របៀប​ចិញ្ចឹម​ឃ្មុំ​ក្នុង​កេះ ឬ​ប្រអប់ តាម​បែប​ធម្មជាតិ

0:00 / 0:00

មុខ​របរ​ចិញ្ចឹម​ឃ្មុំ ក្នុង​ប្រអប់ ឬ​កេះ តាម​បែប​ធម្មជាតិ​កំពុងតែ​ពេញ​និយម ក្រោយ​ពី​ការស្វែងរក​ឃ្មុំ​ព្រៃ ជា​លក្ខណៈ​ប្រពៃណី​នោះ​ស្ទើរតែ​បាត់បង់​ទៅ​ហើយ ដោយសារ​ព្រៃ​ផ្ទៃដី​ព្រៃឈើ​បាន​បាត់បង់​ជា​បន្តបន្ទាប់​។ ខេត្ត​ដែល​មាន​ការ​ចិញ្ចឹម​ឃ្មុំ ភាគច្រើន​មាននៅ​ខេត្ត​សៀមរាប កំពង់ចាម ខេត្ត​ត្បូងឃ្មុំ ប៉ៃលិន និង​ខេត្ត​បាត់ដំបង ជាដើម ដែល​ជា​តំបន់​សម្បូរណ៍​ចម្ការ​ផ្លែឈើ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​បាន​នាំ​គ្នា​បង្កើត​សហគមន៍​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​លក់​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព ដោយមាន​អង្គការ​អឹមជេភី (M.J.P) របស់​តារាភាពយន្ត​ហូលីវូដ (Hollywood) អ្នកស្រី អែនជេលីណា ជូលី Angelina Jolie ជា​អ្នក​ណែនាំ​ពួកគាត់​ឱ្យ​ចេះ​វិធី​ចិញ្ចឹម​ឃ្មុំ​ជា​លក្ខណៈ​គ្រួសារ​នេះ។

ការ​ចិញ្ចឹម​ឃ្មុំ ខុស​ពី​ការ​ចិញ្ចឹម​សត្វ​ផ្សេងៗ គឺ​ខុស​ទាំង​ការរៀបចំ​កន្លែង​ឱ្យ​វា​រស់នៅ ការ​ជ្រើស​ទីតាំង​ចិញ្ចឹម ហើយ​វា​មិន​ត្រូវការ​ចំណីអាហារ​ណា ក្រៅពី​ផ្កា ឬ​ផ្កាឈើ​ព្រៃ ផ្កា​ដំណាំ​ធម្មជាតិ​នោះ​ឡើយ​។

​អ្នកស្រុក​សំឡូត ខេត្ត​បាត់ដំបង​ឱ្យ​ដឹង​ថា ការ​រៀន​ចិញ្ចឹម​ឃ្មុំ​មិន​ចំណាយ​ពេល​យូរ​ឡើយ​។ ប៉ុន្តែ​ពួកគាត់​ត្រូវ​ឆ្លង​ការ​បណ្ដុះបណ្ដាល​ពី​របៀប​ចិញ្ចឹម​ឃ្មុំ​រយៈពេល​ប្រហែល​១​ខែ ក៏​អាច​ចាប់ផ្ដើម​ចិញ្ចឹម​ឃ្មុំ​សាកល្បង​បាន។ ចំណែក​ការ​ចិញ្ចឹម​សាកល្បង ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជិត ១​ឆ្នាំ ទើប​ពួកគាត់​អាច​ចាប់ផ្ដើម​ចិញ្ចឹម​ឃ្មុំ ជា​មុខរបរ​ចិញ្ចឹមជីវិត​បាន ដោយមាន​គ្រូ​បង្គោល​ម្នាក់​ពី​អង្គការ​អឹមជេភី​(M.J.P)​ជួយ​ផ្ដល់​គំនិត​ក្នុង​ចិញ្ចឹម។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​សំឡូត លោក ឌុក ម៉េង ថ្លែង​ថា សព្វថ្ងៃ​ពួកគាត់​ចិញ្ចឹម​ឃ្មុំ​សាកល្បង​បាន​ជាង ២០កេះ ដោយ​ក្នុង​មួយ​កេះ មាន​ពី​៨​ទៅ​១២​បង្គង។

