ក្រសួង​ណែនាំ​ឱ្យ​អាជ្ញាធរ និង​កងកម្លាំង​ជួរមុខ ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ចិន ចុះ​ឈ្មោះ​ជាមុន

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ឌឌីន។
អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ឌឌីន។ (រូប​ពី​ហ្វេសប៊ុក)

0:00 / 0:00

ក្រសួង​សុខាភិបាល​ប្រកាស​ឱ្យ​កងកម្លាំង អាជ្ញាធរ​សាធារណៈ និង​អ្នកសារព័ត៌មាន ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) ចុះឈ្មោះ​ជាមុន​។ ទន្ទឹម​នឹង​នេះ ក្រសួង​ក៏​បញ្ជាក់​ថា វ៉ាក់សាំង​របស់​ចិន​នេះ មិន​អាច​ចាក់​ឱ្យ​អ្នកមាន​សុខភាព​ទន់ខ្សោយ​បាន​ទេ។

វ៉ាក់សាំង​ស៊ីណូហ្វាម របស់​ចិន នៅ​ដំណាក់កាល​ដំបូង​នេះ ទំនង​ជា​មិន​គ្រប់​សម្រាប់​ចាក់​ឱ្យ​មន្ត្រីរាជការ​ទូទៅ​បានទេ​។ ក្រសួងសុខាភិបាល​កំណត់​ថា នៅ​ក្រោយ​ពេល​ចាក់​ឱ្យ​មនុស្ស​ ៣​ក្រុម​ជា​គំរូ គឺ​មន្ត្រី​នយោបាយ អភិបាលខេត្ត​រាជធានី និង​ក្រុម​អ្នកសារព័ត៌មាន​រួចរាល់​អស់ហើយ ក្រសួង​នឹង​សម្រេច​ឱ្យ​មនុស្ស​ ៣​ក្រុម​ទៀត​​ចុះ​ឈ្មោះ ដើម្បី​ចាក់​វ៉ាក់សាំង​នេះ។

នៅ​ថ្ងៃទី១០ ខែកុម្ភៈ វ៉ាក់សាំង​នេះ នឹង​ត្រូវ​ចាក់​ជូន​អ្នក​ដែល​ចង់បាន​វ៉ាក់សាំង​នេះ​មុនគេ នៅ​មន្ទីរពេទ្យ ៥ កន្លែង​នៅ​ក្រុងភ្នំពេញ​។ មន្ទីរពេទ្យ​បួន​កន្លែង នឹង​ត្រូវ​ផ្តល់​វ៉ាក់សាំង​នេះ នៅ​ពេល​ព្រឹក​។ ចំណែក​ឯ​នៅ​ពេល​រសៀល​ថ្ងៃ​ដដែល ក្រសួង​ការពារជាតិ បាន​កំណត់​ឱ្យ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ឋានៈ​ប្រធាន​ស្ថាប័ន​ចំណុះ​ឱ្យ​ក្រសួង និង​ឋានៈ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ទៅ​ចាក់​វ៉ាក់សាំង​នេះ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ឬ​ពេទ្យ​ទាហាន។

ចំណែក​ក្រុម​មនុស្ស ដែល​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ចុះឈ្មោះ​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង ចាប់ពី​ថ្ងៃ​ទី១១ កុម្ភៈ​តទៅ គឺ​កងកម្លាំង​ជំនាញ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ (​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ ឃុំ​សង្កាត់ និង​ភូមិ​) និង​កងកម្លាំង​នគរបាល។

បើ​តាម​ការ​លើកឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កូនប្រុស​ទាំង​បី និង​កូន​ប្រសារ​ពីរ​នាក់​របស់​លោក​ផង ត្រូវ​ចាក់​វ៉ាក់សាំង​នេះ​ដែរ នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ នោះ​។ ប៉ុន្តែ មកដល់ពេលនេះ កូនៗ ​របស់​លោក និង​មន្ត្រី​ក្នុង​មុខងារ​នយោបាយ​មួយ​ចំនួន មិនទាន់​បង្ហាញ​ប្រតិកម្ម​បែប​ណា​នៅឡើយ​ទេ ចំពោះ​រឿង​ចាក់​វ៉ាក់សាំង​នេះ។

