហត់​ណាស់​ដូច​ខ្ញុំ​អ៊ីចឹង​ខ្ជិល​ដែល​ចង់​ឈប់​រក​ការងារ​អី​ផ្សេង​ធ្វើ​ដែល​ហត់​ក៏​ហត់ ក្ដៅ​ក៏​ក្ដៅ​ យប់​ឆ្អើរ​យ៉ាង​ណា​ជូន​កាល​ដល់​ម៉ោង៩»។

អាជីវករ​វ័យ៣៧ឆ្នាំ​រូប​នេះ រៀបរាប់​ថា ដើម្បី​ផលិត​ត្រី​ឆ្អើរ លោកស្រី​ត្រូវ​ទៅ​ទិញ​ត្រី​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ដោយ​ក្នុង​១គីឡូ តម្លៃ​៥ពាន់រៀល ។ លោកស្រី​បន្ត​ថា ត្រី​ឆ្អើរ​លក់រាយ​មួយ​ចង្កាក់​មាន​តម្លៃ​១ពាន់រៀល និង​លក់​បោះ​ដុំ​តម្លៃ​ចាប់ពី៧រយរៀល ដល់៨រយរៀល​ទៅ​តាម​ប្រភេទ​ត្រី ។ បញ្ហា​តម្លៃ​ត្រីឆ្អើរ​ចុះ​ថោក​នេះ​គឺ​ដោយសារ​មាន​ឈ្មួញ​កណ្ដាល​ជា​កំណត់​តម្លៃ​ត្រី​ឆ្អើរ​នៅ​លើ​ទីផ្សារ ។

លោកស្រី ស៊្រុន សារឹត៖«ជូន​ណា​ទៅ​យើង​ទ័ល​លុយ​ដែរ ​យើង​លក់​ទៅ​បើ​យើង​ចាំ​ឈ្មួញ​ឱ្យ​ថ្លៃ​មក​ វា​យូរ​រនោច​ឯណោះ​បាន​ហើយ។ យើង​ចាំ​ម៉េច​បាន។ គេ​មាន​លុយ​ទៅ​ គេ​ស្តុក​ទុក​ដល់​រនោច​លក់​បាន​ថ្លៃ​ តែ​ភាគ​ច្រើន​មិន​សូវ​ស្តុក​ផង​ខាង​ព្រែកក្មេង​លក់​ឱ្យ​ហាង​គេ​ខ្ចី»។

ក្រៅពី​បញ្ហា​តម្លៃ​ត្រី​ឆ្អើរ​ថោក​ហើយ​នោះ កត្តា​ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​បោះបង់​មុខ​របរ​នេះ ហើយ​ងាក​ទៅ​ប្រកប​មុខ​របរ​ផ្សេង​ជំនួស​ឱ្យ​ការ​ធ្វើ​ត្រី​ឆ្អើរ​លក់​វិញ គឺ​ដោយសារ​ការ​បិទ​ឡូ​នេសាទ​នៅ​ខេត្ត​កណ្ដាល​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​ដោយ​ការ​នេសាទ​មិន​អាច​រក​ត្រី​បាន។

ថ្វីត្បិត​ពលរដ្ឋ​ខ្លះ​ប្រឈម​នឹង​ការ​បោះបង់​មុខរបរ​ធ្វើ​ត្រី​ឆ្អើរ​ចោល បន្ទាប់ពី​អ្នកភូមិ​នាំគ្នា​ឈប់​ធ្វើ ក៏​មាន​ពលរដ្ឋ​ខ្លះ​នៅ​តែ​បន្ត​ធ្វើ​ត្រី​ឆ្អើរ​លក់​ដដែល​ពីព្រោះ ត្រី​ឆ្អើរ​គឺជា​អត្តសញ្ញាណ​របស់​អ្នកភូមិ​ព្រែកក្មេង។

