កម្មករ​អូស​រទេះ​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត ជួប​ការ​លំបាក ក្រោយ​មន្ត្រី​គយ​ឈប់​ឱ្យ​អូស​រទេះ​ឆ្លងកាត់​ព្រំដែន

កម្មករ​អូស​រទេះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កំពុង​ប្រឈម​ជីវភាព​លំបាក បន្ទាប់ពី​មន្ត្រី​គយ​ហាមឃាត់ មិន​ឱ្យ​ពួកគាត់​អូស​រទេះ​ដឹក​អីវ៉ាន់​ឆ្លងកាត់​ដូច​មុន។ ពួកគាត់​ខ្លះ បាន​បង្ខំ​ចិត្ត​ដើរ​រើស​អេតចាយ​លក់ ដើម្បី​រក​ប្រាក់​ទិញ​បាយ​ហូប និង​ខ្លះ​ទៀត គ្មាន​លុយ​ជួល​បន្ទប់ ត្រូវ​បង្ខំចិត្ត ចង​អង្រឹង​ដេក​ក្រោម​ដើមឈើ​តាម​របង​វត្ត និង​តាម​កន្លែង​ចាក់​សំរាម​ជាដើម។

ទិដ្ឋភាព​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​ធ្លាប់​មាន​អ្នក​អូស​រទេះ​ប្រុស​ស្រី ដឹក​អីវ៉ាន់​សំពីងសំពោង​ចេញចូល ហាក់​ប្រែ​ជា​ស្ងប់ស្ងាត់​ជាង​មុន។ នៅ​ក្បែរ​ខ្លោងទ្វារ​ធំៗ មាន​តែ​ស្ត្រី​វ័យ​ចំណាស់ អង្គុយ​ក្រោម​ដើម​ផ្កា​ចំប៉ី ក្បែរ​រទេះ​តូចៗ បួន​ប្រាំ​នាក់​ប៉ុណ្ណោះ ដែល​នៅ​ចាំ​ដឹក​អីវ៉ាន់​អ្នកដំណើរ។ ក្នុងចំណោម​ពួកគាត់​ខ្លះ អង្គុយ​នៅ​ចាំ​ភ្ញៀវ​រហូត​ដល់​ពេល​រសៀល​ហើយ ក៏​មិន​ទាន់​បាន​ប្រាក់​ទិញ​បាយ​ហូប​នៅឡើយ។

លុះ​ធ្វើដំណើរ​ចូល​មក​ជ្រៅ​ហួស ច្រក​ទ្វារ​ព្រំដែន​បន្តិច គេ​នឹង​ឃើញ​មាន​ប្រជាពលរដ្ឋ ក្មេង​ចាស់ ប្រុស​ស្រី ដែល​ភាគច្រើន មាន​ទឹកមុខ​ស្លេកស្លាំង និង​ស្គមស្គាំង ខ្លះ​អូស​រទេះ ខ្លះ​ដើរ​ស្ពាយ​ការុង រើស​អេតចាយ និង​ខ្លះ​ទៀត លើក​អីវ៉ាន់​នៅ​តាម​ចំណត​រថយន្ត។ ពួកគាត់​ទាំងនោះ មិនមែន​ជា​អ្នក​ចំណូល​ថ្មី ដែល​ទើប​មក​រស់នៅ​ទីក្រុង​ជាប់​ព្រំដែន​នេះ​ទេ ប៉ុន្តែ​ពួកគាត់ សុទ្ធសឹងតែ​ជា​កម្មករ​អូស​រទេះ ដែល​ទើប​បាត់បង់​មុខរបរ ក្រោយ​អាជ្ញាធរ​បិទ​មិន​ឱ្យ​អូស​រទេះ។

