អង្គការអន្តរជាតិរកឃើញថា ប្រទេសកម្ពុជាកំពុងមានការធ្លាក់ចុះយ៉ាងគំហុកនូវអត្រារបស់មាតាដែលបំបៅដោះកូនដោយទឹកដោះ។ បញ្ហានេះ កំពុងកើតមានលើស្ត្រីខ្មែរជាច្រើនជាកម្មការិនីធ្វើការនៅតាមរោងចក្រនានាដោយសារតែបច្ចុប្បន្ន នៅតាមរោងចក្រមិនមានទារកដ្ឋានសម្រាប់ឱ្យម្ដាយយកកូនមកផ្ញើដើម្បីបំបៅដោះឱ្យបានត្រឹមត្រូវនិងទៀតទាត់នៅឡើយ។
ក្រុមអង្គការសង្គមស៊ីវិល និងសហជីពកម្មករមួយចំនួន កំពុងព្រួយបារម្ភទៅលើការលូតលាស់ផ្នែករាងកាយនិងបញ្ញាស្មារតីរបស់កុមារមិនបានល្អ ដោយសារតែបច្ចុប្បន្ននេះម្ដាយរបស់កុមារភាគច្រើនដែលជាកម្មការិនី មិនមានពេលគ្រប់គ្រាន់ក្នុងការបំបៅដោះកូន ចំណែកឯការផ្ដល់ជីវជាតិ អាហារជំនួសទឹកដោះទៀតសោតក៏មិនគ្រប់គ្រាន់។
នាយកប្រតិបត្តិអង្គការសង់ត្រាល់ លោក មឿន តុលា ឱ្យដឹងថា បច្ចុប្បន្ននេះម្ចាស់រោងចក្រនិងសហគ្រាស ជាច្រើននៅកម្ពុជាមិនទាន់បានអនុវត្ត តាមច្បាប់ការងារដែលតម្រូវឱ្យធ្វើទារកដ្ឋាន មានស្តង់ដារត្រឹមត្រូវសម្រាប់ស្ត្រីជាម្ដាយ អាចយកទារកតូចៗទៅផ្ញើ ដើម្បីងាយស្រួលទៅបំបៅដោះកូននៅពេលដែលកំពុងតែធ្វើការងារនោះទេ។
ម្ចាស់រោងចក្រនិងសហគ្រាស បានត្រឹមតែធ្វើបន្ទប់ដែលគ្មានទាំងបរិស្ថាននិងផាសុកភាពឱ្យស្ត្រីដែលមានកូនតូចសម្រាប់ចូលទៅបំបៅដោះហើយកន្លែងខ្លះបានត្រឹមតែចំណាយប្រាក់ពី៥ទៅ២០ដុល្លារ ឱ្យម្ដាយសម្រាប់ទិញទឹកដោះគោឱ្យកូនបៅនៅផ្ទះក្នុង១ខែៗជាដើម។
លោក មឿន តុលា យល់ថា បញ្ហាដែលរោងចក្រនិងសហគ្រាសការងារ មិនមានទារកដ្ឋានសម្រាប់ម្ដាយបំបៅដោះកូនត្រឹមត្រូវនេះ នឹងធ្វើឱ្យកុមារកម្ពុជាប្រឈមមុខជាច្រើនចំពោះការលូតលាស់ទាំងរាងកាយ សុខភាពនិងបញ្ញាស្មារតី។
លោក មឿន តុលា៖ «ធម្មតារោងចក្រគាត់បារម្ភពីចំណាយដែរព្រោះកាលណាបង់ថ្លៃទៅលើសេវាទារកដ្ឋានឱ្យកូនកម្មកររបស់គាត់ដូចនេះវាចំណាយកើនឡើង។ បើសិនជាយកតម្លៃហ្នឹងជាហេតុផលមិនអនុវត្តច្បាប់គឺវាមិនត្រូវទេ។ ប៉ុន្តែសម្រាប់ជាការយោគយល់គ្នាដើម្បីអនុវត្តទៅកុំឱ្យភាគីណាមួយរលំ ខ្ញុំគិតថា រដ្ឋាភិបាលអាចផ្ដើមគំនិតក្នុងការជជែកជាមួយភាគីរោងចក្រហើយនិងភាគីអ្នកបញ្ជាទិញឱ្យគេអាចបន្ថែមតម្លៃបន្តិចដើម្បីឱ្យរោងចក្រហ្នឹងមានលទ្ធភាពទូទាត់សេវាថែក្មេងហ្នឹង»។
