មតិ​ជុំវិញ​ការ​ដោះលែង ប៊ន សំណាង និង សុខ សំអឿន ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន

សហគមន៍​អន្តរជាតិ សហរដ្ឋ​អាមេរិក និង​សហគមន៍​ជាតិ បាន​ថ្លែង​អបអរ​សាទរ​និង​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ត​ទៀត បន្ទាប់​ពី ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​តុលាការ​កំពូល​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

0:00 / 0:00

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ និង​ជា​ប្អូន​ប្រុស​របស់​លោក ជា វិជ្ជា ថ្លែង​ថា លោក​ត្រេក​អរ​ចំពោះ​ការ​ដោះលែង​មនុស្ស​ដែល​ពុំ​មាន​ទោស ប៉ុន្តែ​លោក​ក៏​ចង់​ឃើញ​ឃាតករ​ពិត​និង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង​ឃាតកម្ម​នោះ​ផង​ដែរ។

លោក ជា មុនី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ជា​ទូទៅ យើង​ចង់​បាន​ឃាតករ តើ​គាត់​បាញ់​ដោយ​ហេតុផល​នយោបាយ ឬ​បាញ់​ដោយសារ​គំនុំ ប៉ុន្តែ​លោក ជា វិជ្ជា មិន​មាន​គំនុំ​ទេ។ អ៊ីចឹង សម្រាប់​យើង​ខ្ញុំ​ដែល​ជា​ក្រុម​គ្រួសារ​របស់​លោក ជា វិជ្ជា យើង​ចង់​ឃើញ​ថា ហេតុ​អ្វី​បាន​ជា​ឃាតករ​មក​បាញ់​លោក ជា វិជ្ជា»

ភារ​ធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា អ្នកស្រី Piper Campbell មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​ឲ្យ​អ្នក​ទាំង​ពីរ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ហើយ​បង្វែរ​ករណី​នេះ​ត្រឡប់​ទៅ​ឲ្យ​សាលា​ឧទ្ធរណ៍​ដើម្បី​ពិនិត្យ​ឡើង​វិញ គឺ​ជា​វិធី​ល្អ​ប្រសើរ​មួយ​សម្រាប់​ការ​ឈាន​មក​ដល់​នៃ​ឆ្នាំ​ថ្មី​នេះ។

ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​តុលាការ​ដំបូង​កាត់ទោស​ឲ្យ​ជាប់​គុក​ចំនួន ២០​ឆ្នាំ ក្នុង​ករណី​សង្ស័យ​សម្លាប់​លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ កាល​ពី​ខែ​មករា ឆ្នាំ​២០០៤។

រយៈពេល​ជិត​៦​ឆ្នាំ​មក​ហើយ ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​គេ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ បើ​ទោះ​បី​ជា​សាក្សី​ឈ្មោះ វ៉ា សុធី ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក បាន​អះអាង​ថា អ្នក​ទាំង​ពីរ​មិន​មែន​ជា​ឃាតករ​ពិត​ប្រាកដ​ក៏​ដោយ។

រហូត​មក​ដល់​ថ្ងៃ​២៨ ខែ​ធ្នូ កន្លង​ទៅ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ឈ្មោះ Human Rihgts Watch បាន​អំពាវនាវ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ទាំង​ពីរ​នោះ។

មន្រ្តី​គណៈកម្មការ​ប្រព្រឹត្តិកម្ម​ដែល​មាន​តំណាង​អង្គការ​សិទ្ធិ​មនុស្ស​និង​សង្គម​ស៊ីវិល ១៨​អង្គការ​ជា​សមាជិក លោក ចាន់ សូវ៉េត អត្ថាធិប្បាយ​ថា ទោះ​បី​ជា​មាន​ការ​ដោះលែង ប៊ន សំណាង និង សុខ សំអឿន ក៏​ដោយ គេ​នៅ​តែ​បារម្ភ​ចំពោះ​បញ្ហា​នេះ​នៅ​ឡើយ​ទេ ៖ «ជុំវិញ​បញ្ហា​ហ្នឹង សង្គម​ស៊ីវិល​យើង គណៈកម្មការ​ប្រព្រឹត្តិកម្ម ក៏​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ដែរ។ ប្រសិន​បើ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដោះលែង ឬ​នៅ​ពេល​ជំនុំ​ជម្រះ​ទោស​នា​ពេល​ខាង​មុខ អាច​ថា​នឹង​ជាប់​ទោស​វិញ ឬ​យ៉ាង​ណា​នោះ ក៏​យើង​ខ្ញុំ​ខាង​សង្គម​ស៊ីវិល​នៅ​តែ​មាន​ការ​តាមដាន​និង​បន្ត​គាំទ្រ​លើ​អ្វី​ដែល​ជា​ភាព​ពិត​និង​យុត្តិធម៌»

