យុវជន និងបញ្ហាសុខភាពផ្លូវចិត្ត គឺជាប្រធានបទមួយដែលមនុស្សជាច្រើនកំពុងរស់នៅក្នុងសង្គមកម្ពុជា មានក្ដីបារម្ភ។ វិបត្តិសុខភាពផ្លូវចិត្ត បាននាំឲ្យមនុស្សប្រព្រឹត្តនូវអំពើខុសឆ្គងនានា ដូចជា ការធ្វើអត្តឃាត ជាដើម។
អ្នកសិក្សាផ្នែកចិត្តវិទ្យា បានកត់សម្គាល់ថា យុវជនមានការយល់ដឹងតិចតួចពីសុខភាពផ្លូវចិត្ត។ សាស្ត្រាចារ្យ ក្រុមអង្គការសង្គមស៊ីវិលបង្រៀន និងធ្វើការក្នុងវិស័យសុខភាពផ្លូវចិត្ត បានរៀបចំឲ្យយុវជនប្រមាណ ១.៥០០នាក់ ទទួលបានការយល់ដឹងតាមរយៈទិវាសុខភាពផ្លូវចិត្ត និងយុវជនលើកទី២ នៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅថ្ងៃទី១០ ខែតុលា។
ស្ថានភាពផ្លូវចិត្តកាន់តែតានតឹង បាននាំឲ្យយុវជនយុវនារីស្ថិតនៅក្នុងភាពគ្រោះថ្នាក់ តាមរយៈការសម្រេចចិត្តធ្វើផ្ដេសផ្ដាស ធ្វើអត្តឃាតខ្លួនឯង ដោយចងក លោតទឹក លោតពីលើអគារ អារដៃសម្រក់ឈាម និងលេបថ្នាំសម្លាប់ខ្លួន ថែមទាំងបានថតរូបបង្ហោះតាមបណ្ដាញសង្គមទៀតក៏មាន។ ទាំងនេះ គឺដោយសាររបួសផ្លូវចិត្ត ខ្វះអ្នកប្រឹក្សាយោបល់ និងខ្វះព័ត៌មានអំពីដំណោះស្រាយ។
សាស្ត្រាចារ្យចិត្តវិទ្យា និងជាអ្នកសម្របសម្រួលកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក កៅ សុវណ្ណតារា មានប្រសាសន៍នៅក្នុងទិវាសុខភាពផ្លូវចិត្ត និងយុវជនលើកទី២ថា យុវជន គឺជាសសរទ្រូងនៃប្រទេសជាតិ ដែលទាមទារឲ្យមានភាពរឹងមាំ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ លោកថា បញ្ហាស្នេហា បញ្ហាគ្រួសារ បញ្ហាការសិក្សា ឬភាពអត់ការងារធ្វើជាដើម ដែលនាំឲ្យពួកគេមានជំងឺនេះ។ ប៉ុន្តែលោកថា ទិវានេះនឹងផ្ដល់ដំណោះស្រាយឲ្យយុវជនយល់ថា តើអ្វីទៅជាសុខភាពផ្លូវចិត្ត ដោះស្រាយបញ្ហាផ្លូវចិត្តដោយវិធីណា និងរកសេវាព្យាបាលនៅកន្លែងណា។
លោក កៅ សុវណ្ណតារា៖ «បញ្ហាផ្លូវចិត្ត គឺជាភាពអសមត្ថភាពក្នុងការគិត ក្នុងការពិចារណា ក្នុងការធ្វើសកម្មភាពអ្វីមួយដែលគាត់ធ្លាប់តែធ្វើបានដោយងាយ គាត់ធ្វើលែងបាន ការគិតរបស់គាត់ច្របូកច្របល់ ពីព្រោះកាលណានិយាយពីបញ្ហាផ្លូវចិត្ត វាមានតាមប្រភេទករណីជំងឺ។ ដំបូងបំផុតគេហៅថាកម្រិតស្រាល គឺស្ត្រេស (Stress) ភាពតានតឹងចិត្តគិតនេះបន្តិចគិតនុះបន្តិច