សកម្មជនការពារធនធានធម្មជាតិ និងបរិស្ថាន នៅកម្ពុជា បានទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជា បើកចំហឲ្យសហគមន៍ជនជាតិភាគតិចនៅភាគឦសាន ចូលរួមផ្ដល់យោបល់ឲ្យបានច្រើន មុនការអនុញ្ញាតឲ្យក្រុមហ៊ុនឯកជននានាពីបរទេសធ្វើអាជីវកម្មរាវរករ៉ែ។
ការស្នើសុំបែបនេះ ដោយសារពួកគេយល់ឃើញថា ការរាវរករ៉ែដែលមិនបានសិក្សាច្បាស់លាស់ អាចបង្កនូវផលប៉ះពាល់ផ្សេងៗ ដូចជាការបំពុលទឹក បរិស្ថាន និងរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ការសិក្សាស្រាវជ្រាវបានរកឃើញថា រដ្ឋាភិបាលកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណចំនួន ១២៣ ឲ្យក្រុមហ៊ុនឯកជនបរទេស មកធ្វើអាជីវកម្មរាវរករ៉ែមាស រ៉ែដែក និងរ៉ែត្បូង នៅភាគឦសាន ជាពិសេសនៅខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ព្រមទាំងខេត្តដទៃទៀត ដែលមានទំហំដីសម្បទានរ៉ែនោះចំនួន ២៤.០០០គីឡូម៉ែត្រក្រឡា។

ប្រធានក្រុមប្រឹក្សាភិបាលរបស់សម្ពន្ធភាពដើម្បីតម្លាភាព ចំណូលធនធានប្រេង ឧស្ម័ន និងរ៉ែ លោក ម៉ម សម្បត្តិ បានមានប្រសាសន៍ថា ប្រភពទឹក បរិស្ថាន និង ដី រងផលប៉ះពាល់ជាអវិជ្ជមានដោយសារអាជីវកម្មរ៉ែ៖ «ចំពោះគុណភាពទឹកនៅខេត្តរតនគិរី និងមណ្ឌលគិរី នៅរដូវប្រាំង មានសារធាតុមួយចំនួនលើសពីស្តង់ដារ ដូចជាដែក ចំណែកឯនៅរដូវវស្សា មិនមាន មិនមានសារធាតុណាដែលលើសស្តង់ដារទេ។ ចំពោះខេត្តស្ទឹងត្រែង និងព្រះវិហារ នៅរដូវវស្សាមានសារធាតុលើសមួយចំនួន ដូចជា ដែក សានីត បារ៉ត ចំណែកឯនៅរដូវប្រាំងមានសារធាតុលើសផងដែរ ដូចជាដែក កាម៉ុង នីកែល។ ទាំងនេះគឺជាបញ្ហាមួយចំនួនដែលយើងបានមកពីលទ្ធផលនៃរបាយការណ៍នេះ»។
ទាក់ទងនឹងការបំពុលទឹក និងបរិស្ថាននេះ ប្រធានមជ្ឈមណ្ឌលពិសោធន៍នៃក្រសួងឧស្សាហកម្ម រ៉ៃ និងថាមពល លោក តេង វ៉ាន់ដារិទ្ធិ បានមានប្រសាសន៍ថា ផែនការរបស់ក្រសួងឧស្សាហកម្ម គឺនឹងវិភាគទឹកនៅទន្លេមេគង្គ និងប្រភពទឹកនៅកន្លែងដទៃទៀតអំពីផលប៉ះពាល់ដោយសារអាជីវកម្មរ៉ែ។
លោក តេង វ៉ាន់ដារិទ្ធិ៖ «មិនទាន់មានហេតុផលប៉ះពាល់ខ្លាំងទៅលើគុណភាពទឹកនៅឡើយទេ។ ប៉ុន្តែយើងមិនត្រូវមើលស្រាលនូវអាជីវកម្ម ដែលកំពុងតែគំហុក ទោះបីជាអាជីវកម្មហ្នឹងដែលផ្ដល់អាជ្ញាសិទ្ធិ ដោយរាជរដ្ឋាភិបាល និងអាជីវកម្មខ្នាតតូចរបស់ប្រជាពលរដ្ឋយើង»។
ជនជាតិភាគតិចព្នង ឈ្មោះ បោ ខ្នារ អាយុ ៤០ឆ្នាំ មកពីឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលបានមកចូលរួមក្នុងសិក្ខាសាលានេះ បាននិយាយថា អាជីវកម្មរ៉ែនៅភូមិឃុំរបស់អ្នកស្រីកំពុងតែរំខានដល់ការរស់នៅរបស់ជនជាតិភាគតិច និងសត្វព្រៃ៖ «ចូលពិភាក្សាហើយ ហ្នឹងដើម្បីប្រាប់ឲ្យក្នុងសហគមន៍ ហើយនិងអាជ្ញាធរភូមិ ឃុំ ឲ្យបានដឹង ដើម្បីទៅសិក្សាមុន។ ព្រៃតម ហើយនិងព្រៃកប់ខ្មោច សុំឲ្យឆ្ងាយពីភូមិ»។
អ្នកចូលរួមម្នាក់ទៀតមកពីខេត្តរតនគិរី បាននិយាយថា គុណភាពទឹកទន្លេសេសាន នៅខេត្តរតនគិរី គឺប្រើលែងបានហើយ ហើយកន្លងមកការប្រើប្រាស់ទឹកទន្លេនេះបណ្ដាលឲ្យកើតកម និងរមាស់លើស្បែក ក្រោយពេលចុះមុជទឹកនោះ។
របាយការណ៍ស្រាវជ្រាវជាលំអិតដែលអ្នកឯកទេសបានសិក្សាស្រាវជ្រាវរយៈពេលជាង ២ឆ្នាំកន្លងមកនេះ បានឲ្យដឹងថា អាជីវកម្មរ៉ែកំពុងតែបង្កការប៉ះពាល់ដល់ប្រភពទឹក បង្កសំឡេង គ្រឿងចក្ររំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសត្វព្រៃ។ ប៉ះពាល់ដល់តំបន់វប្បធម៌ និងទីសក្ការៈ ឧទ្យានជាតិ និងដីកសិកម្ម បំពុលប្រភពទឹក សុខភាពប្រជាពលរដ្ឋ ដូចជាផ្លូវដង្ហើម និងរោគសើស្បែកជាដើម៕