ដោយឡែក​អ្នក​ធ្វើ​ត្រី​ឆ្អើរ​លក់​ម្នាក់ទៀត លោកស្រី វន់ សាវ៉ន ថ្លែង​ថា លោកស្រី​ចាប់​យក​អាជីព​នេះ​អស់​រយៈពេល​ជាង១០ឆ្នាំ​មក​ហើយ។ លោកស្រី​លើកឡើង​ថា ក្នុង​មួយ​ថ្ងៃ​លោកស្រី​អាច​រក​ប្រាក់​ចំណូល​ចន្លោះ​ពី​៣ម៉ឺនរៀល ដល់១០ម៉ឺនរៀល​ទៅ​តាម​ត្រី​សម្បូរ ឬ​ក៏​ត្រី​ខ្សត់ ។

លោកស្រី វន់ សាវ៉ន៖«ខ្ញុំ​ចាស់ៗ​ទៅ​មុខ​មាន​តែ​ឈប់ ប៉ុន្តែ​ឈប់​កូន​វា​ស្នង​ត្រកូល​ឆ្អើរ​ហ្នឹង​ទៅ។ អត់​ចោល​ទេ​ស្រុក​ហ្នឹង​ មាន​មុខរបរ​តែ​ប៉ុណ្ណឹង។ បើ​យើង​ចោល​ចប់​បណ្ដោយ មាន​អាជីព​តែ​ប៉ុណ្ណឹង​ហើយ​ចម្ការ​ដាំ​ដំណាំ​ស្រូវ​ឈូក​អី​តិចតួច​អ៊ីចឹង​ទៅ​តែ​អត់​យក​អា​ហ្នឹង​ យើង​ចប់​បណ្ដោយ។ មាន​តែ​ត្រី​ហ្នឹង​ហើយ​គ្រាន់​បាន​ដើម​ទុន​ទៅ​ធ្វើ​ចម្ការ ឧទាហរណ៍​យើង​ឆ្អើរ បាន​អ៊ីចឹង​មាន​លុយ​ទៅ​ទិញ​ប្រេង​ទិញ​អី​ទៅ​ហូប​ដាក់​ទឹក​ដាក់​ស្រូវ​ទៅ​ប៉ុណ្ណឹង»។

លោកស្រី វន់ សាវ៉ន បន្ថែម​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​ប្រមាណ៥០ភាគរយប៉ុណ្ណោះ​ដែល​បន្ត​ប្រកប​មុខរបរ​នេះ​ដោយសារ​ការ​ធ្វើ​ត្រី​ឆ្អើរ ជា​មុខ​របរ​បន្ទាប់​បន្សំ​ពី​ការ​ធ្វើ​ស្រែចម្ការ និង​ទៅ​តាម​រដូវ​កាល​ដែល​សម្បូរ​ត្រី។

ពលរដ្ឋ​នៅ​ភូមិ​ព្រែក​ក្មេង​និយម​ឆ្អើរត្រី២​ប្រភេទ​គឺ​ត្រី​សន្លឹក​ឫស្សី និង​ត្រី​រៀល ដែល​ត្រី​ទាំងនោះ​បាន​មក​ពី​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​ត្រី​មួយ​ចំនួន​ទៀត​ទិញ​មក​ពី​ខេត្ត​កំពង់​ឆ្នាំង។ ចំពោះ​ដំណើរការ​ឆ្អើរ​ត្រី​វិញ​ គឺ​ត្រូវ​ប្រើ​ចង្កាក់​ដោត​ត្រី​ដើម្បី​តម្រៀប​ដាក់​លើ​ចង្អើរ និង​ប្រើ​រយៈពេល​៣ម៉ោង​ដើម្បី​ឆ្អើរ​ត្រី​ពោល​គឺ​ដុត​អុស​ជាប់​រហូត​ដល់​ត្រី​ឆ្អិន​ល្អ។

