ប្រជា​សហគមន៍​ខេត្តកំពង់ស្ពឺ​បារម្ភ​សត្វព្រៃ​ងាប់​ដោយសារ​ខ្វះ​ទឹក ក្នុង​ពេល​អាកាសធាតុ​កើន​កម្ដៅ

0:00 / 0:00

ប្រជា​សហគមន៍​ខេត្តកំពង់ស្ពឺ​ព្រួយបារម្ភ ពី​អនាគត​សត្វព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ ដែល​កំពុង​រស់នៅ​ក្នុង​ព្រៃ​សហគមន៍​ប្រាំបី​មុំ កំពុង​ប្រឈម​បញ្ហា​ខ្វះ​ទឹក។ ពួក​គាត់​ស្នើសុំ​អាជ្ញាធរ​ឱ្យ​ជីក​ស្រះ​ទឹក និង​អណ្ដូង​បន្ថែម​ទៀត ដើម្បី​សង្គ្រោះ​សត្វព្រៃ​កម្រ​ទាំង​នេះ។

ក្នុង​ពេល​អាកាសធាតុ​កើន​កម្ដៅ​ខ្លាំង ចាប់​តាំង​ពី​ខែមករា រហូត​ដល់​ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បង្ក​ការ​គំរាម​កំហែង​ដល់​ប្រភព​ទឹក​មួយ​ចំនួន ក្នុង​ព្រៃ​សហគមន៍​ប្រាំបី​មុំ ដោយ​តំបន់​ខ្លះ​ទឹក​រីង​ខះ ប៉ះពាល់​សត្វព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ។ រីឯ​ព្រៃ​នៅ​តំបន់​មួយ​ចំនួន​ទៀត ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​មួយ​ផ្នែក​ធំ បណ្ដាល​ឱ្យ​ស្មៅ និង​ដើម​ឈើ ដែល​ជា​ចំណី​របស់​សត្វព្រៃ​ខ្លោច​ក្រៀម​ស្វិត​ងាប់​ជា​បន្ត​បន្ទាប់។

ប្រធាន​សហគមន៍​ប្រាំបី​មុំ លោក សឿន ឡាយ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៨ កុម្ភៈ​ថា បច្ចុប្បន្ន​ព្រៃ​សហគមន៍​ប្រាំបី​មុំ​មាន​កូន​ស្រះ​ទឹក​តូចៗ ចំនួន ៣ កន្លែង ដែល​បូម​ទឹក​ចេញ​ពី​អណ្ដូង​ក្រោម​ដី ដើម្បី​ផ្គត់ផ្គង់​ទឹក​សម្រាប់​សត្វព្រៃ។

លោក​ថា ប្រភព​ទឹក​ទាំង​នេះ​មិន​អាច​បំពេញ​តម្រូវការ សត្វព្រៃ​ផឹក​គ្រប់គ្រាន់​នោះ​ឡើយ ដោយសារ​អណ្ដូង​ទឹក​មួយ​ចំនួន​បាន​រីង​ខះ។

លោក​យល់​ថា ប្រសិនបើ​ព្រៃ​អភិរក្ស​នេះ​មាន​ស្រះ​ទឹក​ធំៗ នឹង​អាច​សង្គ្រោះ​សត្វព្រៃ​បាន​ច្រើន។

លោក សឿន ឡាយ៖«បើសិន​មាន​ស្រះ​ធំ​ស្តុក​ទឹក​ច្រើន វា​មាន​សត្វស្លាប​ច្រើន​ដែរ​រស់នៅ និយាយ​រួម សត្វស្លាប​តូចៗ ច្រើន​រស់​ជុំ​គ្នា។ ពួក​យើង​ចង់​បាន​ស្រះ​ទឹក​ធំៗ ដើម្បី​ស្តុក​ទឹក​នៅ​ពេល​ខាង​ណា​ដាច់​ទឹក យើង​នឹង​បង្ហូរ​ទៅ​ខាង​នោះ»។

ព្រៃ​សហគមន៍​ប្រាំបី​មុំ​មាន​ផ្ទៃដី​ជាង ១ពាន់ ២រយ​ហិកតារ (១.២៥២) ឋិត​ក្នុង​ភូមិ​ចំនួន៣ ក្នុង​ឃុំប្រាំបី​មុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ព្រៃ​អភិរក្ស​នេះ សម្បូរ​សត្វព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ​កំពុង​រស់នៅ រួមមាន សត្វ​ទន្សោង ជ្រូកព្រៃ និង​ក្ងោក ជា​ដើម។

អ្នកភូមិ​ថា ដើម​ឈើ​ធំៗ ក្នុង​តំបន់​អភិរក្ស​នេះ ត្រូវ​បាន​គេ​កាប់​អស់​ស្ទើរតែ​ទាំង​ស្រុង បច្ចុប្បន្ន នៅ​សល់​តែ​ដើម​ឈើ​តូចៗ និង​ព្រៃ​រេចរឹល ដែល​សហគមន៍​ដាំ​ស្ដារ​ឡើង​វិញ។

រីឯ​ប្រភព​ទឹក​អូរ​ធម្មជាតិ ដែល​ជា​មេទឹក​សំខាន់ៗ សម្រាប់​សត្វព្រៃ​ចិញ្ចឹម​ជីវិត ត្រូវ​ក្រុមហ៊ុន​របស់​ឧកញ៉ាលី យ៉ុងផាត់ ហ៊ុមព័ទ្ធ​យក​ធ្វើ​កសិកម្ម។