លោក​បាន​បង្ហាញ​ពី​វិធី និង​បទពិសោធន៍​ខ្លះៗ​ជុំវិញ​របបរ​ចិញ្ចឹម​ឃ្មុំ​នេះ៖ «វិធីសាស្ត្រ​ធ្វើ​នៅ​ក្នុង​វា​មាន​មេ​មាន​ផ្លិត​ស្រេច​ហើយ​មាន​តុ​មួយ តុ​គ្រាន់តែ​កល់​ឱ្យ​ផុត​ពី​ដី​ដាក់​ជើង​វា​ដាក់​ពិនតូ​ធ្វើ​ជើង​ចាក់​ទឹក​កុំ​ឱ្យ​ស្រមោច​ឡើង ហើយ​ទុកចោល​ពី​បួន​ថ្ងៃ​ទៅ​មើល​ម្ដង។ បើ​វា​កើន​ផ្លិត​ច្រើន​យើង​ថែម​ផ្លិត​ឱ្យ​វា​ទៀត។ សំខាន់​យើង​ដាក់​ទឹក​ពីលើ​ហ្នឹង​មួយ​ហើយ​គ្រប់​វា​ទៅ​ឱ្យ​វា​ផឹក​វា​ចូល​ផឹកទឹក​ណាស់។ យើង​ត្រូវ​មើល​វារ​ហូត​ខ្លាច​វា​បង្កើត​ស្ដេច​ខ្លួន​វា​បាន ក្នុង​មួយ​ធុង​មាន​ស្ដេច​តែមួយ​ទេ បើ​មាន​ស្ដេច​ឃ្មុំ​ពីរ​វា​ហ្នឹង​ចេញពី​សំបុក​អស់ ស្ដេច​វា​មាន​តួនាទី​បង្កើត​កូន​នៅ​ក្នុង​នោះ ហើយ​កម្មករ​វា​មិនមែន​អ្នក​ពង​ទេ»។

លោក​បន្ត​ថា ទឹកឃ្មុំ​ដែល​ពួកគាត់​ផលិត​បានជា​ទឹកឃ្មុំ​សុទ្ធ​ល្អ​ដូច​ទឹកឃ្មុំ​ធម្មជាតិ​ដែរ និង​មាន​តម្រូវការ​ខ្ពស់​នៅ​លើ​ទីផ្សារ​។ លោក​ឱ្យ​ដឹង​ទៀត​ថា នៅ​រដូវប្រាំង​សំបូរ​ផ្កាឈើ ប្រមូល​ផល​ទឹកឃ្មុំ​ម្ដង​រយៈពេល​ពី ១៥​ថ្ងៃ ទៅ​១​ខែ។

គ្រូ​បង្គោល និង​ជា​បុគ្គលិក​អង្គការ​អឹមជេភី (M.J.P)​ម្នាក់ លោក កែវ សុធន់ ប្រាប់​អាស៊ីសេរី​ថា លោក​បង្រៀន​ពលរដ្ឋ​ទាំងនោះ​ជា​រៀងរាល់​ខែ ដើម្បី​ឱ្យ​ពួកគាត់​ចេះ​ចិញ្ចឹម​ឃ្មុំ​ផលិត​ទឹក​បាន​ច្រើន​។​

​លោក​ថា ការ​ចិញ្ចឹម​ឃ្មុំ មាន​ច្រើន​ដំណាក់កាល ប៉ុន្តែ​ជា​ដំបូង​កសិករ​ត្រូវ​ជ្រើ​រើស​ទី​តាំ​ដែល​ល្អ ដូចជា​កន្លែង​នោះ​សម្បូរណ៍​ព្រៃឈើ ផ្កា ឬ​ចម្ការ​ឈើ​ហូប​ផ្លែ​ជាដើម ហើយ​តំបន់​នោះ មិន​មាន​ការ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម ឬ​ការប្រើប្រាស់​សា​ធាតុគីមី​ផ្សេងៗ។

