រដ្ឋាភិបាល៖ ​​ការ​ធ្វើ​បាតុកម្ម​របស់​សហជីព​ខ្លះ​​​​មាន​គោលដៅ​បម្រើ​នយោបាយ

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា សមត្ថកិច្ច​រដ្ឋាភិបាល​ចាំបាច់​ប្រើប្រាស់​វិធានការ​តាម​ផ្លូវ​ច្បាប់ និង​បង្ក្រាប​បាតុកម្ម និង​កូដកម្ម​របស់​សហជីព​កម្មករ​កាត់​ដេរ និង​ស្បែក​ជើង ដោយសារ​រដ្ឋាភិបាល​ចាត់​ទុក​ថា សកម្មភាព​ទាំង​នោះ​មាន​គោលដៅ​បម្រើ​នយោបាយ និង​បង្ក​ឡើង​ដោយ​ជន​ឱកាស​និយម។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ថា បាតុកម្ម​និង​កូដកម្ម​របស់​កម្មករ គ្មាន​ទាក់ទង​អ្នក​នយោបាយ និង​គ្មាន​បង្កប់​គោលដៅ​នយោបាយ គឺ​អាច​ដោះស្រាយ​បាន​រវាង​អ្នក​តវ៉ា​ជា​កម្មករ និង​ថៅកែ​រោងចក្រ។ ប៉ុន្តែ​បើ​ជា​សកម្មភាព​បាតុកម្ម​និង​កូដកម្ម​មាន​គោល​ដៅ​នយោបាយ មិន​អាច​ដោះស្រាយ​ភ្លាមៗ​បាន​ឡើយ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ថ្លែង​ទាក់ទង​ការ​តវ៉ា​របស់​កម្មករ និង​សហជីព​នៅ​ក្នុង​ឱកាស​ផ្សព្វផ្សាយ​ឯកសារ​គោលនយោបាយ​របស់​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា និង​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ស្ដីពី​បរិយាកាស​អំណោយ​ផល​ដើម្បី​ធ្វើ​ឲ្យ​សហគ្រាស​មាន​ចិរភាព​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១២ មីនា នៅ​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ។

លោក អ៊ិត សំហេង បាន​លើក​ឡើង​ថា ទោះ​បី​មាន​វេទិកា​សម្រាប់​កិច្ច​សន្ទនា​រវាង​រដ្ឋាភិបាល និង​ឯកជន និង​ស្ថាប័ន​និយតកម្ម​ការងារ​ត្រី​ភាគី​ក៏ដោយ ប៉ុន្តែ​កូដកម្ម​បាន​កើត​មាន​ជា​ញឹកញាប់ ហើយ​ភាគ​ច្រើន​គឺ​ខុស​ច្បាប់។ កូដកម្ម​ទាំង​នោះ​ពុំ​បាន​ពិចារណា​អំពី​ក្តី​កង្វល់​របស់​កម្មករ​និយោជិត​ទាំង​មូល​ទេ ប៉ុន្តែ​ធ្វើ​ឡើង​ដើម្បី​បម្រើ​គោលបំណង​របស់​ក្រុម​ឱកាស​និយម​មួយ​ចំនួន ដែល​ប្រើប្រាស់​ឱកាស​ធ្វើ​កូដកម្ម​នោះ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ដោយ​មិន​គិត​សេចក្ដី​ត្រូវការ​របស់​កម្មករ​រោងចក្រ​ទាំង​មូល​ទេ។ ស្ទើរ​តែ​គ្រប់​កូដកម្ម​ទាំង​អស់​ពុំ​បាន​អនុវត្ត​តាម​នីតិវិធី​ច្បាប់ និង​ចេញ​សេចក្ដី​ជូន​ដំណឹង​ប្រាប់​និយោជក និង​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេ។ ម៉្យាង​ទៀត មាន​ករណី​បាតុកម្ម​បិទ​ផ្លូវ ការ​រាំង​ខ្ទប់​ច្រក​ចូល​ក្រុមហ៊ុន បង្ខំ​កម្មករ​ឲ្យ​ឈប់​ធ្វើ​ការងារ​ដើម្បី​ចូល​រួម​បាតុកម្ម​ជាមួយ​ក្រុម​ខ្លួន ធ្វើ​ឲ្យ​បង្អាក់​ប្រតិបត្តិ​ការងារ​ពាណិជ្ជកម្ម​ប្រចាំ​ថ្ងៃ ដែល​ប៉ះពាល់​មិន​ត្រឹម​តែ​ក្រុមហ៊ុន​វិស័យ​កាត់​ដេរ​នោះ​ទេ ប៉ុន្តែ​បាន​ប៉ះពាល់​ដល់​សង្គម​ថែម​ទៀត។

