ការប្រើប្រាស់គ្រឿងស្រវឹង ឬសេពសុរានៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ គេសង្កេតឃើញមិនមែនមានតែនៅក្នុងហាងអាហារដ្ឋាន ឬភោជនីយដ្ឋានធំៗ ឬនៅក្នុងពិធីមង្គលការទាំងឡាយនោះទេ សូម្បីតែនៅក្នុងសាលារៀនមួយចំនួនក៏មានការសេពគ្រឿងស្រវឹងនេះដែរ។ ពិសេស គឺនៅក្នុងពេលមានធ្វើពិធីអ្វីម្ដងៗ ដូចជាជប់លៀងពេលចូលឆ្នាំខ្មែរ ពេលចូលឆ្នាំសកល និងពេលជិតវិស្សមកាល ឬជិតវ៉ាកងជាដើម។
បើទោះបីជាការសេពគ្រឿងស្រវឹងនៅក្នុងសាលារៀនមានម្ដងម្កាលដូចពោលបញ្ជាក់មកនេះក៏ដោយ ប៉ុន្តែការប្រព្រឹត្តនោះ គេបានចាត់ទុកថាជាអំពើមិនល្អ ប៉ះពាល់ដល់គោលការណ៍ច្បាប់អប់រំសីលធម៌ផ្សេងៗ របស់សាលារៀន។ ម្យ៉ាងទៀត ការសេពគ្រឿងស្រវឹងនៅទីនោះអាចជាដើមចមនាំទៅរកការរីករាលដាលចូលទៅក្នុងស្រទាប់យុវវ័យ សិស្សានុសិស្ស។
ដោយបារម្ភពីបញ្ហានេះ ទើបក្រសួងអប់រំយុវជន និងកីឡា ថ្មីៗនេះ បានចេញសេចក្ដីណែនាំមួយហាមប្រាមមិនឲ្យមានការប្រើប្រាស់ ឬសេពគ្រឿងស្រវឹងផងទាំងឡាយគ្រប់ប្រភេទទាំងអស់ នៅក្នុងបរិវេណសាលារៀន ដើម្បីទប់ស្កាត់ ឬបញ្ចៀសកុំឲ្យមានបាតុភាពមិនល្អនៅក្នុងកន្លែងបណ្ដុះបណ្ដាលចំណេះដឹងនោះ។
លោក ប៉ែន សារឿន ប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំយុវជន និងកីឡា។ លោកបានមានប្រសាសន៍ថា សេចក្ដីណែនាំហាមប្រាមមិនឲ្យមានសកម្មភាពប្រើប្រាស់គ្រឿងស្រវឹងផងទាំងឡាយនៅក្នុងបរិវេណសាលារៀននោះ ក៏ដើម្បីពង្រឹងដល់ការអនុវត្តន៍ច្បាប់វិន័យអប់រំរបស់ក្រសួង ហើយនិងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូបង្រៀនផងដែរ ៖ "ព្រោះគ្រូខ្លះគាត់តែងតែនិយមប្រើប្រាស់គ្រឿងស្រវឹង ហើយគាត់មកបង្រៀនសិស្សអីអ៊ីចឹង ជួនកាលខាតបង់ការបង្រៀនដោយគាត់បង្រៀនមិនកើត ហើយដូចជាពិធីផ្សេងៗ បុណ្យសកល ឬមួយក៏ចូលឆ្នាំតែងពិនិត្យឃើញថាការប្រើប្រាស់គ្រឿងស្រវឹងហ្នឹងវាមិនមានប្រើតែគ្រូទេ រហូតដល់សិស្សទៀតឯណោះ"។
សេចក្ដីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្ដីពីការហាមប្រាមមិនឲ្យមានសកម្មភាពប្រើប្រាស់គ្រឿងស្រវឹង ឬការសេពសុរានៅក្នុងបរិវេណសាលារៀន គឺគេហាមទាំងការផ្សព្វផ្សាយពាណិជ្ជកម្ម ឬលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទនៅទីនោះ។ មកដល់ពេលនេះ ក្រសួងអប់រំកំពុងតែជំរុញឲ្យនាយកសាលា លោកគ្រូ អ្នកគ្រូនៅក្នុងសាលារៀនទាំងអស់ ទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេសឲ្យនាំគ្នាអនុវត្តនូវគោលការណ៍ណែនាំនេះ។
សេចក្ដីណែនាំនោះ គេឃើញមានកិច្ចសហការពីអង្គការសុខភាពពិភពលោក ដោយធ្វើទៅតាមរយៈអង្គការចលនាដើម្បីសុខភាពកម្ពុជា។ ការចូលរួមក្នុងកិច្ចការនេះដោយសារតែគេយល់ថា ការសេពគ្រឿងស្រវឹង គឺនឹងបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផ្ទាល់ផង ហើយនិងបង្កគ្រោះថ្នាក់ជាច្រើនទៀតដល់អ្នកដ៏ទៃផង ដូចជាគ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបរសេពគ្រឿងស្រវឹង ឬក៏កើតមានអំពើហិង្សាផ្សេងៗ ជាដើម។
