ក្រសួង​មហាផ្ទៃ​ចាប់​ផ្ដើម​ជំរឿន​ជនអន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា

0:00 / 0:00

ក្រសួង​មហាផ្ទៃ​ចាប់​ផ្ដើម​ធ្វើ​ជំរឿន​ជនអន្តោប្រវេសន៍​វៀតណាម ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​ថា ពួកគេ​រស់នៅ​ស្រប​ច្បាប់ និង​បង់ពន្ធ​ជូន​រដ្ឋ​តាម​ច្បាប់។ ជំរឿន​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ស្ថិតិ​ជនអន្តោប្រវេសន៍​វៀតណាម ពិត​ប្រាកដ​នៅ​កម្ពុជា។

ស្នងការ​ប៉ូលិស​ខេត្ត​ពោធិ៍សាត់ លោក សារុន ចន្ទី បញ្ជាក់​ថា នៅ​ថ្ងៃ​ពុធ ទី​២៧ សីហា ប៉ូលិស​ខេត្ត​នឹង​បើក​កិច្ចប្រជុំ​ដើម្បី​រៀបចំ​ផែន​ការ​ធ្វើ​ជំរឿន​ជនអន្តោប្រវេសន៍​វៀតណាម ក្រោយពី​មាន​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ រួច​មក។ លោក​បន្ថែម​ទៀត​ថា ជនអន្តោប្រវេសន៍​វៀតណាម ប្រមាណ ៦០០​គ្រួសារ មាន​ចំនួន​ប្រមាណ ១​ពាន់​នាក់ កំពុង​ស្នាក់នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់។

លោក សារុន ចន្ទី អះអាង​ថា ដំណើរការ​ជំរឿន​នេះ បន្ទាប់​ពី​នាយក​នៃ​អគ្គនាយកដ្ឋាន​ជនអន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក សុខ ផល កាល​ពី​ដើម​សប្តាហ៍​នេះ បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅលើ​បឹង​ទន្លេសាប​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់៖ «យើង​នឹង​ដំណើរការ​ធ្វើ​លើក​នេះ យើង​នឹង​ធ្វើ​ដើម្បី​ពិនិត្យ​ការ​ស្នាក់នៅ​របស់​គាត់ ការ​រស់នៅ​តើ​គាត់​មាន​ឯកសារ ឬ​នៅ​ស្រប​ច្បាប់​ឬ​នៅ?»

កាល​ពី​ខែ​កក្កដា និង​ដើម​ខែ​សីហា ក្រសួង​មហាផ្ទៃ បាន​ផ្តល់​ប័ណ្ណ​ទទួលស្គាល់​ជា​ជនអន្តោប្រវេសន៍​ទៅ​ឲ្យ​ជនអន្តោប្រវេសន៍​វៀតណាម ចំនួន​ជាង ៤០០​នាក់ ប៉ុន្តែ​អ្នក​ទាំង​នោះ​មិន​ទាន់​មាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់​ឡើយ លុះត្រាតែ​ពួកគេ​ទទួល​បាន​លិខិត​រស់​នៅ​ស្របច្បាប់​សម្រាប់​រយៈពេល ២​ឆ្នាំ និង​បង់​ពន្ធ ២៥​ម៉ឺន​រៀល​ជូន​រដ្ឋ។ អ្នក​ទាំង​នោះ ត្រូវ​ធ្វើ​ឯកសារ​ជា​ថ្មី​ក្នុង​រយៈពេល​ពីរ​ឆ្នាំ។ ទោះបីជា​យ៉ាង​ណា​ក៏ដោយ លោក សារុន ចន្ទី បញ្ជក់​ថា លោក​មិន​ទាន់​បាន​ដឹង​ថា ក្រសួង​មហាផ្ទៃ នឹង​ចាត់​វិធានការ​យ៉ាង​ណា​ចំពោះ​ជនអន្តោប្រវេសន៍​វៀតណាម ដែល​មិន​មាន​ឯកសារ​រស់​នៅ​ក្នុង​កម្ពុជា ស្រប​ច្បាប់​នៅ​ឡើយ​ទេ។

ប្រធាន​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច លោក អាង ចន្ទរិទ្ធ កាល​ពី​ថ្ងៃ​ទី​អង្គារ ទី​២៦ សីហា ស្វាគមន៍​ការ​ធ្វើ​ជំរឿន​ថ្មី​ទៅ​លើ​ជនអន្តោប្រវេសន៍​វៀតណាម ព្រោះ​ថា ជំរឿន​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​ផង និង​រដ្ឋាភិបាល​ផង៖ «មាន​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​ច្រើន ប្រសិនបើ​គាត់​ធ្វើ​ដោយ​ឯករាជ្យ ដោយ​ឈរ​លើ​តាមផ្លូវ​ច្បាប់ ហើយ​មាន​ការ​ចូលរួម​តាម​គ្រប់​ភាគី​ពាក់ព័ន្ធ មិន​ត្រូវ​ធ្វើ​តែ​ដោយ​រដ្ឋាភិបាល​ទេ គឺ​អត់​បង្ហាញ​ជំហរ​ឯករាជ្យ និង​ជឿ​ទុក​ចិត្ត​បាន​ទេ»