ការ​ផលិត​ត្រី​ឆ្អើរ​នៅ​ខេត្ត​កណ្ដាល ពុំ​មាន​ក្បួន​ខ្នាត ឬ​បច្ចេកទេស​ឡើយ គឺ​ធ្វើ​ទៅ​តាម​ទម្លាប់ និង​ចេះ​ត​គ្នា។ បញ្ហា​នេះ ក្រុម​ឈ្មួញ​កណ្ដាល​តែង​តែ​ដាក់​តម្លៃ​ថោក​ទៅ​តាម​ប្រភេទ​ត្រី​ឆ្អើរ គឺ​ត្រី​ឆ្អើរ​មិន​សូវ​ឆ្អិន​ល្អ ឬ​ខ្លោច​ពេក ដែល​ធ្វើ​ឱ្យ​បាត់​សោភ័ណភាព និង​រសជាតិ​របស់​ត្រី​ឆ្អើរ។

ជុំវិញ​បញ្ហា​នេះ​ក្រុមប្រឹក្សាភិបាល របស់​អង្គការ​សាមគ្គីភាព​កសិករ​កម្ពុជា លោក ឌី គន្ធា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរតែ​រៀបចំ​គោលនយោបាយ​លើក​កម្ពស់​ការ​ផលិត​ត្រីឆ្អើរ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​អាច​ឱ្យ​ពួកគាត់​មាន​ប្រាក់​ចំណូល​សមរម្យ។ លោក​បារម្ភ​ថា មុខរបរ​ប្រពៃណី​របស់​អ្នក​ភូមិ​ព្រែកក្មេង​អាច​នឹង​បាត់បង់​ប្រសិនបើ​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​ជួយ​រក​ទីផ្សារ​ជូន​ពួកគាត់។

លោក ឌី គន្ធា៖«រដ្ឋាភិបាល​ធ្វើ​ការ​ជំរុញ​គេ​ហៅថា​គំរូ​ម៉ូដែល ផ្នែក​ផលិតកម្ម​ផ្នែក​វារីវប្បកម្ម ឬ​ការ​ចិញ្ចឹម​ត្រី​ហ្នឹង​ឱ្យ​មាន​លក្ខណៈ​គេ​ហៅ​ថា​បទដ្ឋាន​គំរូទី២ ត្រូវ​តែ​ជំរុញ​ផ្នែក​យុទ្ធសាស្ត្រ​ជា​គំរូ​ផ្នែក​ត​ភ្ជាប់​ទីផ្សារ​ផ្គត់ផ្គង់​ទីផ្សារ​របស់​កសិករ ហើយទី៣ ត្រូវ​ជំរុញ​យុទ្ធសាស្ត្រ​ធានា​នូវ​តម្លៃ​ទីផ្សារ ផលិតផល​ត្រី​របស់​កសិករ​ហ្នឹង​ឱ្យ​បាន​សមរម្យ»។

វិទ្យុ​អាស៊ីសេរី​ មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ និង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី១៦ ខែមករា។

ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ភូមិ​ព្រែកក្មេង មាន​ពលរដ្ឋ​ប្រមាណជាង៥០០គ្រួសារ ក្នុង​នោះ​គ្រួសារ​ដែល​ធ្វើ​ត្រី​ឆ្អើរ​លក់​មាន​ប្រមាណ​៥០ភាគរយ។

ពលរដ្ឋ​ដែល​ផលិត​ត្រី​ឆ្អើរ ភាគ​ច្រើន​ត្អូញត្អែរ​ពី​បញ្ហា​គ្មាន​ទីផ្សារ​លក់​ចេញ និង​​ត្រី​មិន​សូវ​សម្បូរ​ដែល​ធ្វើ​ឱ្យ​មុខរបរ​ឆ្អើរ​ត្រី​បន្ត​ពី​ដូនតា​មួយ​នេះ​ពុំ​សូវ​មាន​លំនឹង។

ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​លក់​ផលិតផល និង មាន​ការ​បើក​ឡូ​នេសាទ​ឡើង​វិញ ដើម្បី​ឱ្យ​ពួកគាត់​អាច​ប្រកបមុខរបរ​បែប​ប្រពៃណី​ដោយ​មិន​ចាំបាច់​ចំណាក​ស្រុក​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។