លោក ហ៊ុន សែន ត្រូវ​​ក្រុង​ក្នុង​ផ្ទះ ១៤​ថ្ងៃ ក្រោយ​ជួប​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ដែល​ផ្ទុក​កូវីដ១៩

0:00 / 0:00

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​របស់​លោក កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក ចំនួន ១៤​ថ្ងៃ ក្រោយ​ជួប​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី (Hungary) ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ​-១៩។

​អ្នកឃ្លាំមើល​សង្គម ថា​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ភាព​ធ្វេសប្រហែស និង​បំពាន​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដែល​អាច​នាំ​ហានិភ័យ​ដល់​សុខភាព​សាធារណៈ។

អ្នកឃ្លាំមើល​សង្គម​លោក​បណ្ឌិត សេង សារី ថា ការណ៍​ដែល​មន្ត្រី​ជាន់ខ្ពស់ នៃ​រដ្ឋាភិបាល​កម្ពុជា ប្រព្រឹត្ត​រំលង​គោលការណ៍​សុវត្ថិភាព និង​សេចក្តី​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុង​ជំនួប​ជាមួយ​​រដ្ឋមន្ត្រីការ​បរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី លោក ភីតធ័រ ស្ស៊ី​យ៉ា​តូ (Peter Szijjarto) ក្នុង​ពេល​ដែល​ពិភពលោក កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ​-១៩​នេះ មិន​ត្រឹមតែ​ជា​ការ​ធ្វេសប្រហែស និង​បំពាន​ប៉ុណ្ណោះ​ទេ តែ​ជា​គំរូ​អាក្រក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ថែម​ទៀត​ផង៖ «វា​ជា​ការ​បំពាន​ទៅលើ​លក្ខខណ្ឌ​របស់​ក្រសួង​សុខាភិបាល ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​ខ្លួនឯង​ ! វា​ធ្វើជា​គំរូ​មួយ ដែល​បង្ហាញ​ថា ខ្លួនឯង ជា​អ្នក​ដាក់​លក្ខខណ្ឌ ឲ្យ​ពលរដ្ឋ​គោរព​ទៅ​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល ប៉ុន្តែ​ខ្លួន​ឯង​បែរជា​បំពាន​គោលការណ៍​ខ្លួនឯង​ទៅ​វិញ។ ទោះបីជា​យ៉ាងណាក៏ដោយ នេះ​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ដែរ ដែល​កើតឡើង ហើយ​បើ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ទៅដល់​សុខភាព​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ហ្នឹង វា​ជា​រឿង​ដ៏​សោកស្ដាយ​សម្រាប់​យើង​ក្នុង​នាម​ជា​ពលរដ្ឋ»។

ក្រសួង​សុខាភិបាល ដាស់​តឿន និង​ក្រើន​រម្លឹក​ជាប្រចាំ ថា​ជំងឺ​កូវីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​ជាប់​ជានិច្ច​។ ក្រសួង​សូម​ពលរដ្ឋ​ទាំងអស់ ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ព្រោះ​ប្រទេសជិតខាង​កម្ពុជា និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូវីដ​-១៩ ដ៏​ខ្លាំងក្លា​នៅ​ឡើយ​។ ជា​គោលការណ៍ ដើម្បី​រក្សា​គម្លាត​បុគ្គល ក្រសួង​ស្នើ​ឲ្យ​អង្គុយ ឈរ​រង់ចាំ ឈរ​ជជែក ត្រូវ​រក្សា​គម្លាត​ពី​គ្នា និង​ត្រូវ​បន្ត​ពាក់​ម៉ាស់ នៅ​ពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែល ដើម្បី​សម្លាប់​មេរោគ។

