អ្នកដំណើរម្នាក់ ដែលជិះលើកប៉ាល់ វ៉េសស្ទើរដាម (Westerdam) ហើយដែលលោក ហ៊ុន សែន ទៅទទួលដល់កំពង់ផែក្រុងព្រះសីហនុនោះ ឥឡូវនេះត្រូវបានរកឃើញថា មានផ្ទុកជំងឺរលាកផ្លូវដង្ហើម កូវិត-១៩ (Covid-19)។
ក្រសួងសុខាភិបាលកម្ពុជា មិនទាន់ជឿលើលទ្ធផលពិនិត្យរបស់ក្រសួងសុខាភិបាលម៉ាឡេស៊ីលើអ្នកដំណើរចុះកប៉ាល់ នៅក្រុងព្រះសីហនុ ហើយត្រូវបានរកឃើញថា មានជំងឺរលាកផ្លូវដង្ហើម កូវិត-១៩ នោះ ពេលគាត់ទៅដល់ប្រទេសម៉ាឡេស៊ីនោះទេ។ កាលពីរាត្រីថ្ងៃទី១៥ ខែកុម្ភៈ គឺប៉ុន្មានម៉ោង បន្ទាប់ពីដំណឹងពីការរកឃើញនេះ ត្រូវបានគេផ្សព្វផ្សាយ ក្រសួងសុខាភិបាលកម្ពុជាបានស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ីពិនិត្យលទ្ធផលនៃការធ្វើតេស្តនេះម្តងទៀត ដែលក្រសួងសុខាភិបាលកម្ពុជា ប្រើពាក្យថា "ឲ្យមានសុក្រឹតឡើងវិញ។"
ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈ បានរកឃើញរោគសញ្ញា ជំងឺរលាកផ្លូវដង្ហើម កូវិត១៩ (Covid-19) នេះ នៅលើស្រ្តីជនជាតិអាមេរិក វ័យ ៨៣ឆ្នាំ ដែលធ្វើដំណើររួមគ្នាជាមួយអ្នកដំណើរ ១៤៤ នាក់ផ្សេងទៀត តាមជើងយន្តហោះពីភ្នំពេញទៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៤ ខែកុម្ភៈ។ មនុស្សទាំង ១៤៥ នាក់នេះ ស្ថិតក្នុងចំណោមអ្នកដំណើរ ១.៤៥៥នាក់ និងបុគ្គលិក ៨០២ នាក់នៅលើកប៉ាល់ វ៉េសស្ទើរដាម (Westerdam) ដែលរបបក្រុងភ្នំពេញអនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ និងបន្តដំណើរតាមជើងយន្តហោះ ទៅកាន់ប្រទេសរៀងៗ ខ្លួន។
នៅមុនពេលលោក ហ៊ុន សែន ចុះទៅទទួលស្វាគមន៍ដល់កប៉ាល់ ដោយចាប់ដៃ ឱប ថើប និងថតរូបជាមួយអ្នកដំណើរទាំងនោះម្នាក់ម្តងៗ អមដោយការហុចបាច់ផ្កាផងនោះ អាជ្ញាធរកម្ពុជា រាយការណ៍ថា គ្មាននរណាម្នាក់នៅកប៉ាល់នោះ មានផ្ទុកមេរោគរលាកផ្លូវដង្ហើមដ៏កាចសាហាវនេះនោះទេ។
ទោះជាយ៉ាងនេះក្តី នេះមិនមែនជាករណីទីមួយទេ ដែលអ្នកធ្វើដំណើរមានផ្ទុកជំងឺរលាកផ្លូវដង្ហើម កូវិត-១៩ នេះ ត្រូវបានរកឃើញ ក្រោយចាកចេញពីប្រទេសកម្ពុជា។ កាលពីចុងខែ មករា មានជនជាតិ ៣នាក់ ត្រូវបានរកឃើញថា មានជំងឺនេះ ក្រោយចាកចេញពីប្រទេសកម្ពុជាដែរ។
ក្នុងចំណោមអ្នកដំណើរលើកប៉ាល់ជាង ២ពាន់នាក់នោះ វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា បានពិនិត្យសំណាកទៅលើអ្នកដំណើរតែចំនួន ២០នាក់ទេ។
