អ្នកវិភាគ និងសកម្មជនបក្សប្រឆាំងយល់ថា របបក្រុងភ្នំពេញកំពុងបង្កើតព្រឹត្តិការណ៍ច្រៀងរាំសប្បាយ នៅវិមានឈ្នះឈ្នះ ស្របពេលប្រទេសកំពុងជួបវិបត្តិនយោបាយ គឺជាការចង់បន្លំស្ថានការណ៍ មិនចង់ឲ្យពលរដ្ឋខ្វល់ខ្វល់ពីបញ្ហារបស់ជាតិ។ ពួកគេរិះគន់ថា អ្វីដែលរបបក្រុងភ្នំពេញកំពុងរៀបចំនេះ មិនមែនជាការចង់បានរបស់ពលរដ្ឋនោះទេ។
អ្នកឃ្លាំមើលបញ្ហាសង្គម យល់ថា ទោះលោក ហ៊ុន សែន ខំប្រឹងបង្កើតព្រឹត្តិការណ៍សប្បាយរីករាយ ដើម្បីបិទបាំងទង្វើអាក្រក់របស់ខ្លួនយ៉ាងណាក្តី បើមេដឹកនាំរបបនេះមិនបានធ្វើអ្វីតាមអន្តរជាតិចង់បានទេនោះ នឹងធ្វើឲ្យកម្ពុជាជួបវិបត្តិនាពេលខាងនេះ ដោយចៀសមិនរួច។
អ្នកវិភាគវ័យក្មេងលោក បុង ដែត យល់ថា ពលរដ្ឋដែលរងគ្រោះព្រោះវិបត្តិនយោបាយ វិបត្តិដីធ្លី និងបញ្ហាផ្សេងៗទៀត មិនអាចសប្បាយរីករាយ នឹងការរៀបចំរបស់របបក្រុងភ្នំពេញឡើយ។ អ្នកវិភាគរូបនេះ ចង់ឃើញរបបក្រុងភ្នំពេញកែខ្លួនឡើងវិញ ដើរមកផ្លូវត្រូវដែលជាការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលសហគមន៍អន្តរជាតិចង់បាន៖ «ព្រឹត្តិការណ៍ឈ្នះឈ្នះមិនអាចយកទៅបន្លំព្រឹត្តិការណ៍លុបចោលអនុគ្រោះពន្ធទេ»។
ចំណែក សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ដែលត្រូវនិទ្ទេសខ្លួន ព្រោះវិបត្តិនយោបាយលោកស្រី មាស លក្ខិណា និយាយថា របបក្រុងភ្នំពេញ កំពុងសប្បាយលើគំនរទុក្ខរបស់ពលរដ្ឋ និងយកលុយជាតិមកចាយខ្ជះខ្ជាយ ក្នុងការបង្កើតព្រឹត្តិការណ៍នេះ។ លោកស្រីយល់ថា ការប្រឹងប្រែងបិទបាំងពីបញ្ហារបស់ពលរដ្ឋបែបនេះ គឺជាការភិតភ័យរបស់ខ្លួនប៉ុណ្ណោះ៖ «ទោះបីគាត់ ( លោក ហ៊ុន សែន ) ប្រឹងតុបតែងក៏អត់ទៅរួចដែរ នេះគ្រាន់តែគាត់កុហកខ្លួនឯងទេ»។
របបក្រុងភ្នំពេញបានរៀបចំពិធីសម្ពោធវិមានឈ្នះ-ឈ្នះ នៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញរយៈពេលបីថ្ងៃពីថ្ងៃទី២៩ ៣០ ៣១ខែធ្នូ រីឯប្រព័ន្ធផ្សព្វផ្សាយរបស់លោក ហ៊ុន សែន កំពុងផ្សព្វផ្សាយពីទិដ្ឋភាពនៃពិធីជាបន្តបន្ទាប់ និងអះអាងថា មានពលរដ្ឋរាប់ម៉ឺននាក់ កំពុងចូលរួមយ៉ាងសប្បាយរីករាយក្នុងពិធីនោះ។
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ក៏បានអំពាវឲ្យពលរដ្ឋចូលរួមពិធីឲ្យសប្បាយរីករាយ។ នៅក្នុងពិធីសម្ពោធវិមានឈ្នះ-ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ក៏ប្រាប់ទៅពលរដ្ឋមករាំសប្បាយនៅទីនេះដោយលោកអះអាងថា របបលោកកំពុងធ្វើឲ្យកម្ពុជារួចផុតពីសង្គ្រាមក្លាយជាដែនដីសុវណ្ណ៖ «អរគុណចំពោះការគាំទ្រទាំងអស់របស់ប្រជាជន អរគុណសម្រាប់ការចូលរួម អរគុណជនរួមជាតិ ហើយសូមអញ្ជើញរាំលែងកម្សាន្តតាមចិត្តនៅទីនេះបីយប់បីថ្ងៃ»។
ក្រោយរំលាយបក្សប្រឆាំង និងគ្រប់គ្រងអំណាចបានជោគជ័យតាមបែបឯកបក្ស របបក្រុងភ្នំពេញបានប្រញាប់ប្រញាល់ រៀបចំបង្កើតកម្មវិធីសប្បាយជាច្រើន ហើយនៅចុងក្រោយនេះគឺជាការសម្ពោធវិមានឈ្នះឈ្នះបីយប់ បីថ្ងៃ ពោរពេញដោយការច្រៀងរាំសប្បាយ បាញ់កាំជ្រួចស្ទើរឆេះមេឃ ដែលកម្មវិធីនេះចំណាយលុយអស់ជាង១២លានដុល្លារ។ ក្រោយចប់កម្មវិធីនេះ របបក្រុងភ្នំពេញ នឹងបន្តប្រារព្ធថ្ងៃរំលឹកជ័យជំនះរបស់ខ្លួនមួយទៀត គឺថ្ងៃទី៧មករា ដែលរបបនេះគ្រោងធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក និងត្រូវចាយលុយយ៉ាងសន្ធឹកសន្ធាប់បន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។