កម្មការិនីរោងចក្រកាត់ដេរស្បែកជើង ម្នាក់នៅខេត្តកំពង់ឆ្នាំង អ្នកស្រី អ៊ុន ស្រីល័ក្ខ មានប្រសាសន៍ថា នៅក្នុងរោងចក្រដែលគាត់កំពុងធ្វើការបច្ចុប្បន្នមានតែរោងសម្រាប់បំបៅដោះកូន និងដាក់សម្ភារៈ ខ្លះៗឱ្យប្រើប្រាស់ប៉ុណ្ណោះ ប៉ុន្តែមិនមានទារកដ្ឋាន និងអ្នកមើលថែក្មេងដែលអាចឱ្យម្ដាយយកកូនទៅផ្ញើ ក្នុងពេលធ្វើការបានឡើយ។
អ្នកស្រី អ៊ុន ស្រីល័ក្ខ ដែលកំពុងតែមានកូនតូចចង់ឱ្យថៅកែរោងចក្របង្កើតទារកដ្ឋាន ដែលអាចយកកូនទៅផ្ញើក្នុងពេលធ្វើការងារ ដើម្បីឱ្យគាត់ក៏ដូចជាម្ដាយគ្រប់រូបអាចទៅបំបៅដោះកូនបានទៀងទាត់ និងមានភាពកក់ក្តៅក្នុងចិត្តផង។
អ្នកស្រី អ៊ុន ស្រីល័ក្ខ៖ «គ្រាន់តែមានសាងសង់ជាអគារហ្នឹងហើយ មានសម្ភារៈឧបត្ថម្ភដូចជារបស់ប្រើដូចជាបូមទឹកដោះទុកឱ្យកូនបៅតែប៉ុណ្ណឹង អត់ទាន់មានអ្នកថែទាំទារកទេ។ ចង់បានអ្នកមើលថែទារកដែរគ្រាន់បានកូននៅជិតខ្លួនស្រួលត្រង់ថា មានពេលចេញទៅបំបៅកូនមួយភ្លែត។ ហើយនៅធ្វើការក៏កក់ក្តៅពីព្រោះបាននៅជិតកូនផង»។
វិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានទេ នៅថ្ងៃទី១៤ ខែកុម្ភៈ ដោយសារតែលោកមិនទទួលទូរស័ព្ទ។
ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ធ្លាប់ថ្លែងប្រាប់ក្នុងពេលជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត២ម៉ឺននាក់ នៅឯខណ្ឌកំបូលរាជធានីភ្នំពេញកាលពីខែ វិច្ឆិកាឆ្នាំ២០២៣ កន្លងទៅថា ការងារអាទិភាពចំនួន៤ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវអនុវត្តនៅរយៈពេល២ឆ្នាំខាងមុខ គឺបានសិក្សាជាមួយដៃគូពាក់ព័ន្ធ រួមទាំងម្ចាស់រោងចក្រ សហគ្រាស សួនឧស្សាហកម្ម រួចហើយអំពីយន្តការកសាង ការគ្រប់គ្រង ការធានាគុណភាព និងការរក្សានិរន្តភាពនៃទារកដ្ឋាន និងមត្តេយ្យសហគមន៍ ដើម្បីឱ្យកម្មករនិយោជិតដែលមានកូនតូច អាចយកទារក ឬកូនរបស់ខ្លួន ទៅផ្ញើនៅទារកដ្ឋានសហគមន៍ ឬមត្តេយ្យរបស់សហគមន៍ដែលនៅតាមកន្លែងការងារ។
ទោះជាយ៉ាងណា អង្គការសង់ត្រាល់បានយករបាយការណ៍របស់អង្គការអន្តរជាតិផ្នែកការងារប្រចាំអាស៊ីនិងប៉ាស៊ីហ្វិក មកផ្សាយបន្ដកាលពីពេលថ្មីៗថា ក្នុងចំណោមស្ត្រី១០នាក់ជាកម្មការិនីនៅតាមរោងចក្របានផ្ដល់សម្ភាសន៍ថា កន្លែងពួកគេធ្វើការមិនមានទារកដ្ឋានទេ ហើយក្នុងចំណោមស្ត្រី១០នាក់ នោះមាន ២នាក់បានអះអាងថា នៅក្នុងរោងចក្រខ្លួនមិនអនុញ្ញាតឱ្យបំបៅដោះកូនទៀតផង។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ អះអាងថា បច្ចុប្បន្ននៅតាមរោងចក្រ និងក្រុមហ៊ុនជាច្រើនគឺមិនបានរៀបចំឱ្យមានកន្លែងបំបៅដោះកូនទេ។ ចំណែករោងចក្រខ្លះទៀតដែលមានរៀបចំនោះ ក៏មិនត្រឹមត្រូវនិងអាចឱ្យស្ត្រី យកកូនមកផ្ញើក្នុងពេលធ្វើការបាននៅឡើយ។