កម្មករ​អូស​រទេះ​ម្នាក់​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត លោក ជឿន ភារម្យ ថ្លែង​ថា ក្រោយ​មន្ត្រី​គយ​ឈប់​ឱ្យ​អូស​រទេះ​មក លោក​បាន​ប្ដូរ​អាជីព​ទៅ​ស៊ីឈ្នួល​លើក​អីវ៉ាន់​នៅ​ផ្សារ​រ៉ុងក្លឿ និង​ពេលខ្លះ​ធ្វើ​សំណង់​វេន​យប់​បន្ថែម ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ លោក​លើកឡើង​ថា ជីវិត​ជា​កម្មករ​អូស​រទេះ មិន​ងាយ​រើ​បម្រាស់​ខ្លួន ដើម្បី​រកស៊ី ធ្វើ​ជំនួញ ឬ​ធ្វើ​ការងារ​ដែល​មាន​ជំនាញ​បានទេ ដោយសារ​ពួកគាត់ អាស្រ័យ​លើ​របរ​អូសទាញ​នេះ រក​មួយ​ថ្ងៃ​សម្រាប់​រស់​មួយ​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ពួកគាត់​គ្មាន​ដីស្រែ និង​មិន​មាន​លទ្ធភាព​សន្សំ​ដើមទុន​ទុក​រកស៊ី ឬ​បញ្ជូន​កូន​ទៅ​រៀន ឱ្យ​បាន​ជ្រៅជ្រះ​ឡើយ។

លោក ជឿន ភារម្យ៖ «ដូច​ខ្ញុំ​ទៅ​លី​សែង​អី​ទៅ ណាមួយ​កូន​រៀន​ផង។ ថ្ងៃ​ណា​យើង​ឡើង​អីវ៉ាន់​បាន​ច្រើន​ទៅ ក៏​បាន​បី​បួន​រយ(បាត)ឬ​បួន​ប្រាំ​រយ(បាត)ទៅ។ ថ្ងៃ​ណា​ទៅ​បាន​ពីរ​រយ​(បាត)អី ជិះ​តែ​ម៉ូតូ​ទៅ​មក ក៏​ចង់​អស់​ដែរ ព្រោះ​ផ្ទះ​ខ្ញុំ​នៅ​ឆ្ងាយ​ដែរ។ ហើយ​ប្រពន្ធ​ខ្ញុំ ជា​អ្នក​មិន​ចេះ​អក្សរ​ល្ងឹតល្ងង់ គាត់​អត់​មាន​ចំណេះ​អី ទៅ​រក​អី​ផ្សេង។ បើ​គាត់​ចេះដឹង​ដូច​គេ​ទៅ ទៅ​ប្រកប​ការងារ​ផ្សង មាន​ដើមទុន​ទៅ យើង​ទៅ​រកស៊ី​អី​ផ្សង តែ​ពេលនេះ​ខ្វះ​ទាំង​ដើមទុន»។

កាលពី​ចុង​ខែ​ឧសភា អាជ្ញាធរ និង​មន្ត្រី​គយ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ចាប់​ពលរដ្ឋ ដែល​ស៊ីឈ្នួល​អូស​រទេះ​ដឹក​ឥវ៉ាន់​ឱ្យ​ភ្ញៀវ​ឆ្លងកាត់​ច្រក​ព្រំដែន រហូត​មាន​ការ​តវ៉ា​ឈាន​ដល់​ការ​ប៉ះទង្គិច​គ្នា​ជា​ហិង្សា។ ក្នុង​ករណី​នេះ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជូន​ខ្លួន​ស្ត្រី​កម្មករ​អូស​រទេះ ចំនួន​៣នាក់ ទៅ​តុលាការ តាម​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​គយ នៅ​ក្រុង​ប៉ោយប៉ែត និង​បាន​ចោទប្រកាន់​ពួកគាត់ ពី​បទ ប្រឆាំង​នឹង​រាជការ​សាធារណៈ ជេរប្រមាថ និង​ហិង្សា​ដោយ​ចេតនា។ ក្រោយមក ស្ត្រី​ទាំង​បី​ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​ដោះលែង​មកវិញ បន្ទាប់ពី​ប្ដី​របស់​ពួកគាត់ ធ្វើ​លិខិត​ធានា និង​ឈប់​អូស​រទេះ តាម​លក្ខខ័ណ្ឌ​របស់​អាជ្ញាធរ។

