សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកដែលមានមូលដ្ឋានក្នុងទីក្រុង Camden រដ្ឋ New Jersey បានផ្ដោតលើព្រឹត្តិការនយោបាយធំៗ ចំនួន២ សម្រាប់ផែនការការងាររបស់ខ្លួននៅឆ្នាំ២០១២។
ផែនការទាំងនោះរួមមាន ការជំរុញឲ្យប្រទេសចិន និងសហរដ្ឋអាមេរិកផ្ដោតការយកចិត្តទុកដាក់បន្ថែមអំពីបញ្ហាខ្មែរក្រោម ខណៈស្ថានការណ៍នយោបាយនៅតាមបណ្ដាប្រទេសនៅមជ្ឈិមបូព៌ា ចិន រហូតដល់ប្រទេសភូមា មានការប្រែប្រួល។ ផែនការទី២ គឺនឹងផ្ដោតការយកចិត្តទុកដាក់ទៅលើបញ្ហាឡើងកម្ដៅផែនដី រួមទាំងបញ្ហាកម្រិតទឹកទន្លេមេគង្គក្នុងតំបន់វាលទំនៀបកំពុងមានការកើនឡើង នៅតាមតំបន់ខ្មែរក្រោមរស់នៅ ស្ថិតក្នុងប្រទេសវៀតណាមនោះ។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក លោក ថាច់ ងុក ថាច់ បានថ្លែងថា រដ្ឋាភិបាលវៀតណាមមិនដែលបង្ហាញអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីទប់ទល់នឹងបញ្ហាកម្រិតទឹកទន្លេឡើងខ្ពស់នោះឡើយ បើទោះបីមានជំនួយពីបណ្ដាប្រទេសនានាក្នុងពិភពលោក។
ការថ្លែងរបស់លោក ថាច់ ងុក ថាច់ ធ្វើនៅក្នុងកំឡុងមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួនក្នុងទីក្រុងសាន់ហូស្សេ នៃរដ្ឋ California សហរដ្ឋអាមេរិក ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ។
សកម្មភាពការងារដែលសហព័ន្ធខ្មែរកម្ពុជាក្រោមគ្រោងចូលរួមផងដែរ គឺនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ ខាងមុខនេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនឹងកោះអញ្ជើញរដ្ឋាភិបាលវៀតណាម ឲ្យចូលរួមឆ្លើយបំភ្លឺអំពីបញ្ហាប្រកាន់ពូជសាសន៍នានានៅកម្ពុជាក្រោម ហើយសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏នឹងចូលរួមធ្វើសេចក្ដីថ្លែងការណ៍នៅទីនោះ។
ក្រុមនេះក៏នឹងចូលរួមផងដែរក្នុងវេទិកាស្ដីពីជនជាតិដើម ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣០ ខែឧសភា ចំណែកនៅក្នុងទិវាបាត់បង់ទឹកដីកម្ពុជាក្រោមនាខែមិថុនានោះវិញ សហព័ន្ធខ្មែរក្រោមនឹងចូលរួមឃ្លាំមើលក្នុងដំណើរការឆ្លើយបំភ្លឺរបស់រដ្ឋាភិបាលវៀតណាម អំពីបញ្ហាសិទ្ធិកុមារ និងការអប់រំតាមការកោះហៅរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។
សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកក៏គ្រោងនឹងធ្វើញត្តិ ឬសេចក្ដីថ្លែងការណ៍អំពីការធ្វើទុក្ខបុកម្នេញ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររបស់រដ្ឋាភិបាលវៀតណាមមកលើពលរដ្ឋខ្មែរក្រោម សម្រាប់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama ដែលគ្រោងចូលរួមកិច្ចប្រជុំអាស៊ានក្នុងប្រទេសកម្ពុជា នាខែវិច្ឆិកាខាងមុខ។
លោក ថាច់ ងុក ថាច់ មានប្រសាសន៍បន្តថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានគាំទ្រដល់សកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងការទាមទារឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោម ទាំងជំនឿសាសនា វប្បធម៌ និងទំនៀមទម្លាប់ពីដូនតា។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងទៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីសុំការបំភ្លឺជុំវិញការរិះគន់ ឬការចោទប្រកាន់នានា អំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅវៀតណាម ប៉ុន្តែពុំមានក្រុមមន្ត្រីការទូតណាមួយឆ្លើយទូរស័ព្ទនោះឡើយ។
របាយការណ៍ចំនួន ១២៥ទំព័ររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch មានចំណងជើងថា «ការបង្រួមជាតិសាសន៍ឲ្យតូច» បានចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៩ ថាការរំលោភសិទ្ធិខ្មែរក្រោមក្នុងប្រទេសវៀតណាមមានដូចការរឹតត្បិតដល់ជំនឿសាសនា អក្សរសាស្ត្រ ប្រពៃណី វប្បធម៌ សិទ្ធិក្នុងការបញ្ចេញមតិ ការរំលោភយកដីស្រែចម្ការ លំនៅឋាន ការចាប់សកម្មជននយោបាយឃុំឃាំង និងការរំលោភលើសិទ្ធិស្ត្រីជាដើម។
អ្នកស្រី ស៊ឺង ស៊ីនិត ប្រធានកម្មវិធីផ្នែកស្ត្រីនៃសហព័ន្ធខ្មែរកម្ពុជាថ្លែងថា ការរំលោភសិទ្ធិស្ត្រីក្នុងប្រទេសវៀតណាមមានដូចជា ការជួញដូរផ្លូវភេទ ការបង្ខំឲ្យធ្វើជាពេស្យាចារ ការជួញដូរស្ត្រីដើម្បីអាពាហ៍ពិពាហ៍ និងសិទ្ធិមិនស្មើគ្នារវាងបុរសក្នុងការទទួលបានការអប់រំជាដើម។
ប្រធានាធិបតីបារាំង វាំង សង់ អូរីយូល (Vincent Auriol) នៃអាណានិគមនិយមបារាំងបានចុះហត្ថលេខា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ប្រគល់ទឹកដីកម្ពុជាក្រោមទៅឲ្យព្រះចៅ បាវ ដាយ អធិរាជវៀតណាម។ សៀវភៅមគ្គុទ្ទេសក៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោមចេញផ្សាយកាលពីឆ្នាំ២០០៩ បានបង្ហាញថា ទឹកដីកម្ពុជាក្រោម មានផ្ទៃដីទំហំ ៦ម៉ឺន ៧ពាន់គីឡូម៉ែត្រក្រឡា៕