​របាយការណ៍​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច​ស្ដីពី​ជនអន្តោប្រវេសន៍​រស់​នៅ​លើ​ភូមិ​បណ្ដែត​ទឹក នៅ​លើ​បឹង​ទន្លេសាប នៅ​ខេត្ត​កំពង់ឆ្នាំង ផ្សាយ​កាល​ពី​ថ្ងៃ​មីនា ឆ្នាំ​២០១៤ រក​ឃើញ​ថា ជនអន្តោប្រវេសន៍​វៀតណាម កំពុង​ជួប​ផល​លំបាក​ទាំង​សេដ្ឋកិច្ច និង​រង​ការរំលោភ​សិទ្ធិ​មនុស្ស។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «មនុស្ស​តែលតោល​នៅ​លើ​ពិភពលោក (Limbo on Earth)» ដែល​បាន​សិក្សា​ទៅលើ​ជនអន្តោប្រវេសន៍​វៀតណាម ចំនួន​ប្រមាណ ៥​ពាន់​នាក់ រស់​នៅ​ក្នុង​ឃុំ​ផ្សារ​ឆ្នាំង នៅ​ខេត្ត​កំពង់ឆ្នាំង បង្ហាញ​ថា ជនអន្តោប្រវេសន៍​ទាំង​នោះ​បាន​បាត់បង់​សិទ្ធិ​ជា​ពលរដ្ឋ។

ជនអន្តោប្រវេសន៍​វៀតណាម ទាំង​នោះ ដែល​មួយ​ចំនួន​បាន​កើត និង​រស់នៅ​កម្ពុជា ចាត់​ទុក​ប្រទេស​កម្ពុជា ដូចជា​ប្រទេស​ដើម​កំណើត​របស់​ខ្លួន ប៉ុន្តែ​ពួកគេ​បាត់បង់​ទាំងស្រុង​នូវ​សិទ្ធិ​ទទួល​បាន​ការ​អប់រំ សេដ្ឋកិច្ច​សង្គម និង​នយោបាយ។

ទោះ​បី​ជា​យ៉ាង​ក៏ដោយ ស្នងការ​ប៉ូលិស​ខេត្ត​ពោធិ៍សាត់ លោក សារុន ចន្ទី បញ្ជាក់​ថា ជនអន្តោប្រវេសន៍​វៀតណាម ដែល​ប្រកប​មុខរបរ​នៅ​ខេត្ត អាច​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​ពលរក​ខ្មែរ។ លោក​ថា ជនអន្តោប្រវេសន៍​វៀតណាម ត្រូវ​មាន​កាតព្វកិច្ច​បង់​ពន្ធ​ជូន​រដ្ឋ ប្រសិនបើ​ពួកគេ​ស្នាក់នៅ​កម្ពុជា៖ «ធម្មតា​វា​ប៉ះពាល់​ហើយ ឧបរមា​ថា គាត់​មក​រស់នៅ​គាត់​ត្រូវ​រក​ស៊ី គាត់​ត្រូវ​អ្វី​ប៉ះពាល់​ដល់​ការ​រក​ស៊ី​របស់​អ្នក​ស្រុក និង​អ្នក​ភូមិ​យើង​ហើយ»

​លោក អាង ចន្ទរិទ្ធ អះអាង​ផ្ទុយ​ទៅ​នឹង​លោក សារុន ចន្ទី ដែល​បាន​លើក​ឡើង​ថា ជនជាតិ​វៀតណាម នៅ​ខេត្ត​ពោធិ៍សាត់ មាន​ចំនួន ១​ពាន់​នាក់។ លោក​ថា តាម​ការ​សិក្សា​របស់​អង្គការ​បញ្ជាក់​ជនជាតិ​វៀតណាម រស់​នៅ​ខេត្ត​ពោធិ៍សាត់ មាន​ច្រើន​ពាន់​នាក់។ បច្ចុប្បន្ន​នេះ​ជនជាតិ​វៀតណាម ជា​ច្រើន​បាន​ប្រមូលផ្តុំ​គ្នា​រស់​នៅ​តាម​ខេត្ត​រាជធានី​សំខាន់ៗ​ដូចជា​រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង សៀមរាប កំពង់ឆ្នាំង និង​ពោធិ៍សាត់។ ជនអន្តោប្រវេសន៍​វៀតណាម ទាំង​នោះ ភាគច្រើន​មិន​មាន​ឯកសារ​រស់​នៅ​ស្រប​ច្បាប់​ឡើយ។

​បច្ចុប្បន្ន​នេះ ជនអន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា ទាំង​ស្រប​និង​មិន​ស្របច្បាប់ នៅ​មិន​ទាន់​មាន​តួលេខ​ពិតប្រាកដ បញ្ជាក់​ពី​ចំនួន​នៃ​ជនអន្តោប្រវេសន៍​វៀតណាម​ឡើយ ក៏ប៉ុន្តែ​លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ថា តួលេខ​ជនអន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា មាន​ជាង ១០​ម៉ឺន​នាក់។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ បញ្ជាក់​ថា ប្រសិនបើ​លោក​ដឹក​នាំ​ប្រទេស លោក​នឹង​ផ្ដល់​សញ្ជាតិ​ឲ្យ​ជនអន្តោប្រវេសន៍​វៀតណាម ដើម​កំណើត​កម្ពុជា។ លោក សម រង្ស៊ី អះអាង​ថា ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​កម្ពុជា​បច្ចុប្បន្ន ប្រមាណ ៥​សែន​នាក់ ក្នុង​នោះ​មាន​ប្រមាណ​ជាង​ពាក់កណ្ដាល អាច​បំពេញ​បាន​លក្ខខណ្ឌ​ច្បាប់​ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។