ទោះជា​យ៉ាងណា កម្មករ​អូស​រទេះ​ខ្លះ មិន​ត្រឹមតែ​ធ្លាក់ខ្លួន​ក្រីក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគាត់ ត្រូវ​ជាប់​បំណុល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ថែមទៀត ដោយសារ​មន្ត្រី​គយ បាន​ចាប់​រទេះ និង​ដកហូត​ទំនិញ​ក្នុង​នោះ​ទាំងអស់ ដែល​ធ្វើ​ឱ្យ​ពួកគាត់ ត្រូវ​រក​ប្រាក់​សង​ទៅ​ម្ចាស់​ទំនិញ​វិញ។

ជាក់ស្ដែង ដូច​ករណី​កម្មករ​អូស​រទេះ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត គឺ​លោកស្រី ផៃ សម័យ ដែល​បាន​ជំពាក់​លុយ​ម្ចាស់​ឥវ៉ាន់​រហូត​ទៅដល់ ៣ម៉ឺនបាត ឬ​ប្រហែល​ជិត ៩រយដុល្លារ។ លោកស្រី​ប្រាប់​ថា ជីវភាព​គ្រួសារ​លោកស្រី សព្វថ្ងៃ​នេះ គឺ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ទ្វេ​ដង ដោយ​លោកស្រី និង​ប្ដី ដើរ​រើស​អេតចាយ​នៅ​ពេល​យប់ ដើម្បី​រកលុយ​ទិញ​អាហារ​ហូប​ផង និង​សង​បំណុល​គេ​ផង។ លោកស្រី​បញ្ជាក់​ថា ពីរ​នាក់​ប្ដី​ប្រពន្ធ​លោកស្រី រើស​អេតចាយ​លក់ ក្នុង​មួយ​យប់​មិន​គ្រប់​លុយ​ទិញ​អាហារ​ឱ្យ​កូន​បរិភោគ​សម្រាប់​មួយ​ថ្ងៃ​នោះ​ទេ ហើយ​ពេលខ្លះ នៅ​ពេល​ទីទ័ល​ខ្លាំង និង​គ្មាន​ជម្រើស លោកស្រី​បាន​ទៅ​សុំ​អង្ករ​ពី​ព្រះសង្ឃ និង​ពេលខ្លះ​រើស​អាហារ​សេសសល់​ពី​សំរាម យក​មក​បរិភោគ​ទៀត​ក៏​មាន។

លោកស្រី ផៃ សម័យ៖ «ទិញ​អង្ករ​មួយ​គីឡូ​ហូប​អ៊ីចឹង​ទៅ ហើយ​បាយ​ក្នុង​មួយថ្ងៃ​ហូប​បាន​តែមួយ​ពេល​ទេ។ ពេលព្រឹក​ខ្ញុំ​ដាំបាយ​មួយ​ឆ្នាំង អង្ករ​មួយ​គីឡូ​អ៊ីចឹង​ទៅ ហូប​សល់​ពេលយប់ ហូប​បាយកក​ទៅ បាយកក​អី​មក ខ្ញុំ​ហូប​បាយកក​ហ្នឹង​ទៅ ខ្ញុំ​ទៅ​រើស​អេតចាយ​ទៀត​ទៅ។ រើស​បាន​ម្ហូប​អី​ទៅ គេ​សល់​គេ​អី​ទៅ គេ​ចោល យើង​យក​មក​ហូប​ទៅ។ នេះ​មិនមែន​ថា​កម្សត់​ទេ តែ​និយាយ​រឿង​ពិត»។

ទោះជា​យ៉ាងណា សំរាម​ដែល​អ្នកមាន​ជីវភាព​ធូរធារ​ចាត់​ទុក​ជា​កាក​សំណល់ និង​ត្រូវ​បោះចោល ប៉ុន្តែ ចំពោះ​លោកស្រី ផៃ សម័យ សំរាម​ទាំងនេះ ប្រៀប​បាន​ទៅ​នឹង​រតនសម្បត្តិ ដែល​លោកស្រី និង​កម្មករ​អូស​រទេះ​ផ្សេងទៀត តែងតែ​ដណ្ដើម​គ្នា​កាយ​រក​របស់​ចាស់ៗ យក​ទៅ​លក់។ លោកស្រី​បន្ត​ថា ដោយសារ​តែ​ចំនួន​អ្នក​រើស​អេតចាយ​នៅ​ក្រុង​ប៉ោយប៉ែត មាន​ចំនួន​កាន់តែ​ច្រើន​ទៅ លោកស្រី និង​កម្មករ​អូស​រទេះ​ដទៃ​ទៀត បាន​ដើរ​រើស​អេតចាយ​ទាំង​ពេលថ្ងៃ និង​ពេលយប់ ហើយ​ពេលខ្លះ ត្រូវ​ទទួលរង​ការ​ជេរ​ប្រមាថ​ពី​ម្ចាស់​ផ្ទះ​ទៀត​ផង។

