តុលាការក្រុងភ្នំពេញ បានចាប់ផ្ដើមស៊ើបអង្កេតបន្តលើករណីឃាតកម្មមេដឹកនាំសហជីពសេរីកម្មករកម្ពុជា លោក ជា វិជ្ជា បន្ទាប់ពីឃាតកម្មនេះបានកើតឡើងអស់រយៈពេល ៦ឆ្នាំមកហើយ។
ការស៊ើបអង្កេតសាជាថ្មីឡើងវិញនេះ ក្រោយពេលតុលាការកំពូលបានដោះលែងឃាតកសិប្បនិមិត្តចំនួនពីររូប គឺលោក សុខ សំអឿន និង ប៊ន សំណាង។
អនុប្រធានតុលាការក្រុងភ្នំពេញ លោក កែ សាខន មានប្រសាសន៍នៅថ្ងៃសៅរ៍ ទី៣ ខែកក្កដា ថា តុលាការក្រុងភ្នំពេញ ចាប់ផ្ដើមស៊ើបអង្កេតករណីឃាតកម្មលើលោក ជា វិជ្ជា ឡើងវិញ ប៉ុន្តែលោកមិនទាន់ទទួលព័ត៌មានច្បាស់លាស់ក្នុងករណីនេះនៅឡើយទេ។
លោក កែ សាខន មានប្រសាសន៍ដូច្នេះ ៖ «មិនទាន់ដឹង យើងនិយាយទៅខ្លាចអត់ត្រឹមត្រូវ មិនដឹងថា សាលាឧទ្ធរណ៍បង្វិលមកវិញ តើឲ្យស៊ើបបន្ថែមចំណុចណាយើងមិចដឹង»។
តុលាការកំពូលកាលពីខែធ្នូ ឆ្នាំ២០០៨ បានសម្រេចដោះលែងលោក សុខ សំអឿន និង ប៊ន សំណាង ដែលគេហៅថា ឃាតកសិប្បនិមិត្ត ដោយសំអាងថា គ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើការចោទប្រកាន់ក្នុងករណីឃាតកម្មលោក ជា វិជ្ជា។ បន្ទាប់មកតុលាការឧទ្ធរណ៍បានបង្វែរសំណុំរឿងករណីឃាតកម្មនេះទៅតុលាការក្រុងភ្នំពេញ ដើម្បីស៊ើបអង្កេតឡើងវិញ។
លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃត្រង់កាលពីខែមករា ឆ្នាំ២០០៤។
មេធាវីរបស់អតីតស្នងការប៉ូលិសក្រុងភ្នំពេញ លោក កៃ ស៊ូផា មានប្រសាសន៍នៅថ្ងៃសុក្រ ទី២ ថា លោក ហេង ពៅ ត្រូវបានតុលាការកោះហៅមកធ្វើជាសាក្សីក្នុងសំណុំរឿងឃាតកម្មលើលោក ជា វិជ្ជា កាលពីថ្ងៃទី១ ខែកក្កដា។ លោកថា លោក ហេង ពៅ គ្មានការពាក់ព័ន្ធនឹងការស្លាប់របស់លោក ជា វិជ្ជា ទេ ប៉ុន្តែដោយសារលោក ហេង ពៅ ជាអតីតស្នងការក្រុងភ្នំពេញ ដូច្នោះតុលាការអាចគិតថា លោកមានតម្រុយខ្លះ។
លោក កៃ ស៊ូផា មានប្រសាសន៍ថា ៖ «តាមខ្ញុំដឹង ការធ្វើហ្នឹងដើម្បីរកកម្រៃពាក់ព័ន្ធទៅនឹងថា តើនរណាជាអ្នកសម្លាប់លោក ជា វិជ្ជា? អ៊ីចឹងពេលនោះ ក្នុងនាមលោក ហេង ពៅ ជាស្នងការ អ៊ីចឹងតុលាការសួរមើល៍ ក្រែងលោមានតម្រុយឈានទៅរកការចាប់ខ្លួនជនដៃដល់។ មិនមានពាក់ព័ន្ធក្នុងរឿងហ្នឹងទេ ប្រសិនជាមានការពាក់ព័ន្ធប្រហែលជាកូនក្ដីខ្ញុំត្រូវតុលាការដាក់គុកហើយ ព្រោះអីដោយសារតែរាល់បញ្ហាទាំងអស់ពាក់ព័ន្ធនឹងលោក ហេង ពៅ នោះ លោក ហេង ពៅ អត់ដែលមានជម្លោះជាមួយ ជា វិជ្ជា ទេ»។
ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុនី ស្វាគមន៍ចំពោះការស៊ើបអង្កេតឡើងវិញក្នុងករណីឃាតកម្មបងប្រុសរបស់លោក។ លោកថា ទោះបីជាលោកនៅមិនទាន់ដឹងថា ឃាតកពិតប្រាកដ និងអ្នកនៅពីក្រោយការសម្លាប់លោក ជា វិជ្ជា ក៏ដោយ ការសម្លាប់លោក ជា វិជ្ជា មានការពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា។
មន្ត្រីគ្រប់គ្រងការស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍នៅថ្ងៃទី២ ខែកក្កដា ថា តុលាការក្រុងភ្នំពេញត្រូវធ្វើការស៊ើបអង្កេតឲ្យបានល្អិតល្អន់ ចៀសវាងការចាប់ឃាតកខុសដូចករណី សុខ សំអឿន និង ប៊ន សំណាង។
លោក អំ សំអាត មានប្រសាសន៍ថា ៖ «សង្ឃឹមថា មិនអាចឈានទៅដល់ការចាប់ខ្លួនឃាតកសិប្បនិមិត្តដើម្បីយកមកផ្ដន្ទាទោសដូចលោក ប៊ន សំណាង និង សុខ សំអឿន បន្តទៀតទេ ព្រោះវាជារឿងមួយដែលផ្ដល់ភាពអយុត្តិធម៌ទៅដល់ឃាតកសិប្បនិមិត្តហ្នឹង ក៏ដូចជាប៉ះពាល់ដល់ធ្ងន់ធ្ងរទៅដល់សិទ្ធិសេរីភាពជនជាប់ចោទ»។
លោក អំ សំអាត បន្ថែមថា ៖ «រឿងនេះស្ថិតក្នុងភាពអាថ៌កំបាំង ប៉ុន្តែយើងដឹងច្បាស់ហើយថា ប្រសិនបើដូនលោក ហេង ពៅ ធ្លាប់បាននិយាយ ហើយសរសេរនៅក្នុងរបាយការណ៍ថា ប៊ន សំណាង និង សុខ សំអឿន មិនមែនជាឃាតកបាញ់សម្លាប់លោក ជា វិជ្ជា នេះទេ អ៊ីចឹងពាក់ព័ន្ធនឹងការស៊ើបអង្កេតនេះ យើងសង្ឃឹមថា នឹងអាចរកឃើញឃាតកពិតប្រាកដ និងអាចរកឃើញអ្នកនៅពីក្រោយ»។
លោក ប៊ន សំណាង មានប្រសាសន៍នៅថ្ងៃសៅរ៍ ទី៣ ខែកក្កដា ថា លោកមានការខឹងនឹងសមត្ថកិច្ចដែលបានចាប់ខ្លួនគាត់ដាក់គុកដោយគ្មានហេតុផលអ្វីទាំងអស់។ លោក ប៊ន សំណាង បច្ចុប្បន្ននេះ ប្រកបរបររត់ម៉ូតូឌុប ត្រូវបានតុលាការឃុំខ្លួនអស់រយៈពេលជិត ៥ឆ្នាំ ជាមួយនឹងលោក សុខ សំអឿន»។
កាសែត ឌឹ ឃែមបូឌា ដេលី (The Cambodia Daily) ច្បាប់ចេញផ្សាយថ្ងៃសុក្រ ទី២ ខែកក្កដា ផ្សាយថា លោក ហេង ពៅ មុនពេលត្រូវបានចាប់ខ្លួននៅប្រទេសម៉ាឡេស៊ី បាននិយាយថា អតីតអគ្គស្នងការនគរបាលជាតិកម្ពុជា លោក ហុក ឡងឌី បានបញ្ជាឲ្យលោកចាប់ សុខ សំអឿន និង ប៊ន សំណាង។ មន្ត្រីរដ្ឋាភិបាលបានបដិសេធការអះអាងរបស់លោក ហេង ពៅ នេះ៕