មានភាពច្របូកច្របល់ពេញហ្នឹង។ កាលណាយើងមានស្ត្រេសយូរៗទៅ វាវិវឌ្ឍទៅជាជំងឺថប់បារម្ភចាប់ផ្ដើមមានរោគសញ្ញា ចាប់ផ្ដើមភ័យខ្លាចខ្លួនឯង ខ្លាចស្លាប់អ៊ីចឹងមក។ ដល់ពេលផុតពីជំងឺថប់បារម្ភ អ្នកខ្លះមានជំងឺធ្លាក់ទឹកចិត្ត អត់គិតអ្វីដែលល្អទេ គិតអាក្រក់ ហើយចង់តែស្លាប់វិញ។ អ្នកខ្លះអាចហូបៗពេក ឬអត់ហូបសោះ ការគេងអ្នកខ្លះគិតតែគេង ឬអ្នកខ្លះអត់គេងសោះ»។
យុវជនជាច្រើនរយនាក់បានឈរតម្រង់ជាជួរចូលទៅក្នុងអគារមួយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាំងពីព្រឹកព្រលឹម ដើម្បីចូលរួមទិវាសុខភាពផ្លូវចិត្ត និងយុវជនលើកទី២ នៅថ្ងៃទី១០ ខែតុលា។ អ្នករៀបចំកម្មវិធីបានចែកអាវយឺត និងអាហារសម្រន់ជូនពួកគេ។
យុវជនមួយរូបដែលបានចូលទៅដល់សាលប្រជុំ និងបានពាក់អាវយឺតនោះរួចជាស្រេច គឺយុវជន ប៊ុន បូរ៉ា និស្សិតផ្នែកសង្គមវិទ្យា ឆ្នាំទី៤ បានថ្លែងថា គាត់ចង់ទទួលបានការចែករំលែកពីសិស្សប្អូន និងសិស្សច្បងដែលរៀនផ្នែកសង្គមវិទ្យា និងចិត្តវិទ្យា ស្របពេលដែលយុវជនក្នុងពេលបច្ចុប្បន្នមិនសូវយល់ច្បាស់ពីបញ្ហាផ្លូវចិត្ត ដែលតោងឲ្យពួកគេត្រូវយកចិត្តទុកដាក់ជារឿងសំខាន់៖ «តាមមើលទៅរឿងហ្នឹង គឺជារឿងសំខាន់បង នៅពេលដែលមនុស្សម្នាក់មានបញ្ហាខាងផ្លូវចិត្តសតិអារម្មណ៍របស់គាត់មានបញ្ហា ហើយអត់មានអ្នកផ្ដល់ប្រឹក្សាទៅឲ្យគាត់ទេ អាចធ្វើឲ្យគាត់ទៅធ្វើរឿងអ្វីផ្សេងដែលខុសនឹងច្បាប់ អាចថាគាត់ទៅលោតពីលើអគារទៅសម្លាប់ខ្លួន ទៅអារដៃអ៊ីចឹងទៅ ដោយសារគាត់អត់បានប្រឹក្សា ហើយអត់បានយល់រឿងហ្នឹងច្បាស់ អ៊ីចឹងហើយអត់មានអ្នកផ្ដល់ដំបូន្មានថាដើរផ្លូវនេះល្អ ផ្លូវនេះមិនល្អអ៊ីចឹងទៅ»។
ក្នុងវ័យ ២២ឆ្នាំ ជានិស្សិតសិក្សាផ្នែកគីមីវិទ្យា យុវតី ម៉ែន ស៊ីណាត ដែលកំពុងអង្គុយជជែកជាមួយមិត្តភ័ក្ដិស្រីៗរបស់នាងមួយក្រុម បានថ្លែងថា នៅពេលជួបបញ្ហាតានតឹងផ្សេងៗនៅក្នុងចិត្ត នាងតែងតែលើកយកបញ្ហានោះទៅពិភាក្សាជាមួយមិត្តភ័ក្ដិ ឪពុកម្ដាយ ឬដើរកម្សាន្តដើម្បីដោះស្រាយភាពតានតឹងរបស់ខ្លួនមួយគ្រា៖ «ព្រោះអីខ្ញុំក៏ជាយុវជនម្នាក់ដែរ ដូច្នេះខ្ញុំចង់ដឹងថាតើយើងជាយុវជនហ្នឹងត្រូវរៀបចំផ្លូវចិត្តម៉េច? បើសិនជាយើងមានបញ្ហាអី