នគរបាលខេត្តរតនគិរី បានបញ្ជូនសំណុំរឿងលោក ថេង សាវឿន និងសហការីរបស់លោកទាំង២នាក់ ទៅដល់ដៃអយ្យការសាលាដំបូងខេត្តរតនគិរីហើយ នៅថ្ងៃទី២០ ខែឧសភា ស្របពេលតំណាងកសិករបន្តនាំគ្នាតវ៉ា សុំឲ្យដោះលែងលោក ថេង សាវឿន និងសហការីរបស់លោកមកវិញ។ មន្ត្រីអង្គការសង្គមស៊ីវិល ក៏បន្តស្នើឱ្យសមត្ថកិច្ចដោះលែង លោក ថេង សាវឿន និងសហការីរបស់លោកដែរ ព្រោះសមាគមសម្ព័ន្ធសហគមន៍កសិករ គ្រាន់តែ ធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិកសិករតែប៉ុណ្ណោះ ដោយមិនបានធ្វើបដិវត្តកសិករ ដូចក្រសួងមហាផ្ទៃចោទប្រកាន់នោះឡើយ។
កម្លាំងសមត្ថកិច្ចខេត្តរតនគិរី បន្តឃុំខ្លួនលោក ថេង សាវឿន និងសហការីរបស់លោកទាំង២នាក់ទៀត គឺលោក ញ៉ិល ភាព និងលោក ថាច់ ហាច នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីនៅថ្ងៃទី២០ ខែឧសភា ខណៈក្រុមប្រជាកសិករប្រមាណ២០០នាក់នៅតែបន្តតវ៉ាទាមទារឱ្យដោះលែងលោក ថេង សាវឿន និងសហការីរបស់លោកឱ្យមានសេរីភាពវិញ នៅមុខក្រសួងមហាផ្ទៃ នៅក្នុងរាជធានីភ្នំពេញ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីថា កម្លាំងនគរបាលយុត្តិធម៌ខេត្តរតនគិរី បានឱ្យក្រុមមេធាវីសង្គមស៊ីវិលដាក់ឯកសារការពារក្ដី ទៅតុលាការខេត្ត ពីព្រោះតែសំណុំរឿងនេះ បានទៅដល់ដៃអយ្យការអមសាលាដំបូងខេត្តរតនគិរីរួចហើយ។ លោកបន្ថែមថា សមត្ថកិច្ចគួរតែពិចារណាអំពីគុណសម្បត្តិរបស់សមាគមសម្ពន្ធសហគមន៍កសិករកម្ពុជា ដែលបានចូលរួមលើកកម្ពស់យុត្តិធម៌សង្គម និងជីវភាពរបស់ប្រជាកសិករ ជាជាងមានវិធានការច្បាប់ទៅលើថ្នាក់ដឹកនាំសមាគម ដែលអាចនាំឱ្យរដ្ឋាភិបាលកាន់តែមានឈ្មោះមិនល្អនៅលើឆាកអន្តរជាតិ។
លោក ស៊ឹង សែនករុណា៖ «គួរតែសម្រេចបែបនេះ ( ដោះលែង ) ដើម្បីសម្រាលភាពធូរស្រាលទៅដល់ស្ថានភាពសង្គម និងនយោបាយ និងការគោរពសិទ្ធិមនុស្សនេះផង ហើយអាចនឹងមានការសាទរពីសហគមន៍ជាតិ និងអន្តរជាតិចំពោះការសម្រេចហ្នឹង»។
សាលាដំបូងខេត្តរតនគិរីមិនទាន់បានទទួលយកឯកសាររបស់ក្រុមមេធាវីនៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី២០ ខែឧសភា ដោយអយ្យការអមសាលាដំបូងខេត្ត លើកហេតុផលថា កំពុងជាប់រវល់ ខណៈក្រុមមេធាវីសង្គមស៊ីវិលបានទៅដាក់ឯកសារនៅសាលាដំបូងខេត្ត តាំងតែពីម៉ោង២រសៀល។ ទោះជាយ៉ាងណា ក្រុមមេធាវីអង្គការសង្គមស៊ីវិល បានចូលជួបលោក ថេង សាវឿន និងសហការីរបស់លោកទាំងពីរនាក់ម្ដងរួចមកហើយ កាលពីម៉ោង ៨យប់ ថ្ងៃទី១៩ ខែឧសភា។ ក៏ប៉ុន្តែសមត្ថកិច្ចមិនបានអនុញ្ញាតឱ្យក្រុមគ្រួសារលោក ថេង សាវឿន លោក ញ៉ិល ភាព និងលោក ថាច់ ហាច បានចូលជួបពួកគាត់នៅឡើយទេ នៅថ្ងៃទី២០ ខែឧសភា។
