ករណី​ប្រើប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​កើន​ឡើង​នៅ​ឆ្នាំ​២០១៦

គ្រឿង​ញៀន​ដែល​អាជ្ញាធរ​រឹប​អូស​បាន និង​ដុត​បំផ្លាញ​ចោល​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Leng Maly
គ្រឿង​ញៀន​ដែល​អាជ្ញាធរ​រឹប​អូស​បាន និង​ដុត​បំផ្លាញ​ចោល​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Leng Maly (RFA/Leng Maly)

0:00 / 0:00

បញ្ហា​គ្រឿង​ញៀន កំពុង​ក្លាយ​ជា​ក្ដី​កង្វល់​ខ្លាំង​នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន។ នៅ​ក្នុង​ទិវា​ប្រយុទ្ធ​ប្រឆាំង​ការ​ផលិត ការ​ចរាចរ និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​អន្តរជាតិ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៦ មិថុនា មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​ដឹង​ថា ករណី​ប្រើប្រាស់ និង​ជួញ​ដូរ​គ្រឿង​ញៀន​កំពុង​កើន​ឡើង។

ទាំង​មន្ត្រី​ថ្នាក់​ជាតិ និង​មន្ត្រី​ថ្នាក់​រាជធានី​ភ្នំពេញ បង្ហាញ​របាយការណ៍​ថា ចំនួន​អ្នក​ប្រើប្រាស់ និង​ជួញ​ដូរ​គ្រឿង​ញៀន​បាន​កើន​ឡើង​ខ្ពស់ ដែល​គួរ​ឲ្យ​បារម្ភ​ពី​ការ​ប្រឈម​មុខ​ខ្លាំង​ចំពោះ​ការ​ដោះស្រាយ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ថ្លែង​ថា អ្នក​ប្រើប្រាស់ និង​ជួញ​ដូរ​គ្រឿង​ញៀន​ក្នុង​រយៈពេល ៦​ខែ​នៅ​ដើម​ឆ្នាំ​២០១៦ នេះ មាន​ចំនួន​កើន​ឡើង​ជាង ៨​ពាន់​នាក់ (៨.៤០០​នាក់)៖ « ការ​ប្រឈម​នឹង​ គ្រឿង​ញៀន ​យើង​ឃើញ​ហើយ ការ​ចាប់​ចង​តាម​ច្បាប់​ កាល​ពី​ឆ្នាំ​មុន​ជាង ៧​ពាន់​នាក់។ ឥឡូវ​កើន ឆ្នាំ​២០១៦ នេះ កើន ១២០ % ជិត ១៣០ % ហើយ​ការ ​ប្រឈម​នឹង​មណ្ឌល​បណ្ដោះអាសន្ន បើ​យើង​ចាប់​កាន់​តែ​ច្រើន យើង​ត្រូវ​មាន​កន្លែង​ទុក​ដាក់​ឲ្យ​សមរម្យ ។ ប៉ុន្តែ​យើង​ប្រឈម​កន្លែង​ ទុក​ដាក់ ​វា​មិន​សូវ​បាន​គត់មត់​ល្អ ហើយ​មិន​សូវ​រលូន »

ការ​ថ្លែង​របស់​លោក កែ គឹមយ៉ាន គឺ​ស្រប​ពេល​ដែល​គណៈកម្មការ​ដុត​បំផ្លាញ​គ្រឿង​ញៀន សម្រេច​ដុត​បំផ្លាញ​ចោល​គ្រឿង​ញៀន​ជាង ១​តោន​កន្លះ (១.៥៦៤,១០៥​គីឡូក្រាម) នៅ​ថ្ងៃ​ទី​២៦ មិថុនា។

គ្រឿង​ញៀន​ដែល​អាជ្ញាធរ​រឹប​អូស​បាន និង​ដុត​បំផ្លាញ​ចោល​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Leng Maly
គ្រឿង​ញៀន​ដែល​អាជ្ញាធរ​រឹប​អូស​បាន និង​ដុត​បំផ្លាញ​ចោល​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Leng Maly (RFA/Leng Maly)

ប្រធាន​គណៈកម្មការ​ដុត​បំផ្លាញ​គ្រឿង​ញៀន លោក សៀង សុខ ជា​ព្រះរាជអាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា គ្រឿង​ញៀន​ដែល​ត្រូវ​ដុត​បំផ្លាញ​ចោល​នេះ គឺ​ជា​គ្រឿង​ញៀន​បង្ក្រាប​បាន​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ចំនួន ៣​ករណី​នៅ​ពេល​កន្លង​មក។ អាជ្ញាធរ​រឹប​អូស​បាន​ទាំង​សារធាតុ​ញៀន និង​ឧបករណ៍​ដែល​ផលិត​គ្រឿង​ញៀន​ទាំង​នេះ។ សារធាតុ​ញៀន​ក្នុង ៣​ករណី​នេះ មាន​ប្រភេទ​មេតំហ្វេតាមីន ហេរ៉ូអ៊ីន និង​កញ្ឆា៖ «សារធាតុ​ញៀន​ប្រភេទ​មេតំហ្វេតាមីន ទម្ងន់ ៦៧ , ៤១​គីឡូក្រាម សារធាតុ​ញៀន​ប្រភេទ​ហេរ៉ូអ៊ីន ទម្ងន់ ៣៤៥ , ៣២​គីឡូក្រាម សារធាតុ​ញៀន​ប្រភេទ​កញ្ឆា​ស្ងួត​ទម្ងន់ . ៤៩៤ , ៨៥​គីឡូក្រាម សារធាតុ​ប្រភេទ​ប្រេង​កញ្ឆា​ទម្ងន់ ១ , ៥​គីឡូក្រាម »

