តើ​ការ​ពន្លឿន​ការ​កក​ស្ទះ​សំណុំរឿង​យ៉ាង​ប្រញាប់​ ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ ​ដែរ​ឬទេ​?

0:00 / 0:00

អ្នកច្បាប់​ ​និង​មន្រ្តី​អង្គការសង្គម​ស៊ីវិល​ ​នាំគ្នា​មន្ទិល​អំពី​លទ្ធផល​នៃ​យុទ្ធនាការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំរឿង​ ​នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត​​ដែល​ត្រឹមតែ​ ​១០០​ ​ថ្ងៃ​សោះ​ ​ក្រសួងយុត្តិធម៌​ ​អះអាង​ថា​សំណុំរឿង​ព្រហ្មទណ្ឌ​ជាង​ ​៨​ពាន់​ករណី​ (៨,១១៣​) ​ត្រូវ​បាន​ជំនុំ​ជម្រះ​រួចរាល់​។

តើ​ការ​ពន្លឿន​ការ​កក​ស្ទះ​សំណុំរឿង​យ៉ាង​ប្រញាប់ប្រញាល់​បែប​នេះ​ ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ ​ដែរ​ឬទេ​?

បើ​គណនា​តាម​តួលេខ​របស់​​​ក្រសួងយុត្តិធម៌​ ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​កក​ស្ទះ​ ​មិនទាន់​បាន​ជំនុំ​ជម្រះ​ ​មាន​ជិត​ ​១​ម៉ឺន​​៣​ពាន់​សំណុំរឿង​ (​១២,៨៧៧) ​គិត​ត្រឹម​មុន​ថ្ងៃ​ទី​ ​១៨​ ​ខែ​ ​ឧសភា​ ​ឆ្នាំ​ ​២០២០​ ​ពោល​គឺ​មួយថ្ងៃ​មុន​ ​យុទ្ធនាការ​ដើម្បី​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំរឿង​ ​នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត​ ​ចាប់ផ្តើម​។​ ​សំណុំរឿង​ទាំងនេះ​ ​បាន​កក​ស្ទះ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​។

ប៉ុន្តែ​ ​ត្រឹមតែ​ ​១​០​០​ ​ថ្ងៃ​សោះ​ ​ពោល​គឺ​គិត​ត្រឹម​ថ្ងៃ​ទី​ ​២​៨​ ​ខែ​ ​សីហា​ ​កន្លងទៅ​នេះ​ ​ស្រាប់តែ​សំណុំរឿង​កក​ស្ទះ​នេះ​ ​៦​៣​%​ឬ​ស្មើនឹង​ជាង​ ​៨​ពាន់​សំណុំរឿង​ (​៨,១១៣​) ​ត្រូវ​បាន​ជំនុំ​ជម្រះ​រួច​។​