ប្រធាន​បណ្ដាញ​សហគមន៍​ការពារ​ព្រៃឈើ ខេត្តកំពង់ស្ពឺ លោក លីវ សារុំ បារម្ភ​អំពី​អាកាសធាតុ​កើន​កម្ដៅ ធ្វើ​ឱ្យ​សត្វព្រៃ​ពិបាក​រស់នៅ ហើយ​ពួក​វា​នឹង​អាច​ផ្លាស់​ទី​ទៅ​តំបន់​ផ្សេងៗ ប្រឈម​នឹង​ហានិភ័យ។

លោក​បន្ថែម​ថា កន្លង​ទៅ​តំបន់​នោះ​សម្បូរ​ដើម​ឈើ​ធំៗ និង​ព្រៃ​ស្រោង​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​សត្វព្រៃ​រស់នៅ​យ៉ាង​សុខសាន្ត ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ ដើម​ឈើ​ធំៗ បាត់បង់​អស់ ប្រភព​ទឹក​ក៏​ខ្សត់​ដែរ ធ្វើ​ឱ្យ​សត្វព្រៃ​ងាប់​ជា​បន្តបន្ទាប់៖

លោក លីវ សារុំ៖«យើង​មាន​ការ​ព្រួយ​បារម្ភ​មែនទែន ដោយសារ​សត្វ​កំពុង​រស់នៅ​ក្នុង​ព្រៃ​នោះ​ច្រើន ប្រសិន​ជា​យើង​ខ្វះ​ប្រភព​ទឹក ហើយ​ក្ដៅ សត្វ​នឹង​អាច​រត់​ចេញ​ទៅ​នៅ​តំបន់​ផ្សេង អ៊ីចឹង​យើង​មាន​ការ​ព្រួយ​បារម្ភ​មែនទែន ដោយសារ​អាកាសធាតុ​ក្ដៅ»។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៨ កុម្ភៈ។ រីឯ​អភិបាល​ខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

អត្ថបទដែលទាក់ទង៖

សត្វព្រៃក្នុងដែនជម្រកសត្វ ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ងាប់​ជាបន្តបន្ទាប់ ពេល​អាកាសធាតុកើនកម្ដៅ

សហគមន៍ខេត្តមណ្ឌលគិរីបារម្ភអំពីសុវត្ថិភាពដំរីជាច្រើន​ក្បាល ប្រឈមការ​ខ្វះទឹក

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ សង្កេត​ឃើញ​ថា ការ​ប្រែប្រួល​អាកាសធាតុ​ឆ្នាំ​នេះ នឹង​បង្ក​ហានិភ័យ​ខ្ពស់​សម្រាប់​សត្វព្រៃ ហេតុ​នេះ រដ្ឋាភិបាល​គួរតែ​ផ្តល់​ដំណោះស្រាយ​ជា​បន្ទាន់ ដើម្បី​សង្គ្រោះ​ជីវិត​សត្វព្រៃ។

លោក​ថា អាជ្ញាធរ​គួរតែ​ជីក​ស្រះ​ទឹក​ធំៗ ឱ្យ​ច្រើន ក្នុង​ព្រៃ​សហគមន៍ និង​ស្ដារ​ប្រភព​ទឹក​អូរ​ឱ្យ​ជ្រៅ​គ្រប់​ច្រក​ល្ហក ដើម្បី​រក្សា​ទឹក​ចិញ្ចឹម​ជីវិត​គ្រប់​រដូវ។

លោក ប៉ែន ប៊ុណ្ណារ៍៖«មែនទែន​ទៅ ធនធាន​ធម្មជាតិ និង​សត្វព្រៃ យើង​ត្រូវតែ​គិតគូរ​ឱ្យ​បាន​ច្រើន ដើម្បី​បរិស្ថាន​ទេសភាព ពីព្រោះ​កាល​ណា​បាត់​ព្រៃ សត្វ​ក៏​បាត់​អស់​ដែរ។ អ៊ីចឹង វា​ក៏​គ្មាន​ន័យ​អ្វី​ដែរ ដោយសារ​ព្រៃ​លែង​មាន​គុណភាព​ឱ្យ​សត្វ​រស់នៅ»។

ចំណែក​ប្រជា​សហគមន៍​នៅ​ឯ​ខេត្តឧត្តរមានជ័យ​ឱ្យ​ដឹង​ថា សត្វព្រៃ​ជា​ច្រើន​ប្រភេទ​នៅ​ ព្រៃ​សង្ឃ​សហគមន៍​រុក្ខាវ័ន កំពុង​ប្រឈម​ខ្វះ​ទឹក បូក​ផ្សំ​នឹង​ភ្លើង​ឆេះ​ព្រៃ ធ្វើ​ឱ្យ​ពួក​វា​បាត់បង់​អាហារ និង​ទីជម្រក។

ពួក​គាត់​អះអាង​ថា សត្វព្រៃ​កំពុង​ប្រឈម​គ្រោះថ្នាក់​ខ្លាំង រួមមាន សត្វ​ទន្សោង ប្រើស ខ្ទីង ស្វា និង ជ្រូក​ព្រៃ​ជា​ដើម ដែល​ត្រូវការ​ទឹក​ផឹក និង​ចុះ​ត្រាំ​ក្នុង​ទឹក ក៏​ប៉ុន្តែ ប្រសិនបើ​គ្មាន​ប្រភព​ទឹក​ចិញ្ចឹម​ជីវិត​ទេ នឹង​ធ្វើ​ឱ្យ​សត្វ​កម្រ​ទាំង​នេះ​ងាប់​ជា​បន្តបន្ទាប់ ហើយ​អាច​នឹង​ផុត​ពូជ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។