ពលរដ្ឋ​មួយចំនួន​​ថា គ្មាន​លទ្ធភាព​បង់ប្រាក់​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​​ទៅ​ខេត្ត​ព្រះសីហនុ

0:00 / 0:00

ប្រជាពលរដ្ឋ​មួយចំនួន​លើកឡើង​ថា ពួកគាត់​គ្មាន​លទ្ធភាព​ចំណាយ​ប្រាក់ ពេល​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​នោះ​ទេ​។ ប្រតិកម្ម​ប្រជាពលរដ្ឋ​នេះ ធ្វើឡើង​ក្រោយពី​ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវ និង​ស្ពាន​របស់​ចិន (CRBC) នឹង​តម្រូវ​ឱ្យ​ពលរដ្ឋ​បង់ប្រាក់​២៤​ដុល្លា សម្រាប់​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ។

ប្រពល​រដ្ឋ និង​អ្នកឃ្លាំមើល​សង្គម ជំរុញ​ដល់​រដ្ឋាភិបាល​ឱ្យ​មាន​ការចរចា​ជាមួយ​ក្រុមហ៊ុន​ចិន​ក្នុង​ការ​បន្ធូរបន្ថយ​ការ​បង់ប្រាក់​សម្រាប់​ការប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ លោកស្រី ចាន់ ផានិត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០​មេសា​ថា បើ​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ​តម្រូវ​ឱ្យ​មាន​ការ​បង់​ប្រាក់​ថ្លៃ​បែបនេះ លោកស្រី​ថា​នឹង​ធ្វើ​ពហិការ​មិន​ធ្វើដំណើរ​លើ​ផ្លូវ​នេះ​ឡើយ​។ លោកស្រី​យល់​ថា ប្រជាពលរដ្ឋ​នឹង​មាន​ការ​លំបាក​បន្ថែម​ទៀត សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅលេង​កម្សាន្ត​ក្នុង​ក្រុងព្រះសីហនុ​ដោយសារ​ពលរដ្ឋ​មួយចំនួន​គ្មាន​លទ្ធភាព​គ្រប់គ្រាន់៖ « ខ្ញុំ​គិតថា​មិនល្អ​ដែរ​ ! ព្រោះ​ឥឡូវ​ប្រជាជន​រក​មិនសូវ​បាន ចំណូល​ក៏បាន​តិច អ្វីៗ​ក៏​ថ្លៃ​វា​យ៉ាប់​ដែរ​។ សម្រាប់​គេ​អ្នកមាន​អត់​អី​ទេ សម្រាប់​អ្នក​អត់​គឺ​ថ្លៃ​។ ខ្ញុំ​អត់​ទៅតាម​ផ្លូវ​ហ្នឹង​ទេ សុខចិត្ត​ជិះ​តាមផ្លូវ​ធម្មតា​គេ​អត់​យក​លុយ​វិញ យឺត​អី ឆាប់​អី តាម​ដំណើរ​ទៅ​។​សម្រាប់​ខ្ញុំ​ថ្លៃ ព្រោះ​អី​ខ្ញុំ​អត់​សូវ​មាន​លុយ​ដែរ»។

ស្រដៀង​គ្នា​នេះ ប្រជាពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ខេត្ត​ព្រះសីហនុ លោក ស្រៀ​ន តុលា រិះគន់​ថា ការសាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​បង្កើត​ឡើង​សម្រាប់​តែ​អ្នកមាន​លុយ​តែប៉ុណ្ណោះ​។ លោក​បន្ត​ថា ប្រជា​ពលរដ្ឋ​ដែល​ក្រក្រី​ពួកគាត់​មិន​ហ៊ាន​យក​ប្រាក់​សម្រាប់​ចំណាយ​សម្រាប់​ធ្វើដំណើរ​ទៅមក​លើ​ផ្លូវ​របស់​ក្រុមហ៊ុន​ចិន​នេះ​ឡើយ៖ «ឥឡូវ​លំបាក​ណាស់ រក​មួយថ្ងៃ​ខ្វះ​មួយថ្ងៃ​។ អត់​សប្បាយចិត្ត​យើង​កំពុងតែ​អត់​អ៊ីចឹង​។ ខ្ញុំ​ទៅ​តែ​ផ្លូវ​ធម្មតា មិន​ដែរ​ទៅ​ផ្លូវ​ល្បឿន​លឿន​អី​ផង ព្រោះ​យើង​គ្មាន​លទ្ធភាព​ទៅ​ផ្លូវ​ហ្នឹង​ផង»។