​អ្នកច្បាប់​ ​ចាប់ផ្តើម​ងឿងឆ្ងល់​នឹង​ការ​កាត់ក្ដី​យ៉ាង​ឆាប់រហ័ស​បែប​នេះ​។​ ​ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នកច្បាប់​អមរិន្ទ​លោក​ ​សុក​ ​សំអឿន​ ​ថា​លោក​ឆ្ងល់​ដែរ​ ​ចុះ​សំណុំរឿង​កក​ស្ទះ​រាប់​ឆ្នាំទៅ​ហើយ​ទាំងនេះ​ ​ម្តេច​ទើប​ពេលនេះ​ ​អាច​ជំនុំ​ជម្រះ​បាន​លឿន​ខ្លាំង​ម្ល៉េះ? ​ម្យ៉ាងទៀត​លោក​ ​ដូចជា​មិន​សង្កេតឃើញ​ ​មាន​ថែម​កម្លាំង​និង​ធនធានមនុស្ស​នៅ​តុលាការ​ ​ឲ្យ​ច្រើនលើស​ពី​បី​ខែមុន​នោះ​ផង​ <<​ដល់តែ​អ៊‍ីចឹង​វា​ទៅជា​បង្ហាញ​បែប​នេះ​ទៅវិញ​ទេ​ ​បង្ហាញ​ទាល់តែ​គេ​អុជ​ចន្លុះ​ ​បាន​ប្រឹង​! ​តាមពិត​អត់មាន​បន្ថែម​កម្លាំង​អ្វី​ផង​ហ្នឹង​។​ ​តែ​ម្យ៉ាង​ដែរ​ ​យើង​ឃើញ​តុលាការ​ក្រុង​ ​គេ​បន្ថែម​បន្ទប់​សវនាការ​។​ ​ការ​បន្ថែម​បន្ទប់​សវនាការ​ហ្នឹង​ ​ក៏​ជា​កត្តា​ឲ្យ​លឿន​ដែរ​។​ ​ដូច្នេះ​ ​វា​អាចម​ក​ពី​បន្ទប់​សវនាការ​ថែម​ ​ឬក៏​អាចម​ក​ពី​គាត់​ខំប្រឹង​ខុស​ពី​ធម្មតា​។​ ​បើសិនជា​មកពី​បន្ទប់​សវនាការ​ ​នោះ​មិនមែន​មកពី​ពួកគាត់​ទេ​>>​។​

ម​ន្រ្តី​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​ក៏​ភ្ញាក់ផ្អើល​ ​និង​សង្ស័យ​ពី​តម្លា​ភាព​ ​ភាព​ត្រឹមត្រូវ​ ​និង​ភាព​គ្មាន​អំពើពុករលួយ​ ​ក្នុង​ការ​ដោះស្រាយ​សំណុំរឿង​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ​ក្នុងរយៈពេល​ដ៏​ខ្លី​នេះ​ដែរ​។​ ​ម​ន្រ្តី​ជាន់ខ្ពស់​នៃ​អង្គការ​ ​អា​ដ​ហុ​ក​ ​លោក​ ​ស៊ឹង​ ​សែន​ករុណា​ ​ថា​រាប់​ឆ្នាំ​ធ្វើ​មិនបាន​ ​មក​ធ្វើ​បាន​ប៉ុន្មាន​ថ្ងៃ​ ​មាន​តម្លា​ភាព​ប៉ុនណា​? ​ជឿជាក់​យ៉ាងម៉េច​? << ​នេះ​ហើយដែល​ជា​ច​ម្ងល់​របស់​សាធារណជន​គេ​ឆ្ងល់​ថា​ ​ពន្លឿន​អ៊‍ីចឹ​ង​ ​ចេះតែ​ធ្វើ​ទៅ​ ​យើង​កែ​ទម្រង់​។​ ​តែ​កំណែ​ទម្រង់​ហ្នឹង​ ​គេ​ជឿជាក់​ម៉េច​? ​គេ​អាច​ទទួលយក​បាន​ប៉ុនណា​? ​ក​ម្រិ​ត​ប៉ុនណា​? ​ទទួលស្គាល់​ការ​ពន្លឿន​នីតិវិធី​ហ្នឹង​ ​ជា​រឿង​ល្អ​ហើយ​ ​ព្រោះ​កន្លងមក​ជា​កាតព្វកិច្ច​របស់​ខាង​ស្ថាប័ន​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ទាំង​អស់ហ្នឹង​ ​តែ​ធ្វើ​អត់​បាន​។​ ​ការ​ពន្លឿន​លឿន​ពេក​ ​មិនបាន​ធ្វើឲ្យ​បាន​ត្រឹមត្រូវ​ ​មិន​មានការ​ផ្តល់​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​ ​មិន​មានការ​ផ្ដល់​តម្លា​ភាព​ ​ដល់​សំណុំរឿង​ទាំង​អស់ហ្នឹង​ ​នោះ​មិនមែន​ជា​រឿង​ល្អ​ប្រសើរ​ទេ​>>​។​