លោក អ៊ិត សំហេង៖ «ការ​ដោះស្រាយ​វិស័យ​បាតុកម្ម ដំបូង​បំផុត​ត្រូវ​មាន​ការ​ចរចា​សង្គម សម្របសម្រួល​រវាង​ត្រី​ភាគី និយោជក សហជីព និង​កម្មករ​និយោជិត។ ប៉ុន្តែ​អា​នោះ​វា​ជា​ប្រភេទ​បាតុកម្ម កូដកម្ម ទាក់ទង​ជាមួយ​លក្ខខណ្ឌ​ការងារ ដែល​យើង​អាច​ដោះស្រាយ​បាន។ ពីព្រោះ​កម្មករ​និង​និយោជិត​នៅ​ក្នុង​រោងចក្រ ដូច​ចាន​ក្នុង​រាវ​អ៊ីចឹង វា​តែង​ប៉ះ​ទង្គិច​គ្នា តែ​វា​អាច​ដោះស្រាយ​បាន។ ប៉ុន្តែ​បាតុកម្ម និង​កូដកម្ម​កន្លង​មក​នេះ វា​មិន​មែន​ជា​បាតុកម្ម​និង​កូដកម្ម​ដាច់​ដោយ​ឡែក​ទេ។ វា​ជា​កញ្ចប់​នយោបាយ​ដែល​តង្កៀប​ឡើង​ដោយ​គណបក្ស​ប្រឆាំង និង​សហជីព​របស់​ពួកគេ។ បញ្ហា​នេះ​មិន​អាច​ដោះស្រាយ​ឆាប់​ទេ មាន​តែ​យក​ច្បាប់​យក​មក​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ»

ទាក់ទង​ជាមួយ​កូដកម្ម និង​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​របស់​កម្មករ​រោងចក្រ​កាត់ដេរ​កន្លង​មក ដែល​មាន​ការ​ប៉ះទង្គិច​ដោយ​ហិង្សា​រវាង​អាជ្ញាធរ​ជាមួយ​កម្មករ និង​មន្ត្រី​តំណាង​សង្គម​ស៊ីវិល​មួយ​ចំនួន​នោះ លោក អ៊ិត សំហេង បាន​ថ្លែង​ថា បន្ទាប់​ពី​មាន​កិច្ច​ពិភាក្សា​ត្រី​ភាគី​រវាង​វិស័យ​ឯកជន រាជរដ្ឋាភិបាល និង​សហជីព​ភាគី​ទាំង​អស់ បាន​ព្រមព្រៀង​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​កាត់​ដេរ ប៉ុន្តែ​មាន​សហជីព​មួយ​ចំនួន​មិន​គោរព​លទ្ធផល​នៃ​ការ​ចរចា បង្ក​កូដកម្ម​ហិង្សា ដែល​បាន​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​រង​របួស។ លោក​បាន​អំពាវនាវ​ឲ្យ​សហជីព​ដែល​មាន​សំឡេង​ភាគ​តិច ត្រូវ​ធានា​ឲ្យ​មាន​ចលនា​សហជីព​រួម​គ្នា និង​រួម​ទទួល​ខុស​ត្រូវ ក្នុង​ការ​គោរព​តាម​ការ​ព្រមព្រៀង និង​ធ្វើ​សកម្មភាព​ក្នុង​រង្វង់​ច្បាប់។

លោក វ៉ាន់ ស៊ូអៀង ប្រធាន​សហព័ន្ធ​និយោជក​និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា បាន​គាំទ្រ​ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថា បាតុកម្ម​និង​កូដកម្ម​មួយ​ចំនួន ដែល​កើត​មាន​កន្លង​មក​នេះ ពិបាក​ដោះស្រាយ ពីព្រោះ​មាន​បញ្ហា​នយោបាយ​លាយឡំ​ជាមួយ។ លោក​បាន​ថ្លែង​ថា បញ្ហា​ប្រឈម​ដែល​វិនិយោគិន​លើ​វិស័យ​កាត់​ដេរ​កំពុង​ប្រឈម​បច្ចុប្បន្ន គឺ​ចំនួន​សហជីព​មាន​ចំនួន​ច្រើន​ពេក ហើយ​ពួកគេ​បាន​ដឹកនាំ​ធ្វើ​កូដកម្ម៖ «១៥​ឆ្នាំ​មក​នេះ កូដកម្ម​រហូត​ណាស់។ អត់​មាន​អំពើ​ហិង្សា​ទេ។ ពី​មុន​មាន​ហិង្សា​ណា? មាន​រដ្ឋ​ចេញ​កម្លាំង​ឯ​ណា? មក​ពី​អា​ខែ ១២ នេះ គាត់​ប្រើ​កម្លាំង ជា​ពិសេស​ពី​ក្រោយ​មាន​នយោបាយ។ បើ​អ៊ីចឹង​រដ្ឋ​ត្រូវ​ចេញ​មក​ការពារ Law (ច្បាប់) និង Order បើ​អត់​មាន​ទេ គឺ Anarchy (អនាធិបតេយ្យ) ហើយ។ អត់​មាន​អ្នក​ណា​ទទួល​ខុស​ត្រូវ​ហើយ​ងាប់​ទៀត»

