យន្តហោះដឹកជញ្ជូនអ្នកដំណើរប្រតិកម្មធុនទូ៤ ២០៤ (T-4 204) របស់ក្រុមហ៊ុនរុស្ស៊ីមួយឈ្មោះ វ្ល៉ាឌីវ៉ូស្តុក អ៊ែវេ (Vladivostok Airway) ដែលដឹកជញ្ជូនអ្នកទេសចរណ៍ជនជាតិជប៉ុនប្រមាណជាង ១៣០នាក់ ចាកចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន បានចុះចតជាលើកដំបូងនៅឯប្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប កាលពីរាត្រីថ្ងៃសុក្រ ទី៣០ ខែធ្នូ។
លោក អ៊ីន សុខគា ជាអនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប គឺជាអ្នកដែលទៅទទួលស្វាគមន៍ការមកដល់ដំបូងនៃជើងហោះហើរផ្ទាល់របស់ក្រុមហ៊ុនរុស្ស៊ីនោះ។ លោកបានមានប្រសាសន៍ថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ដែលកម្ពុជារំពឹងថាចំនួនអ្នកទេសចរណ៍ជនជាតិរុស្ស៊ីនឹងមកទស្សនាកម្ពុជាកាន់តែច្រើនឡើងថែមទៀត ៖ "នេះគឺជាការហោះហើរសាកល្បងពាក្យអង់គ្លេសថា (Chater Flight) ជាលើកដំបូងមកដល់ទីក្រុងសៀមរាប។ រយៈពេល ៣ថ្ងៃទៀត គាត់នឹងមកម្ដងទៀត គឺ៣ថ្ងៃម្ដងៗ ហើយនៅយប់នេះគាត់ត្រឡប់ទៅវិញ គឺយន្តហោះទទេ។ ប៉ុន្តែ ៣ថ្ងៃក្រោយមក គាត់ដឹកជញ្ជូនភ្ញៀវមកដល់ម្ដងទៀត ហើយនិងយកភ្ញៀវថ្ងៃនេះត្រឡប់ទៅទីក្រុងតូក្យូវិញ"។
មន្ត្រីមន្ទីរទេសចរណ៍ដដែលបានឱ្យដឹងថា ពេលបច្ចុប្បន្ន មានអ្នកទេសចរណ៍ជនជាតិរុស្ស៊ីដែលចូលមកទស្សនាប្រាសាទបូរាណ នៅក្នុងខេត្តសៀមរាប យ៉ាងហោចណាស់ប្រមាណ ២០០នាក់ ក្នុង១ថ្ងៃៗ។ ភ្ញៀវទេសចរណ៍ជនជាតិរុស្ស៊ីទាំងនោះ បានចូលមកកម្ពុជាតាមច្រកព្រំដែនប្រទេសថៃ និងប្រទេសវៀតណាម ក៏ប៉ុន្តែនៅពេលដែលក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីចាប់ផ្ដើមហោះហើរផ្ទាល់មកកម្ពុជានេះ គេរំពឹងថា អ្នកទេសចរណ៍ជនជាតិរុស្ស៊ីកាន់តែងាយស្រួលធ្វើដំណើរទេសចរណ៍មកកម្ពុជា។
លោក សយ សុខាន់ ជាអនុរដ្ឋលេខាធិការនៃអាកាសចរណ៍ស៊ីវិលកម្ពុជា។ លោកបានមានប្រសាសន៍ថា ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ គោលនយោបាយបើកចំហជើងមេឃរបស់រដ្ឋាភិបាល មានការរីកចម្រើន ដោយមានក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសជាច្រើននៅក្នុងពិភពលោក បានធ្វើការហោះហើរផ្ទាល់មកកម្ពុជា ៖ "ក្រោយពីរំដោះឆ្នាំ១៩៧៩ មកទល់ថ្ងៃនេះគឺមានក្រុម២០ បាននិងកំពុងប្រតិបត្តិការហោះហើរមកកាន់ព្រះរាជាណាចក្រកម្ពុជា"។
កាលពីអំឡុងខែឧសភាឆ្នាំ២០១១កន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍បារាំងអ៊ែរហ្វ្រង់ (Air Fra nce) បានធ្វើការហោះហើរផ្ទាល់ជាលើកដំបូងរបស់ខ្លួន ចេញពីប្រទេសបារាំង មកចុះចតនៅឯប្រលានយន្តហោះអន្តរជាតិនៃទីក្រុងភ្នំពេញ។ ការហោះហើរផ្ទាល់របស់ក្រុមអាកាសចរណ៍បារាំងមកកម្ពុជានោះគឺបាននាំកំណើនអ្នកទេសចរណ៍ ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
នៅពេលខាងមុខក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនមួយ ឈ្មោះអ៊ែរភីល អិកស៍ប្រេស (Air Phil Express) មានគម្រោងនឹងធ្វើការដឹកជញ្ជូនអ្នកដំណើរ ដោយហោះហើរផ្ទាល់ពីទីក្រុងម៉ានីល (Manila) មកកាន់កម្ពុជា។
មន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជាបានឱ្យដឹងថា នៅពេលខាងមុខ គឺមានក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសជាច្រើន ដែលចង់ធ្វើការហោះហើរផ្ទាល់មកកម្ពុជា ដូចជាប្រទេសហ្កាតា អារ៉ាប៊ីសាអូឌីត ប្រទេសជប៉ុន និងអូស្ត្រាលីជាដើម៕