អាស៊ីសេរីមិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​តាម​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ចំនួន ដូចជា លោក ផៃ ស៊ីផាន លោក នាង ផាត លោក ឈុំ សុជាត អ្នកស្រី ឱ វណ្ណឌីន និង​លោក ឆាយ គឹមខឿន បានទេ នៅ​ថ្ងៃ​ទី​៩ កុម្ភៈ ជុំវិញ​ចំនួន​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​នោះ។

ទោះជា​យ៉ាង​នេះ​ក្ដី ភាព​អល់អែក​ក្នុង​ការ​ព្រម​ទទួលយក​វ៉ាក់សាំង​ចិន ដែល​ខ្វះ​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​អន្តរជាតិ​នេះ នៅតែ​បន្ត​កើតមាន ក្នុងចំណោម​ក្រុម​មនុស្ស​ដែល​មាន​អាទិភាព​ទទួល​បាន​វ៉ាក់សាំង​នេះ​។ សមាជិក​សមាគម​មន្ត្រីរាជការ​ឯករាជ្យ​កម្ពុជា ​(CICA)​ ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា មន្ត្រី​រាជការ​មួយ​ចំនួន នៅ​រារែក​ចិត្ត​នៅឡើយ ដោយសារ​វ៉ាក់សាំង​ស៊ីណូហ្វាម​របស់​ចិន​នេះ មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​គុណភាព​ពី​អ្នក​ជំនាញ​ពិភពលោក​។ លោក​ថា មន្ត្រីរាជការ​មួយ​ចំនួន ចង់​ឱ្យ​រដ្ឋាភិបាល​រង់ចាំ​ការ​បញ្ជាក់​គុណភាព​វ៉ាក់សាំង​នេះ ពី​អង្គការ​សុខភាព​ពិភពលោក​ជា​មុន​សិន​​​​​​៖ « កំពុង​ជជែក​គ្នា​ច្រើន​ដែរ អ៊ីចឹង​ណា​។ ខ្ញុំ​បាន​ជជែក​ជាមួយ​លោកគ្រូ អ្នកគ្រូ ក៏ដូចជា មន្ត្រី​មួយ​ចំនួន​គាត់​រាង​ស្ទាក់ស្ទើរ។ ​អ្នកខ្លះ ក៏​ព្រម គាត់​ថា គាត់​ព្រម​។ អ្នកខ្លះ គាត់​ថា ដូចជា មិន​មាន​ពេល មួយ​ចំនួន​ទៀត លើក​ហេតុផល​ថា ដោយសារ​វ៉ាក់សាំង​ហ្នឹង មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ពី​ WHO អង្គការ​សុខភាព​ពិភពលោក។ ដល់​អ៊ីចឹ​ង គាត់​នៅ​រារែក​នៅឡើយ»។

ការ​រារែក​ចិត្ត ក៏​មាន​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ក្រីក្រ​ដែរ​។ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ឱ្យ​ដឹង​ថា ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ​ខ្លះ ក៏​មិនទាន់​ហ៊ាន​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម នេះ​ដែរ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ យល់​ឃើញ ដូច​អ្នកឃ្លាំមើល​មួយ​ចំនួន​ទៀត​ដែរ គឺ​កម្ពុជា​មិនទាន់​ប្រឈម​ជំងឺ​កូវីដ​១៩ ធ្ងន់ធ្ងរ​ពេក​ទេ គួរតែ​រង់ចាំ​វ៉ាក់សាំង ដែល​មាន​ការ​ទទួល​គុណភាព​ត្រឹមត្រូវ​វិញ៖ « ខ្ញុំ​គិត​ថា ស្ថានភាព​យើង​ដូចជា​មិន​មាន​អ្នកណា​ស្លាប់​ច្រើន​ដូច​ប្រទេស​គេ​ជិតខាង​មួយ​ចំនួន​។ អ៊ីចឹង ខ្ញុំ​គិត​ថា គួរតែ​រង់ចាំ​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក WHO ឱ្យ​ច្បាស់លាស់​សិន ចាំ​យើង​នឹង​អាច​ចាក់​ជូន​ប្រជាពលរដ្ឋ ហើយ​វា​ជា​ការ​ទំនុក​ទុកចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​ដែល​គាត់​ត្រូវ​ប្រើប្រាស់ ចាក់​វ៉ាក់សាំង​នេះ ថែម​ទៀត​ផង»។

