អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការផ្ដល់ឈ្មោះថ្មី នៃជំងឺរលាកប្រព័ន្ធដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ថា ជាជំងឺរលាកផ្លូវដង្ហើមកូវិត១៩ (Covid-19)។ ការប្រកាសនេះ បន្ទាប់ពីមានមនុស្សស្លាប់បានកើនឡើងដល់ទៅ ១ពាន់ ១១៨នាក់ បណ្ដាលមកពីជំងឺនេះ។ ចំណែកអ្នកឆ្លងវិញ គឺកើនចំនួនដល់ទៅជាង ៤ម៉ឺន ៥ពាន់នាក់ ក្នុងនោះ ជាង ៥រយ (៥១៨) ករណី ឆ្លងទៅប្រទេសផ្សេងទៀតជិត ៣០ប្រទេស។
អង្គការសុខភាពពិភពលោក (WHO) សម្រេចជ្រើសរើសយក ឈ្មោះថ្មីនៃជាជំងឺរលាកផ្លូវដង្ហើមកូវិដ១៩ (Covid-19) នេះ គឺដើម្បីបញ្ចៀសពីការបញ្ជាក់ប្រាប់ពីប្រភពវីរុសដែលផ្ទុះឡើង ប្រភេទសត្វ និងបុគ្គលឬក្រុមណាមួយ។ អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូ អាដហានូម ហ្គេប្រេយសឹស (Tedros Adhanom Ghebreyesus) ថា ការផ្ដល់ឈ្មោះជំងឺនេះ គឺមិនមែនជាការងាយស្រួលទេ ប៉ុន្តែគោលបំណងសំខាន់ គឺដើម្បីបញ្ចៀសការរើសអើង ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ចនិងសង្គម ដល់សហគមន៍ ឬប្រទេសណាមួយនោះ។
អង្គការសុខភាពពិភពលោក កាលពីដំបូងឡើងបានផ្តល់ឈ្មោះជំងឺផ្លូវដង្ហើមបង្កដោយ វីរុសកូរ៉ូណាថ្មីនេះ ថា អិនកូវី ២០១៩ (nCoV-2019) ប៉ុន្តែឈ្មោះថ្មីបច្ចុប្បន្ននេះ គឺកូវិត១៩ (Covid-19) ដែលបង្កឡើងដោយវីរុស សារស៊ីអូវី ២ (SARS-Cov-2)។ ទោះបីជា អង្គការសុខភាពពិភពលោក សម្រេចផ្ដល់ឈ្មោះថ្មីនេះ ក៏ដោយ ក៏ប្រជាពលរដ្ឋជាច្រើន ក្នុងពិភពលោកកំពុងព្រួយបារម្ភជាខ្លាំង ចំពោះការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមកូវិត១៩ (Covid-19) នេះ។ រហូតមកដល់ថ្ងៃ១២ ខែកុម្ភៈ ចំនួនអ្នកស្លាប់បានកើនដល់១ពាន់ ១១៨នាក់ ក្នុងចំណោមអ្នកឆ្លងជាង ៤ម៉ឺន ៥ពាន់ ២រយនាក់ ក្នុងនោះអ្នកជំងឺជាង៨ពាន់នាក់ មានសភាពធ្ងន់ធ្ងរ ក៏ប៉ុន្តែនៅទន្ទឹមនេះ ក៏មានអ្នកជាសះស្បើយចំនួន ជិត ៦ពាន់នាក់ដែរ។
ក្រុមវេជ្ជបណ្ឌិតជំនាញ បង្ហាញក្តីបារម្ភថា ជំងឺរលាកផ្លូវដង្ហើមកូវិត១៩ (Covid-19) នេះ ជាជំងឺឆ្លងមួយមានសភាពកាចសាហាវជាងជំងឺរលាកសួត បណ្ដាលមកពីវីរុស SARS ដែលបានផ្ទុះរាលដាលកាលពីឆ្នាំ២០០២-២០០៣ កន្លងទៅនេះ។ គណៈកម្មការជាតិសុខាភិបាលចិន ឱ្យដឹងថា មានពលរដ្ឋចិន រាប់ម៉ឺននាក់ផ្សេងទៀត ដែលសង្ស័យថា មានផ្ទុក វីរុសសារស៊ីអូវី ២ (SARS-Cov-2)។
