ពលករខ្មែរធ្វើការងារនៅប្រទេសថៃ ដែលឆ្លងជំងឺកូវីដ១៩ និងអ្នកពាក់ព័ន្ធនឹងជំងឺនេះលើកឡើងថា អាហារដែលអាជ្ញាធរថៃផ្ដល់ឱ្យពួកគាត់ហូបចុកមិនគ្រប់គ្រាន់ទេ។ ក្រៅពីនេះក៏មានពលករផ្នែកសំណង់ជាច្រើននាក់ប្រឈមបាត់ បង់ប្រាក់ឈ្នួលក្នុងពេលសម្រាកព្យាបាលជំងឺដែរ។ មន្ត្រីសង្គមស៊ីវិល និងមន្ត្រីសហជីពជំរុញទៅស្ថានទូតខ្មែរគួរមានកញ្ចប់ថវិកាជួយដល់ពលកររបស់ខ្លួនដែលកំពុងជួបវិបត្តិនេះ។
ពលករខ្មែរដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ លើកឡើងស្រដៀងគ្នាថា ពួកគាត់មិនសូវមានអាហារបរិភោគគ្រប់គ្រាន់នោះទេ។ ជាងនេះទៅទៀត ពួកគាត់ថា ក៏មិនទាន់ឃើញមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃចុះសួរសុខទុក្ខពួកគាត់នៅឡើយ តាំងពីមានការផ្ទុះជំងឺនេះនៅកន្លែងពួកគាត់រស់នៅរហូតពួកគាត់ចូលសម្រាកព្យាបាលជំងឺ។
ពលករខ្មែរធ្វើការងារសំណង់ដែលកំពុងសម្រាកព្យាបាលជំងឺកូវី១៩ លោក ធាត់ឌី ឱ្យអាស៊ីសេរីដឹងថា លោកបានឆ្លងជំងឺកូវីដ១៩ មួយសប្ដាហ៍ហើយ។ លោកឱ្យដឹងទៀតថា គ្រូពេទ្យមានការយកចិត្តទុកដាក់លើអ្នកជំងឺ ប៉ុន្តែលោកថាចាប់តាំងពីឆ្លងជំងឺកូវីដ១៩ រហូតចូលដល់កន្លែងព្យាបាល មិនទាន់ឃើញមន្ត្រីស្ថានទូតខ្មែរទាក់ទងមកលោក ឬពលករផ្សេងនោះទេ។ ពលកររូបនេះឲ្យដឹងទៀតថា ក្នុងពេលកំពុងព្យាបាលបែបនេះ លោកមិនដឹងថា កន្លែងការងារលោកកាត់ប្រាក់ខែ ឬយ៉ាងណានោះទេ?។ លោកព្រួយបារម្ភថា បើមានការកាត់ប្រាក់ឈ្នួលពេលកំពុងព្យាបាលជំងឺបែបនេះ នឹងធ្វើឱ្យលោកជួបបញ្ហាជីវភាព ឬប្រឈមគ្មានលុយបង់ថ្លៃបន្ទប់ជួល៖ «ថ្នាំទើបឃើញពេទ្យយកមកឱ្យថ្ងៃនេះចាក់ថ្នាំចាក់អីអត់មានទេ ដូចពេទ្យមកបញ្ជាក់អញ្ចឹងជំងឺយើងអត់ទាន់ដល់ចាក់ថ្នាំប្រតោកសេរ៉ូមអីទេគឺស្ថិតក្នុងការតាមដាន»។
ពលការិនីម្នាក់ទៀតសុំលាក់ឈ្មោះ និងកំពុងសម្រាកព្យាបាលជំងឺនេះនៅសណ្ឋាគារមួយកន្លែងនៅខេត្តសមុទ្រប្រាកាន (Samut Prakan) ប្រាប់ថា ពេលនេះលោកស្រីមានអាការៈស្ងួតនិងស្លេះបំពង់ក ដោយគ្រូពេទ្យប្រាប់ថា ជាអាការៈកម្រិតស្រាលមិនទាន់ឱ្យថ្នាំទេ។ ពលការិនីរូបនេះរកឃើញវិជ្ជមានជំងឺកូវីដ១៩ រយៈពេល៧ថ្ងៃទម្រាំបានទៅព្យាបាលជំងឺ។ លោកស្រីក៏ត្អូញត្អែរដែរថា អាហារដែលខាងមន្ទីរពេទ្យផ្ដល់ឱ្យបរិភោគមិនគ្រប់គ្រាន់នោះទេ៖ «កន្លែងខ្ញុំនៅយ៉ាប់ម្យ៉ាងរឿងហូបចុកព្រោះអីសូមនៅធ្វើការក្នុងបន្ទប់ខ្ញុំក៏ញ៉ាំគ្រប់គ្រាន់ ប៉ុន្តែពេលខ្ញុំមកនៅអ៊ីចឹងខ្ញុំញាំអត់គ្រប់គ្រាន់ដូចមានអារម្មណ៍ថា ហេវ អស់កម្លាំងអត់មានកម្លាំងតតាំងនឹងរោគហ្នឹងទេ ព្រោះអីយើងហូបអត់គ្រប់គ្រាន់ម្ហូបមានតែមួយមុខបាយបន្តិច»។
