បើសិនលោកអ្នកមានបញ្ហាជំងឺភ្នែកនិងត្រចៀកលោកអ្នកនឹងទទួលបានការព្យាបាលវះកាត់ដោយមិនអស់ថ្លៃព្យាបាល។ អង្គការកម្ពុជាវីហ្សិន (Cambodia vision) របស់អូស្ត្រាលីនឹងព្យាបាលជំងឺភ្នែក និងត្រចៀកដល់ពលរដ្ឋខ្មែរនៅមន្ទីរពេទ្យបង្ហែកខេត្តស្វាយរៀង រយៈពេលមួយសប្តាហ៍ដោយឥតគិតថ្លៃពីថ្ងៃទី២៧ខែតុលាដល់ថ្ងៃទី២ខែវិច្ឆិកាខាងមុខនេះ។
វីដេអូបង្ហាញតាមបណ្តាញសង្គមហ្វេសប៊ុកសំឡេងខ្មែរ (SK Media) ផ្សាយថ្ងៃទី២៩ខែកក្កដាឲ្យដឹងថាក្រៅតែពីការព្យាបាលវះកាត់មិនគិតកម្រៃពីអ្នកជំងឺនោះ អង្គការកម្ពុជាវីហ្សិន ក៏នឹងជួយឧបត្ថម្ភថ្លៃអាហារ ថវិកាខ្លះនិងអង្ករដល់អ្នកជំងឺផងដែរ៖ «ការធ្វើនេះយើងខ្ញុំអត់មានយកលុយកាក់ទេ។ បងប្អូនដែលព្យាបាល យើងជួយតាំងពីម្ហូបអាហាររហូតដល់ចេញមកវិញ យើងមានឲ្យអង្ករប្រាំគីឡូ និងលុយពីរម៉ឺន ដើម្បីធ្វើដំណើរមកផ្ទះ»។
ជាញឹកញាប់ អង្គការកម្ពុជាវីហ្សិន (Cambodia vision) អូស្ត្រាលីតែងបានចុះជួយព្យាបាលជំងឺភ្នែក ត្រចៀកជូនដល់ពលរដ្ឋក្រីក្រកម្ពុជា។ ការព្យាបាលនេះមិនសំដៅតែពលរដ្ឋរស់នៅខេត្តស្វាយរៀងនោះទេ ពលរដ្ឋរស់នៅខេត្តផ្សេងៗ ទៀតក៏អាចទទួលបានការព្យាបាល និងវះកាត់នេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។