ការ​ជ្រើសរើស​ពូជ ក៏​ជា​កត្តា​សំខាន់​ដែរ។ លោក​ថា ពូជ​ឃ្មុំ​ដែល​ប្រជាពលរដ្ឋ​ស្រុក​សំឡូត​ជ្រើសរើស​យក​ទៅ​ចិញ្ចឹម​នោះ​នាំចូល​ពី​ក្រៅ​ប្រទេស គឺ​អាស៊ី និង អឺរ៉ុប ហើយ​យក​មក​បង្កាត់​ជាមួយ​ឃ្មុំ​ព្រៃ៖ «ពូជ​ឃ្មុំ​ដែល​ពួក​ខ្ញុំ​យក​មក​ចិញ្ចឹម​នេះ គឺ​មាន​ម៉ាលីហ្វរ៉ា និង​សេរ៉ាណា លក្ខណៈ​ពិសេស​របស់​វា ម៉ាលីហ្វរ៉ា ឃ្មុំ​អឺរ៉ុប​វិញ​វា​កម្រ​ចាកចោល​សម្បុក ដងខ្លួន​វា​ធំ​ជាងគេ ផលិត​ទឹកឃ្មុំ​បាន​ច្រើន ហើយ​បើ​ប្រភេទ​ឃ្មុំ​អាស៊ី​សេរ៉ាណា ខ្មែរ​យើង​ហៅ​ប្រួត​ដែល​វា​ចូលចិត្ត​នៅ​ក្នុង​រ៉ូងឈើ តាម​ផ្ទះ វា​សាំ​នឹង​អាកាសធាតុ​នៅ​អាស៊ី​ស្រាប់ បើ​យើង​យក​មក​បង្កាត់​ចូលគ្នា​ល្អ»។

លោក​បន្ត​ថា ការងារ​បន្ទាប់ គឺ​ការ​ធ្វើ​ប្រអប់ ឬ​កេះ​បង្គង​ឱ្យ​ស្នាក់នៅ ឬ​ហៅថា​ការសាងសង់​ទីជម្រក​ដើម្បី​ឱ្យ​ឃ្មុំ​ប្រមែ​ល​ប្រមូល​គ្នា​វា ដែល​នៅ​រាយប៉ាយ​តាម​កន្លែង​ផ្សេងៗ​ចូល​មក​ស្នាក់នៅ​បង្កើត​កូនចៅ​លើ​បង្គង​ដែល​កសិករ​រៀបចំ​ក្នុង​ប្រអប់​តាម​លក្ខណ​បច្ចេកទេស​ត្រឹមត្រូវ​។​

​លក្ខណ​បច្ចេកទេស​នៃ​ការ​ធ្វើ​កេះ ឬ​ធុង​ចិញ្ចឹម​នោះ​បច្ចុប្បន្ន​កសិករ អាច​សិក្សា​ធ្វើ​ដោយ​ខ្លួនឯង​បាន​ដោយ​មិន​ចំ​បាច់​ទិញ​ពី​បរទេស​ដូច​ពេល​មុនៗ​នោះ​ឡើយ​។​

​លោក កែវ សុធន់ ឱ្យ​ដឹង​ថា កសិករ​អាច​យក​ឈើ​បន្ទះ​ក្តារ​ស្ដើង​ល្មម​ផ្សំ​គ្នា​ធ្វើ​បាន ដោយ​ធុង​ឃ្មុំ​នីមួយៗ​មាន​ទំហំ​កម្ពស់ ៤​តឹក និង​បណ្ដោយ ៥ ទៅ ៦​តឹក៖ «ហើយ​យើង​ធ្វើ​ហ្នឹង​គឺ​មាន​ផ្លូវ​ឃ្មុំ​ចេញចូល មាន​ពីរ​ទន្ទឹមគ្នា ប្រហោង​ហ្នឹង​តូច​ទេ កម្ពស់​វា​ប្រហែល​២​ទៅ​៣​សង់ទីម៉ែត្រ ទំហំ កន្លះ​ទៅ​១​តឹក ផ្នែក​ខាងក្រោយ​យើង​ចុះ​ប្រហោង​ត្រឹមតែ​១​តឹក​បួន​ជ្រុង ប៉ុន្តែ​គេ​ប្រើ​លួស​សំណាញ់​អាច​បិទ​បើក​បាន នៅ​ពេល​វា​ក្តៅ​យើង​បើក​ប្រហោង​ខាងក្រោយ​នោះ​ខ្យល់​ចូល​។ មានន័យថា​ខាងក្រោយ​នោះ​ឃ្មុំ​អត់​ចេញចូល​បានទេ វា​ចេញចូល​តែ​ខាងមុខ​ទេ​…​យើង​ធ្វើ​គម្រប​បិទ​ពីលើ ដោយ​ធ្វើ​ឱ្យ​វា​ធំ​ខ្ពស់ជាង​គែម​មាត់​ធុង​បន្តិច​ដើម្បី​ងាយ​ដាក់​បង្គង​កុំ​ឱ្យ​វា​ទើស ចំពោះ​គម្រប​នោះ គេ​អាច​ប្រើ​ប្លាស្ទិក​គ្រប​ពី​លើ ឬ​ស័ង្កសី ដើម្បី​កុំ​ឱ្យ​ត្រូវ​ភ្លៀង ឬ​សំណើម​ធ្វើ​ឱ្យ​ឆាប់​ពុក​ធុង»។

