វេជ្ជបណ្ឌិតឯកទេសនៃជំងឺរលាកថ្លើមនៅកម្ពុជា ឲ្យដឹងថា ជំងឺរលាកថ្លើម ឬភាសាអង់គ្លេសហៅថា Hepatitis គឺបង្កឡើងដោយមេរោគ ឬវីរុស (Virus) ម្យ៉ាងដែលធ្វើឲ្យថ្លើមរលាក ហើម និងក្រិន។ នៅពេលដែលថ្លើមរលាក ឬខូច គឺវានាំឲ្យប៉ះពាល់ដល់មុខងារសំខាន់របស់ថ្លើម គឺច្រោះជាតិពុលចេញពីក្នុងឈាម និងបង្កើតសារធាតុចិញ្ចឹមល្អក្នុងរាងកាយជាដើម។ ពលរដ្ឋខ្មែរ ភាគច្រើនកើតជំងឺរលាកថ្លើមប្រភេទ អា បេ និង សេ (A, B, C)។
តើមូលហេតុអ្វីបណ្ដាលឲ្យកើតជំងឺរលាកថ្លើមប្រភេទ អេ ឬ អា (A)?
ក្រុមគ្រូពេទ្យជំនាញសុខភាពឲ្យដឹងថា ជំងឺរលាកថ្លើមប្រភេទ អេ ឬ អា (A) គឺជាជំងឺឆ្លង តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬតាមរយៈការបរិភោគម្ហូបអាហារ ឬ ទឹក ដែលមានផ្ទុកមេរោគ (HAV)។ វិធីសាស្ត្រដ៏ល្អបំផុត ដើម្បីការពារការឆ្លងមេរោគនេះ គឺត្រូវរស់នៅអនាម័យស្អាតល្អ និងត្រូវចាក់ថ្នាំចំនួន ២ដូស ដើម្បីបង្ការជំងឺរលាកថ្លើមប្រភេទ អា នេះ។
គ្រូពេទ្យឯកទេសថ្លើម និងម្ចាស់គ្លីនិកវឌ្ឍនៈវិជ្ជា វេជ្ជបណ្ឌិត ភៀវ សូរ៉ែន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុដែលនាំឲ្យកើតជំងឺថ្លើមប្រភេទ អេ ឬ អា (A) គឺបណ្ដាលមកពីការរស់នៅគ្មានអនាម័យ ដូចជា បរិភោគម្ហូបអាហារ និងទឹកមិនស្អាត ដែលនាំឲ្យឆ្លងវីរុស។ លោកថា នៅប្រទេសកម្ពុជា ការប្រើជីរលាមក ឬការបន្ទោបង់គ្មានបង្គន់អនាម័យត្រឹមត្រូវ និងការទទួលទានទឹក ឬបន្លែមិនស្អាត ដែលមានមេរោគនោះហើយ គឺជាមូលហេតុចម្បង ដែលនាំឲ្យឆ្លង និងកើតជំងឺប្រភេទ អា (A) នេះ។ លោកបន្តថា អ្នកកើតជំងឺរលាកថ្លើមប្រភេទ អា (Hepatitis A) គឺស្ទើរតែទាំងអស់អាចជាសះស្បើយឡើងវិញ ហើយមួយជីវិតរបស់ពួកគេ គឺមិនអាចឆ្លង និងកើតជំងឺនេះម្ដងទៀតនោះឡើយ។
វេជ្ជបណ្ឌិត ភៀវ សូរ៉ែន៖ « ប្រភេទ អា (A) ពាក់ព័ន្ធនឹងអនាម័យ ហើយប្រភេទមួយនេះ វាខុសគ្នាពីប្រភេទ បេ និង សេ (B, C) គឺវាឆ្លងតាមការហូបចុក តាមទឹករងៃចេញពីអ្នកជំងឺ ដូចជា ទឹកមាត់។ មេរោគហ្នឹងវានៅក្នុងបន្លែ និងនៅក្នុងចំណីអាហារ។ ជំងឺរលាកថ្លើមប្រភេទ អេ នេះ ជាប្រភេទថ្លើម ដែលមានទម្រង់ ៩០ % ជាទម្រង់មួយឆ្លងតែមួយអាទិត្យ ឬ ២អាទិត្យ ប្រព័ន្ធការពាររាងកាយយើង ប្រយុទ្ធនឹងមេរោគហ្នឹងក៏ឈ្នះ ក៏ជាទៅវិញទៅ។ អ្នកខ្លះឆ្លងអត់ដឹងខ្លួនផង ព្រោះវាមានរោគសញ្ញា ស្រដៀងជំងឺផ្ដាសាយ ហើយមានភាគរយតិចតួចបំផុត នាំឲ្យរលាកថ្លើមធ្ងន់ធ្ងរបាន »។