​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​លោក​ ​ស៊ឹង​ ​សែន​ករុណា​ ​សង្កេតឃើញ​ថា​ ​តាំងពី​មាន​យុទ្ធនាការ​ដោះស្រាយ​ភាព​កក​ស្ទះ​សំណុំរឿង​នេះ​មក​ ​មេធាវី​នៅ​អង្គការ​របស់​លោក​​​មាន​ភាព​មមាញឹក​ជាង​មុន​ ​ដោយសារតែ​ត្រូវការ​ការពារ​កូនក្ដី​ ​ក្នុង​សំណុំរឿង​ដែល​កប់​ចោល​យូរឆ្នាំ​មក​ហើយ​នោះ​។​

​ក្រសួងយុត្តិធម៌​បាន​បង្កើត​ក្រុម​ការងារ​ចំនួន​ ​៤​ ​ឲ្យ​ទទួលខុសត្រូវ​លើ​តំបន់​បែងចែក​៤​ខុសៗគ្នា​នៅ​ទូទាំង​ប្រទេស​ ​ដើម្បី​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំរឿង​នេះ​។​ ​យុទ្ធនាការ​នេះ​ ​ចាប់ផ្តើម​កាលពី​ថ្ងៃចន្ទ​ ​ទី​ ​១​៨​ ​ខែ​ឧសភា​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួងយុត្តិធម៌​ ​កាលពី​ថ្ងៃ​ទី​ ​២​៨​ ​ខែ​ ​សីហា​ ​ថា​ក្រសួង​រំពឹង​ទុក​ថា​ ​សាលាដំបូង​រាជធានី​ខេត្ត​ ​នៅ​ទូទាំង​ប្រទេស​ ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំរឿង​ ​នៅ​តាម​អង្គភាព​ ​ឲ្យ​ចប់​សព្វគ្រប់​នៅ​ត្រឹម​ដាច់ឆ្នាំ​ ​២​០​២​០​ ​នេះ​។​ ​ក្រសួង​ក៏​រំពឹង​ទុក​ថា​ ​យុទ្ធនាការ​នេះ​ ​នឹង​ប្រព្រឹត្តទៅ​លឿន​ ​ត្រឹមត្រូវ​ ​យុត្តិធម៌​ ​និង​មិន​ពុករលួយ​។​

​ជុំវិញ​ការប្រព្រឹត្តិ​ទៅ​លឿន​ ​ត្រឹមត្រូវ​ ​យុត្តិធម៌​ ​និង​មិន​ពុករលួយ​នេះ​ ​អាស៊ី​សេរី​ ​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក​ ​ជិន​ ​ម៉ា​លីន​ ​ថា​តើ​មាន​ឧស​ថ​អ្វី​ ​ដែល​អាច​ព្យាបាល​ជំងឺ​ស្ពឹក​ស្រពន់​របស់​ម​ន្រ្តី​តុលាការ​កម្ពុជា​ ​ដែល​រាប់​ឆ្នាំ​ហើយ​ទុក​សំណុំរឿង​នេះ​ ​ឲ្យ​កក​ស្ទះ​យ៉ាង​ច្រើន​សន្ធឹក​បែប​នេះ​ ​ហើយ​បែរជា​អាច​ដោះស្រាយ​រួច​ត្រឹម​ ​១​០​០​ ​ថ្ងៃ​ដូច្នេះ​? ​ប៉ុន្តែ​ ​លោក​ ​ជិន​ ​ម៉ា​លីន​ ​មិន​ឆ្លើយ​សំណួរ​នេះ​ទេ​ ​ទោះបីជា​លោក​បានឃើញ​វា​ក្ដី​។​

​ទោះជាយ៉ាងណា​ ​ក្រសួងយុត្តិធម៌​ ​អះអាង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ថា​ ​ការណ៍​ដែល​អាច​ជម្រះ​ក្តី​លើ​សំណុំរឿង​ដ៏​ច្រើន​សន្ធឹក​ ​ក្នុងរយៈពេល​ដ៏​ខ្លី​ ​គឺ​មកពី​ការ​ខិតខំ​របស់​ក្រុម​ការងារ​ ​និង​ជាពិសេស​ការចូលរួម​យ៉ាងសកម្ម​ពី​ម​ន្រ្តី​តុលាការ​។​