លោកវេជ្ជបណ្ឌិត ម៉ុំ គង់ នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា។ លោកបានមានប្រសាសន៍ថា ការចាប់អារម្មណ៍របស់អង្គការក្រៅរដ្ឋាភិបាល ចូលរួមជួយជំរុញឲ្យមានការហាមប្រាមប្រើគ្រឿងស្រវឹងនៅក្នុងបរិវេណស្ថាប័នសិក្សានានានោះ ពីព្រោះយល់ថា នៅទីនោះគឺជាកន្លែងមួយសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស ៖ "ហើយដែលសាលារៀនជាទូទៅគឺជាថ្នាលមួយបណ្ដុះបណ្ដាលមិនត្រឹមតែចំណេះវិជ្ជាទេ ប៉ុន្តែបណ្ដុះបណ្ដាលផ្នែកសីលធម៌ទៀត។ អ៊ីចឹងបើសិនជាមានការប្រើប្រាស់គ្រឿងស្រវឹងក្នុងសាលាហ្នឹងនាំឲ្យសិស្សគិតថា ការប្រើប្រាស់គ្រឿងស្រវឹង គឺជារឿងល្អមួយ ព្រោះសាលាបានប្រើដែរ"។
ទាក់ទងនិងការហាមប្រាមមិនឲ្យប្រើប្រាស់គ្រឿងស្រវឹង ឬសេពសុរា និងការផ្សព្វផ្សាយពាណិជ្ជកម្ម ហើយនិងការលក់ដូរគ្រឿងស្រវឹងនៅក្នុងបរិវេណសាលារៀននោះ គេឃើញមានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់សិស្សានុសិស្ស ព្រមទាំងគ្រូបង្រៀន ថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនមួយចំនួន នៅទីក្រុងភ្នំពេញ និងនៅតាមខេត្តផ្សេងៗ។
ក្នុងចំណោមអ្នកគាំទ្រទាំងនោះ សកលវិទ្យាធិការនៃគ្រឹះស្ថានសិក្សាឯកជនមួយរូប សុំមិនប្រាប់ឈ្មោះបានបញ្ជាក់ថា ការហាមមិនឲ្យសេពគ្រឿងស្រវឹងនៅក្នុងសាលារៀននេះ គឺជាវិធីមួយបង្ហាញពីគំរូល្អដល់យុវសិស្សគ្រប់រូប ឲ្យចេះពិចារណា ថ្លឹងថ្លែងពីទុក្ខទោសនៃការសេពសុរា ឬសេពគ្រឿងស្រវឹង។ ពីព្រោះបើកាលណាគេសេពគ្រឿងស្រវឹងនឹងធ្វើឲ្យប៉ះពាល់ការសិក្សា ឬអាចឈានទៅរកការបាត់បង់អនាគតរបស់គេ។
ទាក់ទងនិងការប្រើប្រាស់គ្រឿងស្រវឹងសព្វថ្ងៃនេះ ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មលក់ដូរគ្រឿងស្រវឹងជាដើម កំពុងទាក់ទាញយុវវ័យឲ្យចង់សាកល្បង ហើយក្នុងនោះគេឃើញមានយុវជនខ្លះបានសេពគ្រឿងស្រវឹងនោះ ដូចជានៅតាមក្លឹបកំសាន្ដផ្សេងៗ និងតាមភោជនីយដ្ឋាន។ល។
យុវនិស្សិតមួយរូបឈ្មោះ ង៉ោល គាន រៀននៅសកលវិទ្យាល័យកម្ពុជា ដែលជាគ្រឹះស្ថានសិក្សាឯកជនមួយនៅភ្នំពេញ បានបញ្ជាក់ថា បញ្ហាសេពសុរារបស់យុវជនមួយចំនួនសព្វថ្ងៃនោះបានធ្វើឲ្យគេជួបបញ្ហាជាច្រើន ដូចជាប៉ះពាល់សុខភាព ប៉ះពាល់ដល់ការចំណាយថវិការបស់គ្រួសារក្នុងការទិញគ្រឿងស្រវឹង។ ហើយប្រការដែលសំខាន់នោះ គឺធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស។ យុវនិស្សិតរូបនោះបានបន្តថា ដូច្នេះការហាមប្រាមមិនឲ្យសេពគ្រឿងស្រវឹងនៅក្នុងបរិវេណសាលារៀនបើទោះជាក្នុងលក្ខណៈជាមួយជ្រុងក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់បម្រាមនោះក៏អាចជួយដាស់តឿនក្រើនរំលឹកដល់យុវសិស្ស ឬយុវវ័យឲ្យមានស្មារតីប្រុងប្រយ័ត្ន