មុខ​របរ​កាត់ដេរ​សំលៀក​បំពាក់​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​សហរដ្ឋ​អាមេរិក

0:00 / 0:00

គ្រួសារ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ជាពិសេស​ស្ត្រី តែងតែ​ខិតខំ​ថែរក្សា​វប្បធម៌ ប្រពៃណី​ខ្មែរ ទាំង​ការ​ស្លៀកពាក់ និង​ការ​ទៅ​ចូល​រួម​ក្នុង​ពិធីបុណ្យ​ធំៗ រួម​មាន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម នៅ​តាម​ទី​វត្ត​អារាម។ សូម្បី​តែ​កូន​ស្រី​ខ្លះ ទោះបីជា​កើត​នៅ​ស្រុក​នេះ​ក៏ដោយ ក៏​មាតា​ចង់​ឲ្យ​តែ​កូនៗ​ស្លៀក​សំលៀកបំពាក់​ខ្មែរ ដូចជា​សំពត់​ហូល ផាមួង និង​អាវប៉ាក់ ដើម្បី​បង្ហាញ​ថា ពួកគេ​ជា​កូន​ខ្មែរ និង​មាន​មោទនភាព​ជា​ខ្មែរ។

ប្រមាណ​ជា​មួយ​ខែ​នេះ ជាង​កាត់​ដេរ​សំលៀកបំពាក់​ខ្មែរ​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក ម្នាក់ៗ​រវល់​មមាញឹក ខិតខំ​កាត់​ដេរ​សំលៀកបំពាក់​ខ្មែរ​ទាំង​ថ្ងៃ​ទាំង​យប់ មាន​សំពត់​ហូល ផាមួង អាវ​ប៉ាក់ ឲ្យ​បាន​រួចរាល់​ឆាប់​រហ័ស​សម្រាប់​អតិថិជន​របស់​ខ្លួន​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា នេះ។

អ្នកស្រី ងួន ណុង ជាង​កាត់​ដេរ​ម្នាក់​អាយុ ៦៣​ឆ្នាំ រស់​នៅ​ក្រុង​ហ្គេតដឺប៊ឹក្ស៍ (Gaithersburg) រដ្ឋ​មែរីលែន (Maryland) មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ ខណៈ​អ្នកស្រី​កំពុង​កាត់​អាវ​ប៉ាក់​ឲ្យ​ភ្ញៀវ​ត្រូវ​ការ​បន្ទាន់​ថា នៅ​ពេល​បុណ្យ​ទាន​ម្តងៗ អ្នកស្រី​មាន​ម៉ូយ​មក​កាត់​ច្រើន ហើយ​ម្នាក់ៗ​អង្វរ​ចង់​បាន​ឆាប់​រៀងៗ​ខ្លួន ប៉ុន្តែ​អ្នកស្រី​ទទួល​យក​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។

អ្នកស្រី ងួន ណុង៖ «កាត់​កន្ត្រៃ (សំណួរ៖ អ្នក​បង​រវល់​ខ្លាំង​ទេ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ហ្នឹង) ចម្លើយ៖ គេ​មក​កាត់​ច្រើន និង​បង្ខំ​យក​ដែរ​ហ្នឹង។ គេ​ចូល​ចិត្ត​ស្លៀកពាក់​ខ្មែរ​តាម​ប្រពៃណី​យើង​ហ្នឹង ចូល​ចិត្ត​ស្លៀក​ហូល ផាមួង ចាស់ៗ តែ​ក្មេងៗ​ឪពុក​ម្ដាយ​ទម្លាប់​ឲ្យ​ពាក់​ខោអាវ​ខ្មែរ​ក្នុង​ពិធី​អ៊ីចឹង គាត់​ចូល​ចិត្ត​ដែរ។ កាត់​ខោអាវ​ភ្ជុំ​នេះ​គេ​បង្ខំ​ដែរ តែ​រវល់​អត់​ទទួល​ច្រើន​ទេ ព្រោះ​ទៅ​វត្ត​ដែរ។ ធ្វើ​មិន​ពេញ​មុខ​ទេ ធ្វើ​តែ​ភ្ញៀវ​ណា​សំខាន់​ដែល​មក ចំណែក​ភ្ញៀវ​អាគាំង អត់​ហ៊ាន​ទទួល​ដែរ»

ភ្ញៀវ​សំខាន់​ដែល​មក​កាត់​ញឹកញាប់​ជាង​គេ​នោះ គឺ​អ្នកស្រី ជួន សុភ័ក្ត្រកញ្ញា ដែល​ស្រឡាញ់​ពេញ​ចិត្ត​ណាស់​សម្លៀក​បំពាក់​ខ្មែរ។ អ្នកស្រី​ថា ជាង​កាត់​ដេរ​ឈ្មោះ​អ្នកស្រី ងួន ណុង ពូកែ​និង​មាន​ស្នាដៃ​ល្អ ដេរ​មិន​ដែល​ខុស​ទេ។ បន្ថែម​ពី​នេះ តម្លៃ​ក៏​យក​ថោក​ដែរ គឺ​អាវប៉ាក់ ៤០​ដុល្លារ និង​សំពត់​ហូល ផាមួង យក​តម្លៃ ៤០​ដុល្លារ​ដែរ បើ​ប្រៀបធៀប​តម្លៃ​នៅ​ស្រុក​ខ្មែរ ចង់​ថោក​ជាង​នៅ​ហាង​ធំៗ​ខ្លះ​ក្នុង​ក្រុង​ភ្នំពេញ​ផង ដែល​អ្នកស្រី​អះអាង​ថា យក​តម្លៃ​មួយ​កំ​ផ្លេ ១៥០​ដុល្លារ។