ថ្លើម គឺជាសរីរាង្គដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ការរស់រានមានជីវិត។ ថ្លើមមានមុខងារសំខាន់ៗ ជាច្រើន រួមមាន លាងសម្អាតឈាម និងបណ្ដេញជាតិពុលចេញពីក្នុងឈាម បង្កើតទឹកប្រមាត់ ដើម្បីជួយរំលាយជាតិខ្លាញ់ និងយកកាកសំណល់ចេញ ជាកន្លែងរក្សាទុកវីតាមីន និងជាតិដែក គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម បង្កើតសារធាតុចិញ្ចឹម ជួយដំណើរការ អេម៉ូក្លូប៊ីន អាំងស៊ុយលីន និងអ័រម៉ូនដទៃៗ ទៀត ដែលរាងកាយមនុស្សយើងត្រូវការ ព្រមទាំងជួយកម្ចាត់កោសិកាឈាមក្រហមចាស់ៗ ចេញ ដោយបញ្ចេញចោលក្រៅខ្លួនតាមរយៈទឹកមូត្រ និងលាមក ជាដើម។
គេហទំព័រអង្គការសុខភាពពិភពលោក (WHO) បង្ហាញថា មនុស្សភាគច្រើនដែលកើត និងឆ្លងជំងឺរលាកថ្លើមប្រភេទA គឺមិនបង្ហាញរោគសញ្ញាអ្វីឡើយ ក៏ប៉ុន្តែមានករណីខ្លះ ក្រោយពីមានផ្ទុកវីរុសក្នុងខ្លួនរយៈពេលចន្លោះពីរ ទៅបីសប្ដាហ៍ហើយ ទើបបង្ហាញរោគសញ្ញាខ្លះៗ ដូចជា គ្រុនក្ដៅ អស់កម្លាំង មិនសូវឃ្លាន ចង់ក្អួត ឬក្អួត ឈឺពោះ រាករូស លាមកដូរពណ៌ ឈឺសន្លាក់ដៃជើង និងស្បែកឡើងលឿងជាដើម។ ប្រភពដដែលបន្តថា មនុស្សពេញវ័យ ចេញរោគសញ្ញាជំងឺនេះញឹកញាប់ជាងកុមារ ហើយក្រុមមនុស្សចាស់វិញ ស្ថានភាពជំងឺច្រើនតែវិវត្តធ្ងន់ធ្ងរ។
លោកវេជ្ជបណ្ឌិត ភៀវ សូរ៉ែន ដែលជាសមាជិកនៃសមាគមសិក្សាពីជំងឺថ្លើម នៅសហរដ្ឋអាមេរិក (AASLD) ដែរនោះ មានប្រសាសន៍បន្តថា ពលរដ្ឋនៅទ្វីបអាស៊ី រាប់ទាំងនៅកម្ពុជាផង ច្រើនកើតជំងឺថ្លើមប្រភេទ A, B និង C។ លោកថា ជំងឺរលាកថ្លើម ទាំង ៣ប្រភេទនេះ គឺមានលក្ខណៈខុសៗ គ្នា ហើយការឆ្លង និងការព្យាបាលក៏ខុសគ្នាដែរ។ លោកបញ្ជាក់ថា ចំពោះជំងឺថ្លើមប្រភេទ A វិញ គឺអាចជាសះស្បើយដោយខ្លួនឯង ដោយមិនចាំបាច់ព្យាបាលនោះទេ ក៏ប៉ុន្តែប្រភេទ B និង C វិញ គឺជាជំងឺថ្លើម ដែលតម្រូវឲ្យធ្វើតេស្តជាមុនសិន មុនទទួលសេវាព្យាបាលពីគ្រូពេទ្យ។
វេជ្ជបណ្ឌិត ភៀវ សូរ៉ែន៖ « ជំងឺថ្លើមប្រភេទ បេ វាពុំមានរោគសញ្ញាច្បាស់លាស់ឲ្យដឹងទេ គឺជាជំងឺស្ងៀមស្ងាត់ យើងអាចដឹងតាមរយៈការធ្វើតេស្តឈាមតែមួយមុខទេ។ ជំងឺថ្លើមប្រភេទ បេ និងប្រភេទ សេ គឺវាខុសគ្នា ត្រង់ពូជធម្មជាតិវាមក គឺខុសគ្នា។ មានតែការធ្វើតេស្តនៅមន្ទីរពិសោធន៍ទេ ទើបបានដឹង ហើយប្រភេទ បេ និងប្រភេទ សេ គឺគ្មានរោគសញ្ញានោះទេ »។