ចំណែក​ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​វិញ លោក សុក សំអឿន ថ្លែង​ថា ការ​ដោះលែង ប៊ន សំណាង និង សុខ សំអឿន បាន​នាំ​ឲ្យ​លោក​ភ្ញាក់​ផ្អើល​ដោយ​គេ​កម្រ​ឃើញ​ប្រធាន​តុលាការ​កំពូល​ចូលរួម​ជំនុំជម្រះ​រឿង​ធំៗ​ដូច្នេះ​ណាស់។ ប៉ុន្តែ​លោក​នៅ​តែ​គ្មាន​ជំនឿ​ថា គេ​អាច​រក​ឃើញ​មុខ​ឃាតករ​ពិត​ក្នុង​ករណី​សម្លាប់ ជា វិជ្ជា នោះ​ឡើយ។

លោក សុក សំអឿន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ដែរ ព្រោះ​ខ្ញុំ​ក្នុង​ករណី​ធំៗ​អ៊ីចឹង កម្រ​ឃើញ​ប្រធាន​តុលាការ​ចូលរួម​ណាស់។ អ៊ីចឹង ខ្ញុំ​គិត​ថា ប្រហែល​ជា​លោក​ប្រធាន​តុលាការ​កំពូល​គាត់​ចាប់​ផ្ដើម​គិត​ថា​ចង់​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ ឬ​យ៉ាង​ណា។ នេះ​យើង​មិន​ទាន់​ដឹង​យ៉ាង​ម៉េច​ទេ ព្រោះ​វា​យូរ​ឆ្នាំ​ណាស់​ហើយ វា​អាច​រក​មិន​ឃើញ។ បើ​គេ​រក​ឃើញ គេ​រក​ឃើញ​យូរ​ហើយ។ នេះ​ដោយសារ​រក​មិន​ឃើញ​អ៊ីចឹង​ហើយ ដើម្បី​លាង​កេរ្តិ៍​ឈ្មោះ ឬ​កុំ​ឲ្យ​មេ​ស្ដី​ឲ្យ លោក ហេង ពៅ ទៅ​ជា​ប្រឌិត​រឿង​ផ្ដេសផ្ដាស​អ៊ីចឹង​ទៅ»

ប្រធាន​សមាគម​គ្រូប​ង្រៀន​កម្ពុជា​ឯករាជ លោក រ៉ុង ឈុន បន្ថែម​ថា គេ​មាន​ជំនឿ​ថា ប៊ន សំណាង និង សុខ សំអឿន នោះ មិន​មែន​ជា​ឃាតករ​ពិត​ទេ ដូច្នេះ​ជាមួយ​គ្នា​នឹង​ការ​ដោះ​លែង​នេះ លោក​នៅ​តែ​ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ បន្ត​ការ​រក​មុខ​ឃាតករ​ឲ្យ​បាន​ឆាប់ ជៀសវាង​ការ​អូស​បន្លាយ​ពេល​យូរ​អង្វែង។

លោក រ៉ុង ឈុន ថ្លែង​ដូច្នេះ​ថា ៖ «គេ​មិន​ត្រូវ​ឲ្យ​ពេល​វេលា​អូស​បន្លាយ ហើយ​ក៏​យើង​មិន​ចង់​ឃើញ​ឲ្យ​មាន​និទណ្ឌភាព​នៅ​កម្ពុជា​ចេះ​តែ​បន្ត​ទៅ​ទៀត​ទេ»

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​វិញ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​អះអាង​ថា ប៉ូលិស​កំពុង​រង់ចាំ​បញ្ជា​ជា​ថ្មី​របស់​តុលាការ​ក្នុង​ការ​បើក​ការ​ស៊ើប​អង្កេត ៖ «តុលាការ​មិន​ទាន់​ណែនាំ ឬ​ចេញ​សាលក្រម​ថា បដិសេធ​ចោល​ជន​នោះ​ថា​មិន​មែន​មាន​ទោស​ឯណា គ្រាន់​តែ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន ...ហើយ​បើ​ថា [តុលាការ]​ថា ចាប់​ហ្នឹង​មិន​ត្រឹមត្រូវ​ទេ ឯកសារ​មិន​គ្រប់ នោះ​យើង​នឹង​បើក​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​ទៅ»

គួរ​ជម្រាប​ជូន​ថា អតីត​ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ លោក ហេងពៅ ធ្លាប់​បាន​អះអាង​នៅ​មុន​នឹង​លោក​ត្រូវ​បាន​គេ​ចាប់​ឃុំឃាំង កាល​ពី​ឆ្នាំ​២០០៧ កន្លង​ទៅ ថា ឃាតកម្ម​លើ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មនុស្ស​ពីរ​នាក់ រៀបចំ​ដោយ​លោក ហុក ឡងឌី ដែល​ជា​អគ្គស្នងការ​ប៉ូលិស​ជាតិ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​ប្រភព​ឯករាជ្យ​ណា​មួយ​អះអាង​ថា ការ​ចោទ​ប្រកាន់​ដូច្នេះ ពិត ឬ​មិន​ពិត​ឡើយ៕