ពិធី​​បុណ្យចូល​ឆ្នាំ​ថ្ងៃ​ទី​​១​ ​ប្រព្រឹត្ត​ទៅ​ក្នុង​​សភាព​​ស្ងប់ស្ងាត់​ខ្លាំង​​

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ​ពុំបាន​ធ្វើដំណើរ​ក​ម្សាន្ត​ទៅ​តំបន់​ឆ្ងាយ​ៗ​នោះ​ឡើយ​ ​ហើយ​ពួកគេ​ភាគច្រើន​សម្ងំ​ក្នុង​ផ្ទះ​ជួប​ជុំ​ក្រុម​គ្រួសារ​ ​ដើម្បី​បង្ការ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១​៩​ (​CO​V​I​D​-19) ​និង​កុំ​ឱ្យ​ល្មើស​បម្រាម​របស់​អាជ្ញាធរ​។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​លោក​ ​ប៉ុន​ ​សារ​ន់ ​ថ្លែង​ថា​ ​អាជ្ញាធរ​បាន​បិទផ្លូវ​សំខាន់​ៗ​ជាច្រើន​កន្លែង​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ពលរដ្ឋ​ដើរ​ឆ្ងាយ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ ​ក្នុង​បំណង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១​៩​។​ ​ប្រការ​នេះ​ជា​មូលហេតុ​ ​ធ្វើ​ឱ្យ​ស្ថានភាព​ក្រុងភ្នំពេញ​ស្ងប់ស្ងាត់​ខ្លាំង​។​ ​លោក​ថា​ ​ពលរដ្ឋ​ភាគច្រើន​សម្ងំ​ក្នុង​ផ្ទះ​ និង​ជួប​ជុំ​ក្រុម​គ្រួសារ​ហូប​អាហារ​ជុំគ្នា​៖​ ​«​នៅ​ទី​ក្រុងភ្នំពេញ​ស្ងាត់​ជាង​ថ្ងៃ​ធម្មតា​ឆ្ងាយ​ ​អត់​សូវ​មាន​ឡាន​ម៉ូតូ​បើក​ ​បើ​ស្ទះ​គេ​បិទផ្លូវ​ ​ទាំងសងខាង​ ​វា​អត់​សូវ​មាន​ឡាន​បើក​ ​ »​។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​មួយ​រូប​ទៀត​​លោក​ ​អូត​ ឡា​ទី​ន​ ​ថ្លែង​ថា​ ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១​៩​ ​ទ្រង់ទ្រាយ​ធំ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​កុម្ភៈ​ ​បណ្តាល​ឱ្យ​ពលរដ្ឋ​កាន់តែ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ប្រើប្រាស់​អាល់កុល​ (​Alcohol​) ​លាងដៃ​ ​និង​ពាក់​ម៉ា​ស​ជាប្រចាំ​។​ ​លើស​ពី​នេះ​លោក​ថា​ ​ពលរដ្ឋ​ហាក់​ខ្លាច​រអា​មិន​ហ៊ានជួប​ជុំគ្នា​ច្រើន​ទេ​ ​ព្រោះ​ល្មើស​នឹង​បម្រាម​របស់​អាជ្ញាធរ​។​ ​លោក​ថា​ ​បុណ្យចូលឆ្នាំ​ក្នុងឆ្នាំនេះ​គ្រួសារ​លោក​ ​បាន​ទិញ​ផ្លែឈើ​ ​ទៀន​ ​ធូប​ ​និង​ស​ម្ភារៈ​ផ្សេងៗ​ទៀត​ថ្វាយ​ទេវតា​ឆ្នាំ​ថ្មី​ដែរ​៖​ ​«​លំបាក​ដែរ​ពេល​ចេញក្រៅ​ ​យើង​នៅតែ​បន្ទប់​ ​ហើយ​ពេលខ្លះ​ចេញទៅ​ទិញ​ម្ហូប​ ​ក៏​យើង​ពុំសូវ​ហ៊ាន​ប្រហែស​ដែល​ ​យើង​យក​អាល់កុល​ ​បាញ់​លាងដៃ​ ​លាង​ជើង​។​ ​វា​ស្ងាត់​ ​វា​ស្ងប់ស្ងាត់​ ​ »​។

PP_in_first_day_of_kny_05.jpg
សកម្មជនអាជីវកម្មមានសកម្មភាពខ្លះៗ នៅ​ថ្ងៃ​ដំបូង​នៃពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​​​ ​ដែលមាន​សភាព​​ស្ងប់ស្ងាត់​ខ្លាំង​ ​ទាំង​នៅ​​ក្នុង​​រាជធានី​ភ្នំពេញ​ ​និង​​តាម​ខេត្ត​នានា​។​