និងនាំគ្នាចៀសវាងការសេពសុរា ឬគ្រឿងស្រវឹងបានមួយកម្រិតដែរ ៖ "អ៊ីចឹងយុវជនខ្លួនឯងហ្នឹងត្រូវមានការគិតថា បើកាលណាសេពគ្រឿងស្រវឹងចូលក្នុងខ្លួន វាប៉ះពាល់ដល់សុខភាពចំពោះខ្លួនឯង វាប៉ះពាល់ដល់ប្រាក់ចំណូលរបស់យើង ធ្វើឲ្យបាត់បង់ ហើយវាប៉ះពាល់កិត្តិយសចំពោះគ្រួសារខ្លួនឯង ហើយទាក់ទងហ្នឹងប្រទេសជាតិ គឺប្រទេសជាតិដែលពោរពេញទៅដោយយុវជនដែលមិនមានសក្ដានុពល"។
បញ្ជាក់ប្រាប់ស្រដៀងគ្នានេះដែរ លោក ចាន់ ថា នាយករងសាលាបឋមសិក្សាឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ លោកបានមានប្រសាសន៍ថា ទាក់ទងនិងបញ្ហាប្រើប្រាស់គ្រឿងស្រវឹង តាមពិតទៅនៅក្នុងសាលារៀនរបស់លោកតាំងតែពីដើមមកមិនធ្លាប់ឲ្យមានទេ សូម្បីក្នុងពិធីជប់លៀងអ្វីក៏ដោយ ក៏ហាមមិនឲ្យនាំគ្រឿងស្រវឹងចូលទៅក្នុងសាលារៀនដែរ។
លោកបានបន្តថា ការហាមឃាត់មិនឲ្យសេពគ្រឿងស្រវឹងនៅក្នុងសាលារៀនឫស្សីជ្រោយតាំងពីមុនចេញសារាចរណែនាំរបស់ក្រសួងនោះ គឺហាមទាំងគ្រូបង្រៀន និងទាំងសិស្សានុសិស្ស ៖ "កាលណាយើងស្រវឹងទៅជាធម្មតា វាអាចជិះម៉ូតូ វាអាចជិះកង់វាលឿនវាអីអ៊ីចឹងទៅ វានាំឲ្យមានបញ្ហាគ្រោះថ្នាក់"។
បញ្ហាប្រើប្រាស់គ្រឿងស្រវឹង ឬការសេពសុរា លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ អ្នកឯកទេសផ្នែកជំងឺថ្លើម ក្រពះ និងពោះវៀននៃមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។ លោកបានមានប្រសាសន៍ថា ការសេពសុរា ទោះជាប្រភេទស្រាអ្វីក៏ដោយ បើមនុស្សនិយមប្រើប្រាស់នោះ គឺវានឹងធ្វើឲ្យប៉ះពាល់សុខភាពខ្លាំងណាស់ ដូចជានាំឲ្យកើតជំងឺរលាកថ្លើម រលាកលំពែងរ៉ាំរ៉ៃ ឬក៏ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទជាដើម។
មន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ប្រាប់ដែរថា ដោយបានឃើញនូវគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើប្រាស់គ្រឿងស្រវឹង ហើយនិងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមផងនោះ ទើបក្រសួងអប់រំដោយមានកិច្ចសហការពីអង្គការក្រៅរដ្ឋាភិបាល ប្រឹងប្រែងជំរុញឲ្យនាយកសាលា លោកគ្រូ អ្នកគ្រូនៅក្នុងសាលារៀនទាំងអស់ ទាំងរដ្ឋ និងឯកជនឲ្យអនុវត្តគោលការណ៍អប់រំហាមមិនឲ្យមានការប្រើប្រាស់គ្រឿងស្រវឹងគ្រប់ប្រភេទទាំងអស់នៅក្នុងបរិវេណសាលារៀន។
ក្រៅពីនេះទៀត ក្រសួងអប់រំយុវជន និងកីឡាកន្លងមកក៏បានបញ្ចូលកម្មវិធីអប់រំស្ដីអំពីការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងមេរៀនផងដែរ ដើម្បីជួយទប់ស្កាត់កុំឲ្យគ្រូបង្រៀន និងសិស្សានុសិស្សប្រព្រឹត្តគ្រឿងស្រវឹង។
មន្ត្រីដដែលបានបន្ថែមថា សាលារៀននៅទូទាំងប្រទេសសព្វថ្ងៃនេះ ទាំងកម្រិតបឋមសិក្សា និងមធ្យមសិក្សាមានចំនួនជាង ៧០០០សាលា។ ចំណែកគ្រូបង្រៀនមានចំនួនជាង ១០ម៉ឺននាក់ ហើយនិងសិស្សានុសិស្សមានចំនួនជាង ៣លាននាក់៕