ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក Joseph A. Mussomeli បានមានប្រសាសន៍ក្នុងពិធីសំណេះសំណាលដែលបានធ្វើឡើងនៅឯស្ថានទូតសហរដ្ឋអាមេរិក ថា និស្សិតទាំង១៨នាក់នោះមាន៨នាក់ជានិស្សិតដែលត្រូវទទួលអាហារូបករណ៍បន្ត ហើយនិង១០នាក់ជានិស្សិតដែលបានទទួលអាហារូបករណ៍ថ្មី ហើយក្នុងចំណោមអ្នកទាំង១០នាក់នោះ មានពីរនាក់ដែលត្រូវបន្តការសិក្សាយកសញ្ញាបត្របណ្ឌិត ។
លោក Joseph A. Mussomeli បានមានប្រសាសន៍ថា ៖ "កាលពីឆ្នាំមុនឯកឧត្ដម កុល ផេង បានទាមទារឲ្យសហរដ្ឋអាមេរិកពង្រីកអាហារូបករណ៍ Fulbright ដើម្បីទទួលយកនិស្សិតដែលត្រូវបន្តការសិក្សាយកសញ្ញាបត្របណ្ឌិតបន្ថែមទៀត ។ ហើយខ្ញុំមានសេចក្ដីរីករាយនឹងប្រកាសថា យើងអាចបំពេញតាមសេចក្ដីទាមទារនេះ ពីព្រោះយើងខ្លាចគេថាយើងមិនបានធ្វើអ្វីដែលក្រសួងអប់រំចង់ឲ្យយើងធ្វើ ។ ដូច្នេះនៅលើកដំបូងនេះ យើងក៏សម្រេចចិត្តផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរចំនួនដល់ទៅ២រូប ឲ្យទៅបន្តការសិក្សាយកសញ្ញាបត្របណ្ឌិតនៅសហរដ្ឋអាមេរិក" ។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានថ្លែងទៀតថា និស្សិតដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក នឹងជួយបង្កើនការគោរពគ្នាទៅវិញទៅមករវាងកម្ពុជានិងសហរដ្ឋអាមេរិក តាមរយៈការអប់រំនិងតាមរយៈការបង្កើនទំនាក់ទំនង ។ លោកក៏បានមានប្រសាសន៍បន្ថែមទៀតថា និស្សិតទាំងអស់នោះមានតួនាទីជាទូតវប្បធម៌សម្រាប់ប្រទេសកម្ពុជាផងដែរ ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា លោកបានស្នើសុំឲ្យសហរដ្ឋអាមេរិកទទួលយកនិស្សិតខ្មែរទៅសិក្សាបន្តយកសញ្ញាបត្របណ្ឌិតចំនួន ៣នាក់ ប៉ុន្តែសហរដ្ឋអាមេរិកព្រមទទួលតែពីរនាក់ ប៉ុន្តែលោកសង្ឃឹមថា នៅឆ្នាំក្រោយសហរដ្ឋអាមេរិកនឹងព្រមបន្ថែមចំនួននិស្សិតដែលត្រូវទៅសិក្សានៅឯសហរដ្ឋអាមេរិក ។
សេចក្ដីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថាក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្ដល់ទឹកប្រាក់សម្រាប់កម្មវិធីអាហារូបករណ៍ Fulbright សម្រាប់ប្រទេសកម្ពុជាចំនួន ៥សែនដុល្លារក្នុងមួយឆ្នាំ ។ ចាប់តាំងពីឆ្នាំ១៩៩៤មក មាននិស្សិតខ្មែរចំនួន៩៤នាក់ហើយ ដែលបានទទួលអាហារូបករណ៍ Fulbright ទៅសិក្សានៅសហរដ្ឋអាមេរិកនេះ ៕