អ្នកស្រី ជួន សុភ័ក្ត្រកញ្ញា៖ «គាត់​យក​មិន​សូវ​ជា​ថ្លៃ​ទេ គឺ​ស៊ីសង​ទៅ​តាម​ម៉ូត​ដែល​រើស ដូចជា​ថែម​ផ្កា ថែម​ប៉ាក់ ថែម​សារ៉ូ នឹង​គេ​យក​តម្លៃ​ថែម ប៉ុន្តែ​បើ​យើង​កាត់​សាមញ្ញ​ធម្មតា​គេ​យក​តម្លៃ​ផ្សេង។ ខ្ញុំ​មាន​កាត់​ខោអាវ​ខ្មែរ កាត់​រ៉ូប កាត់​ជា​ខ្មែរ សំរាប់​ខ្ញុំ​ទៅ​ការ​គេ តែ​បើ​ទៅ​វត្ត​ខ្ញុំ​កាត់​ជា​ហូល​កំផ្លេ ឬ​អាវប៉ាក់ ហើយ​យើង​យក​ហូល​ឲ្យ​ផ្កា​ពណ៌​ស្រដៀងៗ​គ្នា​ទៅ»

ដោយ​ជាង​កាត់​ដេរ​នេះ​រស់​នៅ​ដាច់​ដោយ​ឡែក​ឆ្ងាយ​ពី​សហគមន៍​ខ្មែរ​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន ខ្ញុំ​ក៏​បាន​សាក​សួរ​ថា តើ​ហេតុ​ដូចម្ដេច​បាន​ជា​គេ​ស្គាល់​នាំគ្នា​មក​កាត់ដេរ​ច្រើន​ម្ល៉េះ?

អ្នកស្រី ងួន ណុង ក៏​បាន​បញ្ជាក់​ថា ភ្ញៀវ​ដឹង​តាម​គ្នា​ក៏​មក​សាកល្បង​កាត់​មួយ​កំផ្លេ​សិន ដល់​យក​ទៅ​ពាក់​ទៅ ម្នាក់ៗ​ក៏​សួរ​នាំ ហើយ​ក៏​បាន​ប្រាប់​គ្នា​តៗ៖ «អូន​បង​នៅ ហ្គេតដឺប៊ឹក្ស៍ (សំណួរ៖ ទៅ​នៅ​ឆ្ងាយ​អ៊ីចឹង​មាន​ខ្មែរៗ​ទៅ​ច្រើន​ទេ ហើយ​នៅ​ម្តុំ​ហ្នឹង​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​ទេ?) ចម្លើយ៖ ហ្នឹង​ឆ្លើយ ម្តុំ​ហ្នឹង​អត់​មាន​ខ្មែរ​ទេ មាន​តែ​បង​ម្នាក់​ឯង ប៉ុន្តែ​គេ​ស្គាល់​តាម​គ្នា​គេ ជូន​ទូរស័ព្ទ​ទៅ​គេ​មក​រក​តាម​គ្នា។ បង​កាត់​តែ​ពេល​គេ​ការ ពេល​រវល់​ការ​គេ​ចូលចិត្ត​កាត់​ខោអាវ​ខ្មែរ ពេល​ទៅ​ស្រុក​ខ្មែរ ពួកគេ​ចូលចិត្ត​ទិញ​ច្រើនៗ យក​មក​ទុក​កាត់​ស្លៀក​ពាក់។ (សំណួរ៖ អ្នក​បង​ធ្លាប់​មាន​បទពិសោធន៍​ចេះ​កាត់​ខោអាវ​ហ្នឹង​ពី​ស្រុក​ខ្មែរ​មក​មែន​ទេ?) ចម្លើយ៖ ចេះ​កាត់​តាំង​ពី​បង​នៅ​លីវ នៅ​ជំនាន់​សម័យ​សម្តេច ពេល​បង​នៅ​ស្រុក​ខ្មែរ​អត់​បាន​ធ្វើ​ទេ បង​ដើរ​រក​ស៊ី​វិញ​ចេញ​ពី ប៉ុល ពត មក។ ដល់​ពេល​កូន​ធានា​មក​នៅ​សហរដ្ឋអាមេរិក កូន​ក៏​និយាយ​ថា ម៉ាក់​អត់​ចេះ​ភាសា​អ៊ីចឹង​បាន​អី​ពិសា ដល់​អ៊ីចឹង​ត្រូវ​រៀន​តម្រិះ​ហ្នឹង​ឡើង​វិញ ហើយ​បង​ទៅ​ប្រទេស​ជិត​ខាង ចេញ​ចូលៗ បង​ក៏​រៀន​ថែម រៀន​បច្ចេកទេស​ទៅ ក៏​បាន​ធ្វើ​ទៅ​វា​ស្អាត»