លោកវេជ្ជបណ្ឌិតឯកទេសថ្លើមរូបនេះ មានប្រសាសន៍បន្តថា ដើម្បីបង្ការការឆ្លងជំងឺថ្លើមប្រភេទ A គឺត្រូវចាក់វ៉ាក់សាំង ២ដូស (២ Doses) សម្រាប់មនុស្សគ្រប់ៗ គ្នា។ ចំណែកកុមារវិញ ចាប់ពីអាយុមួយឆ្នាំឡើងទៅ អាចចាក់បាន ហើយដូសទី២ គឺត្រូវចាក់រយៈពេល៦ខែ បន្ទាប់ពីចាក់ដូសដំបូង។ បន្ថែមពីនេះ លោក វេជ្ជបណ្ឌិត ក៏បានផ្តល់ដំបូន្មានឲ្យប្រជាពលរដ្ឋទម្លាប់រស់នៅអនាម័យស្អាតល្អ លាងសំអាតដៃមុនបរិភោគអាហារ និងក្រោយចូលបង្គន់ ឬបន្ទោរបង់។ ចំណែកម្ហូបអាហារវិញ ត្រូវចម្អិនឲ្យឆ្អិន និងបរិភោគទឹកដាំពុះជាដើម។
វេជ្ជបណ្ឌិត ភៀវ សូរ៉ែន៖ « ចំពោះវិធីការពារវិញ គឺអនាម័យដៃ មាត់ និងគូថហ្នឹងហើយ។ ចំពោះអ្នកក្រីក្រ ពេលហូបចុកហ្នឹង គឺបន្លែផ្លែឈើ ត្រូវលាងសំអាតឲ្យល្អ ហើយបើចម្អិនវិញ គឺចម្អិនឲ្យឆ្អិនល្អ។ ត្រូវសំអាតអនាម័យនៅក្នុងបង្គន់ អនាម័យតាមបន្ទប់គេង គឺលាងសំអាតទៅ ព្រោះមេរោគ អេ ហ្នឹង វាឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់។ ឧទាហរណ៍គាត់ចូលបន្ទប់ទឹក ឬបង្គន់ ហើយមិនបានលាងដៃ ហើយដៃគាត់ចាប់កាន់ប្រដាប់ប្រដា ឬបញ្ចុកបាយកូន គឺវាអាចឆ្លងមេរោគ។ អ៊ីចឹង ជំងឺថ្លើមប្រភេទអាហ្នឹងគឺផ្ដោតសំខាន់លើអនាម័យតែម្ដង »។
របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ឲ្យដឹងដែរថា ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍ ដែលគ្មានអនាម័យក្នុងការរស់នៅ និងការទទួលទានទឹក និងម្ហូបអាហារមិនស្អាត បណ្ដាលឲ្យកើតជំងឺថ្លើមប្រភេទ អា នេះច្រើនណាស់ ជាពិសេស កុមារក្រោម ១០ឆ្នាំ ប្រមាណជា ៩០% កើតជំងឺរលាកថ្លើមប្រភេទ អា ឬ Hepatitis A។ ហើយជំងឺនេះអាចផ្ទុះរីករាលដាលខ្លាំង ប្រសិនបើគ្មានវិធានការទប់ស្កាត់ទាន់ពេលវេលា។អង្គការសុខភាពពិភពលោក ក៏បានអំពាវនាវដល់បណ្ដាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍ បង្កើនវិធានការការពារចាំបាច់មួយចំនួន ដោយផ្តល់សេវាព្យាបាលទៅដល់សហគមន៍ ផ្គត់ផ្គង់ទឹកស្អាត និងសុវត្ថិភាព គ្រប់គ្រងប្រព័ន្ធទឹកលូ និងកាកសំណល់នានា ឲ្យបានត្រឹមត្រូវ ផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋទូទៅ ឲ្យយល់ច្បាស់ពីអត្ថប្រយោជន៍សម្រាប់ការរស់នៅប្រកបដោយផាសុកភាព ព្រមទាំងផ្ដល់សេវាចាក់ថ្នាំវ៉ាក់សាំងការពារ ជាពិសេសដល់កុមារ ជាដើម៕