របាយការណ៍​របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បង្ហាញ​ថា រាជធានី​ភ្នំពេញ​បាន​រង​ឥទ្ធិពល​ពី​ការ​ចរាចរ​គ្រឿង​ញៀន​ទាំង​ក្នុង និង​ក្រៅ​តំបន់ ហើយ​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ផ្នែក​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការ​អភិវឌ្ឍ​សង្គម ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ និង​យុវជន​មួយ​ចំនួន​បាន​ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​ប្រើ និង​ញៀន​គ្រឿង​ញៀន ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ ហើយ​ធ្វើ​ឲ្យ​មាន​បន្ទុក​ធ្ងន់ធ្ងរ​ដល់​គ្រួសារ និង​សហគមន៍​ត្រូវ​ដោះស្រាយ។

អតីត​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​វ័យ ១៩​ឆ្នាំ​មួយ​រូប ដែល​បាន​ព្យាបាល​ផ្ដាច់​គ្រឿង​ញៀន​នៅ​មណ្ឌល​ឱកាស​ខ្ញុំ គឺ​យុវជន រ៉ា យសសំណាង ឡើង​ថ្លែង​ពី​បទពិសោធន៍​ថា ថ្នាំ​ញៀន​បាន​បំផ្លាញ​សុភមង្គល​គ្រួសារ​របស់​ប្អូន៖ «ខ្ញុំ​បាទ​បាន​ធ្លាក់​ខ្លួន​ប្រើប្រាស់​ គ្រឿង​ញៀន បោះបង់​ការ​សិក្សា ហើយ​បាន​ក្លាយ​ខ្លួន​ជា​អ្នក​ញៀន​គ្រឿង​ញៀន ។ ពេល​នោះ ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ មួហ្មង ប្រព្រឹត្ត​តែ​អំពើ​ហិង្សា បំផ្លាញ​ ទ្រព្យ​សម្បត្តិ ​របស់​អ្នក​ ម្ដាយ​ដែល ​ជា​ស្ត្រី​មេម៉ាយ ដើម្បី​បាន​លុយ​ទៅ​ប្រើប្រាស់​ គ្រឿង​ញៀន​ ជាមួយ​មិត្តភ័ក្ដិ​មិន​ល្អ។ រត់​ចេញ​ពី​ផ្ទះ ធ្វើ​ឲ្យ​អ្នក​ម្ដាយ​ខ្ញុំ​បាទ​ពិបាក​ចិត្ត​ស្រែក​យំ​រាល់​ថ្ងៃ»

អ្នក​ញៀន​គ្រឿង​ញៀន​នៅ​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​ជន​រងគ្រោះ ហើយ​ត្រូវ​ការ​ការ​ព្យាបាល។

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក កែ គឹមយ៉ាន ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​មន្ទីរពេទ្យ​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន​ចំនួន ១៧០​កន្លែង​នៅ​ទូទាំង​ប្រទេស។ នៅ​ភ្នំពេញ​មាន ២១​កន្លែង។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក​ថា​យន្តការ​នៃ​ការ​ព្យាបាល​មិន​ដំណើរ​ការ​ល្អ​ទេ ព្រោះ​ពលរដ្ឋ​មិន​ទាន់​ស្គាល់​កន្លែង​ព្យាបាល និង​ខ្វះ​ការ​លើក​ទឹក​ចិត្ត។ លោក​សុំ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​តាម​អាជ្ញាធរ​ឃុំ-សង្កាត់​ដើម្បី​នាំ​អ្នក​ញៀន​ទៅ​ព្យាបាល៖ «បើ​មិន​អ៊ីចឹង​ទេ ប៉ូលិស​ គិត​តែ ​ចាប់។ ចាប់​ទៅ​ចាប់​មក យើង​ត្រូវ​លែង​វិញ មិន​មែន​ចាប់​មិន​ឲ្យ​លែង​ទេ ។ កន្លង​មក​មាន​ មូលដ្ឋាន​ខ្លះ សតិ​អារម្មណ៍ គាត់​ ថា​ពិបាក ​ណាស់​ចាប់​លែងៗ។ ច្បាប់​គេ​ឲ្យ​លែង​ទេ​តើ !»

លោក​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​កម្ពុជា ប្រើប្រាស់​គ្រឿង​ញៀន​ជាង ១​ម៉ឺន​នាក់។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ ខាណា (KHANA) បង្ហាញ​តួលេខ​ប៉ាន់ស្មាន​ថា នៅ​កម្ពុជា មាន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ចំនួន ១​ម៉ឺន ៣​ពាន់​នាក់ ហើយ​អ្នក​ប្រើប្រាស់​ជាង ១​ពាន់​នាក់ (១.០៨៦​នាក់)នៅ​រាជធានី​ភ្នំពេញ៕

វីដេអូ៖ អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​កំពុង​កើន​ឡើង

អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​កំពុង​កើន​ឡើង អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​កំពុង​កើន​ឡើង

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។