យើងត្រូវពិគ្រោះជាមួយនរណាគេ? បើសិនជាយើងមកកម្មវិធីនេះ យើងអាចដឹងថា ដេប៉ាតឺម៉ង់ចិត្តវិទ្យាបន្ទប់ណាគេអាចផ្ដល់ជាយោបល់ខាងផ្លូវចិត្តឲ្យយើង ព្រោះអីការសិក្សារបស់ខ្ញុំ ជួនកាលក៏មានការលំបាកអ៊ីចឹងទៅ។ បើយើងស្ត្រេសខ្លាំងពេក យើងត្រូវមានយុទ្ធសាស្ត្រធ្វើម៉េចដើម្បីជួយកាត់បន្ថយស្ត្រេសរបស់យើង ដើម្បីឲ្យការសិក្សារបស់យើងកាន់តែរលូនទៅ។ កាលណាយើងមានបញ្ហាផ្លូវចិត្តហើយ ការងារអ្វីដែលយើងធ្វើទាំងអស់ គឺវាអត់អាចសម្រេចបានទេ ព្រោះយើងរវល់តែមានបញ្ហា។ ផ្លូវចិត្តសំខាន់ជាងផ្លូវកាយទៀត តែផ្លូវចិត្តមានបញ្ហា ផ្លូវកាយរបស់យើងក៏អត់អាចទៅមុខបានដែរ»។
អ្នកសម្របសម្រួលគម្រោងនៃអង្គការចិត្តសង្គមអន្តរវប្បធម៌ ហៅកាត់ថា ធីភីអូ (TPO) លោក ស៊ាង លាប ដែលបានសហការរៀបចំកម្មវិធីជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានកត់សម្គាល់ថា យុវជនមានតិចតួចបំផុតដែលស្វែងរកសេវាប្រឹក្សាយោបល់ ដើម្បីដោះស្រាយបញ្ហាផ្លូវចិត្ត។ លោកថា ក្នុងសម័យប្រើប្រាស់បណ្ដាញសង្គមផ្សេងៗ ជាពិសេសហ្វេសប៊ុក (Facebook) យុវជនបានយកវិធីមួយនេះបញ្ចេញអារម្មណ៍តានតឹង ឬកំហឹងរបស់ពួកគេ។ ម្យ៉ាងទៀត យុវជននៅខ្វះព័ត៌មានពីសេវាប្រឹក្សាយោបល់ ឬព្យាបាល។ ក៏ប៉ុន្តែ មានការបញ្ជូនមកដល់ ធីភីអូ ពីក្រុមគ្រួសារនៅពេលដែលពួកគេមានកម្រិតធ្ងន់រួចទៅហើយ។ លោក ស៊ាង លាប បានផ្ដល់ដំណោះស្រាយតាមរយៈបច្ចេកទេសសម្រាលចិត្តកាយមួយចំនួនដូចជា អ្នកមានបញ្ហាអាចទៅលំហែកាយ ហាត់ប្រាណ ទៅកន្លែងម៉ាស្សាបែបវិជ្ជាជីវៈ ជាដើម នោះនឹងជួយឲ្យបញ្ហាផ្លូវចិត្តរបស់ពួកគេបានធូរស្រាល។
លោក ស៊ាង លាប៖ «នៅក្នុងផ្នែកចិត្តសាស្ត្រគេហៅថាបច្ចេកទេសសម្រាលចិត្តកាយ ដែលអាចជួយឲ្យបញ្ហាផ្លូវចិត្តបានធូរស្រាលដែរ ដូចជា មានលំហាត់ដកដង្ហើម លំហាត់សម្រាកសាច់ដុំជាដំណាក់ៗ។ លំហាត់ដកដង្ហើម ជាទូទៅនៅពេលដែលមនុស្សយើងមានបញ្ហា យើងមានផ្លាស់ប្ដូរផ្នែកខ្យល់ដង្ហើម ជាទូទៅយើងដកត្រឹមតែទ្រូងទេ ដកទៅរង្គើស្មាមានន័យថា យើងដកបច្ចេកទេស ដើម្បីឲ្យដកត្រូវបច្ចេកទេសមានន័យថា ឲ្យខ្យល់ចូលដល់ពោះ។ ពោះប៉ោងពោះផត។ យើងផ្ចង់អារម្មណ៍លើដង្ហើមចេញចូលរបស់យើង ដើម្បីសម្រួលខ្យល់ដង្ហើមរបស់យើង ព្រោះពេលដែលដង្ហើមយើងផ្លាស់ប្ដូរ វាធ្វើឲ្យមានបម្រែបម្រួលទាំងផ្លូវកាយ និងផ្លូវចិត្ត។ បញ្ហាសន្ធប់ខ្លាំង យើងអស់ថាមពលក្នុងការទប់ទល់ ប៉ុន្តែពេលយើងសម្រួលខ្លួនទៅ ថាមពលយើងនឹងមានឡើងវិញ»។
