ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ២ករណីទៀត លើស្ត្រីខ្មែរជាពលករមកពីប្រទេសថៃ និងប្រកាសបកស្រាយអំពីករណីបុរសម្នាក់ជាពលករម្នាក់ស្លាប់ក្នុងពេលកំពុងធ្វើចត្តាឡីស័ក។ មន្ត្រីសង្គមស៊ីវិល ស្នើសុំឱ្យក្រសួងសុខាភិបាល ប្រុងប្រយ័ត្នអំពីការឆ្លងរាតត្បាតក្នុងសហគមន៍ និងបង្ហាញរបាយការណ៍អំពីករណីស្លាប់នោះឱ្យបានលំអិតជាងនេះបន្ថែមទៀត។
ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ២រូប ដោយម្នាក់អាយុ២៤ឆ្នាំ និងម្នាក់ទៀតអាយុ២៨ឆ្នាំ មានអាសយដ្ឋាននៅស្រុកកំរៀង ខេត្តបាត់ដំបង។ អ្នកជំងឺទាំង២ ជាពលការិនី ដែលធ្វើដំណើរពីប្រទេសថៃមកដល់កម្ពុជា កាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០ និងត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅវិភាគ ដោយទទួលបានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ១៩។ បច្ចុប្បន្ន អ្នកជំងឺទាំង២ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ក្រសួងបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ មករា ពលករដែលធ្វើដំណើរមកពីប្រទេសថៃចំនួន ១៦នាក់ហើយបានឆ្លងជំងឺកូវីដ១៩ ខណៈពលករមួយចំនួនទៀតកំពុងធ្វើចត្តាឡីស័ក។
ក្រៅពីនេះ ក្រសួងសុខាភិបាល បកស្រាយអំពីករណីបុរសជាពលករម្នាក់ស្លាប់ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅមណ្ឌលខេត្តត្បូងឃ្មុំ គឺដោយសារបុរសរូបនេះមានជំងឺបេះដូង។ អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣ ខែមករា ថា ក្រុមការងារកោសល្យវិច័យ បានពិនិត្យលើខ្លួនសាកសព ឃើញមានស្នាមបែកក្បាលហូរឈាមក្នុងស្ថានភាពរបៀបជាបានដួលបោកក្បាលទៅនឹងចានបង្គន់ និងបានសន្និដ្ឋានថា សាមីសពមានអាការៈចុកបេះដូង និងគាំងបេះដូងភ្លាមៗ បណ្ដាលឱ្យដួលបោកក្បាលនឹងចានបង្គន់ កាលពីថ្ងៃទី០២ មករា។ អ្នកស្រីអះអាងថា ចាប់តាំងពីថ្ងៃធ្វើចត្តាឡីស័ករហូតដល់ថ្ងៃចុងក្រោយ ពលករដែលស្លាប់នោះ មិនបានបង្ហាញព័ត៌មានអំពីប្រវត្តិដែលគាត់ធ្លាប់មានជំងឺបេះដូង និងធ្លាប់ព្យាបាលនៅប្រទេសថៃឡើយ។
អ្នកស្រីបន្តទៀតថា បុរសដែលស្លាប់នោះ មានអាយុ ៥២ ឆ្នាំ មានស្រុកកំណើតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ហើយបានធ្វើដំណើរត្រឡប់មកពីប្រទេសថៃ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ដោយបន្តដំណើរទៅធ្វើចត្តាឡីស័ក នៅខេត្តត្បូងឃ្មុំ ក្រោយពីក្រុមគ្រូពេទ្យពិនិត្យលើកទីមួយមិនមានជំងឺកូវីដ១៩។
ជុំវិញករណីនេះ អាស៊ីសេរី បានព្យាយាមទាក់ទងទៅប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លោក កែវ វណ្ណៈ ដើម្បីសួរនាំបន្ថែមលើការ ប៉ុន្តែទូរស័ព្ទចូល ពុំមានអ្នកទទួល។
កន្លងមក មានករណីមនុស្សដួលសន្លប់ ស្លាប់ ឬប្រកាច់តាមទីសាធារណៈកើតឡើងជាញឹកញាប់ នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក្រសួងសុខាភិបាល តែងបដិសេធថា មិនពាក់ព័ន្ធនឹងជំងឺកូវីដ នោះទេ គឺបណ្តាលមកពីរោគបេះដូង ឬខ្យល់គជាដើម។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ក្រសួងសុខាភិបាល គួរបង្ហាញរបាយការណ៍ ឬកំណត់ហេតុមួយបន្ថែមទៀតឱ្យបានច្បាស់លាស់ជាងនេះ ដើម្បីឱ្យពលរដ្ឋបានស្ងប់ចិត្ត និងជឿទុកចិត្តបាន។ លោកបន្តថា ក្រសួងសុខាភិបាល ក៏គួរពិនិត្យមើលឡើងវិញ អំពីបញ្ហាអនាម័យ របបអាហារ បរិស្ថានជុំវិញមណ្ឌលចត្តាឡីស័ក ជាដើម ព្រោះកន្លងមក មានអ្នកធ្វើចត្តាឡីស័កមួយចំនួន រិះគន់ថា នៅតាមមណ្ឌលចត្តាឡីស័កមួយចំនួន ខ្វះអាហារហូបចុក គ្មានផាសុកភាព ធ្វើឱ្យធុញថប់ រហូតអ្នកខ្លះរត់គេចចេញពីទីនោះទៀតផង៖ «សូមឱ្យក្រសួងសុខាភិបាលហ្នឹងមានការប្រុងប្រយ័ត្នហើយនឹងការដាក់គាត់ឱ្យធ្វើចត្តាឡីស័កហ្នឹងទៅកន្លែងដែលសមរម្យ ហើយដែលមិនមានសម្ពាធផ្លូវចិត្ត ឬបាតុកម្មជុំវិញដែលធ្វើឱ្យគាត់មានសម្ពាធផ្លូវចិត្តថែម ហើយមួយវិញទៀតគឺពលករហ្នឹងគាត់គួរតែមានការស្ម័គ្រចិត្តទៅធ្វើចត្តាឡីស័កដែល ដើម្បីបញ្ចៀសការចម្លងទៅដល់ក្រុមគ្រួសារទៅដល់សាច់ញាតិទៅដល់សហគមន៍របស់យើង»។
គិតត្រឹមថ្ងៃទី៣ មករា នេះ អ្នកមានជំងឺកូវីដ ១៩ សរុប នៅទូទាំងប្រទេសមានចំនួន ៣៨១ នាក់ ក្នុងនោះមានអ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មានចំនួន ៤១ នាក់ និងពលករធ្វើដំណើរមកពីប្រទេសថៃមានចំនួន ១៦នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៣៦២ នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានចំនួន ១៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។