សមត្ថកិច្ចខេត្តក្រចេះបានឃាត់រថយន្តក្រុមការងារសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលដឹកនាំដោយលោក ថេង សាវឿន ដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវពីខេត្តរតនគិរី ទៅខេត្តក្រចេះ ហើយបានឃាត់ខ្លួនលោក ថេង សាវឿន និងបុគ្គលិករបស់លោកសរុប ១៧នាក់ និងបានដកហូតកុំព្យូទ័រ Laptop ចំនួន ១៧គ្រឿង រួមទាំងទូរស័ព្ទរបស់ពួកគេទាំងអស់ កាលពីថ្ងៃទី១៧ ខែឧសភា។
សមត្ថកិច្ចខេត្តក្រចេះមិនបានប្រាប់អំពីហេតុផលនៃការឃាត់ខ្លួននោះឡើយ ដោយគ្រាន់តែបានអះអាងថា ការឃាត់ខ្លួននេះគឺធ្វើឡើងតាមសំណើរបស់ស្នងការខេត្តរតនគិរីតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្រោយពីបានសាកសួរពេញមួយល្ងាច សមត្ថកិច្ចខេត្តក្រចេះបានដោះលែងបុគ្គលិកសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ១៤នាក់វិញ នៅល្ងាចថ្ងៃទី១៧ ខែឧសភា។
ការឃាត់ខ្លួនលោក ថេង សាវឿន និងសហការីរបស់លោកនេះ ត្រូវបានក្រុមអង្គការសង្គមស៊ីវិលតាមដានយ៉ាងយកចិត្តទុកដាក់ ក្នុងនោះរួមមានដូចជា អង្គការលីកាដូ (Licadho) សមាគមការពារសិទ្ធិមនុស្ស អាដហុក មជ្ឈមណ្ឌលការពារសិទ្ធិមនុស្សកម្ពុជា (CCHR) និងឧត្ដមស្នងការការពារសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តរតនគិរី លោក អ៊ុង សុភាព និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីសាកសួរជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី២០ ខែឧសភា។
ក៏ប៉ុន្តែ លោក ខៀវ សុភ័គ បានប្រាប់សារព័ត៌មានខេមបូចា (Camboja) កាលពីថ្ងៃទី១៩ ខែឧសភា ដោយចោទប្រកាន់ថា លោក ថេង សាវឿន និងសហការីជាប់ពាក់ព័ន្ធទៅនឹងអ្វីដែលលោកហៅថា «ការរៀបផែនការធ្វើបដិវត្តកសិករ»។ លោក ខៀវ សុភ័គ ថា សមត្ថកិច្ចសំអាងលើភស្តុតាងមួយចំនួននៅកន្លែងរៀបចំវគ្គបណ្ដុះបណ្ដាលរបស់សមាគម នៅក្នុងខេត្តរតនគិរី និងឯកសារមួយចំនួនទៀតនៅក្នុងកុំព្យូទ័ររបស់សមាគម។
ទោះជាយ៉ាងណា ក្រុមកសិករបានច្រានចោលការចោទប្រកាន់បែបនេះ របស់មន្ត្រីតំណាងក្រសួងមហាផ្ទៃ។
កសិករម្នាក់ ដែលជាសមាជិកសហគមន៍កសិករ៩៥៥ មកពីស្រុកស្រែអំបិល ខេត្តកោះកុង លោកស្រី ទិន តាំង អះអាងថា សមាគមសម្ពន្ធសហគមន៍កសិករកម្ពុជា មិនបានធ្វើបដិវត្តកសិករ ដូចការចោទប្រកាន់របស់មន្ត្រីក្រសួងមហាផ្ទៃនោះឡើយ។ លោកស្រីថា កន្លងមក សមាគមបង្រៀនកសិករឱ្យចេះផលិត និងប្រើប្រាស់ជីធម្មជាតិ ទៅលើដំណាំតែប៉ុណ្ណោះ។