​ចំណែក​ឯ​ខេត្ត​សៀមរាប​​វិញ​ ​ទិដ្ឋភាព​​ក្រុង​អង្គរ​​ក៏​ស្ងប់ស្ងាត់​​មិន​ខុស​ពី​រាជធានី​ភ្នំពេញ​នោះដែរ​។​ ​សណ្ឋាគារ​លំដាប់​ផ្កាយ​ ​អាហារដ្ឋាន​ ​កន្លែង​លក់​​វត្ថុ​អនុស្សាវរីយ​​ ​និង​​ ​កន្លែង​​​លក់​ដូរ​​​ស្ទើរតែ​ទាំងអស់​បាន​​បិទទ្វារ​។​ ​អាជ្ញាធរ​ខេត្ត​​សៀមរាប​ ​បាន​ប្រកាស​​បិទផ្លូវ​មិន​ឱ្យ​​ពលរដ្ឋ​ធ្វើដំណើរ​ពេលយប់​ចាប់ពី​ម៉ោង​ ​​៨​​យប់​ ​ដល់ម៉ោង​ ​៥​ ​​ជិត​ភ្លឺ​ ​ដែល​ជា​​វិធានការ​របស់​​រដ្ឋាភិបាល​ក្នុង​​ការ​​ប្រយុទ្ធ​ប្រឆាំង​​នឹង​​ការ​រាតត្បាត​​ជំងឺ​កូ​វី​ដ​១​៩​។

ពល​រដ្ឋ​រស់​នៅ​ក្រុង​សៀមរាប​លោក​ ​អាង​ ​ឆា​ល​ ​គាំទ្រ​វិធានការ​​បែប​នេះ​របស់​​អាជ្ញាធរ​ដើម្បី​បម្រើ​​ផលប្រយោជន៍​រួម​ ​និង​​ការពារ​សុខុមាលភាព​​ពលរដ្ឋ​។​ ​តែ​យ៉ាង​ណា​​លោក​បារម្ភ​ថា​ ​ពលរដ្ឋ​ក្រីក្រ​​កំពុង​ជួប​ការលំបាក​​ខ្លាំង​ផ្នែក​ជីវភាព​ ​ព្រោះ​​មិន​​អាច​​​រ​ក​​ប្រាក់ចំណូល​បាន​៖​ ​«​​គេ​បិទ​ស្ទើរតែ​ទាំងអស់​ពេលយប់​ឡើង​ ​បម្រាប់​គោចរ​យប់​ឡើង​គេ​អត់​ឱ្យ​ចេញ​ទេ​។​ ​ខ្ញុំ​យល់ឃើញ​ថា​ ​វិធានការ​នេះ​គឺ​ល្អ​ ​ដើម្បី​កាត់បន្ថយ​ ​ចៀសវាង​ការ​រីក​រាលដាល​កាន់តែ​ខ្លាំង​ ​ »​។

ចំណែក​នៅ​ខេត្ត​កំពង់ចាម​វិញ​ ​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ​​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ដោយ​ប្រើ​អាល់​កុល​ ​និង​ពាក់​ម៉ា​ស​តាម​ការណែនាំ​​របស់​អាជ្ញាធរ​។

ពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ចាម​លោក​ ​ចាន់​ថា​ ​ភា​រុន​ ​សង្កេតឃើញ​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ឱ្យ​តែ​ដល់​ពិធី​បុណ្យចូលឆ្នាំ​ម្តងៗ​ ​អាជ្ញាធរ​ធ្វើ​កម្មវិធី​ស​ង្ក្រា​ន្ត ​មាន​​ចាក់​ធុង​បាស​ ​និង​​រៀប​ពិធី​លេង​ល្បែង​ប្រជាប្រិយ​គ្រប់​ប្រភេទ​ ​ប៉ុន្តែ​ឆ្នាំនេះ​ ​បែរជា​ស្ងាត់ជ្រងំ​ ​ដោយសារតែ​ជំងឺ​កូ​វី​ដ​-​១​៩​។​ ​លោក​ថា​ ​តាម​ដង​ផ្លូវ​ស្ងប់ស្ងាត់​ខ្លាំង​ ​សូម្បីតែ​អ្នក​លក់ដូរ​ក៏​ពុំសូវ​មាន​ដែរ​៖​ «​​ខ្លះ​គេ​នៅផ្ទះ​ ​ខ្លះ​គេ​ហូប​តិចតួច​ជុំ​គ្រួសារ​។​ ​ជាទូទៅ​គេ​រៀប​ពិធី​បាញ់​ទឹក​ ​នៅមុខ​សាលាខេត្ត​ ​ឆ្នាំ​ហ្នឹង​អត់​ ​ »​។

