មនុស្ស​ជាង ៦០០នាក់ ដែល​បាន​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ហុងគ្រី អវិជ្ជមាន​កូវីដ-១៩

0:00 / 0:00

ក្រសួង​សុខាភិបាល​អះអាង​ថា មនុស្ស ៦២៨នាក់ ដែល​បាន​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ហុងគ្រី គ្មាន​ជំងឺ​កូវីដ-១៩ (Covid-19)។ ទោះជា​យ៉ាង​ណា ពលរដ្ឋ និង​សង្គម​ស៊ីវិល​នៅតែ​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ Covid-19នេះ ដោយសារ​តែ​ពួកគេ​អះអាង​ថា មន្ត្រី​រដ្ឋាភិបាល​មិន​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ លោក អួន វណ្ណៈ បង្ហាញ​ក្តី​បារម្ភ​ថា ការ​ធ្វេស​ប្រហែស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​អនុវត្ត​តាម​វិធាន​ការ​របស់​ក្រសួង​សុខាភិបាល​ ដោយ​មិន​បាន​​ពាក់​ម៉ាស់ ឬ​រក្សា​គម្លាត ឬ​ការ​ចាប់​ដៃ​ជាដើម​នៅ​ពេល​ជួប​មន្ត្រី​ការ​បរទេស​ហុងគ្រី ភីតធ័រ ស្ស៊ីចាតូ ​(Peter Szijjarto) អាច​បង្ក​ហានិភ័យ​ដល់​កម្ពុជា​ជា​ខ្លាំង។ លោក​បន្ថែម​ទៀត​ថា មនុស្ស​ទាំង ៦២៨នាក់​ដែល​បាន​ប៉ះ​ពាល់​ផ្ទាល់​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស អាច​ចម្លង​ ឬ​ប៉ះ​ពាល់​បន្ត​ជាមួយ​អ្នក​ដទៃ​ទៀត​នៅ​ក្នុង​សហគមន៍ ឬ​ពលរដ្ឋ​ផ្សេង​ទៀត។ លោក​ស្នើ​ឲ្យ​ក្រសួង​សុខាភិបាល​គួរ​អនុវត្ត​វិធាន​ការ​ឲ្យ​បាន​ម៉ឺង​ម៉ាត់​លើ​មន្ត្រី​ជួរ​រដ្ឋាភិបាល និង​ពលរដ្ឋ​ដទៃ​ទៀត​ឲ្យ​ស្មើភាព​គ្នា ដើម្បី​បង្ការ​ជំងឺ​នេះ៖ « មើល​ទៅ​ដូចជា​ពាក្យ​មួយ​ដែល​គាត់​ប្រហែស ដែល​គាត់​ប្រមាថ​ទៅ​លើ​ជំងឺ​កូវីដ ដែល​គាត់​មិន​អនុវត្ត​តាម​ក្រសួង​សុខាភិបាល​ដែល​តម្រូវ​ឲ្យ​យើង​សំពះ​គ្នា ហាម​ចាប់ដៃ​គ្នា ឲ្យ​នៅ​គម្លាត​ពី​គ្នា ហាម​ចាប់ដៃ​គ្នា ឲ្យ​នៅ​គម្លាត​ពី​គ្នា​រយៈ​មួយ​ម៉ែត្រ​ទៅ​ពីរ​ម៉ែត្រ ត្រូវ​ពាក់​ម៉ាស់​ការពារ ​ត្រូវ​វាស់​កម្ដៅ ត្រូវ​បាញ់​ជាតិ​អាល់កុល បាញ់​អី បែរ​ជា​គាត់​អត់មាន​ពាក់​ម៉ាស់ ហើយ​ជាក់​ស្ដែង​មួយ​ទៀត ​​​គាត់​ទៅ​ចាប់​ដៃ​ស្វាគមន៍​គ្នា​ទៀត​នៅ​ក្នុង​ពេល​ចុះ​ហត្ថ​លេខា​រួច​មក »

រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី លោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រដ្ឋ​មន្ត្រី​ការ​បរទេស​លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម លោក វេង សុខុន និង​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ទៀត​នៃ​របប​ក្រុង​ភ្នំពេញ ដោយ​​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ទៀត ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី៣ វិច្ឆិកា។ នៅ​ក្នុង​ជំនួប​នោះ គេ​សង្កេត​ឃើញ​ថា លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​កម្ពុជា​មួយ​ចំនួន​ទៀត មិន​បាន​ពាក់​ម៉ាស់​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩នោះទេ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រីស្រី ឱ វណ្ណឌីន ដើម្បី​បញ្ជាក់​បន្ថែម​ពី​ករណី​នេះ នៅ​ថ្ងៃ​ទី៥ វិច្ឆិកា ប៉ុន្តែ​អ្នកស្រី​ពុំ​លើក​ទូរស័ព្ទ។

ទោះ​ជា​យ៉ាង​ណា ក្រសួងការបរទេស បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ និង​មន្ត្រី​រាជការ​ពាក់ព័ន្ធ​ទាំង​អស់ ដែល​បាន​ជួប និង​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​គណៈប្រតិភូ​ហុងគ្រី​ដឹក​នាំ​ដោយ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) នឹង​ត្រូវ​បន្ត​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល ១៤ថ្ងៃ​ទៀត និង​រង់ចាំ​ការ​ធ្វើតេស្ត​ជា​បន្ត​បន្ទាប់​ទៀត ដើម្បី​តាមដាន​សុខភាព​បន្ត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អះអាង​ថា ខ្លួន​លោក​ផ្ទាល់ ក្រុម​កង​អង្គរក្ស និង​ក្រុម​គ្រួសារ​លោក​សរុប ១៨នាក់ បាន​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល ១៤ថ្ងៃ។ លោក ហ៊ុន សែន បាន​លុប​ចោល​គម្រោង​មួយ​ចំនួន ដូចជា​ការ​ចុះ​ជួប​​ប្រជា​ពលរដ្ឋ​ខេត្ត​ពោធិ៍​សាត់ ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​ចែក​ស្រូវ​ពូជ និង​អំណោយ​ផ្សេងៗ ដង្ហែ​ព្រះមហាក្សត្រ​យាង​មក​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ដង្ហែ​ព្រះអង្គ​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យជាតិ ៩ វិច្ឆិកា និង​ចូលរួម​ប្រជុំ​អាស៊ាន​ថ្ងៃ​ទី១២ ដល់​ថ្ងៃ​ទី១៥ វិច្ឆិកា ខាងមុខនេះ ជាដើម​។

លោក ហ៊ុន សែន បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​រសៀល​ថ្ងៃ​ទី៥ វិច្ឆិកា​ដែរ​ថា ចាប់​តាំង​ពីពេលយកសំណាកទៅពិនិត្យនៅម៉ោង១២ថ្ងៃ៤វិច្ឆិកាមក គឺ​លោក​គ្មាន​អ្វី​ប្លែក​ក្នុង​ខ្លួន​នោះ​ឡើយ។ ជាមួយ​គ្នា​នោះ លោក ហ៊ុន សែន បាន​សើច​ចំអក​ថា អ្វី​ដែល​អាក្រក់​នោះ គឺ​គាត់​មិន​អាច​រស់នៅ​ជាមួយ​ប្រពន្ធ​លោក ក្នុង​បន្ទប់​តែ​មួយ។

ពាក់ព័ន្ធ​នឹង​ការងារ​ប្រចាំ​ថ្ងៃ​ក្នុង​រដ្ឋាភិបាល​វិញ លោក​បញ្ជាក់​ថា លោក​នៅ​តែ​អាច​ធ្វើ​ការងារ​បាន​ជា​ធម្មតា ប៉ុន្តែ​ត្រូវ​ធ្វើ​ផ្ទះ ដូច​ជា ពិនិត្យ​របាយការណ៍ ពិនិត្យ​សម្រេច​លើ​សំណើ​របស់​ក្រសួង​ស្ថាប័ន​នានា និង​ចុះ​ហត្ថលេខា​លើ​ឯកសារ​ផ្សេងៗ ដូច​ពេល​មុនៗ ដែរ។

