សហគមន៍តំបន់ការពារធម្មជាតិភ្នំអន្លង់ស្វាយ និងអាជ្ញាធរដែនដីឃុំក្បាលទឹក បានឲ្យដឹងថា ក្នុងមួយថ្ងៃៗឈើអាររាប់សិបគីប (ម៉ែត្រត្រីគុណ) ត្រូវបានជនល្មើសអារ និងដឹកជញ្ជូនចេញពីតំបន់នេះ ដោយពុំមានសមត្ថកិច្ចពាក់ព័ន្ធណាមួយអើពើទប់ស្កាត់ឡើយ។
ប្រធានសហគមន៍ គឺលោក ម៉ិល សារិទ្ធ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ កុម្ភៈ ថា ជារៀងរាល់ថ្ងៃ សំឡេងម៉ាស៊ីនអារឈើរោទ៍ឥតឈប់នៅក្នុងតំបន់ព្រៃដែលនៅសេសសល់តែបន្តិចបន្តួចនៅភ្នំអន្លង់ស្វាយ។ ប្រធានសហគមន៍រូបនេះបន្តថា ក្នុងមួយថ្ងៃឈើរាប់សិបគីប ត្រូវបានគេអារច្រៀក និងដឹកចេញពីក្នុងព្រៃតាមគោយន្ត ឬរទេះក្របី មកលក់ឲ្យឈ្មួញដែលបញ្ឈរឡានរង់ចាំទទួលទិញយ៉ាងសុវត្ថិភាព ដោយគ្មានសមត្ថកិច្ចណាមកអើពើនោះទេ។
អនុប្រធានសហគមន៍ គឺលោក អូម ហុន ឲ្យដឹងបន្ថែមថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបណ្ដោយឲ្យជនល្មើសកាប់ព្រៃឈើក្នុងតំបន់ភ្នំអន្លង់ស្វាយ យ៉ាងអនាធិបតេយ្យ ដោយមិនអើពើទប់ស្កាត់៖ «ប្រជាពលរដ្ឋយើងគ្រប់គ្រងដោយដៃទទេ ឯជនល្មើសសុទ្ធតែមានឋានៈខ្ពស់ មានចំណេះដឹងខ្ពស់ មានទាំងអាវុធ។ បើអ៊ីចឹង ខាងសហគមន៍គ្រប់គ្រងអត់បានទៀតទេ។ ទី១ ល្ងឹតល្ងង់ យើងអត់យល់ពីបញ្ហាច្បាប់ ដល់អ៊ីចឹង យើងខ្លាចគេ។ ហើយបើយើងមើលមកខាងថ្នាក់ជាតិវិញ គឺគាត់អត់យកចិត្តទុកដាក់»។
ជំទប់ទី១ និងជំទប់ទី២ ឃុំក្បាលទឹក បានឲ្យដឹងប្រហែលគ្នាថា តាមការស៊ើបសួរព័ត៌មានពីអ្នកអារឈើ គេបានអះអាងថា គេបានបង់ប្រាក់ទៅឲ្យមន្ត្រីបរិស្ថាន ដែលនៅឈរជើងការពារនៅតំបន់ការពារធម្មជាតិភ្នំអន្លង់ស្វាយ ដើម្បីបានអារឈើក្នុងតំបន់នេះ។ ជំទប់ទី១ ឃុំក្បាលទឹក គឺលោក ហួន ណារិទ្ធ មានប្រសាសន៍ថា មានការកាប់ឈើយ៉ាងអនាធិបតេយ្យក្នុងតំបន់នេះ តែក្នុងនាមជាអាជ្ញាធរដែនដី លោកគ្មានសិទ្ធិអំណាចអ្វីក្នុងការទប់ស្កាត់ទេ គឺបានត្រឹមឈរមើលទាំងក្ដីសោកស្ដាយ។
ចំណែកជំទប់ទី២ ឃុំក្បាលទឹក គឺលោក សំ សាវឿន បញ្ជាក់ថា ដោយមានការឃុបឃិតពីមន្ត្រីពាក់ព័ន្ធ ទើបសកម្មភាពកាប់ឈើនៅតំបន់នេះដំណើរការដោយគ្មានឧបសគ្គ៖ «ខាងមន្ត្រីបរិស្ថានហ្នឹង គាត់ដើរយកជាខែតែម្ដង។ បើអត់លុយ គាត់យកជាឈើក្នុងមួយខែ ១ម៉ែត្រគីប សំណូមពរឲ្យវិទ្យុអាស៊ីសេរី ជួយផ្សាយផង ឲ្យគាត់ផ្អើលបន្តិច ព្រោះសព្វថ្ងៃគាត់បានដៃមែនទែន។ ខ្ញុំបានសួរទៅតៃកុងអារឈើ គាត់ប្រាប់ថា ក្នុងមួយខែគាត់បង់ខាងបរិស្ថានយកមួយខែពី ៧០ ទៅ ៨០ម៉ឺន ក្នុងម៉ាស៊ីនមួយៗ»។
យ៉ាងនេះក្ដី នាយករងនៃតំបន់ការពារភ្នំឱរ៉ាល់ ដែលទទួលបន្ទុកគ្រប់គ្រងសហគមន៍ គឺលោក យឹម ណារិទ្ធ បានពន្យល់ចំពោះបញ្ហានេះថា ការលួចកាប់ឈើក្នុងតំបន់នេះ អាចកើតមាន តែពុំមានអំពើពុករលួយណាមួយក្នុងបញ្ហានេះទេ។ លោកថា ជនខិលខូចនិយាយបង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីបរិស្ថានប្រាប់សហគមន៍ ដើម្បីដោះខ្លួននៅពេលជួបការល្បាតពីក្រុមសហគមន៍។
លោកអំពាវនាវឲ្យសហគមន៍ផ្ដល់ព័ត៌មានបន្ទាន់មកមន្ត្រីបរិស្ថាន នៅពេលជួបជនខិលខូចទាំងនោះ៖ «កន្លងមក មិនត្រឹមតែប៉ុណ្ណឹងទេ គឺរឿងនេះល្បីតែអ៊ីចឹងយូរហើយ។ ធាតុពិតវាអត់មានទេ ហើយនៅពេលដែលយើងចាប់បានម៉ាស៊ីនដែលគាត់កំពុងអារនោះ គាត់តែងតែអង្វរសុំឲ្យដោះលែង។ ដល់តែយើងមិនដោះលែងម៉ាស៊ីនគាត់ៗដើមនិយាយប្រាប់គេថា គេចាប់នេះមកពីគាត់មិនឲ្យលុយម៉ាស៊ីន ផ្សេងឲ្យលុយ គេអត់ចាប់ទេ»។
អាជ្ញាធរដែនដីឃុំក្បាលទឹក បានឲ្យដឹងថា បច្ចុប្បន្នព្រៃឈើនៅតំបន់ភ្នំអន្លង់ស្វាយ បើមើលពីក្រោមទៅ គេឃើញនៅសល់ព្រៃឈើខ្លះៗមែន តែបើគេឡើងទៅមើលនៅផ្នែកខាងលើវិញនោះ គឺព្រៃឈើធំៗត្រូវគេកាប់ស្ទើរគ្មានសល់ឡើយ។ អាជ្ញាធរដែនដី និងសហគមន៍ព្រៃឈើភ្នំអន្លង់ស្វាយ អំពាវនាវឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយអភិរក្សព្រៃតំបន់នេះផង បើស្ថានភាពនេះនៅតែបន្តព្រៃតំបន់នេះមុខជារលាយអស់ជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។