អ្នកនាំពាក្យបក្សកាន់អំណាចថា អ្នកពុលស្រាសល្មមនឹងស្លាប់ព្រោះហ៊ានយកថ្នាំសម្លាប់សត្វល្អិតលាយស្រាផឹក។ ការលើកឡើងបែបនេះ ខណៈពលរដ្ឋស្លាប់ដោយសារពុលស្រាសនៅខេត្តកំពង់ឆ្នាំងបានកើនឡើងដល់ ៧នាក់ហើយ ក្នុងចំណោមអ្នកពុលសរុបចំនួន ១៣១នាក់។
មន្រ្តីអង្គការសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលគួរតែទទួលខុសត្រូវលើករណីអាជីវកម្មស្រាស ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់នេះ ជាជាងទម្លាក់កំហុសទៅលើអ្នកទិញ ឬប្រជាពលរដ្ឋ។
ករណីពលរដ្ឋពុលស្រាសស្លាប់នេះ អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា រឿងពុលស្រាសនេះមានច្រើនដងហើយ ហេតុអីពលរដ្ឋមិនរាងចាល។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះបានលើកឡើងបែបនេះ ក្នុងបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់លោកថ្ងៃទី២៩ ខែវិច្ឆិកា។ លោកលើកឡើងថា ពលរដ្ឋដែលហ៊ានយកថ្នាំសម្លាប់សត្វល្អិតមកលាយស្រាផឹកនោះ ល្មមនឹងស្លាប់មែន។ លោកបន្តថា៖ «ខ្លួនឯងចង់ស្លាប់ហើយ តើឱ្យនរណាជួយបាន ?»។
ឆ្លើយតបនឹងការលើកឡើងរបស់លោក សុខ ឥសាន នេះ អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា លើកឡើងថា បើពលរដ្ឋដឹងថា ស្រាសនោះពុលគ្មានអ្នកណាហ៊ានទិញផឹកនោះទេ។ លោកយល់ថា ការទទួលខុសត្រូវរឿងនេះមួយផ្នែកធំគឺអាជ្ញាធរមានសមត្ថកិច្ចដែលមិនបានត្រួតពិនិត្យត្រឹមត្រូវលើអាជីវកម្មនេះ៖ «យើងគិតថា បើមានពលរដ្ឋណាដឹងថា ស្រាណឹងពុលហើយគឺនៅផឹកឱ្យប៉ះពាល់អាយុជីវិតរបស់ខ្លួនទេ » ។
សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែវិច្ឆិកាឱ្យដឹងថា ពលរដ្ឋពុលស្រានៅខេត្តកំពង់ឆ្នាំងសរុបចំនួន ១៣១នាក់ ពុលចូលពេទ្យព្យាបាល ក្នុងនោះស្លាប់ ៧នាក់។ ក្រសួងឱ្យដឹងទៀតថា ក្នុងចំណោមអ្នកពុលស្រាទាំង ១៣១នាក់នេះ ក៏មានស្រ្តី ៦នាក់ដែរ តែមកទល់ពេលនេះ មានអ្នកជាសះស្បើយចំនួន ៩០នាក់ហើយ។ ករណីសង្ស័យពុលស្រាសនេះ កើតឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា នៅឃុំខ្លុងពពក ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ហើយមូលហេតុដោយពលរដ្ឋចូលរួមកំដរបុណ្យសពក្នុងភូមិ ហើយជួបជុំគ្នាពិសាស្រាស។
ទាក់ទងព័ត៌មានលម្អិតពីករណីនេះ អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺបន្ថែមពីប្រធានមន្ទីរសុខាភិបាលលោកបានប្រាក់ វ៉ុន ជាច្រើនដងតាមទូរស័ព្ទនៅថ្ងៃទី៣០ ខែវិច្ឆិកា តែលោកមិនលើកទូរស័ព្ទ។ រីឯរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ។
អ្នកសម្របសម្រួលទទួលបនន្ទុកឃ្លាំមើលនិងអង្កេត អង្គការលីកាដូ ខេត្តកំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី ប្រាប់ថា អង្គការមិនទាន់បានបើកការអង្កេតលើបញ្ហានេះនៅឡើយទេ ប៉ុន្តែ កំពុងឃ្លាំមើលការអនុវត្តការរបស់សមត្ថកិច្ច៖ «ករណីស៊ីវិលអ៊ីចឹងយើងអត់ចុះទេព្រោះយើងធ្វើទាល់តែមានអ្នកដាក់បណ្ដឹងអាជ្ញាធរឬអាជ្ញាធរគេតាមដានអ៊ីចឹង»។
ក្រោយកើតមានបញ្ហានេះ ក្រសួងសុខាភិបាលចាត់វិធានការហាមការផឹកស្រាស និងបញ្ឈប់ការធ្វើចរាចរលក់ដូរស្រាសជាបន្ទាន់។ ក្រសួងសុខាភិបាលឱ្យដឹងដែរថា ស្ថានការណ៍ចុងក្រោយនេះអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលមានការវិវត្តមកស្ថានភាពល្អប្រសើរវិញហើយ។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា ស្នើទៅស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធឱ្យអនុវត្តការងារដែលខ្លួនបានដាក់ឱ្យបានម៉ឺងម៉ាត់ ខណៈបញ្ហានេះតែងកើតឡើងញឹកញាប់ និងបានធ្វើឱ្យពលរដ្ឋបាត់បង់ជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។