រដ្ឋាភិបាល និង​ភាគីពាក់ព័ន្ធ ចាប់​ផ្ដើម​កិច្ច​ប្រជុំ​ដំឡើង​ប្រាក់​ឈ្នួល​វិស័យ​កាត់ដេរ សម្រាប់​ឆ្នាំ​២០២១

0:00 / 0:00

រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ ចាប់​ផ្ដើម​កិច្ច​ប្រជុំ​ អំពីការ​​ដំឡើង​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ ឲ្យ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ និង​វាយនភណ្ឌ សម្រាប់​ឆ្នាំ​២០២១។ កម្មករ​ រំពឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ឈ្នួល ​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ដោយសារ​ កម្មករ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ បណ្ដាល​​មក​ពី​ជំងឺ​កូវីដ​១៩ (Covid-19) និង​ខ្វះ​លទ្ធភាព​សង​បំណុល​ធនាគារ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​ត្រីភាគី រវាង​​សហជីព​ សមាគម​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល ដែល​មាន​គ្នា​ជាង​សែសិប (៤០)នាក់នោះ​ មិន​ទាន់​បាន​លើក​ឡើង​ពី​តួលេខ​ សម្រាប់​ការ​ដំឡើង​ប្រាក់​ឈ្នួល នៅ​ឡើយ​ទេ ដោយ​រង់​ចាំ​ការ​ពិភាក្សា​គ្នា​ជា​ក្រុម​នៅ​ថ្ងៃទី០៧ កញ្ញា ខាង​មុខ​សិន​។​​​

លោក អាត់ ធន់ បន្ត​ថា បើ​ទោះ​ជា ការ​ចំណេញ​ក្នុង​វិស័យ​កាត់ដេរ និង​វាយនភណ្ឌ នៅ​រយៈពេល​​៣ឆ្នាំ​ចុង​ក្រោយ ​ធ្លាក់​ពី​៣៣​ភាគរយ​ មក​២៩​ភាគរយ ពិត​មែន ប៉ុន្តែ​​​ទំហំ​ទឹក​ប្រាក់​​ចំណេញ​ នៅ​តែ​​ច្រើន​ គឺ ទឹកប្រាក់​ចំណេញ​ក្នុង​វិស័យ​នេះ មាន​​ជាង​៦ពាន់​លាន​ដុល្លារ។ បន្ទាប់​ពី​កាត់​ពន្ធ និង​ថ្លៃដើម​រួច ភាពចំណេញ​ ក្នុង​វិស័យ​នេះ​ ​នៅ​​ប្រមាណ​៣ភាគរយ។ ដូច្នេះ​ លោក យល់​ថា បើទោះជា ការនាំចេញ​មាន​ការធ្លាក់​ចុះ​ខ្លះ ​តែ​​មិន​ច្រើន​ទេ ​ហើយ​ផលប៉ះពាល់​សម្រាប់​ថៅកែ មាន​តិច​តួច​ប៉ុណ្ណោះ មិន​​ធ្ងន់ធ្ងរ ដូច​កម្មករ​រង​គ្រោះ​ពី​វិបត្តិ​​នេះ​ទេ។

​លោក អាត់ ធន់ គ្រោង​ស្នើ​​សុំ​ ឲ្យ​ដំឡើង​ប្រាក់ឈ្នួល​ ចំនួន ១១,៥៩​ដុល្លារ ដើម្បី​ឱ្យ​​ប្រាក់ឈ្នួល​កម្មករ​ឡើង​​ដល់​រង្វង់ ជាង​២០០​ដុល្លារ ទើប​កម្មករ​មិន​​​​​ប្រឈម​ផល​លំបាក​​ធ្ងន់ធ្ងរ៖ « ខ្ញុំ​គិត​ថា យោង​តាម​ការ​យើង​ជជែក​គ្នា ហើយ​យោង​តាម​តម្រូវ​ការ​ហ្នឹង គឺ​វា​អាច​ប្រាក់​ឈ្នួល​អប្បបរមា យើង​មិន​និយាយ​ថា រស់​នៅ​សមរម្យ​ទេ យើង​និយាយ​ថា វា​អាច​ទៅ​រួច វា​ប្រហែល​ជា​២០០​ដុល្លារ​ជាង អ្វី​ហ្នឹង »

អាស៊ីសេរី មិន​អាច​​សុំ​ការ​​​បញ្ជាក់​រឿងនេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ និង​អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ បាន​ទេ នៅ​ថ្ងៃ​ទី​០៣ កញ្ញា ដោយសារ​ទូរស័ព្ទ​គ្មាន​អ្នក​ទទួល។