ពលករម្នាក់ទៀតដែលកំពុងព្យាបាលជំងឺនេះដែរ លោក ហុង ទី ឱ្យអាស៊ីសេរីដឹងថា លោកត្រូវបានគេបញ្ជូនមកព្យាបាលនៅបន្ទាយទាហានមួយកន្លែង តែលោកមិនស្គាល់ឈ្មោះនោះទេ។ លោកថា ក្រុមគ្រូពេទ្យកំពុងតាមដានជំងឺ ហើយប្រសិនជំងឺលោកប្រែទៅជាធ្ងន់ នោះគេនឹងបញ្ជូនលោកទៅព្យាបាលនៅមន្ទីរពេទ្យធំ។ លោក ហុង ទី ប្រាប់ថា ក្រុមគ្រូពេទ្យថៃយកចិត្តទុកមើលថែអ្នកជំងឺ ប៉ុន្តែចំពោះមន្ត្រីស្ថានទូតខ្មែរវិញ មិនទាន់ មកសួរឬផ្ដល់ភាពកក់ក្ដៅដល់ពលករនោះទេ។ ពលកររូបនេះយល់ថា បើមន្ត្រីស្ថានទូតមិនចុះដល់កន្លែងព្យាបាលទេ ពួកគេគួរទាក់ទងតាមទូរស័ព្ទមកពលករដើម្បីបង្ហាញពីការយកចិត្តទុកដាក់លើពលរដ្ឋខ្លួន៖ «កន្លែងខ្ញុំនៅយ៉ាប់ម្យ៉ាងរឿងហូបចុកព្រោះអីសូមនៅធ្វើការក្នុងបន្ទប់ខ្ញុំក៏ញ៉ាំគ្រប់គ្រាន់ ប៉ុន្តែពេលខ្ញុំមកនៅអ៊ីចឹងខ្ញុំញាំអត់គ្រប់គ្រាន់ដូចមានអារម្មណ៍ថាហេវ អស់កម្លាំងអត់មានកម្លាំងតតាំងនឹងរោគហ្នឹងទេ ព្រោះអីយើងហូបអត់គ្រាប់គ្រាន់ម្ហូបមានតែមួយមុខបាយបន្តិច»។
ពាក់ព័ន្ធនឹងការខ្វះម្ហូបអាហារនេះដែរ អ្នកជំនាញផ្នែកថ្នាំពេទ្យនៅប្រទេសអូស្ត្រាលី លោកឱសថការី លឹម សួរ ឱ្យដឹងថា ការបរិភោគអាហារត្រឹមត្រូវ មានជីវជាតិ និងវីតាមីនគ្រប់គ្រាន់គឺមានសារៈសំខាន់សម្រាប់អ្នកកំពុងព្យាបាលជំងឺកូវីដ១៩។
ប្រទេសថៃកំពុងផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ខ្លាំងដែលមិនធ្លាប់មាន ដោយក្នុងមួយថ្ងៃៗមានអ្នកឆ្លងថ្មីរាប់ពាន់នាក់។ ក្នុងចំណោមអ្នកឆ្លងរាប់ម៉ឺននាក់នោះ មានអ្នកជំងឺជាងមួយពាន់នាក់ (១.១៤៦) នាក់បានស្លាប់ដោយសារជំងឺនេះ ក្នុងនោះក៏មានពលករខ្មែរម្នាក់បានបាត់បង់ជីវិតព្រោះជំងឺកាចសាហាវនេះផងដែរ។
របាយការណ៍អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការងារស្របច្បាប់ និងមិនស្របច្បាប់មានជាង ១លាន ៨សែននាក់ ធ្វើការនៅប្រទេសថៃ។
មន្ត្រីផ្នែកអន្តោប្រវេសន៍ប្រចាំប្រទេសថៃនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ អង្គការសង់ត្រាល់ (CENTRAL) លោក លឹង សុផុន សង្កេតឃើញថា មានពលករធ្វើការនៅប្រទេសថៃឆ្លងជំងឺនេះច្រើន ដោយកន្លែងខ្លះឆ្លងរាប់រយនាក់ ប៉ុន្តែលោកមិនទាន់មានតួលេខនៅឡើយទេព្រោះអាជ្ញាធរថៃមិនទាន់បញ្ចេញតួលេខផ្លូវការនៅឡើយ។ តែយ៉ាងណា មន្ត្រីសង្គមស៊ីវិលរូបនេះឱ្យដឹងទៀត