តើជំងឺរលាកផ្លូវដង្ហើមកូវិត១៩ (Covid-19) មានប្រភពពីណាមក? អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថ្មីៗនេះថា វីរុស សារស៊ីអូវី ២ (SARS-Cov-2) នេះ រាលដាលដំបូងនៅផ្សារលក់អាហារសមុទ្ទ និងលក់សាច់សត្វព្រៃ ក្នុងក្រុងវូហាន (Wuhan) កាលពីចុងខែធ្នូ ឆ្នាំ ២០១៩ នៅប្រទេសចិន ដែលមានប្រភពដើម ចេញពីសត្វប្រជៀវ បន្ទាប់មកចម្លងមកភ្នាក់ងារទី២ ដែលគេសង្ស័យសត្វពង្រូល រួចចម្លងមកមនុស្ស។ នៅពេលដែលមនុស្សមានជំងឺផ្លូវដង្ហើមនេះ ក៏ឆ្លងទៅមនុស្សម្នាក់ទៀតជាបន្តគ្នាជាច្រើនដង តាមរយៈជាតិទឹកដែលចេញមកពីផ្លូវដង្ហើមនៃអ្នកឈឺ ឬប៉ះពាល់អ្នកឈឺ ដែលបញ្ហានេះ គឺមានសភាពស្រដៀងគ្នាទៅនឹងការឆ្លងវីរុសដែលបង្កអោយមានជំងឺផ្ដាសាយដូច្នោះដែរ។ វេជ្ជបណ្ឌិតជំនាញអង្គការ WHO ក៏បានបញ្ជាក់ផងដែរថា គេបានធ្វើតេស្តជាច្រើន លើសត្វព្រៃមួយចំនួន ដូចជាពស់វែក តែពុំរកឃើញភស្តុតាងនៃប្រភពវីរុសនេះឡើយ។ ទោះជាយ៉ាងនេះក្តី ក្រុមអ្នកជំនាញ អះអាងថា វីរុសប្រភេទថ្មីនេះ គឺស្រដៀងគ្នាបេះបិទ ទៅនឹងវីរុស នៅក្នុងសត្វប្រជៀវ។
អង្គការ WHO ក៏បានបង្ហាញក្តីបារម្ភជាខ្លាំង ចំពោះការឆ្លងរាលដាលយ៉ាងខ្លាំងនៃវីរុសថ្មីនេះ ដែលក្នុងមួយថ្ងៃៗ មានអ្នកឆ្លងរាប់ពាន់នាក់។ ហើយចំណែកអ្នកស្លាប់វិញ ក៏កើនឡើងរាប់រយនាក់ ក្នុងមួយថ្ងៃៗ ផងដែរ។ ទោះជាយ៉ាងនេះក្តី នាយកប្រតិបត្តិផ្នែកកម្មវិធីសង្គ្រោះបន្ទាន់ នៃអង្គការ WHO ឱ្យដឹងថា វេជ្ជបណ្ឌិតជំនាញ និងក្រុមអ្នកវិទ្យាសាស្ត្រចិន កំពុងសិក្សាស្រាវជ្រាវ រកវិធីទប់ស្កាត់ ភ្នាក់ងារចម្លងវីរុសថ្មីនេះ និងផលិតវ៉ាក់សាំង ដើម្បីព្យាបាលដល់អ្នកជំងឺ។
តើជំងឺរលាកផ្លូវដង្ហើមកូវិត១៩ (Covid-19) មានរោគសញ្ញាអ្វីខ្លះ? អង្គការសុខភាពពិភពលោក WHO អោយដឹងថា ៨០% នៃអ្នកជំងឺរលាកផ្លូវដង្ហើមថ្មីនេះ មានរោគសញ្ញាដូចគ្នាទៅនឹងគ្រុនផ្តាសាយ ប៉ុន្តែក្នុងនោះ ១៥% អ្នកជំងឺវិវត្តរហូតដល់មានបញ្ហារលាកសួតធ្ងន់ធ្ងរ និងខូចតម្រងនោម ដែលជាហេតុនាំឱ្យអ្នកជំងឺបាត់បង់ជីវិត។ ចំណែករោគសញ្ញានេះ ដំបូងគឺ មានអាការៈមិនស្រួលខ្លួន គ្រុនក្ដៅលើសពី៣៨ អង្សាសេ ក្អកស្ងួត កណ្ដាស់ ហៀរសំបោរ និងពិបាកដកដង្ហើម។ ជួនកាលវាអាចធ្វើអោយរាគ និងឈឺចាប់ក្នុងខ្លួន។
