ក្រសួង​ពាណិជ្ជកម្ម​ស្នើ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​កសិផល​សម្រាប់​នាំចេញ

ក្រសួង​ពាណិជ្ជកម្ម​ស្នើ​ឲ្យ​ក្រុមហ៊ុន​កូរ៉េខាងត្បូង វិនិយោគ​លើ​ការបង្កើត​រោងចក្រ​កែច្នៃ​កសិផល​មួយចំនួន រួម​មាន ផ្លែស្វាយ ចេក និង​ផ្លែ​មៀន​ជាដើម សំរាប់​ការ​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ។

កា​រស្នើសុំ​នេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ជាមួយ​អនុប្រធាន​សមាគម​អ្នក​នាំចូល​កូរ៉េ (Korean Importers Association -KOIMA)

លោក យ៉ាង ហ្គាយវ៉ង (Gyuhwa JANG) កាល​ថ្ងៃទី​៣ ខែ​ឧសភា​។ លោក ប៉ាន សូរ​ស័ក្តិ អះអាង​ថា ក្រសួង​ពាណិជ្ជកម្ម​ត្រៀមខ្លួន​ជាស្រេច ដើម្បី​គាំទ្រ និង​សម្របសម្រួល វិនិយោគិន​កូរ៉េខាងត្បូង ដើម្បី​បំពេញ​បែបបទ​តាម​នីតិវិធី។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន រីចហ្វាម អេស៊ា (Rich Farm Asia) ដែល​ជា​ក្រុមហ៊ុន​ដាំ​ដុះ​និង​នាំចេញ​ផ្លែ​ចេក និង​ផ្លែស្វាយ ទៅកាន់​ទីផ្សារ​អន្តរជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គណៈប្រតិភូ​នៃ​សមាគម​អ្នក​នាំចូល​កូរ៉េ ក៏បាន​ទៅ​ពិនិត្យ​មើល​នៅ​ចំការ​ចេក និង​ចំការ​ស្វាយ​របស់​លោក ដើម្បី​មើល​ពី​ការ​ដាំដុះ​។ លោក​ថា កសិផល​កម្ពុជា មិនអាច​ពឹង​ផ្អែកលើ​ទីផ្សារ​ចិន​តែមួយ​បានទេ។

លោក យ៉ាង ហ្គាយវ៉ង ឲ្យ​ដឹង​ថា សមាគម​អ្នក​នាំចូល​កូរ៉េ មាន​សមាជិកសមាគម​ប្រមាណ ១​ម៉ឺន​៥​ពាន់​ក្រុមហ៊ុន (១៥.០០០) និង​កំពុង​វិនិយោគ​លើ​គ្រប់​វិស័យ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​កូរ៉េខាងត្បូង​។ លោក​បន្តថា នៅ​កូរ៉េ​មាន​តម្រូវការ​ផលិតផល​ស្វាយ​ច្រើន ដូចនេះ ការ​នាំចូល​ស្វាយ​ពី​កម្ពុជា យ៉ាង​ហោច​ក៏ ១ ម៉ឺន​តោន​ក្នុង ១ ឆ្នាំ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​កូរ៉េ។

របាយការណ៍​អគ្គនាយកដ្ឋាន​កសិកម្ម បង្ហាញ​ថា ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២២ ការនាំចេញ​ស្វាយ​ស្រស់ និង​ផលិតផល​កែច្នៃ​ពី​ស្វាយ បាន​ធ្លាក់ចុះ ក្នុង​នោះ​ស្វាយ​ស្រស់​មាន​ចំនួន​ជាង​៨ ម៉ឺន​តោន (៨១.៤១៨តោន) គឺ​ថយ​ជាង ២០% និង​ដំណាប់​ស្វាយ​ធ្លាក់ចុះ​ជាង​១៣% ដែលមាន​ចំនួន​ជាង​៥​ពាន់​តោន (៥.១៣៦) និង​ទឹកសេរ៉ូ​ស្វាយ មាន​ចំនួន ៤​រយ​តោន​( ៤០៣) ដែល​ថយ​ចុះ​ជាង ៧៥%៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។