ចំណែក​បង្គង​វិញ ក៏​ធ្វើ​ពី​ឈើ​ដែរ ដោយ​កំណត់​ទំហំ​មាន​បណ្ដោយ​ស្រប​នឹង​ប្រវែង​ធុង​ដែល​អាច​ដាក់​ចុះ​បាន នឹង​មាន​កម្ពស់​២​តឹក​កន្លះ ឬ​៣​តឹក។

តែ​ទោះ​យ៉ាងណា មុខរបរ​នេះ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ខ្លះ​ដូចជា​ឧបករណ៍​ខ្លះ​ត្រូវ​ទិញ​នាំចូល​ពី​បរទេស ដូច​ធុង​ផលិត​ចម្រាញ់​យក​ទឹកឃ្មុំ និង​ផ្លិត​ឃ្មុំ​សិប្បនិម្មិត​ជាដើម ដែល​មិនទាន់​អាច​ផលិត​បាន​ក្នុង​ស្រុក​នៅ​ឡើយ។

ឯកសារ​ស្ដីពី​បច្ចេកទេស​ចិញ្ចឹម​ឃ្មុំ នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ ណាស្តូ (NASTO) បាន​បង្ហាញ​ថា ទីតាំង​ចិញ្ចឹម​ឃ្មុំ​ដែល​ល្អ គឺ​ត្រូវ​មាន​ប្រភព​ផ្កា​៣​ដង​ក្នុង​មួយ​ឆ្នាំ មាន​ប្រភព​ទឹក ឬ​មាន​សំណើម​គ្រប់គ្រាន់ មាន​ម្លប់ តែ​ក៏​ត្រូវ​មាន​ពន្លឺ​ចេញចូល​គ្រប់គ្រាន់​ដែរ។

ទីតាំង​ការ​ដាក់​កេះ ឬ​ធុង​ចិញ្ចឹម​ឃ្មុំ​នោះ ត្រូវ​ដាក់​នៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​ដែល​មនុស្ស​អ៊ូអរ​ច្រើន ឬ​ក្បែរ​ផ្លូវ​ធ្វើដំណើរ​ទៅមក និង​មិន​ត្រូវ​ដាក់​ឱ្យ​កៀក​គ្នា​ពេក​ទេ ហើយ​ជៀសវាង​ដាក់​ធុង​នោះ​ទល់មុខ​គ្នា​។​

​លោក​បន្ត​ថា ទឹកឃ្មុំ​ដែល​ប្រជាពលរដ្ឋ​ផលិត​បាន​នោះ​លក់​បាន​ក្នុង​តម្លៃ​បោះ​ដុំ​៧​ម៉ឺន​រៀល​(៧០,០០០) ឬ​៨​ម៉ឺន​រៀល ស្មើ​២០​ដុល្លារ ក្នុង​មួយ​លីត្រ។

កសិករ​ឱ្យ​ដឹង​ដែរ​ថា រដូវ​សំបូរ​ផ្កាឈើ ប្រសិនបើ​ឃ្មុំ​កើត​ល្អ​នៅ​ក្នុង​រដូវប្រាំង គឺ​ចិញ្ចឹម​ឃ្មុំ​មួយ​កេះ ប្រមូល​ផល​ម្ដង​បាន​ទឹកឃ្មុំ​ពី ៣​ទៅ ៥​លីត្រ។

ឯកសារ​ស្ដីពី​បច្ចេកទេស​ចិញ្ចឹម​ឃ្មុំ នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ ណាស្តូ (NASTO) បាន​បង្ហាញ​ថា ទឹកឃ្មុំ បាន​ផ្ដល់​នូវ​ផល​ប្រយោជន៍​ច្រើន ដូចជា​ផ្ដល់ វីតាមីន ថាមពល ធ្វើ​ឱសថ​ព្យាបាល​ជំងឺ ជំនួយ​សារពាង្គកាយ​មនុស្ស និង​ប្រើប្រាស់​ជា​គ្រឿងផ្សំ​ធ្វើ​បង្អែម ម្ហូប​អាហារ​ផ្សេង​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។