ជនជាតិចិន ជាច្រើនរយនាក់បានសម្រុកចេញពីប្រទេសវៀតណាម មកកម្ពុជា តាមចក្រព្រំដែនអន្តរជាតិក្រុងបាវិត ខេត្តស្វាយរៀង ជាបន្តបន្ទាប់។ ជនជាតិចិន សម្រុកចូលមកប្រទេសកម្ពុជា នេះ ដោយសារពួកគេបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីមានផ្ទុះបាតុកម្មដុតរោងចក្រនៅប្រទេសវៀតណាម។
ក្រោយពីជនជាតិវៀតណាម ធ្វើកូដកម្មប្រឆាំងរដ្ឋាភិបាលចិន នៅក្នុងប្រទេសខ្លួនមក ជនជាតិចិន ទាំងអ្នកវិនិយោគ និងអ្នកទេសចរផង បានសម្រុកភៀសខ្លួនចូលមកប្រទេសកម្ពុជា ជាបន្តបន្ទាប់ តាមរូបភាពមកទេសចរណ៍ និងធ្វើការងារផ្សេងៗ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី១៥ ឧសភា ថា ជនជាតិចិន ដែលចូលមកប្រទេសកម្ពុជា ភាគច្រើនមកដោយស្របច្បាប់ជាបន្តបន្ទាប់ តាំងតែពីថ្ងៃទី១៣ ឧសភា កន្លងមក ហើយគិតមកទល់ពេលនេះ មានប្រមាណជាង ៦០០នាក់។ លោកបន្ថែមថា ជនជាតិចិន ដែលសម្រុកចូលមកប្រទេសកម្ពុជា នេះ ដើម្បីបញ្ចៀសបញ្ហាពីការធ្វើបាតុកម្មតវ៉ាតាមរោងចក្រចិន នៅប្រទេសវៀតណាម។
លោកថា ជនជាតិចិន ទាំងនោះចូលតាមច្រកទ្វារអន្តរជាតិបាវិត មកប្រទេសកម្ពុជា ក្នុងលក្ខណៈជាអ្នកទេសចរធម្មតា ហើយនឹងត្រឡប់ទៅវៀតណាម វិញនៅពេលដែលស្ថានភាពនៅប្រទេសវៀតណាម ស្ងប់ស្ងាត់ទៅវិញ៖ «អឺនែក! ពេលដែលគាត់អញ្ជើញមកធម្មតាដែងគាត់ចូលមកក្នុងនាមជាអ្នកទេសចរ ឬក៏អ្នកស្នាក់អាស្រ័យបណ្ដោះអាសន្នទេ មិនមែនអ្នកវិនិយោគទេ។ អ៊ីចឹងអ្វីដែលគាត់អាចរស់នៅបានធម្មតាតាមរយៈពេលការស្នាក់អាស្រ័យរបស់គាត់ ដែលនគរបាលតាមច្រកទ្វារបានផ្ដល់ឲ្យហ្នឹង។ ឧទាហរណ៍ថា មកប៉ុន្មានខែអ៊ីចឹងទៅណាស់! តាមដែលសិទ្ធិហ្នឹងទៅ ដូច្នេះគាត់ចប់គាត់អាចអញ្ជើញទៅវិញទៅ។ ជាណែនយោបាយការបរទេសកម្ពុជា ជាទូទៅមិនប៉ះពាល់ទាំងវៀតណាម មិនប៉ះពាល់ទាំងចិន គេអាចចេញចូលបានដោយសេរី»។
លោកបន្ថែមថា ជនជាតិចិន ចូលមកប្រទេសកម្ពុជា ដូចជាជនបរទេសដទៃដែលចូលមកទេសចរណ៍ទូទៅដែរ គឺពុំមានការយាមកាមការពារអ្វីពិសេសនោះទេ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា លោក ត្រឹង វាំងថុង (Trang Van Thang) មានប្រសាសន៍ថា ជនជាតិវៀតណាម ធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលចិន ដោយសារតែចិន ចូលឈ្លានពានចូលក្នុងដែនសមុទ្រភាគខាងត្បូង ដែលជាអធិបតេយ្យភាពរបស់ប្រទេសវៀតណាម ដោយខុសច្បាប់កាលពីថ្ងៃទី២ ឧសភា ឆ្នាំ២០១៤ គឺពុំមែនជាការតវ៉ាប្រឆាំងនឹងអ្នកវិនិយោគទុនរបស់ចិន នៅក្នុងប្រទេសវៀតណាម នោះឡើយ៖ «តំបន់សមុទ្រហ្នឹងប្រជុំកោះហ្នឹង គឺរបស់វៀតណាម បាទ! ដូច្នេះ ចិន យកនាវាចូលមកហ្នឹង នាវាខួងប្រេងរបស់ចិន ហើយនិងមាននាវាមួយចំនួនទៀតទៅការពារ ធ្វើរំលោភយ៉ាងធ្ងន់ធ្ងរក្នុងដែនសមុទ្ររបស់វៀតណាម។ ដូច្នេះ ប្រជាពលរដ្ឋវៀតណាម គេទៅធ្វើបាតុកម្មប្រឆាំងចិន រំលោភច្បាប់ហ្នឹង រំលោភដែនសមុទ្ររបស់វៀតណាម»។
លោកបន្ថែមថា ជនជាតិវៀតណាម ដែលស្រឡាញ់ជាតិទឹកដីរបស់ខ្លួន ចាប់ផ្ដើមធ្វើបាតុកម្មតាំងពីថ្ងៃទី១២ ឧសភា ជាបន្តបន្ទាប់ទូទាំងប្រទេស ដើម្បីឲ្យចិន ដកនាវាពីរបស់ខ្លួនចេញពីដែនសមុទ្រដែលកំពុងមានជម្លោះនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។