​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​ម​ន្រ្តី​អង្គការសង្គម​ស៊ីវិល​មួយ​រូប​ទៀត​ ​ថា​ការ​គ្រាន់តែ​ពន្លឿន​ការ​កក​ស្ទះ​សំណុំរឿង​ ​វា​គ្រាន់តែ​ជា​ការ​ប្រែប្រួល​នៃ​នីតិវិធី​ ​ដែល​ជា​វិធានការ​រដ្ឋបាល​តែប៉ុណ្ណោះ​។​
​ប្រធាន​អង្គការ​ស​ម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ​លោក​ ​សន​ ​ជ័យ​ ​មានមន្ទិល​អំពី​ភាព​ឯករាជ្យ​ ​និង​យុត្តិធម៌​ ​ក្នុង​ការ​ជម្រះ​ក្ដី​ច្រើន​សំណុំរឿង​ ​និង​យ៉ាង​តក់ក្រហល់​បែប​នេះ​។​ ​លោក​ថា​ ​ប្រជាពលរដ្ឋ​ចង់បាន​ ​មិនមែន​ប៉ុណ្ណឹង​ទេ​ ​គឺ​ចង់បាន​យុត្តិធម៌​ក្នុង​ប្រព័ន្ធ​តុលាការ​ ​ដែល​តុលាការ​ត្រូវតែ​ឯករាជ្យ​ <<​ឯករាជ្យ​ ​មិនមែន​ធ្វើអ្វី​តាមចិត្ត​ទេ​ ​គឺ​ឯករាជ្យ​មួយ​ដែល​បម្រើ​ផលប្រយោជន៍​មនុស្ស​ទូទៅ​ ​និង​ឯករាជ្យ​ពី​នយោបាយ​។​ ​សម្រាប់​ខ្ញុំ​ ​ខ្ញុំ​យល់ថា​គ្មានអ្វី​ចម្លែក​ប៉ុន្មាន​ដែរ​ទេ​។​ ​ទោះបីជា​លឿន​ប៉ុនណា​ក៏ដោយ​ ​បើ​រាល់​ការ​សម្រេច​ក្ដី​ ​ផ្តល់​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​ ​ហើយ​ពលរដ្ឋ​នៅតែ​មិន​អាច​ទទួលយក​បាន​ ​នោះ​គឺជា​រឿង​ចម្បង​នៃ​បញ្ហា,វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​>>​។​

​លោក​ ​សន​ ​ជ័យ​ ​បន្ថែម​ថា​ ​និង​ប្រព័ន្ធ​យុត្តិធម៌​ដែល​ត្រឹមត្រូវ​ ​គឺ​ប្រព័ន្ធ​យុត្តិធម៌​ដែល​បម្រើ​សង្គម​ស្មើភាព​គ្នា​។​ ​ប៉ុន្តែ​ ​ភាព​ស្មើភាព​គ្នា​នៅចំពោះមុខ​ច្បាប់​នេះ​ ​ត្រូវ​បាន​លោក​បណ្ឌិត​ ​ឡៅ​ ​ម៉ុង​ហៃ​ ​អះអាង​ថា​ ​ពិបាក​នឹង​ធានា​បាន​ណាស់​ ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​បច្ចុប្បន្ននេះ​។​

