លោក ឌឹម សារឿន សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង មកពីគណបក្សសមរង្ស៊ីបានថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែធ្នូ ថា អ្នកភូមិទាំងបីនាក់នោះ ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ ដោយចោទប្រកាន់ពីបទរារាំងកងកម្លាំងមានសមត្ថកិច្ច ដែលចុះទៅចាប់ផ្សឹកព្រះសង្ឃមួយអង្គនៅវត្តបាយដំរាំ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋឈ្មោះ សង ង៉ុក រស់នៅភូមិបាយដំរាំ ឃុំឈើទាល បានឲ្យដឹងថា អ្នកភូមិទាំងបីនាក់នោះ មានឈ្មោះ សង ឃឿត ភេទប្រុស អាយុ៦៥ឆ្នាំ ឈ្មោះ សង សែ ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាកូនរបស់ សង ឃឿត រស់នៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និងឈ្មោះ សួរ រស់ នៅភូមិតាសួង ឃុំបាយដំរាំដូចគ្នា។ អ្នកទាំងបីនាក់ ត្រូវបានកងកម្លាំងមានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១ ដោយសារតែបានធ្វើសកម្មភាពរារាំងមិនឲ្យអាជ្ញាធរចាប់ផ្សឹកព្រះសង្ឃមួយអង្គព្រះនាម គឿន រ៉ាវី នៅក្នុងវត្តបាយដំរាំ ៖ «គេចាប់គាត់អំពីការ ប៉ាខ្ញុំ និង បងខ្ញុំ និងការពារលោក មិនឲ្យខាងសមត្ថកិច្ច ចាប់ និយាយឲ្យចំទៅ លោក ស្មោះត្រង់ញោមៗជួយការពារ សមត្ថកិច្ចបានប្រើដំបងឆក់វ៉ៃដាក់ខ្នោះឲ្យសន្លប់»។
ព្រះអង្គ គឿន រ៉ាវី ដែលកម្លាំងអាជ្ញាធរចាប់និមន្តចេញពីវត្តបាយដំរាំយកទៅដាក់នៅវត្តពោធិវាល ត្រូវបានសាលាគណខេត្ត ចាប់បង្ខំឲ្យព្រះអង្គសឹកហើយ កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១៕