ទាក់ទង​ការ​សុំ​ដំឡើង​ប្រាក់​ខែ​របស់​កម្មករ​រោងចក្រ​កាត់​ដេរ លោក អ៊ិត សំហេង បាន​ឲ្យ​ដឹង​ថា ការ​ពិភាក្សា​មួយ​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ បច្ចុប្បន្ន​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កំពុង​ធ្វើ​ការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា អាយឡូ (ILO) ដើម្បី​រៀបចំ​ឲ្យ​មាន​គម្រោង​មួយ​មាន​ចំណុច​ទាក់ទង​មួយ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ ទាក់ទង​ការ​ដំឡើង​ប្រាក់ខែ​នេះ។ គម្រោង​នោះ​មាន ៣​ចំណុច​សំខាន់ គឺ​រូបមន្ត​ទាក់ទង​ការ​ដំឡើង​ប្រាក់ខែ ទី​២ ការ​កំណត់​សមត្ថភាព​ភាគី​ចូល​រួម ទី​៣ នីតិវិធី​សម្រេច​ដែល​មាន​លក្ខណៈ​តម្លាភាព។

លោក អាត់ ធន់ ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) ដែល​ជា​សហជីព​មួយ​ចូល​រួម​ដឹកនាំ​កម្មករ​រោងចក្រ​កាត់​ដេរ​ធ្វើ​បាតុកម្ម​និង​កូដកម្ម​សុំ​ដំឡើង​ប្រាក់​ខែ​កន្លង​មក។ នៅ​ថ្ងៃ​ទី​១២ មីនា លោក​បាន​បដិសេធ​ការ​ចោទ​ថា ការ​តវ៉ា​​របស់​កម្មករ​ទាក់ទង​រឿង​នយោបាយ និង​ការ​លើក​ឡើង​ថា សហជីព​មាន​សំឡេង​ភាគ​តិច មិន​គោរព​តាម​ការ​សម្រេច​របស់​មតិ​ភាគ​ច្រើន​នោះ។ លោក​ថា នីតិវិធី​ក្នុង​ការ​សម្រេច​លើ​ប្រាក់ខែ​គោល​កន្លង​មក​នេះ ពុំ​មាន​តម្លាភាព និង​លោក​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​សម្រេច​កោះ​ប្រជុំ​ដោះស្រាយ​រឿង​ដំឡើង​ប្រាក់ខែ​ឲ្យ​បាន​ឆាប់។

លោក អាត់ ធន់៖ «សុំ​បញ្ជាក់​ថា សហជីព​ធ្វើ​បាតុកម្ម​និង​កូដកម្ម​ជាមួយ​និយោជិត​ហ្នឹង មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ។ ដោយសារ​វា​ជា​រឿង​ក្រពះ​របស់​កម្មករ​ដែល​ទទួល​ប្រាក់​ឈ្នួល​ទាប​ពេក មិន​អាច​រស់​នៅ​សមរម្យ​បាន។ សុំ​បញ្ជាក់​ថា បើ​ទោះ​បី​ជា​អ្នក​នយោបាយ​ចរចា​ចប់​ស្អែក​ក៏ដោយ បើ​កម្មករ​ចំនួន ២១​នាក់​មិន​ទាន់​បាន​ដោះ​លែង​ទេ ហើយ​ការ​ដំឡើង​ប្រាក់​ឈ្នួល​មិន​ទាន់​បាន​ដោះស្រាយ ក៏​កម្មករ​មិន​ទាន់​បញ្ចប់​ការ​តវ៉ា​ដែរ ហើយ​បើ​មាន​ការ​ដោះស្រាយ​ហើយ ទោះ​បី​ជា​រឿង​នយោបាយ​មិន​ទាន់​បាន​ដោះស្រាយ​ក៏ដោយ ក៏​ពួក​យើង​ខ្ញុំ​ចូល​ធ្វើ​ការ​វិញ​ដែរ»

នៅ​ក្នុង​របាយការណ៍​របស់​សហព័ន្ធ​និយោជក​និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា ដែល​មាន​ចំណង​ជើង​ថា "ក្របខ័ណ្ឌ​ដើម្បី​កំណើន និង​ការងារ​កាន់​តែ​ប្រសើរ" បាន​សរសេរ​ថា នៅ​ប្រទេស​កម្ពុជា មាន​អត្រា​ចំនួន​សហជីព​ខ្ពស់​បំផុត ធៀប​ជាមួយ​វិស័យ​ផ្សេង​ទៀត​ក្នុង​ប្រទេស​នៅ​អាស៊ី។ សហជីព​ចំនួន​ច្រើន​នេះ បាន​ប្រជែង​គ្នា​​បង្ក​ឲ្យ​មាន​បញ្ហា​ចំពោះ​ភាគី​ទាំង​អស់ ហើយ​សហជីព​ខ្លះ​ចាក់​ឫស​ក្នុង​អំពើ​ពុករលួយ មាន​ការ​ជ្រៀតជ្រែក​ផ្នែក​គ្រប់គ្រង និង​មាន​សម្ពន្ធភាព​ជាមួយ​គណបក្ស​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។