ទោះជារហូតមកដល់ពេលនេះ គេគ្មានថ្នាំ ឬវ៉ាក់សាំងសម្រាប់ព្យាបាលក៏ដោយ ក៏ក្រុមវេជ្ជបណ្ឌិតជំនាញជាច្រើន ព្យាយាមផ្ដល់ការព្យាបាល ដល់អ្នកជំងឺ ទៅតាមស្ថានភាពរបស់អ្នកជំងឺនីមួយៗ។ វិធីព្យាបាលសំខាន់បំផុតនាពេលនេះ គឺជួយអ្នកជំងឺ មានអុកស៊ីហ្សែន ដកដង្ហើមគ្រប់គ្រាន់ជួយដល់សួត ព្យួរសេរ៉ូមដល់អ្នកជំងឺដែលខ្វះជាតិទឹក ឬក៏ជួយព្យាបាលតម្រងនោម ក្នុងករណីអ្នកជំងឺខូចតម្រងនោម។ ប្រើថ្នាំបន្ថយកម្ដៅក្នុងខ្លួន សម្រាកនិងបរិភោគទឹកឱ្យបានច្រើន។ ប្រសិនបើក្នុងករណីអ្នកជំងឺ មានប្រព័ន្ធការពារខ្លួន (Immune System) ខ្លាំង គឺអាចកម្ចាត់វីរុស និងអាចឆាប់ជាសះស្បើយ។
អង្គការសុខភាពពិភពលោក និង មជ្ឈមណ្ឌលការពារនិងទប់ស្កាត់ជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) ផ្ដល់ដំបូន្មាន ដល់ពលរដ្ឋឱ្យចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយធំ និងរក្សាអនាម័យអោយបានខ្ជាប់ខ្ជួន រួមមាន លាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ ជាពិសេសក្រោយកណ្ដាស់ ក្អក និងញើសសំបោរ ក្រោយចូលបង្គន់ និងលាងដៃមុនបរិភោគ ជាដើម។ ជៀសវាងប៉ះភ្នែក ច្រមុះ និងមាត់ មុនពេលលាងដៃ។ ជៀសវាងប៉ះពាល់ដល់អ្នកដែលឈឺ ហើយប្រសិនបើឈឺ គឺនៅផ្ទះគេងសម្រាកឱ្យបានច្រើន។ នៅពេលក្អក ឬកណ្ដាស់ ត្រូវខ្ទប់មាត់ច្រមុះ នឹងក្រដាសជូតមាត់ រួចហើយបោះចោលក្នុងធុងសម្រាម និងលាងដៃភ្លាម។ បន្ថែមពីនេះ ប្រើម៉ាស់ការពារ ពីព្រោះមេរោគនេះ ឆ្លងដោយសារប៉ះជាតិទឹកដែលចេញមកពីផ្លូវដង្ហើមរបស់អ្នកជំងឺ និងប៉ះពាល់អ្នកជំងឺ។ ប្រសិនបើមានរោគសញ្ញាណាមួយ ដូចជាគ្រុនក្តៅ ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម អ្នកជំងឺ ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើតេស្តរកមេរោគ និងទទួលការព្យាបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។