លោក យី សារឿន អាយុ ៥០ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោកបំរើទ័ពតាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០០៦ ត្រូវអង្គភាពកាត់រំសាយដោយសាររូបលោកមានជំងឺងងឹតភ្នែក។
លោកបានថ្លែងនៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ថា តំាងពីការកាត់រំសាយមកលោកពុំដែលបានទទួលប្រាក់សោធននិវត្តន៍ទេ។ លោកបានខ្ចីលុយពីនាយទាហានឈ្មោះ ឌឹម ផាឌឹប ចំនួន ៩៥ម៉ឺនរៀល និង ២០ម៉ឺនរៀល ហើយសុខចិត្តឲ្យលោក ឌឹម ផាឌឹប កាត់យកប្រាក់ខែរបស់ខ្លួន។ ប្រាក់ខែរបស់លោកក្នុងមួយខែទទួលបានជាង ១០ម៉ឺនរៀល ដែលក្នុងមួយឆ្នាំបានជាង ១លានរៀល។
លោកបន្តថា លុះឆ្នាំ២០០៩ លោក ឌឹម ផាឌឹប បានសុំយកកាតទាហានរបស់លោកទៅរក្សាទុក។ លុះដល់ខែតុលា ឆ្នាំ២០១០ លោក ឌឹម ផាឌឹប មិនបានប្រាប់ឲ្យដឹងពីការកាត់ឈ្មោះលោកចេញពីអង្គភាពទ័ពដាក់ចូលទៅមន្ទីរសង្គមកិច្ចទេ។ ឈ្មោះរបស់លោកនៅសង្គមកិច្ចត្រូវបានគេយករូបថតមនុស្សផ្សេងទៅបិទលើបើកលុយជំនួសរូបលោក។
លោក យី សារឿន រៀបរាប់បន្ថែម៖ «ឈ្មោះខ្ញុំនៅដដែល តែយកអ្នកផ្សេងទៅបើកលុយ។ ខ្ញុំថា ឲ្យគាត់ស៊ីប្រាក់ខែទេ ដល់ពេលប្រាក់ឧបត្ថម្ភពីក្រសួងការពារជាតិក៏ខ្ញុំអត់ឲ្យដែរ ឲ្យតែប្រាក់ខែ ហើយគាត់យកលុយហ្នឹងទាំងអស់ហើយមិនបានប្រាប់មកយើងថា ពេលកាត់បងឯងឡើងទទួលលុយ ពិបាកពេកចែកគ្នាពាក់កណ្តាលបាន ១លាន ចែកគ្នា ៥០ម៉ឺន ដល់ពេលបានកាត់ គេបើកយកតែឯង ហើយយើងអត់ដឹងថា កាត់ ឬមិនកាត់ អ្នកប្រចាំបុងប័ណ្ណជាប់យ៉ាងតិចក៏ ៣០នាក់ដែរ»។
អតីតយោធិនពិការម្នាក់ទៀត ឈ្មោះ សេង ឆេង អាយុ ៤៩ឆ្នាំ រស់នៅភូមិរំចេក៣ ឃុំរតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោកបានបំរើទ័ពតាំងពីឆ្នាំ១៩៧៩ នៅកងពលលេខ៥៣ ក្នុងខេត្តបាត់ដំបង។ នៅអំឡុងឆ្នាំ១៩៩៦ លោកបានរបួសជើងនៅពេលច្បាំងគ្នាជាមួយកងទ័ពខ្មែរក្រហម ហើយត្រូវបានអង្គភាពកាត់ចេញពីកងពលលេខ៥៣ មកនៅអង្គភាពយោធាខេត្តបាត់ដំបង។
លោកបានឲ្យដឹងទៀតថា ដោយសារខ្លួនពិការគ្មានមុខរបរ និងជីវភាពក្រីក្រលំបាកផងនោះ កាលពីឆ្នាំ២០០៦ លោកក៏បានលក់ប័ណ្ណបើកប្រាក់ខែឲ្យលោកសក្តិបី ឌឹម ផាឌឹប ក្នុងតំលៃ ៨០ម៉ឺនរៀលសម្រាប់រយៈពេលពីរឆ្នាំ។ លុះបានគ្រប់ពីរឆ្នាំ លោកបានទៅសុំឲ្យបុងបើកប្រាក់ខែនោះមកវិញ។