​លោក​បណ្ឌិត​ ​ឡៅ​ ​ម៉ុង​ហៃ​ ​បាន​សរសេរ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ ​ដោយ​រម្លឹក​អំពី​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់​ ​និង​ចំពោះមុខ​តុលាការ​ ​និង​សិទ្ធិ​ទទួល​បានការ​ការពារ​ស្មើគ្នា​ពី​ច្បាប់​ ​និង​សិទ្ធិ​ទទួល​បានការ​ជំនុំ​ជម្រះ​ក្ដី​ដោយ​តុលាការ​ឯករាជ្យ​ ​និង​ឥត​លម្អៀង​របស់​ប្រជាពលរដ្ឋ​ ​ដូចដែល​មាន​ចែង​ក្នុង​មាត្រា​ ​៣​១​ ​នៃ​រដ្ឋធម្មនុញ្ញ​ ​និង​មាត្រា​ ​១​៤​ ​និង​ ​២​៦​ ​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស​ ​ដែល​សិទ្ធិ​ទាំងនេះ​ ​ពលរដ្ឋ​ខ្មែរ​មិន​អាច​ទទួល​បានទេ​ ​ដោយសារ​ម​ន្រ្តី​អនុវត្ត​ច្បាប់​ ​និង​ម​ន្រ្តី​តុលាការ​ជា​បក្ខជន​ ​ឬ​ធ្វើសកម្មភាព​នយោបាយ​ ​ឬ​មាន​និន្នាការនយោបាយ​។​

​កន្លងមក​សំណុំរឿង​នៅ​តុលាការ​ ​ក៏​កើន​ឡើង​ច្រើន​ដែរ​ ​ដោយសារ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​បញ្ជា​ឲ្យ​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ ​ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​សំណុំរឿង​ទាំងនេះ​ ​ត្រូវ​បាន​អ្នកឃ្លាំមើល​សង្គម​ ​ថា​មាន​ចរិត​នយោបាយ​ ​ធ្វើឡើង​ដើម្បី​ធ្វើទុក្ខបុកម្នេញ​ម​ន្រ្តី ​និង​សកម្មជន​បក្ស​ប្រឆាំង​។​

​ប្រព័ន្ធ​នីតិ​រដ្ឋ​នៅ​កម្ពុជា​ ​ត្រូវ​បាន​គម្រោង​យុត្តិធម៌​ពិភពលោក​ (​World​ ​Justice​ ​Project​) ​រក​ឃើញ​នៅ​ឆ្នាំ​ ​២​០​១​៩​ ​ថា​បាន​ចំណាត់ថ្នាក់​អន់​ជាងគេ​ស្ទើរ​ផុតលេខ​ ​ក្នុងចំណោម​ប្រទេស​ ​១២៦​ ​នៅ​លើ​ពិភពលោក​។​ ​ប្រទេស​កម្ពុជា​បាន​ចំណាត់ថ្នាក់​លេខ​ ​១២៥​ ​លើ​ ​១២៦​។​ ​លេខ​ ​១​ ​បានន័យ​ថា​ ​ប្រទេស​នោះ​មាន​នីតិ​រដ្ឋ​ល្អ​បំផុត​ ​ឯ​លេខ​ ​១២៦​ ​គឺ​អាក្រក់​បំផុត​។​

​របប​ក្រុងភ្នំពេញ​ ​រង​ការរិះគន់​ជុំ​ទិស​ ​ឲ្យ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ ​ដើម្បី​ពង្រឹង​នីតិ​រដ្ឋ​នៅ​កម្ពុជា​។​ ​អ្នកឃ្លាំមើល​សង្គម​ ​ថា​ការ​ពន្លឿន​ដំណោះស្រាយ​ ​ដើម្បី​កាត់បន្ថយ​ការ​កក​ស្ទះ​សំណុំរឿង​រឿង​នៅ​តុលាការ​ ​អាច​ជា​ការ​បង្ហាញ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ ​ក្នុង​ការ​ស្តារ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ដែរ​ ​ក្រោយ​ពី​មាន​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថ្មី​។​ ​ប៉ុន្តែ​ពួកគេ​ចង់​ឃើញ​តម្លា​ភាព​នៃ​យន្ត​ការ​ដោះស្រាយ​នេះ​ ​ហើយ​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ថា​ការ​កាត់បន្ថយ​សំណុំរឿង​កក​ស្ទះ​នេះ​ ​កើតមាន​ពិតប្រាកដ​ ​មិនមែន​កើតមាន​តែ​នៅ​លើ​តែ​ក្រដាស​នោះ​ទេ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។