អ្នកយកព័ត៌មានអាស៊ីសេរី ប្រចាំក្រុងបាងកក បានរាយការណ៍ពីកន្លែងកើតហេតុមកថា ក្រុមបាតុករនៃសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យបានបើកការប្រយុទ្ធតបតជាមួយក្រុមប៉ូលិសដែលប្រដាប់ដោយខែលនិងកាំភ្លើងបាញ់ឧស្ម័ន្មបង្ហូរទឹកភ្នែក ហើយពួកគេបានគ្រប់គ្រងវិមានរដ្ឋសភាទាំងមូលនៅរសៀលថ្ងៃអង្គារនេះ។
មេដឹកនាំក្រុមសម្ព័ន្ធភាពដើម្បីលទ្ធិប្រជាធិបតេយ្យ លោក សុន្ធិ លីមថុងគុល ដែលបានដឹកនាំក្រុមបាតុករចូលទៅខាងមុខវិមានរដ្ឋសភា បានថ្លែងទទូចឲ្យលោក ស៊ុមឆៃ រំលាយរដ្ឋាភិបាលរបស់លោកត្រឹមល្ងាចម៉ោង៦ ថ្ងៃអង្គារនេះ។
លោក សុន្ធិ បានព្រមានថា លោកនឹងធ្វើឲ្យស្ថានការណ៍រឹតតែអាក្រក់ជាងនេះ ប្រសិនបើលោក ស៊ុមឆៃ វង់សាវ៉ាត់ មិនចុះចេញពីតំណែងទេនោះ។
ភ្លាមៗនោះ នៅប្រហែលម៉ោង២រសៀលថ្ងៃដដែល ទូរទស្សន៍ថៃបានអានសេចក្តីប្រកាសលាលែងពីមុខតំណែងឧបនាយករដ្ឋមន្រ្តី ដោយលោកឧត្តមសេនីយ៍ ឆាវលីត យុងចៃយុត ដែលទើបចូលកាន់មុខតំណែងបានប្រហែលកន្លះខែនោះ ដើម្បីបង្ហាញនូវការទទួលខុសត្រូវរបស់លោកជុំវិញការប្រើកម្លាំងក្នុងការបង្រ្កាបហ្វូងបាតុករ៕