ធនាគារពិភពលោក (World Bank) ព្យាករថា សេដ្ឋកិច្ចកម្ពុជាអាចនឹងទទួលបានកំណើន ៤,៥% ក្នុងឆ្នាំ២០២២នេះ និង ៥,៥% ក្នុងឆ្នាំ២០២៣ ខាងមុខ។ ប៉ុន្តែធនាគារពិភពលោកព្រមានថា សេដ្ឋកិច្ចសាកលទាំងមូលនឹងនៅតែមានភាពមិនប្រាកដប្រជាខ្លាំង ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មីកូវីដ-១៩ ឈ្មោះអូមីក្រុង (Omicron) ការកើនឡើងនៃអតិផរណា បំណុលសាធារណៈ និងវិសមភាពសង្គមជាដើម។
ការព្យាករនេះ ធ្វើឡើងនៅក្នុងរបាយការណ៍ស្តីពី «ទស្សនវិស័យសេដ្ឋកិច្ចសាកល» ទើបនឹងចេញផ្សាយកាលពីថ្ងៃទី១១ ខែមករា កន្លងទៅដោយធនាគារពិភពលោក ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក។
បើតាមតួលេខចុងក្រោយនេះ ធនាគារពិភពលោកបានទម្លាក់ការព្យាករអំពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ ទាបជាងខុសពីការរំពឹងទុកបន្តិច ដែលធនាគារធ្លាប់បានព្យាករកាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅ ពោលគឺ ថយចុះប្រមាណជិត -១% (-0.7%) សម្រាប់ការព្យាករក្នុងឆ្នាំ២០២២នេះ។
ធនាគារពិភពលោកឱ្យដឹងថា ក្នុងប្រទេសជាច្រើន ជាពិសេសប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងទៅលើវិស័យទេសចរណ៍ គេមិនរំពឹងថា នឹងមានការងើបឡើងវិញនូវទិន្នផលសេដ្ឋកិច្ចឱ្យបានដូចកម្រិតកាលពីនៅមុនពេលមានវិបត្តិជំងឺរាតត្បាតសាកលកូវីដ-១៩ឡើយ រហូតដល់ឆ្នាំ២០២២ សម្រាប់ប្រទេសកម្ពុជា ម៉ាឡេស៊ី (Malaysia) និងហ្វីលីពីន (The Philippines) ឬរហូតដល់ឆ្នាំ២០២៣ សម្រាប់ប្រទេសថៃ (Thailand) ជាដើម។
ស្ថាប័នអន្តរជាតិដែលធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនៅទូទាំងសាកលលោកនេះ ផ្តល់អំណះអំណាងថា ការកើនឡើងជាងការរំពឹងទុកនៃអតិផរណានៅតាមបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន អាចបណ្តាលឱ្យមានការកើនឡើងភ្លាមៗនៃអត្រាការប្រាក់ជាសាកល និងលំហូរមូលធនទៅក្រៅប្រទេស ការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ ការរឹតបណ្តឹងរូបិយវត្ថុក្នុងស្រុក ព្រមទាំងអាចបណ្តាលឱ្យមាននូវភាពតានតឹងផ្នែកហិរញ្ញវត្ថុជាដើម ជាពិសេសក្នុងចំណោមបណ្តាប្រទេសដែលមានសេដ្ឋកិច្ចងាយរងគ្រោះភាគច្រើន និងប្រទេសដែលពឹងផ្អែកលើកម្ចីបរទេស ក្នុងនោះក៏រួមមានទាំង ប្រទេសឡាវ (Laos) កម្ពុជា និងទីម័រខាងកើត (Timor-Leste) ជាដើម។
សម្រាប់ឆ្នាំ២០២២នេះ ធនាគារពិភពលោកព្រមានថា សេដ្ឋកិច្ចសាកលទាំងមូលនឹងនៅតែមានភាពមិនប្រាកដប្រជាខ្លាំង ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មីកូវីដ១៩ ឈ្មោះអូមីក្រុង (Omicron) ការកើនឡើងនៃអតិផរណា បំណុលសាធារណៈ និងវិសមភាពសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។