លោកស្រី ផៃ សម័យ៖«គ្នា​អ្នក​អត់​ភាគច្រើន​គឺ​រើស​អេតចាយ។ ពី​យប់​ខ្ញុំ​ទៅ​ម៉ោង៦ ឬ​ម៉ោង៧ អ៊ីចឹង​ទៅ រហូត​ដល់​ម៉ោង២ ម៉ោង៣ ខ្ញុំ​មកវិញ ខ្ញុំ​រើស​បាន លក់​បាន​៣ម៉ឺន អី​អ៊ីចឹង​ទៅ ឥឡូវ​លក់​បានតែ ២ម៉ឺន​ជាង​ទេ។ រើស​អេតចាយ​ក៏ដោយ ប្រសិនបើ​ប្លុក​គេ គេ​ដឹក​សំរាម​យក​ទៅ​ចាក់ ក្រុម​គ្នា​គេ​មាន​ផ្សេង ​អត់​អាច​ចូល​រើស​បាន​ទេ យើង​រើស​បាន​តែ​កៀន​ថ្នល់ មុខ​ផ្ទះ​គេ ឈប់​ផ្ទះ​គេ​ឆ្វេច​ឆ្វាច គេ​ស្ដី​ឱ្យ​ទៀត។ ឆ្កែ​ព្រុស​អី គេ​ដេញ គេ​ជេរ។ រស់​រាល់ថ្ងៃ រស់​កំដរ​ជីវិត​ចាំតែ​ថ្ងៃ​ស្លាប់​ទេ ពួក​ខ្ញុំ​នេះ»។

ក្រឡេក​មក​មើល​ទិដ្ឋភាព​នៅ​តាម​ច្រក​តូចៗ នៅ​ក្រោយ​អាគារ​កាស៊ីណូ និង​សណ្ឋាគារ​ខ្ពស់ៗ ដែល​ជា​កន្លែង​កម្មករ​អូស​រទេះ​ស្នាក់នៅ វិញ មាន​រទេះ​អូស​ជាច្រើន ត្រូវ​បាន​គេ​ទុក​ចោល​តាម​ចិញ្ចើម​ផ្លូវ មាន​សភាព​ច្រេះ​ចាប់។ ចំណែក​ឯ​កម្មករ​អូស​រទេះ ដែល​ត្រឡប់​មក​ពី​រើស​អេតចាយ​វិញ ពួកគាត់​ខ្លះ​បាន​ចូល​ទៅ​សម្រាក​នៅ​ក្នុង​បន្ទប់​ជួល ដែល​មាន​ទំហំ​តូច​ចង្អៀត។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​គ្មាន​លុយ​ជួល​បន្ទប់​វិញ ពួកគាត់​បាន​ចង​អង្រឹង និង​ប្រក់​សំពត់​កៅស៊ូ ដេក​ក្រោម​ដើមឈើ ខ្លះ​ដេក​ក្នុង​រទេះ​នៅ​លើ​ទីលាន​ចាក់​សំរាម និង​ខ្លះ​ទៀត ដេក​នៅ​តាម​របង​វត្ត ជាដើម។

ទោះជា​បែបនេះ​ក្ដី កម្មករ​អូស​រទេះ ដែល​គ្មាន​ជម្រក​ច្បាស់លាស់ ជា​ញឹកញាប់ ត្រូវ​ម្ចាស់​ដី​បណ្ដេញ​ចេញ រហូត​ដល់​ពេលខ្លះ ជម្រក​របស់​ពួកគេ​ត្រូវ​គេ​ដុត​បំផ្លាញ​ចោល​ទៀត​ផង ដែល​ធ្វើ​ឱ្យ​ពួកគាត់​ត្រូវ​ពនេចរ ដើម្បី​រក​ទីតាំង​ជ្រកកោន​ផ្សេងទៀត។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បកស្រាយ​រឿង​នេះ ពី អភិបាល​ក្រុង​ប៉ោយប៉ែត លោក គាត ហ៊ុល បាន​ទេ នៅថ្ងៃទី១៥ ខែ​កក្កដា។ ដោយឡែក អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។