តែ​យ៉ាង​ណា ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​​ចេញ​សេចក្ដី​ថ្លែងការណ៍​ ថា មន្ត្រី​ក្រសួង​ការងារ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ស្ថិតិ​សំខាន់ៗ សម្រាប់​ភាគី​ពាក់ព័ន្ធ​ធ្វើ​ជា​មូលដ្ឋាន​កំណត់​លក្ខណៈ​វិនិច្ឆ័យ​​ប្រាក់ឈ្នួល និង​បាន​ស្ដាប់​ពី​ជំហរ​ភាគី​នីមួយៗ។ ក្រុម​ប្រឹក្សា​នេះ​​ នឹង​បន្ត​កិច្ច​ពិភាក្សា​នេះ នៅ​ថ្ងៃ​ទី​០៩ កញ្ញា ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី​១០ កញ្ញា ខាង​មុខ។

លោក អាត់ ធន់ ប្រាប់ថា ក្រោយ​​ពេល​​ស្ដាប់​ការ​លើក​ឡើង​របស់​តំណាង​សហជីព​​ ​រដ្ឋមន្ត្រី​ការងារ លោក អ៊ិត សំហេង មិន​មាន​ប្រតិកម្ម​បែប​ណា​ទេ។ លោក​ថា ខាង​​តំណាង​ភាគី​និយោជក​វិញ បាន​លើក​ឡើង​ផ្ដោតលើ​បញ្ហា​៣ គឺ វិបត្តិ​សេដ្ឋកិច្ច​​ជា​សកល​ដែល​​ធនាគារ​ពិភព​លោក ព្យាករណ៍​ថា ​ឆ្នាំ​២០២៣ ទើប​អាច​​ស្ដារ​សេដ្ឋកិច្ច​បណ្ដាល​ពី​ជំងឺ​កូវីដ-១៩​បាន​ ហើយ​ជំងឺ​នេះ ​មិន​ទាន់​ចប់​ ជា​មូលហេតុ​ឲ្យ​មាន​ការ​លំបាក​សម្រាប់​ការ​ដំឡើង​ប្រាក់​ឈ្នួល​។ ភាគី​ថៅកែ ក៏​​ស្នើ​សុំ​​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​លទ្ធភាព​របស់​ពួក​គេ​ផងដែរ ចំពោះ​​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឆ្នាំ​២០២១​នោះ។

កម្មការិនី​ម្នាក់ ធ្វើការ​នៅ​រោងចក្រ​ប័ររី (Berry Apparel (Cambodia) Co.ltd) នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ លោកស្រី ឡេង សីហា ស្នើសុំ​ឲ្យ​ក្រសួង​ពិនិត្យ​មើល​ផល​លំបាក​របស់​កម្មករ​ជាក់ស្ដែង។ លោកស្រី ថា ការ​ដំឡើង​ប្រាក់ឈ្នួល​ នា​ពេល​កន្លង​មក មាន​ចំនួន​តិចតួច​ពេក ដែល​ធ្វើ​ឲ្យ​កម្មករ នៅ​តែ​ប្រឈម​ និង​មិន​អាច​រស់​នៅ​ក្នុង​ជីវភាព​សមរម្យ​បាន ​ស្រប​ពេល​ដែល​កម្មករ​ជួប​ផល​លំបាក​ខ្លាំង ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩។ កម្មការិនី​រូប​នេះ ចង់​ឲ្យ​រដ្ឋាភិបាល ដំឡើង​ប្រាក់ឈ្នួល ​យ៉ាង​តិច ១២​ដុល្លារ គឺ​ដំឡើង​ឲ្យ​ដល់​ជាង​២០០​ដុល្លារ ក្នុង​មួយ​ខែ ទើប​​អាច​ទ្រទ្រង់​ជីវភាព​បាន៖ « ប្រាក់ឈ្នួល ដែល​ការ​ប្រជុំ​ហ្នឹង ដំឡើង​សុំ​១២​ដុល្លារ​ ហ្នឹង​ហើយ។ ខ្ញុំ​ក៏​ឯកភាព​ប៉ិន​ហ្នឹង​ដែរ បើ​រដ្ឋាភិបាល​ដំឡើង​បាន​ជួយ​ដំឡើង​ទៅ។ ពួក​ខ្ញុំ​សុទ្ធ​តែ​ជាប់​ធនាគារ​ណា​បង បើ​គាត់​បាន​ឡើង​ប្រាក់​ខែ​ឲ្យ​ប៉ិន​ហ្នឹង​ទៀត ក៏​អរ​ដែរ »

ប្រាក់ឈ្នួល​​គោល​របស់​កម្មករ​​ សម្រាប់​ពេល​បច្ចុប្បន្ន (ឆ្នាំ២០២០) គឺ ១៨៧ដុល្លារ ចំណែក ​៣ដុល្លារ​ផ្សេង​ទៀត ជា​ប្រាក់​ឧបត្ថម្ភ​​​របស់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។