មន្ត្រីសុខាភិបាលនៅតែបារម្ភអំពីបញ្ហាខ្វះអាហារូបត្ថម្ភ ឬខ្វះជីវជាតិអាហារ ដែលកើតមានចំពោះពលរដ្ឋកម្ពុជា។ ជាផ្នែកមួយនៃដំណោះស្រាយបញ្ហានេះ មូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) រួមជាមួយក្រសួងសុខាភិបាល និងមន្ទីរពេទ្យកុមារជាតិ ធ្វើសិក្ខាសាលាមួយ ដើម្បីលើកកម្ពស់ចំណេះដឹងស្ដីពីការគ្រប់គ្រងរបបអាហារអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ជាពិសេសអ្នកជំងឺកុមារ។
អ្នកជំនាញខាងសុខភាពឱ្យដឹងថា បញ្ហាខ្វះអាហារូបត្ថម្ភ ឬបញ្ហាខ្វះជីវជាតិអាហារចិញ្ចឹម នៅតែជាបញ្ហាធំសម្រាប់ពលរដ្ឋកម្ពុជា ទាំងអ្នករស់នៅទីជនបទ និងទីប្រជុំជន។ ដោយឡែក មន្ទីរពេទ្យជាច្រើន ក៏មិនទាន់បានយកចិត្តទុកដាក់លើបញ្ហាអាហារូបត្ថម្ភ ចំពោះអ្នកជំងឺដែរ លើកលែងតែមន្ទីរកុមារជាតិ មួយប៉ុណ្ណោះ។
ក្នុងសិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្ដីពីការគ្រប់គ្រងរបបអាហារអ្នកជំងឺក្នុងមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី២០ មីនា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក អេង ហួត មានប្រសាសន៍ថា ប្រៀបធៀបនឹងបទដ្ឋានអន្តរជាតិ មន្ទីរពេទ្យនៅក្នុងប្រទេសកម្ពុជា នៅមិនទាន់បានយកចិត្តទុកដាក់គ្រប់គ្រងអាហារូបត្ថម្ភចំពោះអ្នកជំងឺឱ្យបានគ្រប់គ្រាន់នៅឡើយទេ។ លោកថា នៅក្នុងប្រទេសផ្សេងទៀត ខាងមន្ទីរពេទ្យបានផ្ដល់អាហារដែលបានកំណត់ច្បាស់លាស់ដល់អ្នកជំងឺ។
លោក អេង ហួត អំពាវនាវដល់អ្នកចូលរួមប្រមាណ ១០០នាក់ ដែលមកពីគ្រឹះស្ថានសុខាភិបាលទាំងរដ្ឋ និងឯកជន ឱ្យចាប់ផ្ដើមគិតគូរពីបញ្ហានេះ នៅពេលព្យាបាលអ្នកជំងឺនៅតាមមន្ទីរពេទ្យរបស់ខ្លួន៖ «លោកបន្តថា ដើម្បីព្យាបាលជំងឺឱ្យជាសះស្បើយ គឺមិនផ្អែកលើការថែទាំ និងឱសថតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវការផងដែរនូវអាហារូបត្ថម្ភដែលត្រឹមត្រូវសមស្រប ដើម្បីឱ្យកម្លាំងពលំឆាប់រឹងមាំប្រឆាំងនឹងជំងឺ ហើយក្នុងនោះ ខ្ញុំកត់សម្គាល់ថា មានតែមន្ទីរពេទ្យកុមារជាតិនេះមួយទេ ដែលមានលទ្ធភាពផ្ដល់អាហារដល់កុមារ ដល់អ្នកជំងឺដែលជាកុមារត្រឹមត្រូវតាមបទដ្ឋាន»។

នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស មានប្រសាសន៍ថា មន្ទីរពេទ្យកុមារជាតិ គឺជាមន្ទីរពេទ្យតែមួយគត់នៅប្រទេសកម្ពុជា ដែលបានបង្កើតប្រព័ន្ធគ្រប់គ្រងរបបអាហារអ្នកជំងឺដោយជោគជ័យ ក្រោមជំនួយពីមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ សហការជាមួយក្រសួងសុខាភិបាល៖ «មន្ទីរពេទ្យកុមារជាតិ បានចាប់ផ្ដើមកម្មវិធីនេះអស់រយៈពេល ៨ឆ្នាំមកហើយ ហើយក៏បានរៀបចំចងក្រងជាសៀវភៅស្ដីពីការណែនាំ ការរៀបចំ និងការផ្ដល់អាហារជូនទៅដល់អ្នកជំងឺ ព្រោះថា យើងក៏គិតឃើញដែរថា អ្នកជំងឺទាំងអស់នៅក្នុងប្រទេសកម្ពុជា ចាំបាច់ត្រូវតែទទួលបានអាហារសមស្រប នៅពេលដែលគាត់ឈឺ ដើម្បីឱ្យឈានទៅរកការជានាបានល្អ»។
ប្រធានគម្រោងគាំទ្រផ្នែកអាហារូបត្ថម្ភនៃមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ នៅមន្ទីរពេទ្យកុមារជាតិ គឺអ្នកស្រី ញាណ មល្លីកា មានប្រសាសន៍ថា ការបង្កើតប្រព័ន្ធសេវារបបអាហារអ្នកជំងឺ គឺមាន ៧ប្រភេទ ស្របទៅតាមតម្រូវការ និងប្រភេទជំងឺរបស់កុមារ ពីព្រោះអ្នកជំងឺកុមារមួយចំនួនមានបញ្ហាកង្វះអាហារូបត្ថម្ភបន្ថែមទៀត៖ «ពីព្រោះថា អាហារវាជួយជំរុញការព្យាបាលដោយឱសថ។ បើសិនជាយើងដាក់ថ្នាំព្យាបាលតែមួយមុខ ប៉ុន្តែយើងអត់គិតអំពីបរិមាណឋាមពលដែលគាត់ត្រូវការ ដើម្បីជំរុញស្ថានភាពគាត់កាន់តែប្រសើរឡើង ពីព្រោះយើងដឹងហើយតាមការអង្កេតប្រជាសាស្ត្ររបស់ក្រសួងសុខាភិបាល ពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១០ ស្ថានភាពកុមារកម្ពុជា នៅតែមានកង្វះអាហារូបត្ថម្ភ។ កុមារដែលក្រិន ៤០% កុមារស្លេកស្លាំង គឺ៥២%។ អ៊ីចឹងមានន័យថា ពួកគាត់មានកង្វះអាហារូបត្ថម្ភតាំងពីមុនពេលគាត់ចូលសម្រាកពេទ្យ។ អ៊ីចឹង ពេលចូលសម្រាកពេទ្យ បើសិនជាក្នុងមន្ទីរពេទ្យអត់យកចិត្តទុកដាក់ទៅលើស្ថានភាពអាហារូបត្ថម្ភរបស់គាត់ទេ នឹងធ្វើរយៈពេលស្នាក់នៅក្នុងពេទ្យរបស់គាត់តែយូរ ហើយលំបាកនឹងជាសះស្បើយ បើប្រៀបធៀបទៅនឹងកុមារដែលមានសុខភាពធម្មតា»។
អ្នកស្រី ញាណ មល្លីកា ឱ្យដឹងថា បន្ទាប់ពីបានជោគជ័យលើការបង្កើតប្រព័ន្ធសេវារបបអាហារអ្នកជំងឺ នៅមន្ទីរពេទ្យកុមារជាតិ មូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ នឹងចាប់ផ្ដើមគម្រោងជួយមន្ទីរពេទ្យគាំពារមាតា និងទារក នៅភ្នំពេញ ចាប់ពីថ្ងៃទី១ ខែមេសា តទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។