ធនាគារពិភពលោក ព្រមានពីបញ្ហាប្រឈមចំនួន ៣ ដែលអាចធ្វើឲ្យមានហានិភ័យដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១៨នេះ។ របាយការណ៍ចុងក្រោយអំពីបច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក ដែលមានចំណងជើងថា «បង្កើនសក្ដានុពល» (Enhancing Potential) បង្ហាញថា បញ្ហាប្រឈមទាំង៣ របស់កម្ពុជារួមមាន ភាពមិនប្រាកដប្រជាពាក់ព័ន្ធនឹងការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ការធ្លាក់ចុះសមត្ថភាពប្រកួតប្រជែងនៅក្រៅប្រទេស និងការអូសបន្លាយការរីកលូតលាស់វិស័យសំណង់។
របាយការណ៍របស់ធនាគារពិភពលោក ក៏លើកឡើងដែរថា ទស្សនវិស័យអំពីកំណើនការងារ ហាក់មិនសូវមានភាពប្រាកដប្រជាឡើយ។ ម្យ៉ាងទៀត ដោយសារតែមានការកើនឡើងយ៉ាងឆាប់រហ័សនៃប្រាក់ឈ្នួលគោលការណ៍នេះ បានបណ្ដាលឲ្យសមត្ថភាពប្រកួតប្រជែងក្រៅប្រទេសរបស់កម្ពុជា ដែលពឹងផ្អែកជាចម្បងលើកម្លាំងពលកម្មតម្លៃថោក ត្រូវធ្លាក់ចុះ។
យ៉ាងណាក៏ដោយ របាយការណ៍ទស្សន៍ទាយថា សេដ្ឋកិច្ចកម្ពុជា ត្រូវរំពឹងថានឹងសម្រេចបានកំណើន ៦.៩ភាគរយ ក្នុងឆ្នាំ២០១៨នេះ ខណៈទិន្នន័យបឋមនៃកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៧ មានត្រឹម ៦.៨ភាគរយ។ កំណើនក្នុងឆ្នាំ២០១៨នេះ គឺដោយសារតែមានការកើនឡើងលើការចំណាយរបស់របបលោក ហ៊ុន សែន និងស្ថានភាពសាកលមានអំណោយផល រួមមាន តម្រូវការខ្លាំងពីសេដ្ឋកិច្ចរបស់ប្រទេសជឿនលឿន។ សម្រាប់រយៈពេលមធ្យមរបាយការណ៍បញ្ជាក់ថា លំហូរនៃវិនិយោគទុនបរទេសដោយផ្ទាល់ និងវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធ នឹងជួយលើកកម្ពស់ទិន្នផលសេដ្ឋកិច្ច ដោយជំរុញឲ្យមានកំណើនតម្រូវការសរុប និងពង្រីកសមត្ថភាពផលិតកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។