លោក ហ៊ុន សែន ដែល​ត្រូវ​បាន​អ្នកកាសែត​ចិន ឲ្យ​រហស្សនាម​ថា ជា​បុរស​សង្ហា​ដើរ​បញ្ច្រាស​ទិស និង​ពី​ដំបូងៗ ធ្លាប់​ប្រាប់​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ខ្លាច​ជំងឺ​កូ​វីដ​-១៩ និង​មិន​ចាំបាច់​ពាក់​ម៉ាស់​នោះ ក្រោយមក ក៏​ងាក​មក​ធ្វើជា​ផ្ញើ​សារ​តាម​ហ្វេសប៊ុក ប្រាប់​ពលរដ្ឋ​ជារឿយៗ ឲ្យ​គោរព​គោលការណ៍​ណែនាំ អំពី​សុវត្ថិភាព របស់​ក្រសួងសុខាភិបាល​។ ប៉ុន្តែ​ខ្លួន​លោក​ផ្ទាល់ និង​មន្ត្រី​ហែហម​លោក​ជាច្រើន មិន​អនុវត្ត​តាម​គោលការណ៍​នេះ​ទេ ដោយ​មិន​ដែល​ពាក់​ម៉ាស់ ពេល​ជួប​មន្ត្រី​បរទេស និង​ពេល​ចុះ​ជួប​ប្រជា​ពលរដ្ឋ​តាម​ខេត្ត។

ជា​ឧទាហរណ៍​ជាក់ស្ដែង កាល​ពី​ពេល​ជួប​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី កាលពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា​នោះ លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​របស់​លោក មិន​ពាក់​ម៉ាស់​ទេ ស្រប​ពេល​ដែល​មន្ត្រី​ប្រតិភូ​ហុងគ្រី​ពាក់​ម៉ាស់​ទាំងអស់ អត់​តែ​លោក​រដ្ឋមន្ត្រីការបរទេស ភីតធ័រ ស្ស៊ីយ៉ាតូ (Peter Szijjarto)។

នៅ​ថ្ងៃ​ដដែល ក្រោយ​គណៈប្រតិភូ​ហុងគ្រី ចាក​ចេញពី​កម្ពុជា ទៅ​កាន់​ប្រទេស​ថៃ អាជ្ញាធរ​ថៃ​បាន​ធ្វើ​តេស្ត​រក​ឃើញ រដ្ឋមន្ត្រីការបរទេស​ហុងគ្រី​រូប​នោះ មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ តែ​មន្ត្រី​ហុងគ្រី ១២ នាក់​ទៀត ដែល​អម​ដំណើរ​ជាមួយ មិន​មាន​ផ្ទុក​ជំងឺ​នេះ​ទេ។

ដោយសារ​ការ​ធ្វេស​ប្រហែស និង​បំពាន​គោលការណ៍​ក្រសួងសុខាភិបាល​នេះ លោក ហ៊ុន សែន ភរិយា​របស់​លោក ក្រុម​អង្គរក្ស និង​អ្នកបើកបរ​សរុប​ចំនួន ១៨ នាក់ ត្រូវ​ធ្វើ​ចត្តាឡីស័ក ១៤​ថ្ងៃ រង់ចាំ​ការ​តាមដាន​សុខភាព​បន្ត។

ដោយឡែក​រដ្ឋមន្ត្រី និង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និង​ក្រសួង​ធនធាន​ទឹក ដែល​សុទ្ធតែ​បាន​ជួប និង​ចាប់ដៃ​ជាមួយ​មន្ត្រី​បរទេស​នោះ ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ សម្រេច​ឲ្យ​ធ្វើ​ចត្តាឡីស័ក តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល។

