ក្រសួង​សុខាភិបាល​បិទ​គ្លីនិក ឃឹម រ៉ានី បន្ទាប់​ពី​បាន​ចាក់​ថ្នាំ​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់

ក្រសួង​សុខាភិបាល បាន​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​ឯកជន​មួយ​ឈ្មោះ ឃឹម រ៉ានី នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​បាន​ចាក់​ថ្នាំ​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ និង​មិន​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

សេចក្ដី​សម្រេច​របស់​ក្រសួង​សុខាភិបាល ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ចេញ​ប្រកាស​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា បាន​ឲ្យ​ដឹង​ថា មន្ទីរ​សម្រាក​ព្យាបាល ឃឹម រ៉ានី នេះ​មាន​ទីតាំង​នៅ​ផ្ទះ​លេខ​១៤ ផ្លូវ​លេខ​៣១៥ សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ មូលហេតុ​នៃ​ការ​បិទ​នេះ ក្រសួង​បញ្ជាក់​ថា ដោយសារ​មន្ទីរ​សម្រាក​ព្យាបាល​នេះ បាន​បង្ក​ឲ្យ​មាន​បញ្ហា​ជាច្រើន​លើក​ច្រើន​សា មិន​គោរព​តាម​កិច្ចសន្យា​របស់​ខ្លួន​នៅ​ពេល​ដាក់​ពាក្យ​ស្នើសុំ​បើក​មន្ទីរ​សម្រាក​ព្យាបាល និង​មិន​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

សារព័ត៌មាន​ក្នុង​ស្រុក បាន​ចុះ​ផ្សាយ​ថា កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា មាន​បុរស​វ័យ ២៨​ឆ្នាំ​ម្នាក់​ឈ្មោះ ឡាំ តៅគង់ មាន​ទីលំនៅ​ផ្ទះ​លេខ​៥២​សេ ផ្លូវ​លេខ​២០៩ សង្កាត់​ច្រាំងចំរេះទី១ ខណ្ឌ​ឫស្សីកែវ ជា​បុគ្គលិក​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​សាវីម៉ិច មាន​អាការៈ​មិន​ស្រួល​ខ្លួន​ចេះ​តែ​ឈឺ​ខ្នង ហើយ​មិត្តភ័ក្ដិ​បាន​នាំ​ទៅ​ចាក់​ថ្នាំ​នៅ​គ្លីនិក ឃឹម រ៉ានី នោះ។ សេចក្ដី​រាយការណ៍​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ចាក់​ថ្នាំ​ចំនួន ២​ម្ជុល​បាន​តែ​បន្តិច ស្រាប់​តែ​ជន​រងគ្រោះ​ប្រកាច់​បែក​ពពុះ​មាត់។ ពេល​នោះ​ស្រាប់​តែ​បុគ្គលិក​ពេទ្យ​ឲ្យ​មិត្តភ័ក្ដិ​ទៅ​ផ្ដិត​មេដៃ​នៅ​លើ​ក្រដាស រួច​ឲ្យ​ប្រញាប់​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ​ពេល​ទៅ​ដល់ ស្រាប់​តែ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ថា​ជន​រងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។