អាជ្ញាធរថៃបានយកចិត្តទុកដាក់ព្យាបាលជំងឺដល់ពលករបរទេស ទោះជាពលករស្របច្បាប់ ឬមិនស្របច្បាប់ក្ដី។ ចំណែកការយកចិត្តទុកដាក់របស់មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសនេះវិញ លោកសង្កេតឃើញថា មានមន្ត្រីទូតចុះជួប ឬផ្ដល់អំណោយដល់ពលករខ្លះដែរ ប៉ុន្តែមិនបានទូលំទូលាយ ឬបានសកម្មនោះទេ៖ «បាទចង់ឱ្យពួកគាត់ ( មន្ត្រីស្ថានទូត ) ចុះមកមើលបងប្អូនពលករខ្មែរដែលកំពុងរងការលំបាកដោយសារជំងឺកូវីដ១៩ មិនចង់សុំអីច្រើនទេចង់ឱ្យពួកគាត់ ចុះមកមើលហ្នឹងផ្ដល់កម្លាំងចិត្តឱ្យគាត់តស៊ូយកឈ្នះជំងឺកូវីដ១៩នេះឱ្យបាន»។
ស្រដៀងគ្នានេះដែរ មន្ត្រីសហជីពកម្មករសំណង់នៅប្រទេសថៃ លោក ស៊ុន សីហា សង្កេតឃើញថា ពលករដែលធ្វើការងារផ្នែករោងចក្រនៅពេលធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩ ក្រុមហ៊ុនបានផ្ដល់ប្រាក់៥០ភាគរយនៃប្រាក់ខែរបស់ពួកគាត់។ ទោះយ៉ាងណា លោកថា ពលករដែលធ្វើការងារផ្នែកសំណង់ពេលធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដមិនទទួលបានប្រាក់ឧបត្ថម្ភនោះទេ ខណៈអ្នកទាំងនោះធ្វើការងារគិតប្រាក់ឈ្នួលតាមថ្ងៃធ្វើការ។ លោក ស៊ុន សីហា ស្នើទៅរដ្ឋាភិបាល ឬស្ថានទូតជួយអន្តរាគមន៍ ឬផ្ដល់ថវិកាដល់ពលករដែលមិនទទួលបានប្រាក់ឧបត្ថម្ភ៖ «ស្ថានកុងស៊ុលសូមឱ្យមានវិធានការចុះយកចិត្តទុកដាក់ចុះ ឬក៏មានវិធានការបែបណាដើម្បីជាកម្លាំងចិត្តនិងដោះស្រាយឱ្យពួកគាត់»។
ជុំវិញបញ្ហានេះអាស៊ីសេរីបានព្យាយាមសុំការអត្ថាធិប្បាយពីមន្ត្រីស្ថានទូតខ្មែរ ប្រចាំទីក្រុងបាងកក អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន នៅថ្ងៃទី៣ ខែមិថុនា ប៉ុន្តែទូរស័ព្ទគ្មានអ្នកទទួល។
ប៉ុន្តែស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក (Royal Embassy of Cambodia in Bangkok) បានបង្ហោះសារលើហ្វេសប៊ុក (Facebook) កាលពីពេលថ្មីៗនេះ ដោយអំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ឱ្យចូលរួមអនុវត្តតាមវិធានការណែនាំ និងបទបញ្ញត្តិ ដែលអាជ្ញាធរថៃបានដាក់ដើម្បីបង្ការឆ្លងជំងឺកូវីដ១៩។
ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិល និងមន្ត្រីសហជីពដែលធ្វើការលើវិស័យនេះ ជំរុញទៅស្ថានទូតគួរមានយន្តការច្បាស់លាស់បន្ថែមទៀតក្នុងការជួយពលរដ្ឋរបស់ខ្លួនមិនមែនត្រឹមជាការចែកអំណោយតិចតួចនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។