ប្រតិកម្ម​របស់​ប្រជា​ពលរដ្ឋ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវ និង​ស្ពាន​របស់​ចិន (CRBC) នឹង​ចាប់ផ្ដើម​តម្រូវ​ឱ្យ​ពលរដ្ឋ​បង់ប្រាក់ សម្រាប់​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដែល​អាច​នឹង​បញ្ចប់​ការសាងសង់​នៅ​ខែកក្កដា​ខាងមុខ​។ រដ្ឋាភិបាល និង​ភាគី​ក្រុមហ៊ុន​អះអាង​ថា ផ្លូវ​ល្បឿន​លឿន​នេះ សាងសង់​ឡើង ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ តាមរយៈ​ការប្រើប្រាស់​ផ្លូវ​យ៉ាង​ឆាប់រហ័ស និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​ជាតិ​លេខ​៤។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ប៉ាល់ ចន្ទតារា និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​ឆ្លើយតប​នឹង​ក្ដី​កង្វល់​ពលរដ្ឋ​ទាំងនេះ​បានទេ​នៅ​ថ្ងៃទី​៣០ មេសា។

ប៉ុន្តែ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្រោយ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ​១​ខែ​ដោយ​មិន​គិត​ប្រាក់ ប៉ុន្តែ​បន្ទាប់​មក ក្រុមហ៊ុន នឹង​តម្រូវ​ឲ្យ​បង់ប្រាក់​សម្រាប់​ឆ្នាំ​ទី​១ តម្លៃ​ក្នុង​១​ជើង​១២​ដុល្លារ ដូច្នេះ​បើ​ទាំង​ទៅ​ទាំង​មក​គឺ​សរុប​ចំនួន​២៤​ដុល្លារ។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP Center) លោក យង់ គិមអេង យល់​ថា តម្លៃ​២៤​ដុល្លា​ការ​សម្រាប់​ការ​បើកបរ​លើផ្លូវ​ល្បឿន​លឿន​នេះ​ជា​តម្លៃ​ខ្ពស់​នៅ​ឡើយ ដោយសារ​ប្រជាពលរដ្ឋ​ភាគច្រើន​មាន​ជីវភាព​លំបាក និង​គ្មាន​ប្រាក់ចំណូល ដោយសារ​រង​ផល​ប៉ះពាល់​ពី​ជម្ងឺ​រាតត្បាត​សកល៖ «វា​ហាក់​មានតម្លៃ​ខ្ពស់​សម្រាប់​ប្រជាជន​កម្ពុជា​អ្វី​ដែរ​ខ្ញុំ​មើលឃើញ​។ ពេល​បើក​ដំណើរការ​ផ្លូវ​នេះ ហើយ​យក​លុយ​អ៊ីចឹង​គឺ​សម្រាប់​តែ​អ្នកមាន​លទ្ធភាព​ធូរធារ​ទេ»។

ផ្លូវ​ល្បឿន​លឿន​ពី​ក្រុងភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​នេះ គឺ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ដំបូងបង្អស់ ដើម្បី​កាត់បន្ថយ​ការ​ធ្វើ​ដំណើរ​ពី ៥​ម៉ោង​មក​ត្រឹម ២​ម៉ោង​វិញ និង​កាត់បន្ថយ​ការ​ចំណាយ​ផ្សេងៗ​។ ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល ស្នើ​ដល់​រដ្ឋាភិបាល​គួរតែ​មាន​ការ​ជំរុញ​ឱ្យ​ភាគី​ក្រុមហ៊ុន​ឱ្យ​មាន​ការ​បន្ថយ​ការ​បង់ប្រាក់​ឱ្យ​នៅ​ថោក​ជាង​នេះ ដើម្បី​ឱ្យ​ពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព​អាច​ឱ្យ​ពួកគាត់​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។