ប្រធាន​សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​រងការ​ចោទ​ប្រកាន់​​ថា ​​រ៉ៃអង្គាស​ប្រាក់​ពី​សាលាឯកជន​សម្រាប់​ការចាក់​វ៉ាក់សាំង​

បុគ្គលិកអប់រំ​មួយ​ចំនួន​បង្ហាញការ​មិន​ពេញ​ចិត្តទេ​ ចំពោះ​សកម្មភាព​រ៉ៃអង្គាស​ប្រាក់​នៅ​តាម​សាលារដ្ឋ និង​ឯកជន​ ព្រោះ​ពួកគាត់​កំពុង​រង​គ្រោះ​​ដោយ​សារ​វិបត្តិជំងឺ​កូវីដ-១៩។

បុគ្គលិកអប់រំ​​នៅសាលា​ឯកជន​ម្នាក់​ដែល​សុំមិន​បញ្ចេញឈ្មោះ​ និង​សំឡេង ​ប្រាប់​អាស៊ីសេរី​ថា ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ និង​ជានាយកវិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យលោក​ ហេង វ៉ាន់ដា​ ​ បាន​ផ្ញើសារ​តាម​ប្រព័ន្ធ​តេឡេក្រាម​ (Telegram)​ ដល់​សាលាឯកជន​ទាំងអស់​ដែល​ជា​សមាជិក​របស់​សមាគម​​ឲ្យ​ចូលរួម​ឧបត្ថម្ភ​ថវិកា​ដល់​លោក​ ដើម្បី​ទទួល​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩។​ លោក​បន្តថា លោក ហេង វ៉ាន់ដា ​បាន​ផ្ញើសារ​ម្តងហើយ​ម្តងទៀត​​ដើម្បី​រំលឹក​ឲ្យ​សាលារៀន​ទាំង​អស់​បង់ថវិកា​ ប៉ុន្តែលោក​មិន​បាន​បញ្ជាក់ថា​ ប្រមូល​ថវិកា​ទាំងនោះ​​យក​ទៅ​ធ្វើអ្វី​​នោះទេ។​ បុគ្គលិក​អប់រំ​រូបនេះ​​​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​រ៉ៃអង្គាស​ថវិកា​បែបនេះទេ​ ព្រោះ​សាលាឯកជន​កំពុង​​ជួប​វិបត្តិ​បាត់បង់ប្រាក់​ចំណូល​​ដោយ​សារការ​រីករាល​ដាល​​ជំងឺ​កូវីដ-១៩ ដែរ។ ម្យ៉ាង​ទៀត​ លោក យល់​ថា​ ការប្រមូល​ថវិកា​នេះ ​គឺជា​ទង្វើ​មិន​ត្រឹមត្រូ​វ​ឡើយ​ ព្រោះ​រដ្ឋាភិបាល​ប្រកាស​ថា ​នឹង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ ហើយ​វ៉ាក់សាំង​ទាំង​នោះ ​គឺជា​ជំនួយ​របស់​បរទេស​និង​ប្រើ​ថវិកា​ជាតិ​ដើម្បី​ទិញ។

សារជា​អក្សរ​ដែល​រងការ​ចោទ​ថា​ ជា​សារ​របស់​លោក ហេង វ៉ាន់ដា នោះ​បាន​សរសេរ​ថា ដើម្បី​រួមចំណែក​ចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក​អប់រំ​នៅថ្ងៃទី​២៩​ ខែ​មីនា​ ដែល​​រៀប​ចំ​ដោយ​ក្រសួង​អប់រំ​និង​ក្រសួង​សុខាភិបាល​នោះ​លោកអំពាវនាវ​ឲ្យ​សមាជិក​ទាំងអស់​ជួយ​ផ្សព្វផ្សា​យឲ្យបាន​ទូលំទូលាយ និង​ចូលរួម​ឧបត្ថម្ភ​ថវិកា​​ដោយ​ស្ម័គ្រ​ចិត្ត។ ក្នុ​ង​នោះលោក​បាន​រាយ​ឈ្មោះសាលាមួយ​ចំនួន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ ចាប់ពី​ប្រាំរយ​ (៥០០) ដុល្លារ ទៅ​មួយ​ពាន់​ប្រាំរយ​ (១.៥០០) ដុល្លារ ដែល​សរុប​បាន​ជិត​ ៥​ម៉ឺន (៤៨.៦៦០.៧០) ដុល្លារ។ សារ​នោះ ​បានរំលឹកម្តង​ហើយ​ម្ត​ង​ទៀត​ ដើម្បី​ឲ្យ​សមាជិក​សមាគមចូលរួម​បរិច្ចាគ​ប្រាក់​តាមការ​អំពាវនាវ​ទោះតិច​ក្តី​ច្រើន​ក្តី។

ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ និង​ជា​នាយក​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យលោក​ ហេង វ៉ាន់ដា ​ប្រាប់​​អាស៊ីសេរី​​ដោយ​ខ្លី​​ថា លោក​មិនដឹង​រឿង​រៃអង្គា​សប្រាក់​នៅតាម​គ្រឹះស្ថានឯ​កជននោះ​ទេ​ ហើយ​លោក​​ចុច​ផ្តាច់​ទូរស័ព្ទ​ភ្លាមៗ។

អាស៊ីសេរី​​មិន​​អាច​​ទាក់ទងអ្នកនាំ​​ពាក្យ​ក្រសួង​​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន​ និង​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កិឡា​លោក​ រស់ សុវាចា ​ដើម្បី​​សាក​សួរ​​ព័ត៌មាន​​​នេះ​បាន​ទេ ​នៅថ្ងៃទី២៨ ​ខែមីនា។

ប្រធានសមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី​ អ៊ុក ឆាយ៉ាវី​ មាន​ប្រសាសន៍​ថា​ សាលារដ្ឋ​ខ្លះ​ក៏មាន​ការ​រ៉ៃអង្គា​ស​ប្រាក់​ដើម្បី​ទិញ​វ៉ាក់​សាំង ​​ដូចសាលាឯកជន​ដែរ។​ អ្នកស្រី​បន្តទៀត​ថា​ ការចូលរួម​ថវិកា​ទិញ​វ៉ាក់សាំង​កូវីដ១៩​របស់លោក​គ្រូអ្នក​គ្រូ​ភាគច្រើន​ពួកគាត់​ទទួល​រងគំនាប ​និង​មិន​សប្បាយ​ចិត្ត​នោះទេ​ ដោយ​ពួក​គាត់​ព្រួយបារម្ភ​ថ្នាក់លើ​ចោទ​ប្រកាន់​ថា​ មាន​និន្នាការ​ និង​កត់សម្ភាល់​ទុក​ជា​ដើម។ អ្នក​ស្រី​យល់ថា​ ប្រសិន​បើការ​អំពាវនាវ​របស់​ប្រធាន​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​នេះ​គឺ​ជា​ការពិត​ នោះ​អ្នកស្រី​យល់ថា​ ជា​សារ​បង្ខិតបង្ខំ​ ធ្វើឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​បុគ្គលិក​អប់រំ​ ដែល​ខ្វះខាត​ដោយសារ​ការរីករាលដាល​ឆ្លង​ជំងឺកូវីដ-១៩​៖ ​«ខ្ញុំឃើញថា​ ទោះបីជា​រដ្ឋាភិបាល​កំពុង​តែ​មាន​ថវិកា​ជាច្រើន​ហើយក៏ដោយ​ ក៏ពួកគាត់ដែលជា​ថ្នាក់​ក្រោម​ជាតិ​​ តែងតែ​ធ្វើដើម្បី​មុខមាត់​​ពួកគាត់​​បន្ថែម​ទៀត ​ថា​ពួកគាត់ហ្នឹង​​ខិតខំ​ប្រឹងប្រែង​​ជួយ។ ការបរិច្ចាគ​ហ្នឹង​ ទោះបីជា ​៥០០០​ រៀលក្ដី ​ឬ ​១០០០០​ រៀលក្ដី ​ក៏នៅតែជាការ​ទើស​ទាល់​របស់​ពួកគាត់​»។

ការអំពាវ​នាវ​របស់​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ ដែល​រ៉ៃអង្គាស​ប្រាក់​ពី​បុគ្គលិក​អប់រំ​នេះ​ គឺ​ផ្ទុយ​ពី​ការ​អះអាង​របស់​រដ្ឋាភិបាល​ លោក​ ហ៊ុន សែន ​កន្លងមក​ដែល​ថា ​ការចាក់វ៉ា​ក់សាំង​កូវីដ​-១៩ ជូន​ប្រជាពលរដ្ឋខ្មែរ​ដោយ​ឥត​គិត​ថ្លៃ ស្ម័គ្រចិត្ត​ និង​មិន​រើងអើង​និន្នាការ​នយោបាយ។

កាលពីដើម​ខែកុម្ភៈ​ អាជ្ញាធរ​​កម្ពុជា​​ ក៏បាន​​បណ្តេ​ញ​​បុរសជនជា​តិ​ចិន​ម្នាក់​​ជាម្ចាស់​កាសែត​​អង្គរ​ធូដេ​​(Angkor Today) ​មិន​ឲ្យ​ចូល​កម្ពុជា​​ជារៀង​រហូត​​ បន្ទាប់​ពី​​ស្ថាប័ន​ព័ត៌មាន​​​របស់​​គាត់​​បាន​ចុះផ្សាយ​​អត្ថបទ​​មួយ​ក្រោម​​ចំណងជើង​ថា​ ​«​កម្ពុជា​​លក់​វ៉ាក់សាំង​​ដែល​​ជា​ជំនួយ​​របស់​ចិន​»​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។