យ៉ាងណាមិញ លោកសាស្ត្រាចារ្យ កៅ សុវណ្ណតារា មានទស្សនៈថា អ្នកមានបញ្ហាផ្លូវចិត្ត ពុំទទួលស្គាល់ថាខ្លួនឯងមានបញ្ហានោះទេ។ ជាងនេះទៅទៀត មនុស្សមួយចំនួនក្នុងសង្គមមានការរើសអើងចំពោះអ្នកដែលស្វែងរកសេវាព្យាបាលនេះ។ លោកបានស្នើឲ្យប្រជាពលរដ្ឋ និងសិស្សនិស្សិតទាំងអស់ ហ៊ានចូលរួម និងបញ្ចេញសមត្ថភាពខ្លួនឯងក្នុងការស្វែងរកសេវាព្យាបាលជំងឺផ្លូវចិត្ត និងលើកទឹកចិត្តដល់អ្នកមានជំងឺផ្លូវចិត្ត កុំវាយតម្លៃថាអ្នកជំងឺជាមនុស្សវិកលចរិត។
លោក កៅ សុវណ្ណតារា៖ «យុវជនគាត់នៅមានផ្នត់គំនិតមួយថា កាលណាគាត់គិតថាគាត់មានបញ្ហាផ្លូវចិត្តគាត់ឆ្កួត។ មិនមែនឆ្កួតទេ នៅណាមានបញ្ហាផ្លូវចិត្ត គឺនៅពេលមានដំណាក់កាលនៃភាពតានតឹង គាត់ពិបាកចិត្ត គាត់គិតច្រើនធ្វើអីមិនបាន អាហ្នឹងមានបញ្ហាផ្លូវចិត្តហើយ។ កាលណាឆ្កួត លុះត្រាតែលែងដឹងអីសោះហ្មងបានឆ្កួត។ គាត់អត់ហ៊ានទៅរកសេវា ដោយសារពេលដែលគាត់ទៅខ្លាចគេថាអូអានេះចូលទៅកន្លែងប្រឹក្សាផ្លូវចិត្ត គេថាគាត់ឆ្កួត។ យើងលើកទឹកចិត្តថា គាត់កុំមានការយល់ច្រឡំបែបហ្នឹង គាត់អាចទៅរកសេវាព្យាបាលផ្លូវចិត្តបាន ពេលដែលគាត់ត្រូវការ ហើយកុំមានភាពខ្មាសអៀន។ សំណូមពរឲ្យប្រជាជនទាំងអស់កុំរើសអើង»។
ការរៀបចំទិវាសុខភាពផ្លូវចិត្ត និងយុវជននេះ អង្គការសង្គមស៊ីវិលធ្វើការលើសេវាសុខភាពផ្លូវចិត្ត ក៏បានតាំងពិព័រណ៍សម្រាប់ឲ្យយុវជនដើរទស្សនា និងណែនាំពីទីកន្លែងផ្ដល់សេវាប្រឹក្សាយោបល់ផងដែរ។
«សំឡេងក្នុងសាលពិព័រណ៍»
នេះជាការរៀបចំទិវាសុខភាពផ្លូវចិត្ត និងយុវជនលើកទី២ហើយនៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីឆ្នាំ២០១៣ មានយុវជនប្រមាណ ១.៣០០នាក់ បានចូលរួមទិវានេះ។ ការប្រារព្ធទិវាលើកទី១ និងលើកទី២ មានអង្គការជាង១០ សហការក្រោមការឧបត្ថម្ភរបស់អង្គការសេវាកម្មអភិវឌ្ឍន៍អាល្លឺម៉ង់ ហៅកាត់ថា ជីអាយហ្សិត (GIZ)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។