ជុំវិញ​ការ​បិទផ្លូវ​ ​និង​អនុវត្ត​បម្រាម​លើ​ការធ្វើដំណើរ​របស់​ពលរដ្ឋ​នេះ​ ​អាជ្ញាធរ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​យោគយល់​ ​ព្រោះ​វិធានការ​នេះ​ ​មាន​គោលបំណង​ល្អ​ ​ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​តែប៉ុណ្ណោះ​។

PP_first_day_of_KNY_14_04_2021_02.jpg
ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​​នៅ​ថ្ងៃ​ដំបូង​នេះ​ ​មាន​សភាព​​ស្ងប់ស្ងាត់​ខ្លាំង​ ​ទាំង​នៅ​​ក្នុង​​រាជធានី​ភ្នំពេញ​ ​និង​​តាម​ខេត្ត​នានា​។​

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក​ ​សាន​ ​សុខ​សីហា​ ​មានប្រសាសន៍ថា​ ​សមត្ថកិច្ច​បាន​បិទផ្លូវ​មួយ​ចំនួន​ ​ដើម្បី​អនុវត្ត​បម្រាម​គោចរ​របស់​រដ្ឋាភិបាល​បម្រើ​សេវា​ជូន​ពលរដ្ឋ​​និង​ដាក់​វេន​ល្បាត​ ​២​៤​ម៉ោង​​ក្នុង​បំណង​អនុវត្ត​បទបញ្ជា​របស់​ថ្នាក់​ដឹកនាំ​​​ដើម្បី​ប្រឆាំង​ជំងឺ​កូ​វី​ដ​១​៩​ ឱ្យ​មាន​ប្រសិទ្ធ​ភាព​៖ ​«​សំណូម​ពរ​​គឺ​​​ឱ្យ​​មាន​​ការចូ​លរួ​ម​​ពី​​ពលរដ្ឋ​ ឱ្យ​​គាត់​យោគយល់​ ​ជាពិសេស​តំបន់​បិទ​ខ្ទប់​មួយ​ចំនួន​ ​គឺ​មានន័យ​ថា​ ​អាជ្ញាធរ​ធ្វើ​នេះ​គោលបំណង​ល្អ​ ​ដើម្បី​សុខ​សុវត្ថិភាព​ពល​ល​រដ្ឋ​ ​បិទ​សិទ្ធិ​សេរីភាព​ប៉ុន្តែ​គឺ​ ​ក្នុង​ការចូលរួម​ការពារ​អាយុជីវិត​ពួកគាត់​ ​ដើម្បី​កុំ​ឱ្យ​ការ​ឆ្លង​រាលដាល​ ​កាន់តែ​ធំឡើង​ៗ​ ​ »​។

រាជរដ្ឋាភិបាល​បាន​សម្រេច​បិទ​ការធ្វើដំណើរ​ឆ្លងខេត្ត​ ​និង​បិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំង​ប្រទេស​ ​រយៈពេល​ ​១​៤​ ​ថ្ងៃ​ ​គឺ​ចាប់ពី​ថ្ងៃ​ទី​ ​០​៧​ ​មេសា​ ​ដល់​ថ្ងៃ​ទី​ ​២​០​ ​ខែ​មេសា​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​ ​ខណៈ​តួលេខ​នៃ​អ្នកជំងឺ​ដែល​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​កើន​ឡើង​​យ៉ាង​គំហុក​នៅ​ពេលថ្មីៗនេះ​។

ទាក់ទង​នឹង​រឿង​បុណ្យចូលឆ្នាំ​ថ្មី​នេះ​ដែរ​ ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ ​អំពាវនាវ​យ៉ាង​ទទូច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ ​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​នេះ​នៅ​តាម​ផ្ទះ​រៀងៗខ្លួន​ ​ដើម្បី​ការពារ​គ្រួសារ​ ​សហគមន៍​ ​និង​ប្រទេសជាតិ​ទាំងមូល​។​ ​អង្គការសុខភាព​ពិភពលោក​ព្រមាន​ថា​ ​បើ​មិន​បញ្ឈប់​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក្នុង​ពេល​ឥលូវ​នេះ​ទេ​ ​នោះ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​នឹង​ប្រឈម​នឹង​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​ ​ដែល​អាច​នឹង​មាន​ផលវិបាក​ជា​មហន្តរាយ​ដ៏​ធំ​នៅ​ពេល​ខាងមុខ​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។