បើ​ទោះ​ជា​យ៉ាងណា វ៉ាក់សាំង​ចិន​នេះ មាន​លក្ខខណ្ឌ​ជាច្រើន ដែល​មិន​អាច​ចាក់​បាន​គ្រប់គ្នា​នោះ​ដែរ​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី៩ ខែកុម្ភៈ ដោយ​រៀបរាប់​លក្ខខណ្ឌ​ជាង​ដប់ (១៤) ចំណុច ដែល​មិន​អាច​ចាក់​វ៉ាក់សាំង​របស់​ចិន​នេះ​បាន ដូចជា​អ្នក​ដែល​មាន​អាយុ​ក្រោម​ ១៨​ឆ្នាំ និង​លើ​ ៥៩​ឆ្នាំ អ្នកមាន​អាការៈ​ក្ដៅខ្លួន និង​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ​ជាដើម​។ អ្នកមាន​ប្រវត្តិ​កើត​ជំងឺ​កូវីដ​-១៩ (Covid-19) អ្នក​ប្រតិកម្ម​នឹង​វ៉ាក់សាំង​ផ្សេងៗ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ដែល​កំពុង​បំបៅ​ដោះ​កូន និង​ស្ត្រី​ដែល​កំពុង​មាន​ផែន​ការ​យក​កូន​ក្នុង​ពេល​ឆាប់ៗ ជាដើម​នោះ ក៏​មិន​អាច​ចាក់​វ៉ាក់សាំង​​នេះ​បាន​ដែរ។

អ្នកដែលមានបញ្ហាសុខភាពទាំងនេះ ក៏មិនអាចចាក់វ៉ាក់សាំងនេះបានដែរ មានជាអាទិ៍ អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម (Acute respiratory disease) ជំងឺ​ហឺត ​(Asthma) ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​ ជំងឺ​រ៉ាំរ៉ៃ​ឧស្សាហ៍​ធ្វើ​ទុក ជំងឺ​អាឡែកស៊ី (Allergy) ជំងឺ​កន្ទាល​ត្រអាក (Angioedema) ជំងឺ​ថ្លើម​ជំងឺ​តម្រង​នោម​ធ្ងន់ធ្ងរ​ (Kidney problem) ជំងឺលើសឈាម (Hypertension) ជំងឺ​ប្រកាច់​ស្កន់ ឬ​ឆ្កួតជ្រូក (Epilepsy) សរសៃប្រសាទ រលាក​ស្រោមខួរ (Meningitis) ជំងឺ​កង្វះ​ភាព​ផ្សាំ​ពី​កំណើត (Immune deficiency) អ្នកមាន​ជំងឺឆ្លង (HIV) អ្នកមាន​ជំងឺ​មហារីក​កូនកណ្ដុរ (Lymphoma) មាន​ជំងឺ​ឈាមស ឬ អ្នកមាន​ជំងឺ​ភាព​ស៊ាំ (Autoimmune) អ្នកប្រើប្រាស់​ថ្នាំ​សម្រួល​ភាព​ស៊ាំ​ប្រឆាំង​ជំងឺ​មហារីក​ដុំ​សាច់។

ជុំវិញ​ក្ដី​បារម្ភ​អំពី​ការ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​នោះ មន្ត្រី​រដ្ឋាភិបាល មិន​ខ្វល់ខ្វាយ​រឿង​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់ ឬ​មិន​ទួល​ស្គាល់​គុណភាព​វ៉ាក់សាំង​នេះ​នោះ​ទេ​។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន មាន​ប្រសាសន៍ ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី៨ ខែ​កុម្ភៈ​ថា ​រឿង​ដែល​ត្រូវ​ព្រួយបារម្ភ គឺ​រឿង​ដណ្ដើម​គ្នា​ទិញ​វ៉ាក់សាំង​នេះ​ទៅវិញ​ទេ។

អ្នកឃ្លាំមើល​សង្គម និង​អ្នក​ជំនាញ​ខ្លះ នៅតែ​ចង់​ឱ្យ​រដ្ឋាភិបាល​រង់ចាំ​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់​សិន ចាំ​យក​វ៉ាក់សាំង​នោះ​មក​ចាក់​ឱ្យ​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។