លោកបញ្ជាក់ដូច្នេះថា៖ «លោកយូរឆ្នាំហើយខ្ញុំល្មមយកបុងហ្នឹងមកវិញ ល្មមគ្រប់គ្រាន់ហើយ។ ទេរឿងបុងអ្ហែង អាញ់យកដាច់ហើយ ឥឡូវរាជរដ្ឋាភិបាលសុំយកបុងហ្នឹងដាច់មិនបាច់មកតវ៉ាទេ បើតវ៉ាទៀតប្រយ័ត្នខ្នោះ។ តួនាទីសក្ដិ ៣ ក១»។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងសុំសេចក្តីបញ្ជាក់បញ្ហានេះពីលោកសក្ដិបី ឌឹម ផាឌឹប ជាមន្ត្រីយោធាខេត្ត និងមន្ត្រីមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង បានទេ។
លោកស្រី ខ្លុយ សឿប អាយុ ៥៤ឆ្នាំត្រូវជាប្រពន្ធយោធិនពលីឈ្មោះ ជុំ សាវី។ លោក ជុំ សាវី អតីតទាហាននៅកងពល៥២ ក្នុងខេត្តបាត់ដំបង។ លោកស្រីបន្តថា ក្រោយពីប្តីរបស់លោកស្រីធ្លាក់ខ្លួនពិការ អង្គភាពទ័ពបានកាត់ឈ្មោះចូលសង្គមកិច្ច។ មន្ទីរសង្គមកិច្ចបើកប្រាក់ឲ្យរាល់ខែ ដោយក្នុងមួយខែៗបានចំនួនជាង ១០ម៉ឺនរៀល។ លុះដល់ឆ្នាំ១៩៩៧ ប្តី លោកស្រីបានស្លាប់មន្ត្រីនៃមន្ទីរសង្គមកិច្ចបង្គាប់ឲ្យលោកស្រីលាក់ឈ្មោះប្តីទុកកុំប្រាប់គេឲ្យដឹង។
លោកស្រីបន្តថា ស្រាប់តែនៅខែកក្កដា ឆ្នាំ២០១០ គេឈប់បើកប្រាក់ខែឲ្យ ដោយមន្ត្រីមន្ទីរសង្គមកិច្ចប្រាប់លោកស្រីថា ឈ្មោះប្ដីត្រូវបានគេកាត់ចេញពីមន្ទីរសង្គមកិច្ច។ លោកស្រីបន្តថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១១ លោកស្រីបានទៅសួរនាំមន្ត្រីសង្គមកិច្ចខេត្តបាត់ដំបង ពីរឿងប្រាក់ខែរបស់គ្រួសារពលី តែត្រូវគេស្តីបន្ទោសទៅវិញ។
លោកស្រី ខ្លុយ សឿប៖ «សួរទៅគេថា យកទោសយករឿងយកហេតុមកឲ្យគេ លុយខំជួយលាក់ឲ្យបានស៊ីមិនចេះតិចខែតិចឆ្នាំហើយ មករករឿងទៀត។ ឈ្មោះលាក់ អ្នកនិយាយ។ ខ្ញុំសួរថា នាងអ្ហែងកាត់ចោលម៉េច បើលុយគោលនយោបាយ ក៏អត់បាន គេបានរាប់លានគ្រប់គ្នា ខ្ញុំអត់បានសោះ នាងអ្ហែងកាត់ម៉េច?»។
ក្រុមគ្រួសារ និងអតីតយោធិនទាំងនោះ បានត្អូញត្អែរថា គ្រួសារមានសមាជិកកូនចៅច្រើនពុំមានមុខរបរជាក់លាក់ខ្លះដើររើសអេតចាយខ្លះស៊ីឈ្នូលធ្វើការឲ្យគេ និងធ្វើជាកម្មករសំណង់មានជីវភាពក្រីក្រលំបាក។ ទន្ទឹមគ្នានឹងការលំបាកនេះ ពួកគាត់បានអំពាវសុំឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់កិច្ចអន្តរាគមន៍ជួយធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានប្រាក់សោធន៍និវត្តន៍ទាំងនោះ ដើម្បីយកផ្គត់ផ្គងជីវភាពប្រចាំថ្ងៃ៕