ឯ​ក្រសួង​អប់រំ​ឯណោះ ក៏​ប្រញាប់​ចេញ​សេចក្តី​អំពាវនាវ​ដល់​គ្រឹះស្ថានសិក្សា​ណា ដែល​មាន​បុគ្គលិក​បាន​ចូលរួម និង​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​នឹង​គណៈប្រតិភូ​ហុងគ្រី​នេះ ដោយ​ឲ្យ​ត្រូវ​ផ្អាក​ដំណើរការ​សិក្សា​រយៈពេល ១៤ ថ្ងៃ ស្រប​ពេល​ដែល​អ្នក​ប៉ះពាល់​ផ្ទាល់ ត្រូវ​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ​ដែរ។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​អប់រំ អំពី​មូលហេតុ​អ្វី ដែល​នាំ​ឲ្យ​ក្រសួង ចេញ​សេចក្តី​អំពាវនាវ​បែបនេះ បើ​នៅ​ក្នុង​ជំនួប​កាលពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា មិន​មាន​សេចក្ដី​រាយការណ៍​ណាមួយ ថា ប្រតិភូ​ហុងគ្រី បាន​ជួប​មន្ត្រី​ក្រសួង​អប់រំ​ណា​ម្នាក់​នោះ​ឡើយ។

អ្នកឃ្លាំមើល​សង្គម​ថា ហានិភ័យ​បែបនេះ គេ​អាច​បញ្ចៀស​បាន ដោយ​គ្រាន់តែ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល រាល់​ពេល​ជួប​មន្ត្រី​បរទេស​បែប​នេះ។

កន្លងមក​លោក ហ៊ុន សែន រង​ការរិះគន់ ថា​ធ្វើ​ផ្គើន​ក្នុង​ស្ថានភាព​ជំងឺ​កូវីដ​-១៩ ដូចជា​ព្រម​ឲ្យ​កប៉ាល់​ទេសចរ​បរទេស ដែល​ដឹក​មនុស្ស​ជាង ២​ពាន់​នាក់ ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ និង​ដឹក​ភ្ញៀវ​តាម​រថយន្ត ដើរលេង​ទៀត​ផង នៅ​ពេល​ដែល​ប្រទេស​ជិត​ខាង និង​ក្នុង​តំបន់ មិន​ហ៊ាន​ឲ្យ​កប៉ាល់​នោះ ចូល​ចត​ប្រទេស​គេ​ទេ ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩។ ក្រោយ​មក​លោក ហ៊ុន សែន បាន​ព្រមាន​បណ្ដេញ​អ្នកណា​ហ៊ាន​ពាក់​ម៉ាស់ ចូល​ក្នុង​សាលសន្និសីទ៖ «នែ៎​ ! នៅ​ក្នុង​ហ្នឹង បើ​សិន​មាន​នរណា​មួយ​ពាក់​ម៉ាស់ ខ្ញុំ​ដេញចេញ​ ! មក​ពាក់​ម៉ាស់​ស្អី នៅ​ក្នុង​កន្លែង​នេះ​ ? នេះ​អត់​មាន​អ្នកណា​ពាក់​ម៉ាស់​ទេ បើសិនជា​ពាក់​ម៉ាស់​ខ្ញុំ​ដេញចេញ​។ អត់​ឲ្យ​នៅ​ហ្នឹង​ទេ​ ! អ្ហែង​ទៅ​ស៊ី​ជាមួយ​ម៉ាស់ ទៅ​នៅ​ជាមួយ​ម៉ាស់​ទៅ​ ! ខ្លា​មិន​ខ្លាច​ទៅ​ខ្លាច​អាចម៍​ខ្លា​ ! វា​ឆ្ងល់​រឿង​កន្លែង​ហ្នឹង​ ! អត់​ទាន់​ងាប់​ម្នាក់​ផង»។

គេ​នៅចាំ​មើល​ថា តើ​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​លោក នឹង​អាច​រួច​ផុត​ពី​ការ​ឆ្លង​នៃ​ជំងឺ​ដ៏​កាច​សាហាវ ដែល​សម្លាប់​មនុស្ស​ជាង ១​លាន ២​សែន​នាក់ (១ ២១៧ ៧៤៥ នាក់ គិត​ត្រឹម​ថ្ងៃ​ទី ០៤ ខែ វិច្ឆិកា​) នៅ​លើ​ពិភពលោក​នេះ ដែរ​ឬ​យ៉ាងណា​? យ៉ាងហោចណាស់ គេ​ត្រូវ​រង់ចាំ​រហូតដល់ ១៤​ថ្ងៃ​ទៀត​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។