លោកស្រី ទិន តាំង៖ «ខ្ញុំបួងសួងទៅដល់សម្ដេច បើបានឃើញសារនេះហើយ សុំឱ្យមេត្តាដោះលែងពួកគាត់ទៅ ពួកគាត់មិនបានខុសអីទេ ហើយភាសាបដិវត្តនេះ ពួកខ្ញុំក៏មិនយល់មិនដឹងដែរ ប៉ុន្តែខ្ញុំចង់និយាយថា បើគ្រាន់តែបង្រៀនឱ្យប្រជាពលរដ្ឋប្រើជីធម្មជាតិ ពីកេរ្តិ៍ជីដូនជីតាមកអ៊ីចឹង ហើយចង់ឱ្យលុបបំបាត់បរមបូរាណមែន បើពួកខ្ញុំអត់មានធ្វើអីខុសសោះ ហេតុអីក៏ចោទប្រកាន់គាត់អ៊ីចឹង»។
ដើម្បីទាមទាររកយុត្តិធម៌ជូនលោក ថេង សាវឿន និងសហការីរបស់លោកនេះ ក្រុមប្រជាកសិករដែលរងគ្រោះដីធ្លីជាង២០០នាក់ នៅតែបន្តចេញតវ៉ា ទាមទារឱ្យកម្លាំងសមត្ថកិច្ច ដោះលែងពួកលោកទាំងអស់ឱ្យមានសេរីភាពវិញ នៅមុខក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែឧសភា បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានដេញពួកគាត់ឱ្យទៅសម្រាកនៅវត្តសាមគ្គីរង្សី កាលពីយប់ថ្ងៃទី១៩ ខែឧសភា។
សមាជិកសហគមន៍កសិករ មកពីខេត្តកោះកុង គឺលោកស្រី កើត នៅ ប្រាប់វិទ្យុអាស៊ីសេរីថា សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មិនដែលបង្រៀនឱ្យសហគមន៍របស់លោកស្រី ប្រឆាំង ឬមួយក៏ស្អប់ថ្នាក់ដឹកនាំរដ្ឋាភិបាលម្ដងណាឡើយ។ លោកស្រីបន្ថែមថា សមាគមតែងតែបង្រៀនឱ្យកសិករយល់ដឹងពីបញ្ហាជាក់ស្ដែង អំពីមូលហេតុដែលធ្វើឱ្យថ្លៃជីកសិកម្មឡើងថ្លៃ និងផលិតផលកសិកម្មចុះថោក ព្រមទាំងរកវិធីសាស្ត្រដោះស្រាយបញ្ហាទាំងនេះតែប៉ុណ្ណោះ។
លោកស្រី កើត នៅ៖ «ចុងក្រោយខ្ញុំសុំសំណូមពរ ទទូចហើយទទូចទៀត មានតែលោក ក្រឡាហោម ស ខេង ដែលអាចជំរុញទៅតុលាការរតនគិរីឱ្យដោះលែងពួកគាត់ជាបន្ទាន់ ព្រោះអីពួកគាត់អត់បានធ្វើអីខុសទេ»។
ក្រៅពីធ្វើការលើកកម្ពស់ជីវភាពកសិករ និងពង្រឹងសិទ្ធិអំណាចក្រុមកសិករដែលងាយរងគ្រោះពីការអភិវឌ្ឍហើយនោះ លោក ថេង សាវឿន ក៏ជាសកម្មជនការពារសិទ្ធិកម្មករផងដែរ។ លោកធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចវាយឱ្យរបួសត្រង់ក្បាល និងបញ្ជូនយកទៅឃុំខ្លួននៅពន្ធនាគារ ដោយសារ លោកបានចូលរួមទាមទារឱ្យរដ្ឋាភិបាល ដំឡើងប្រាក់ខែឱ្យកម្មករយ៉ាងតិចត្រឹម១៦០ដុល្លារមួយខែ នៅផ្លូវវេងស្រេង កាលពីខែមករា ឆ្នាំ២០១៤។
ទាក់ទងទៅនឹងស្ថានភាពរបស់លោក ថេង សាវឿន នៅឥឡូវនេះវិញ ប្រពន្ធរបស់លោក គឺលោកស្រី ញូង សុខហៀង ប្រាប់វិទ្យុអាស៊ីសេរីនៅល្ងាចថ្ងៃទី២០ ខែឧសភាថា ដោយសារតែសមត្ថកិច្ចសួរចម្លើយប្ដីរបស់លោកស្រីទាំងយប់ ទាំងថ្ងៃ ពេលនេះគាត់មានសភាពស្លេកស្លាំង និងអស់កម្លាំង ក៏ប៉ុន្តែលោកស្រីបញ្ជាក់ថា ប្ដីរបស់លោកស្រីនៅតែមានស្មារតីរឹងមាំជានិច្ច។
ក្រុមប្រជាកសិករបានលើកឡើងថា ពួកគាត់នឹងមិនបញ្ឈប់ការតវ៉ានោះឡើយ ដរាបណាសមត្ថកិច្ចមិនទាន់ដោះលែងលោក ថេង សាវឿន និងសហការីទាំងពីរនាក់ឱ្យមានសេរីភាពឡើងវិញទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។