លោក អាត់ ធន់ បានជំរុញឱ្យរដ្ឋាភិបាលពន្លឿនការគិតគូរអំពីការបង្កើតទារកដ្ឋាន ឬមត្តេយ្យសហគមន៍ នៅតាមរោងចក្រ និងសហគ្រាសនានាឱ្យបានឆាប់។
លោក អាត់ ធន់៖ «បើនិយាយពីទារកដ្ឋានដែលមានតិចតួចវាអត់មានលក្ខណៈអីច្បាស់លាស់ឬក៏អាចថា យកជាការបានទេ គឺវាមិនល្អ។ កន្លែងខ្លះតូចចង្អៀតអត់មានសម្ភារៈ អត់មានអ្នកថែទាំក្មេងដូច្នេះម្ដាយមិនអាចយកកូនមកផ្ញើបានទេ។ មិនមែនដូចគេផ្ញើកូន ហើយចេញទៅផ្ទះមកយកកូនទេ ស្ត្រីជាកម្មករត្រូវធ្វើការថែមម៉ោងវាស្មុគស្មាញណាស់»។
ចំណែក អនុប្រធាន សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា អ្នកស្រី សាយ សុខនី យល់ថា ការដែលកូនបានទទួលទឹកដោះម្ដាយ គឺវាមានលក្ខណៈពិសេសដែលអាចជួយឱ្យកុមារមិនត្រឹមតែ ទទួលបានសុខភាពល្អ ការលូតខាង រាងកាយនិងសតិបញ្ញាបានគ្រប់គ្រាន់ប៉ុណ្ណោះទេ គឺវាថែមទាំងធ្វើឱ្យកូនទទួលបានមនោសញ្ចេតនានិងភាពកក់ក្តៅពីម្ដាយ ហើយម្ដាយក៏គេចផុតពីជំងឺមហារីកសុដន់ផងដែរ។
អ្នកស្រី សាយ សុខនី៖ «ប្រសិនបើយើងគិតគូរអំពីសុខុមាលភាពរបស់កុមារ និងម្តាយគឺវាមានតម្លៃណាស់សម្រាប់សង្គមជាតិទៅថ្ងៃក្រោយ។ ពីព្រោះការថែទាំទំពាំងល្អ ឫស្សីនឹងល្អ សសរទ្រូងជាតិនឹងល្អ។ កុមារប្រៀបដូចជាក្រដាសស យើងដាក់ពណ៌អីគឺវាចេញពណ៌ហ្នឹង។ គឺកុមារសំខាន់ណាស់ផ្ដល់ឱ្យក្តីស្រឡាញ់មនោសញ្ចេតនាឱ្យកុមារប្រដាប់លេង មានកន្លែងកីឡាឬក៏សួនដែលមានដើមឈើល្អៗ ខ្ញុំយល់ថា កុមារនោះនឹងល្អឯម្ដាយក៏មានអារម្មណ៍ល្អ ហើយគិតតែបង្កើនផលិតភាពការងារ»។
ច្បាប់ស្តីពីការងាររបស់កម្ពុជាមាត្រា ១៨៦ចែងថា នាយកសហគ្រាសដែលមានកម្មករលើសពី១០០នាក់ គួរតែរៀបចំឱ្យមានបន្ទប់បំបៅដោះសម្រាប់ស្ត្រីមានកូនតូច។ ស្ត្រីជាម្ដាយដែលកំពុងបម្រើការងារអាចបែងចែកម៉ោងពេលបំបៅដោះកូនជាពីរ ដោយអាចព្រឹក៣០នាទី និងរសៀល៣០នាទី ដោយមានការព្រមព្រៀងជាមួយនិយោជក។
បើទោះបីជាច្បាប់បានចែងយ៉ាងនេះក្តី ក៏ជាច្រើនឆ្នាំមកនេះការបង្កើតទារកដ្ឋាននៅតាមរោងចក្រសហគ្រាសដូចមានចែងនៅក្នុងច្បាប់ នៅមិនទាន់ឃើញលេចចេញជារូបរាងឱ្យបានត្រឹមនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។