លោក ជូង ជូងី មេធាវីការពារក្ដីឲ្យមន្ត្រីគណបក្ស សម រង្ស៊ី បានបានអះអាងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្ស សម រង្ស៊ី កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១ ថា រូបលោកមិនត្រូវបានគេចាប់ខ្លួនទេ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១ នោះ។
ទោះយ៉ាងណាក៏ដោយ លោក ជូង ជូងី បានឲ្យដឹងថា មានការប៉ុនប៉ងចាប់ខ្លួនលោកដោយកងកម្លាំងសមត្ថកិច្ចរដ្ឋាភិបាលកាលពីកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១។ ប៉ុន្តែគុណបុណ្យនៃអំពើល្អរបស់លោក បានជួយឲ្យលោកគេចផុតពីការស្ទាក់ចាប់នៅចំណុច៣កន្លែង ទី១ គឺនៅក្រុងកំពង់ឆ្នាំង ទី២ នៅសាលាលេខប្រាំ ហើយទី៣ គឺនៅព្រែកក្ដាម៖ «តាមដេញប្រផាប់ចាប់ប្រភីងខ្ញុំ កុំតែអំពើល្អខ្ញុំជួយ កុំអីខ្ញុំត្រូវបានចាប់បាត់ហើយបាទ!»។
តបទៅនឹងការអះអាងរបស់លោក ជូង ជូងី ស្ដីពីការប៉ុនប៉ងចាប់រូបលោកនោះអគ្គលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ បានបដិសេធដោយបញ្ជាក់ថា គ្មានការប៉ុនប៉ងចាប់ខ្លួនលោកមេធាវី ជូង ជូងី ឡើយ៖ «ជាផ្លូវច្បាប់ ចង់ចាប់ខ្លួននរណាម្នាក់ ពលរដ្ឋកម្ពុជាហ្នឹង ត្រូវតែមានដីការបស់តុលាការ ហើយប្រសិនបើមានការប៉ុនប៉ងចាប់ខ្លួនមែនពីម្សិលមិញ គេចាប់ថ្ងៃហ្នឹងបាត់ហើយ មិនបាច់ឲ្យគាត់ធ្វើសន្និសីទកាសែតទេ។ គាត់មកតាមណា កុំឲ្យគេចាប់ខ្លួន? ទេ! បើសិនជាមានដីកាតុលាការ អាហ្នឹងគេអនុវត្តបាន បើអត់ដីកាធ្វើម៉េចកើត យើងខុសច្បាប់ហើយបាទ!»។
ទាក់ទិននឹងករណីរបស់លោកមេធាវី ជូង ជូងី អនុប្រធានការិយាល័យស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ថា តាមរយៈទឹកមុខ និងសម្ដីរបស់លោកមេធាវី ជូង ជូងី បង្ហាញថា លោកមេធាវីបានរងសម្ពាធ និងមានការភ័យខ្លាច ប៉ុន្តែលោក ជូង ជូងី នៅតែមានជំហររឹងមាំ និងមានឆន្ទៈក្នុងការទាមទារសេរីភាពសម្រាប់រូបគាត់ដែលមានអាជីពជាមេធាវី និងទាមទារនូវយុត្តិធម៌សម្រាប់សង្គមទាំងមូល។
លោក ចាន់ សុវ៉េត៖ «ហើយខ្ញុំគិតថា បុគ្គលគ្រប់រូប បើដូចរូបគាត់ គាត់អាចបង្ហាញអំពីជំហរយ៉ាងពិតប្រាកដថា យុត្តិធម៌ហ្នឹងត្រូវស្ថិតនៅក្នុងដៃអ្នកដែលត្រូវការ មិនមែនអ្នកដែលមិនត្រូវការយុត្តិធម៌នោះទេ»។
ព័ត៌មានស្ដីពីការចាប់ខ្លួនលោកមេធាវី ជូង ជូងី បានធ្វើឲ្យសមាជិកគ្រួសាររបស់លោកមេធាវី តំណាងរាស្ត្រ និងមន្ត្រីគណបក្ស សម រង្ស៊ី ជាច្រើននាក់តាមរកលោក ហើយមន្ត្រីសិទ្ធិមនុស្សមួយចំនួនក៏បានតាមឃ្លាំមើលព្រឹត្តិការណ៍នេះដែរ ដោយពួកគេទៅរង់ចាំនៅតុលាការខេត្តកណ្ដាល ចាប់តាំងពីម៉ោងប្រមាណ ១១ព្រឹក រហូតដល់ម៉ោងប្រហែល ៥ និង ៣០នាទីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១៕