យ៉ាងណា​ក៏ដោយ​ចុះ កន្លងមក អាជ្ញាធរ និង​មន្ត្រី​គយ ធ្លាប់​បកស្រាយ​ថា ការ​បិទ​មិន​ឱ្យ​កម្មករ​អូស​រទេះ នេះ ធ្វើឡើង​ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រមូល​ពន្ធ និង​លុប​បំបាត់​រូបភាព​ការ​អូស​រទេះ ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ មើល​មក​មិន​សម​ភ្នែក។ ប៉ុន្តែ​ពលរដ្ឋ​យល់ថា អាជ្ញាធរ​មាន​បំណង​លុបបំបាត់​អ្នក​អូស​រទេះ ហើយ​ទុក​ផ្លូវ​ឱ្យ​ឈ្មួញ​ធំៗ​មាន​ឡាន​ដឹកជញ្ជូន​អីវ៉ាន់។

អ្នក​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត យល់​ឃើញ​ថា ទិដ្ឋភាព​ពលរដ្ឋ​ដើរ​រើស​អេតចាយ ពេញ​ស្រុក​ពេញ​ភូមិ​បែបនេះ គឺ​អាក្រក់​មើល​ជាង​ទិដ្ឋភាព ដែល​ពួកគេ​អូស​រទេះ​ទៅ​ទៀត។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​គួរតែ​បង្កើត​ប្រព័ន្ធ​ការងារ​មួយ ដើម្បី​ជួយ​ស្ដារ​ជីវភាព​ដល់​កម្មករ​អូស​រទេះ ព្រោះ​ពួកគាត់​ស្ថិតនៅ​ក្នុង​ក្រុម​ពលរដ្ឋ ដែល​មាន​ជីវភាព​ទន់ខ្សោយ និង​ងាយ​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង នៅ​ក្នុង​សហគមន៍។

លោក អ៊ិន គង់ជិត៖ «នៅក្នុង​ស្ថានភាព​ដែល​ពួកគាត់​កំពុង​ក្រីក្រ​ខ្លាំង​នេះ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ គួរ​ធ្វើ​សម្រង់​វាយតម្លៃ​ទៅលើ​បងប្អូន​កម្មករ​ដែល​ធ្លាប់​អូស​រទេះ​ហ្នឹង ដែល​បាត់បង់​មុខ​របរ​នៅ​ពេល​នេះ ស្រង់​ឈ្មោះ​គាត់​ទៅ វាយតម្លៃ​ទៅ ហើយ​ជួយ​ផ្ដល់​ប័ណ្ណ​ក្រីក្រ​ដល់​ពួកគាត់ ដើម្បី​ជួយ​សង្គ្រោះ​ពួកគាត់ ក្នុង​រយៈពេល​ខ្លី​នេះ។ ហើយ​ជួយ​រក​ឱកាស ផ្ដល់​ឱកាស​ឱ្យ​ពួកគាត់​មាន​មុខរបរ​ឡើងវិញ​នៅ​កន្លែង​ផ្សេង​ឡើងវិញ​ក៏​បាន»។

កម្មករ​អូស​រទេះ ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល និង​ប្រព័ន្ធ​ការងារ​ជួយ​ដល់​ពួកគាត់ ជាពិសេស បង្កើត​មូលនិធិ ដើម្បី​ជួយ​ឱ្យ​កូនៗ បាន​សិក្សា​រៀន​សូត្រ ឱ្យ​បាន​ជ្រៅជ្រះ ព្រោះ​ពួកគាត់ មិន​ចង់​ឱ្យ​កូនចៅ រស់នៅ​លំបាក​វេទនា ដូច​ពួកគាត់​ទៅ​ថ្ងៃ​មុខ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។