ពិធី​បុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ មាន​រយៈពេល ១៥​ថ្ងៃ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ ១​រោច ដល់​ថ្ងៃ ១៥​រោច ខែ​ភទ្របទ ហើយ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ១៥​រោច ខែ​ភទ្របទ គឺ​ត្រូវ​ថ្ងៃ​អង្គារ ទី​២៣ ខែ​កញ្ញា។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​បរទេស រួម​មាន​សហរដ្ឋអាមេរិក​ជាដើម ដោយសារ​រវល់​ធ្វើការ និង​ប្រកបរ​របរ​រៀងៗ​ខ្លួន ការ​រៀបចំ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ច្រើន​ធ្វើ​នៅ​ចុង​សប្តាហ៍ គឺ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ។

ទោះ​ជា​រស់​នៅ​ឯ​នាយ​សមុទ្រ​ឆ្ងាយ​ពី​ប្រទេស​ខ្លួន​ក្តី ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ពលរដ្ឋ​ស្រី​ប្រុស​ទាំង​ចាស់​ក្មេង តែងតែ​នាំគ្នា​ធ្វើ​ម្ហូប​អាហារ នំចំណី ផ្លែឈើ និង​ផ្កា​ភ្ញី យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ជូន​ដល់​ជី​ដូន​ជីតា មាតាបិតា និង​ញាតិសន្តាន​ដែល​បាន​ចែក​ឋាន​ទៅ។ បន្ថែម​ពី​នេះ ពុទ្ធបរិស័ទ​ក៏​បាន​ចូល​ប្រាក់​វិភាគទាន​ដល់​វត្ត​ផង​ដែរ សំរាប់​ការ​កសាង​បន្ថែម​ទៀត​ទៅ​ថ្ងៃ​អនាគត។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្រុង​អាឡិចហ្សិនឌ្រា (Alexandria) និង​ជា​សមាជិក​គណៈកម្មការ​វត្ត​ពុទ្ធជ័យមង្គល ក្នុង​រដ្ឋ​វឺជីនៀ អ្នកស្រី មុំ សោភ័ណ្ឌ ដែល​បាន​រៀបចំ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​កញ្ញា បាន​អោយ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​យើង ទោះបី​រស់​នៅ​ឆ្ងាយ​ពី​ស្រុក​កំណើត​ក៏ដោយ ក៏​នៅតែ​រក្សា​វប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់​ជានិច្ច៖ «ពេល​បុណ្យ​ចូល​ឆ្នាំ បុណ្យ​ផ្កា និង​បុណ្យ​ភ្ជុំបិណ្ឌ គឺ​ខ្មែរ​យើង​ស្លៀកពាក់​ខ្មែរ​ទាំង​អស់ ដូចជា​ហូល ផាមួង អាវប៉ាក់ កន្សែង​ពានា​ជាដើម ព្រោះ​អី​ខ្មែរ​យើង​នៅ​ស្រឡាញ់​ប្រពៃណី​ខ្មែរ អត់​លះបង់​ទេ ទោះបី​នៅ​ដល់​ណា​ក៏​ស្រឡាញ់​របៀប​របប​ខ្មែរ ប៉ុន្តែ​ក្មេង​ជំនាន់​ក្រោយ​កើត​នៅ​ស្រុក​នេះ​គេ​អត់​ពាក់​ទេ។ ខោអាវ​ខ្មែរ​ថ្លៃ​ណាស់ ឈ្នួល ៤០​ដុល្លារ អាវ និង​សំពត់ ៤០​ដុល្លារ នៅ​ស្រុក​ខ្មែរ​ថ្លៃ​ជាង​នេះ​ទៀត​នៅ​ហាង​ខ្លះ»

ក្នុង​រដ្ឋ​វឺជីនៀ និង​រដ្ឋ​ម៉ារីលែន មាន​ជាង​កាត់​ដេរ​ខ្មែរ​ចំនួន ៧​នាក់។ ពួកគេ​និយាយ​ដូចៗ​គ្នា​ថា ភាគ​ច្រើន​ជាប់​រវល់​កាត់​សំលៀកបំពាក់​ខ្មែរ​នៅ​ពេល​ដែល​មាន​ពិធី​បុណ្យទាន និង​រៀប​មង្គលការ​ម្តងៗ​ប៉ុណ្ណោះ។ ទោះជា​យ៉ាងនេះ​ក្តី ជាង​កាត់​ដេរ​ភាគ​ច្រើន​មាន​ការងារ​ធ្វើ​ធម្មតា ហើយ​ប្រាក់​ចំណូល​បាន​មក​ពី​របរ​នេះ​គឺ​បន្ថែម​ទៅ​នឹង​ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។