យោងតាមការចុះផ្សាយពីប្រទេសកម្ពុជា ដោយវិទ្យុសំឡេងប្រជាធិបតេយ្យ VOD តាំងពីមានផ្ទុះការរីករាលដាលជំងឺរលាកផ្លូវដង្ហើម កូវីត-១៩នេះ មកកម្ពុជាពិនិត្យរកវីរុសបង្កជំងឺកូរ៉ូណានេះ ទៅលើមនុស្សប្រមាណតែពី ៧០ ទៅ ៨០នាក់តែប៉ុណ្ណោះ។ ចំនួននេះបូកបញ្ចូលអ្នកដំណើរ ២០នាក់ ដែលទើបចុះពីកប៉ាល់នោះផង។ ប្រការនេះ ធ្វើឱ្យមានការបារម្ភពីអ្នកជំនាញវេជ្ជសាស្ត្រថា វីរុសនេះ អាចឆ្លងរាលដាល ដោយគេមិនបានដឹង។
ប៉ុន្តែ អ្នកវិភាគនយោបាយ និងសង្គម មើលឃើញការយកព្រឹត្តិការណ៍អនុញ្ញាតឲ្យកប៉ាល់ទេសចរចូលចត និងអ្នកដំណើរឆ្លងកាត់កម្ពុជានេះថា គ្រាន់តែជាចេតនា និងល្បិចឃោសនានយោបាយរបស់របបក្រុងភ្នំពេញ ក្នុងការប៉ុនប៉ងបន្សាបភាពអាម៉ាស់រឿងទណ្ឌកម្ម EBA និងការរិះគន់រឿងមិនយកចិត្តទុក្ខដាក់និស្សិតខ្មែរនៅ វូហាន (Wuhan) ប៉ុណ្ណោះ មិនមែនជាចេតនាគោរពសិទ្ធិមនុស្ស ដោយស្មោះសនោះទេ។
បើទោះបីជាលោក គឹម សុខ មិនជំទាស់កាយវិការមនុស្សធម៌ ប្រសិនបើអំពើមនុស្សធម៌នោះធ្វើឡើងដោយភាពស្មោះសក៏ដោយ ក៏ប៉ុន្តែលោកយល់ថា អ្វីដែលលោក ហ៊ុន សែន ធ្វើទាំងទូងស្គរបំពងសំឡេងយ៉ាងហ៊ឹកហ៊ាក់ ដោយប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ផ្សព្វផ្សាយយ៉ាងគគ្រឹកអឺងកងតាមគ្នាទាំងព្រមបែបនេះ គឺបង្ហាញឲ្យឃើញអំពីចរិតមេដឹកនាំបែបកុម្មុយនិស្ត ដែលធ្វើនយោបាយបែបប្រជាភិថុតិ បង្កើតព្រឹត្តិការណ៍ ដើម្បីបំភាន់មតិពលរដ្ឋ និងយកជីវិតមនុស្សមួយនគរ ទៅលេងល្បែងយកមុខមាត់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ៖ «វិធីសាស្ត្រ របស់កុម្មុយនិស្ត គឺគ្មានអ្វីក្រៅពីការប្រើវិធីឃោសនា និងហួងហែងតែឯងអំពីប្រព័ន្ធផ្សព្វផ្សាយ។ ដូច្នេះ ការបកស្រាយរបស់គាត់ ទាក់ទងទៅនឹងកាយវិការមនុស្សធម៌ និងការគោរពសិទ្ធិមនុស្ស ដែលគាត់និយាយនេះ វាជាឥរិយាបថ វិធីកុម្មុយនិស្ត ដែលប្រើដើម្បីបំភ្លៃ និងបន្លំទេ »។
អ្នកវិភាគដែលហ៊ាននិយាយរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ និងកំពុងនិរទេសខ្លួននៅក្រៅប្រទេសរូបនេះ ថាលោក ហ៊ុន សែន កុហកខ្លួនឯងទេ នៅពេលនិយាយអំពីការចេះឈឺឆ្អាលរឿងសិទ្ធិមនុស្ស និងសិទ្ធិរស់រានមានជីវិតនេះ។ លោក គឹម សុខ ថា លោក ហ៊ុន សែន ឆ្លៀតឱកាស ដើម្បីកេងចំណេញនយោបាយ ដោយយកឈ្មោះជនបរទេស ដែលនៅលើកប៉ាល់ ដែលភាគច្រើនជាជនជាតិអាមេរិក អង់គ្លេស និងកាណាដា ព្រោះលោកជឿថា អ្នកទាំងនោះ រួមទាំងរដ្ឋាភិបាលរបស់ពួកគាត់ផង ច្បាស់ណាស់ ច្បាស់ជានិយាយសរសើរសមានចិត្តនេះ។
ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ លោក ហ៊ុន សែន បានបោះបង់ចោលពលរដ្ឋខ្លួនឯង ដែលជានិស្សិត កំពុងរៀននៅក្រុងវូហាន ចំនួន ២៣ នាក់ ឲ្យនៅប្រឈមគ្រោះថ្នាក់នៅទីនោះ ដោយមិនទៅស្រោចស្រង់ពួកគាត់ ទោះពួកគាត់ដង្ហោយសុំឲ្យជូនមកកម្ពុជាវិញ តាំងពីផ្ទុះករណីមេរោគនេះដំបូងម្ល៉េះ មិនមែនបង្ខំឲ្យអ្នកទាំងនោះនៅបន្តរួមសុខរួមទុក្ខជាមួយពលរដ្ឋចិន ដែលកំពុងភ័យព្រួយរឿងឆ្លងរោគនេះទេ៖ «ចំណុចដែលអាម៉ាស់ធំបំផុត»។
លោក គឹម សុខ ចាត់ទុកកាយវិការរបស់លោក ហ៊ុន សែន ដែលប្រវេប្រវាបិទបាំងបញ្ហារបស់កម្ពុជានេះ ថាជាការប្រព្រឹត្តឧក្រិដ្ឋបន្ថែម។ ឧក្រិដ្ឋកម្មទីមួយ គឺធ្វើឲ្យសហភាពអឺរ៉ុបកាត់ EBA ដោយសារតែរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។ ឧក្រិដ្ឋកម្មទីពីរ គឺកើតចេញពីការប្រវេប្រវាចង់បង្វែរស្ថានការណ៍ និងបិទបាំងបញ្ហារបស់កម្ពុជានេះ ដែលលោក ហ៊ុន សែន ធ្វើឲ្យពលរដ្ឋខ្មែរ ១៦លាននាក់ ប្រឈមមុខនឹងគ្រោះថ្នាក់ នៃការឆ្លងមេរោគរលាកផ្លូវដង្ហើម កូវិត-១៩ ដោយការប្រថុយប្រថានស្វាគមន៍កប៉ាល់ទេសចរនេះ។
លោកហៅព្រឹត្តិការណ៍ចុងក្រោយនេះថា ជាល្បែងដែលចងជាតិ និងរាស្ត្រ ដូចករណី EBA ដែរ។ ប៉ុន្ត ករណីមេរោគរលាកផ្លូវដង្ហើមនេះ បើរីកធំវិញ កម្ពុជានឹងវិនាសធំ និងលឿនជាងបាត់ EBA ទៅទៀត។
កប៉ាល់ទេសចរណ៍ Westerdam នេះ បានចេញដំណើរពីទីក្រុងហុងកុង នៅថ្ងៃទី១ ខែកុម្ភៈ គឺក្រោយផ្ទុះករណីជំងឺរលាកផ្លូវដង្ហើម កូវិត-១៩ នៅទីក្រុង វូហាន (Wuhan) ខេត្តហ៊ូបេ (Hubei) ប្រទេសចិនយ៉ាងពេញបន្ទុក។ កប៉ាល់នេះ ត្រូវធ្វើដំណើរទៅឈប់សំចតចុងក្រោយនៅទីក្រុងយ៉ូកូហាម៉ា (Yokohama) ប្រទេសជប៉ុន នៅថ្ងៃទី១៤ ខែកុម្ភៈ។
ប៉ុន្តែ ប្រទេសជប៉ុន មិនអនុញ្ញាតឲ្យចូលចត ដោយបារម្ភអំពីបញ្ហាឆ្លងជំងឺនេះ។ ប្រទេស ៤ទៀត រួមទាំងប្រទេសថៃផង ក៏មិនឲ្យចូលចត ដោយសារហេតុផងដូចគ្នា។ ប៉ុន្តែកម្ពុជាព្រមឲ្យចូលចត ដោយលោក ហ៊ុន សែន អះអាងថា ដោយសារតែកម្ពុជាមានសន្តិភាព ទើបលោកហ៊ានសម្រេចទទួលយកកប៉ាល់នេះ។
ដូច្នេះពេលដែលកប៉ាល់នោះមកដល់កម្ពុជា កាលពីថ្ងៃទី១៣ ខែកុម្ភៈនេះ គឺទើបតែបានរយៈពេល ១៣ថ្ងៃប៉ុណ្ណោះ រាប់ចាប់ពីថ្ងៃដែលចេញទីក្រុងហុងកុង។ ត្រឹម ១៣ថ្ងៃនោះ លទ្ធផលពិនិត្យជំងឺរបស់វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា បង្ហាញថា គ្មានអ្នកផ្ទុកជំងឺនេះទេ នៅលើកប៉ាល់។
ប៉ុន្តែ ការពិនិត្យសំណាកនេះ គឺផ្ដោតលើអ្នកសង្ស័យតែ ២០នាក់ប៉ុណ្ណោះ។ គ្មានសេចក្ដីរាយការណ៍ណាមួយ ដែលថា ការពិនិត្យរករោគសញ្ញា ដោយយកសំណាកមកពិនិត្យនេះ ធ្វើឡើងចំពោះអ្នកដំណើរ និងបុគ្គលិកលើនាវាទាំងជាង ២ពាន់នាក់នោះទេ។
ទោះជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរញញឹមបិទមាត់មិនជិត ពេលចាប់ដៃ ហុចផ្កា ឱប និងថើប និងថតរូបជាមួយអ្នកដំណើរជាច្រើន ដែលចុះពីលើកប៉ាល់នោះ។ លោកថែមទាំងថ្លែងសារ ដោយភាពជឿជាក់ និងប្ដេជ្ញាហ៊ានស្លាប់ បើលោកឆ្លងរោគពីអ្នកដំណើរបរទេសណាម្នាក់៖ «ថ្ងៃនេះ បើខ្ញុំមកទទួលប្រជាពលរដ្ឋនៃបណ្ដាប្រទេស ៤១សញ្ជាតិ វាក៏សមនឹងពលិកម្ម ដែលខ្ញុំធ្វើដើម្បីមនុស្សជាតិផងដែរ។ តើឲ្យយើងនិយាយអំពីការគោរពសិទ្ធិមនុស្សអ្វីទៅ ប្រសិនបើសិទ្ធិរស់រានមានជីវិត មិនត្រូវបានគោរពផងនោះ ? កម្ពុជាយកការទទួលខុសត្រូវមួយ លើបញ្ហាការគោរពសិទ្ធិមនុស្សជាចម្បង ហើយដំបូងបំផុត ត្រូវគោរពដល់ការរស់រានមានជីវិតរបស់មនុស្ស សិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិបានវិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញដោយសុវត្ថិភាព»។
តើអ្នកដំណើរទាំងនោះ ពិតជាវិលត្រឡប់ទៅប្រទេសដើមរបស់ខ្លួនវិញ ដោយសុវត្ថិភាពដែរ ឬយ៉ាងណា បើឥឡូវនេះអ្នករួមដំណើរម្នាក់ មានផ្ទុកមេរោគនេះ ដែលគាត់អាចមានវា តាំងពីកាលនៅជិះកប៉ាល់ជាមួយគ្នាមកម្ល៉េះ?៕
Breaking News!!!Breaking News!!! អ្នកដំណើរជនជាតិអាមេរិកម្នាក់ ដែលចុះពីកប៉ាល់ Westerdam ដែលចូលចតនៅក្រុងព្រះសីហនុនោះ ត្រូវបានរកឃើញ ថាមានមេរោគកូរ៉ូណាថ្មី ឬកូវីត-១៩ ពេលទៅដល់ប្រទេសម៉ាឡេស៊ី។ ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី បានរកឃើញរោគសញ្ញានេះ នៅលើស្រ្តីជនជាតិអាមេរិក វ័យ ៨៣ ឆ្នាំ ដែលធ្វើដំណើររួមគ្នាជាមួយអ្នកដំណើរ ១៤៤ នាក់ផ្សេងទៀត តាមជើងយន្តហោះពីភ្នំពេញ ទៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១៤ ខែ កុម្ភៈ។ មនុស្សទាំង ១៤៥ នាក់នេះ ស្ថិតក្នុងចំណោមអ្នកដំណើរ ១៤៥៥ នាក់ ដែលចុះពីកប៉ាល់ Westerdam នៅថ្ងៃទី ១៤ ខែ កុម្ភៈដដែលនោះ។ នៅមុននេះ អាជ្ញាធរកម្ពុជា រាយការណ៍ថា គ្មាននរណាម្នាក់នៅកប៉ាល់នោះ មានផ្ទុកមេរោគកូរ៉ូណាថ្មី ឬកូវីត-១៩នេះទេ។ នេះជាករណីទីពីរហើយ ដែលអ្នកធ្វើដំណើរ មានផ្ទុកមេរោគកូរ៉ូណាថ្មី ឬកូវីត-១៩នេះ ត្រូវបានរកឃើញ ក្រោយចាកចេញពីប្រទេសកម្ពុជា៕ សូមលោកអ្នកនាង រងចាំស្តាប់ព័ត៌មានលម្អិត ជុំវិញរឿងនេះ នៅក្នុងការផ្សាយរបស់អាស៊ីសេរី នៅម៉ោង ៥:៣០ ដល់ ៦:៣០ បន្តិចទៀតនេះ។ សូមអរគុណ
Posted by RFA Khmer on Saturday, February 15, 2020
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។