គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ជំរុញរដ្ឋាភិបាលលោក ហ៊ុន សែន រៀបចំផែនការមេជាក់លាក់ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ និងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ ស្របពេលការរីករាលដាលកូវីដ-១៩ បន្តកើនឡើង នាំឱ្យពលរដ្ឋមួយចំនួនបាត់បង់ការងារ។ អ្នកឃ្លាំមើលថា ការលើកឡើងរបស់គណបក្ស នយោបាយជាការចូលរួមចំណែកដោះស្រាយវិបត្តិជំងឺកូវីដ-១៩ និងសេដ្ឋកិច្ច។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២២ មីនា ថា ដើម្បីឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេលវេលានូវទុកលំបាករបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដនេះ រដ្ឋាភិបាលត្រូវតែរៀបចំផែនការមេឲ្យបានជាក់លាក់ដើម្បីទប់ស្កាត់ជំងឺកូវីដ និងដោះស្រាយវិបត្តិសេដ្ឋកិច្ច ដែលផែនការមួយនេះ ត្រូវផ្សារភ្ជាប់កញ្ចប់ថវិកាច្បាស់លាស់ផងដែរ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកទឹកចិត្តឲ្យរដ្ឋាភិបាលរៀបចំគណៈកម្មការចំពោះកិច្ច ដើម្បីសិក្សាស្រាវជ្រាវលើបញ្ហាសំខាន់ៗ មួយចំនួន ដូចជា កំណត់ក្រុមគោលដៅដែលត្រូវជួយដូចជាក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រុមពលករមកពីក្រៅប្រទេស និងកំណត់ទំហំថវិកាដែលត្រូវជួយប្រជាពលរដ្ឋដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ និងជួយសម្របសម្រួលនូវការសងបំណុលធនាគារ។ ក្រៅពីនេះ គណៈកម្មការចំពោះកិច្ច ត្រូវសិក្សាលើសហគ្រាស កសិករ ដែលមានសក្ដានុពលជួយគាំទ្រឱ្យពួកគេមានលទ្ធភាពពង្រឹងការផលិត ជំនួសឱ្យការនាំចូល ដែលជួយដល់វិស័យសេដ្ឋកិច្ច និងបង្កើតការងារក្នុងស្រុក រួមជាមួយការសិក្សាលើស្ថានភាពអ្នកប្រកបមុខរបរជំនួញ ទាំងក្នុងនិងក្រៅប្រព័ន្ធ ដើម្បីជួយអន្តរាគមន៍ និងធានានិរន្តរភាពនៃមុខរបរ ដើម្បីស្ដារឡើងវិញក្រោយយុទ្ធនាការប្រឆាំងកូវីដ-១៩ ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បន្តថា គណៈកម្មការចំពោះកិច្ច គួររៀបចំកញ្ចប់ថវិកាបន្ថែមសម្រាប់ជួយប្រជាពលរដ្ឋក្រីក្រ ដោយឈរលើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ និងប្រមែប្រមូលថវិកាពីគ្រប់ប្រភព ដើម្បីអនុវត្តការងារឲ្យកាន់តែជោគជ័យ។ គណបក្សមួយនេះ យល់ថា ប្រសិនបើរដ្ឋាភិបាល បើកឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធផ្សេងៗ ដូចជាតំណាងវិស័យឯកជន ជាពិសេសធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល នឹងអាចជួយរៀបចំ និងអនុវត្តផែនការការពារកូវីដ-១៩ និងដោះស្រាយវិបត្តិសេដ្ឋកិច្ចជាតិកាន់តែមានប្រសិទ្ធភាព។
ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា វិធានការណ៍ក្នុងស្ថានភាពបច្ចុប្បន្នរបស់រដ្ឋាភិបាល មិនគ្រប់ជ្រុងជ្រោយ ដើម្បីជួយប្រជាពលរដ្ឋទេ។ លោកចង់ឃើញរដ្ឋាភិបាលមានយន្តការជាតិរួមគ្នាមួយដើម្បីជួយរដ្ឋាភិបាលក្នុងស្ថានភាពវិបត្តិកូវីដ-១៩ និងស្ដារ សេដ្ឋកិច្ចជាតិឡើងវិញ ។ លោកទាមទារឱ្យរដ្ឋាភិបាលមានផែនការមេឱ្យច្បាស់លាស់ ងាយស្រួលដល់រដ្ឋាភិបាលចាត់ចែង ដើម្បីចូលរួមចំណែកពីគ្រប់ភាគី និងដៃគូអភិវឌ្ឍន៍។ លោកព្រួយបារម្ភពីការលំបាក ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រសិនបើបញ្ហានេះបន្តអូសបន្លាយ៖ «យើងចង់សង្កត់ធ្ងន់ថារឿងទាំងអស់នេះ ដែលយើងលើកមិនមែនជារឿងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជារឿងប្រទេសជាតិទាំងមូល ឆ្លើយតប និងទប់ទល់នូវបញ្ហាដែលកំពុងកើតមានឡើង ជាពិសេសអាចឱ្យយើងងើបបានឡើងយ៉ាងលឿនក្នុងវិស័យសេដ្ឋកិច្ច ទេសចរណ៍ហ្នឹង ក្រោយពេលវិបត្តិឆ្លងផុត » ។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការលើកឡើងរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គ្រាន់តែជាសំណើគេងចំណេញនយោបាយតែប៉ុណ្ណោះ។ លោកថាអះអាងថារដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមានម្ចាស់ការគ្រប់គ្រងស្ថានការណ៍រីករាលដាលជំងឺកូវីដ-១៩ រួចហើយ។ លោកបន្ថែមទៀតថារដ្ឋាភិបាលបានត្រៀមមណ្ឌលចត្តាឡីស័ក ដើម្បីផ្គត់ផ្គង់ម្ហូបអាហារ និងផ្តល់ថវិកាថែមជូនពលរដ្ឋទៀតផង៖ «អ្នករត់ម៉ូតូឌុបអ្នករត់កង់បី ជ្រើសរើសអ្នកដែលមាននិន្នាការនយោបាយនិយាយមិនល្អពីរដ្ឋាភិបាល អ៊ីចឹងទេបានចេះតែកើតមានបញ្ហាមិនចេះអស់មិនចេះហើយ ហើយពួកហ្នឹងមកសម្ភាសន៍ផ្សាយតាមវិទ្យុអាស៊ីសេរី គឺថាយើងយល់ថាបញ្ហាដែលកើតមានមិនចេះចប់ទេ អាហ្នឹងរឿងតែប៉ុណ្ណឹងទេ ខ្ញុំក៏តាមដានពិនិត្យដែរ ជាពិសេសការផ្សាយរបស់វិទ្យុអាស៊ីសេរី ខ្ញុំតាមដានដើម្បីខ្ញុំក្ដាប់សភាពការណ៍ និងប្រៀបធៀបនឹងការជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា » ។
ធនាគារពិភពលោកព្យាករថា ប្រជាពលរដ្ឋខ្មែរជិត ២លាននាក់ នឹងធ្លាក់ខ្លួនក្រីក្រ ដោយសារវិបត្តិជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ ធ្វើឱ្យចំនួនអ្នកក្រនៅកម្ពុជានឹងកើនឡើងដល់ ៤លាននាក់ ក្នុងចំណោមពលរដ្ឋសរុបជាង ១៥លាននាក់។
អ្នកឃ្លាំមើលអភិវឌ្ឍន៍សង្គម លោក សេង សារី មានប្រសាសន៍ថា ការលើកឡើងរបស់គណបក្សនយោបាយទៅកាន់រដ្ឋាភិបាលបែបនេះមិនមានប្រសិទ្ធិនោះទេ។ លោកយល់ថា ដោយការលើកឡើងសំណូមពរនេះគួរជាស្ថាប័នឯករាជ្យ និងអ្នកសិក្សាស្រាវជ្រាវពីបញ្ហានេះ ដើម្បីលើកជាសំណើ ឬជាអនុសាសន៍ផ្អែកលើទិន្នន័យតាមបែបវិទ្យាសាស្ត្រទៅកាន់រដ្ឋាភិបាល ទើបមានប្រសិទ្ធភាពជាងនេះ៖ «ជាលក្ខណៈបច្ចេកទេសយើងឃើញថា ដំណើរនេះក៏ជាផ្នែកមួយ ឬក៏ជាជ្រុងមួយនៅក្នុងការឆ្លើយតបទៅនឹងកូវីដ - ១៩ ដែរ ក៏ប៉ុន្តែសំខាន់សំនួរយើងសួរថា តើរដ្ឋាភិបាលធ្វើតាមដែរឬទេ ? រដ្ឋាភិបាលជឿលើសេចក្ដីថ្លែងការណ៍ ឬក៏សំណើរបស់គណបក្សនយោបាយ ដែលមាននិន្នាការប្រកួតប្រជែងយកអំណាចជាមួយរដ្ឋាភិបាល ជាមួយគណបក្សកាន់អំណាចដែរឬទេ ឬក៏មួយទៀតរដ្ឋាភិបាលជឿលើអ្នកបច្ចេកទេសគណបក្សប្រជាធិបតេយ្យមូលដ្ឋានឬទេ ?» ។
ទោះជាយ៉ាងណា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សំណូមពរឱ្យភាគីនយោបាយទាំងអស់ទុកបញ្ហាកន្លងមកមួយឡែកសិន ដោយងាកមកចាប់ដៃសហការគ្នា ដើម្បីក្លាយជាកម្លាំងសាមគ្គីជាតិដោះស្រាយបញ្ហារួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។