ប្រធាន​​មជ្ឈ​​មណ្ឌល​​ប្រជា​ពល​រដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លោក យង់ គឹមអេង មាន​ប្រសាសន៍​ថា កម្ពុជា​ហាក់​នៅ​ខ្សោយ​ក្នុង​ការ​អនុវត្ត​វិធានការ​របស់​ក្រសួង​សុខាភិបាល ទាំង​ប្រជា​ពលរដ្ឋ និង​មន្ត្រី​រដ្ឋាភិបាល ក្នុង​ការ​រក្សា​គម្លាត ការ​ពាក់​ម៉ាស់ ការ​ធ្វើ​ដំណើរ​ជា​ដើម។ លោក​បន្ត​ថា ការ​ធ្វេស​ប្រហែស​ និង​ការ​ជឿជាក់​ថា ប្រមុខ​ការ​បរទេស​ហុងគ្រី​មិន​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ នេះ​ហើយ ទើប​បណ្ដាល​ឲ្យ​មន្ត្រី​ជា​ច្រើន​មិន​បាន​ប្រុង​ប្រយ័ត្ន​អនុវត្ត​វិធាន​​ការ​សុខាភិបាល ហើយ​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​នូវ​កិច្ចការ​មួយ​ចំនួន​ទៀត ដែល​មន្ត្រី​រដ្ឋាភិបាល​លុប​ចោល បន្ទាប់​ពី​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡឺ​ស័ក​ចំនួន ១៤ថ្ងៃ។ លោក​ស្នើ​ឲ្យ​ក្រសួង​សុខាភិបាល គួរ​រឹត​បន្តឹង​រឿង​នេះ​បន្ថែម​ទៀត ចំពោះ​ប្រជា​ពលរដ្ឋ និង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ទាំង​អស់ ឲ្យ​ស្មើ​ភាព​គ្នា៖ « ក្រសួង និង​ស្ថាប័ន​រដ្ឋ​ហ្នឹង​គួរតែ​ធ្វើ​ជា​គំរូ​នៅ​ក្នុង​ការ​អនុវត្ត​នូវ​វិធាន​ការ​ហ្នឹង​ឲ្យ​បាន​ម៉ឺង​ម៉ាត់ ហើយ​ម្យ៉ាង​វិញ​ទៀត គឺ​ត្រូវ​តែ​ក្រើន​រំលឹក​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​ជាប់​ជានិច្ច ជា​ពិសេស​គឺ​អាជ្ញាធរ​ដែន​ដី​ត្រូវតែ​ក្រើន​រំលឹក​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​អនុវត្ត​នូវ​វិធាន​ការ​របស់​ក្រសួង​សុខាភិបាល ក៏​ដូចជា​អង្គការ​សុខភាព​ពិភព​លោក។ ហើយ​នៅ​ក្នុង​នោះ​ដែរ គឺ​រឿង​ដែល​ព្រួយ​បារម្ភ​ជាង​គេ គឺ​ត្រូវតែ​មើល​ទៅ​លើ​ពិធី​ជួបជុំ​ដែល​មាន​មនុស្ស​ចូលរួម​ច្រើន​នោះ គួរ​តែ​ក្រើន​រំលឹក ឬក៏​អាច​ឈាន​ទៅ​ដល់​ការ​ត្រួត​ពិនិត្យ​អំពី​ស្តង់ដា​សុខភាព​អនាម័យ និង​ជាពិសេស​គឺ​ការ​អនុវត្ត​តាម​វិធាន​ការ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក និង​ក្រសួង​សុខាភិបាល​ហ្នឹង »

គិត​ត្រឹម​ថ្ងៃ​ទី៥ វិច្ឆិកា ចំនួន​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩ សរុប​ទូទាំង​ប្រទេស​កើន​ដល់​ចំនួន ២៩២នាក់ ក្នុង​នោះ​អ្នក​ជា​សះ​ស្បើយ ២៨៦នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មាន​ចំនួន ៦នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។