មូលហេតុ​អ្វី​បណ្ដាល​ឲ្យ​កើត​ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ចេញ​ពី​ក្រពះ?

0:00 / 0:00

ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ក្រពះ (Gastroesophageal Reflux Disease -GERD) បណ្ដាល​មក​ពី​អាស៊ីដ​ហូរ​ច្រាល​ចេញ​ពី​ក្រពះ បុក​ឡើង​ទៅ​ក្នុង​បំពង់​អាហារ។ ជំងឺ​នេះ ប៉ះពាល់​ខ្លាំង​ដល់​ដំណេក​ពេល​យប់ និង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​បំពង់​អាហារ​ដល់​អ្នក​ជំងឺ។

តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​បង្ការ​ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ក្រពះ​នេះ​បាន?

វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ក្រពះ និង​បំពង់​អាហារ ឲ្យ​ដឹង​ថា ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ក្រពះ បណ្ដាល​មក​ពី​ម្ហូប​អាហារ​ដែល​ទទួល​ទាន និង​បញ្ហា​ដំណើរ​ការ​មិន​ល្អ​នៃ​ស្ពីនទ័រ (Sphincters) ដែល​ជា​សាច់​ដុំ​ពិសេស​នៅ​ក្នុង​បំពង់​អាហារ (សាច់​ដុំ​ខ្ជឹប​នៅ​ក​ក្រពះ)។ ករណី​ខ្លះ​ទៀត ដោយសារ​​ក្រពះ​បញ្ចេញ​ទឹក​អាស៊ីដ​ច្រើន​ពេក។ អ្នក​ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ច្រាល​ទឹក​អាស៊ីដ គឺ​អ្នក​ធាត់​ខ្លាំង អ្នក​ទទួល​ទាន​អាហារ​បរិមាណ​ច្រើន និង​អ្នក​ដែល​ស្លៀក​សំលៀក​បំពាក់ តឹង​ខ្លាំង​ពេក​នៅ​ជុំវិញ​ចង្កេះ។

លោក វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ ម្ចាស់​គ្លីនីក នៅ​ទីក្រុង លីន (Lynn) រដ្ឋម៉ាស្សាឈូសេត (Massachusetts) មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ថា គេ​អាច​កត់​សំគាល់​រោគសញ្ញា នៃ​ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ក្រពះ ដូច​ជា ឧស្សាហ៍​ភើ​ជូរ​ក្នុង​មាត់ ក្ដៅ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​បំពង់​អាហារ​ដល់​បំពង់​ក ឆ្អល់​ចុង​ដង្ហើម ពិបាក​ដក​ដង្ហើម មាន​អារម្មណ៍​ដូច​ជា​ស្លាក់​អាហារ មាន​ស្លេស្ម​ច្រើន​នៅ​បំពង់​ក ឈឺ​បំពង់​ក ក្អក ដំបៅ​មាត់ និង​ឈឺ​ក្រហាយ​ទ្រូង ឬ​ឆ្អល់​ចុង​ដង្ហើម (Heart burn) ក្រោយ​ពេល​បរិភោគ​អាហារ​រួច​ជា​ដើម៖ « ខ្មែរ​យើង និង​អាគាំង​ភាគ​ច្រើន គឺ​កើត​បញ្ហា​ឈឺ​ក្រពះ ដែល​មាន​ច្រើន​យ៉ាង អ្នក​ខ្លះ​ឆ្អល់​ដើម​ទ្រូង ខ្លះ​ភើ​ច្រើន។ វា​មិន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ទេ គ្រាន់តែ​ឲ្យ​យើង​ពិបាក​ក្នុង​ខ្លួន។ ហើយ​ខ្លះ​មាន Heart burn គឺ​មាន​ន័យ​ថា ជាតិ​អាស៊ីដ​ច្រើន​ក្នុង​ក្រពះ វា​ច្រាល​ឡើង​លើ នាំ​ឲ្យ​ពិបាក​ដក​ដង្ហើម ជួនកាល​ឈឺ​មាត់ ល្វីង​មាត់ ហើយ​ករណី​ខ្លះ​ទៀត​ធ្វើ​ឲ្យ​ក្អក »

គេហទំព័រ​សុខភាព WebMD ឲ្យ​ដឹង​ថា ការ​ក្រហាយ​ទ្រូង (Heart Burn) ម្តងម្កាល ដោយសារ​ការ​ច្រាល​ទឹក​អាស៊ីដ​ក្រពះ (Acid Reflux) មិន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ។ ក៏​ប៉ុន្តែ​ប្រសិន​បើ​ករណី​នេះ កើត​ឡើង​ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍ អ្នក​ជំងឺ​ត្រូវ​ជួប​ពិគ្រោះ យោបល់​ជា​មួយ​គ្រូពេទ្យ។ ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ក្រពះ​រ៉ាំរ៉ៃ (GERD) នោះ​វា​នឹង​បណ្ដាល​ឲ្យ​រលាក និង​ដំបៅ​ក្រពះ ប្រសិន​បើ​មិន​បាន​ព្យាបាល។ ករណី​ខ្លះ​ទៀត វា​បណ្ដាល​ឲ្យ​ផ្លាស់​ប្ដូរ​កោសិកា​ក្នុង​ស្រទាប់​បំពង់​អាហារ ដែល​នេះ គឺ​ជា​ហានិភ័យ​ខ្ពស់ នាំ​ឲ្យ​កើត​ជំងឺ​មហារីក​បំពង់​អាហារ (esophageal cancer)។

លោក វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ មាន​ប្រសាសន៍​បន្ត​ថា អ្នក​មាន​បញ្ហា​ច្រាល​ទឹក​អាស៊ីដ​ក្រពះ នៅ​ពេល​ទទួល​ទាន​អាហារ​ម្តងៗ ត្រូវ​កត់​សំគាល់​ថា តើ​វា​បណ្ដាល​ឲ្យ​មាន​បញ្ហា​រំខាន​អ្វី​ខ្លះ ដូច​ជា ឧស្សាហ៍​ភើ​ជូរ ស្លេស្ម​ក្នុង​បំពង់​ក ឬ​ក៏​បណ្ដាល​ឲ្យ​ក្អក​ជាដើម។ លោក​វេជ្ជបណ្ឌិត​ថា ប្រសិន​បើ​មាន​រោគ​សញ្ញា​ណា​មួយ​ខាង​លើ​នេះ គួរតែ​ផ្លាស់ប្ដូរ​ពី​ប្រភេទ​ម្ហូប​អាហារ ដែល​ទទួលទាន​ទាំង​នោះ៖ «គ្រូពេទ្យ​ណែនាំ​ឲ្យ​ពិនិត្យ​មើល​ពី​ផល​វិបាក​រាល់​ថ្ងៃ​នៃ​ការ​បរិភោគ​អាហារ ដូច​ជា​ម្ហូប​មួយ​ណា ដែល​ញ៉ាំ​ទៅ​ធ្វើ​ទុក្ខ​ពិបាក​ក្នុង​ខ្លួន ដើម្បី​ចំណាំ​ថ្ងៃ​ក្រោយ ឧទាហរណ៍​ដូច​ជា ផ្កា​ខាត់ណា​ខៀវ (Broccoli) ស្ពៃ ឬ​របស់​ឆៅ។ ទី២ កុំ​ញ៉ាំ​ញាប់​ពេក ទំពា​ឲ្យ​ម៉ត់​ត្រឹម​ត្រូវ​សឹម​លេប បើ​ជក់​បារី ត្រូវ​បញ្ឈប់។ គេ​អាច​មាន​ថ្នាំ​ទិញ​បាន​ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា ដើម្បី​កាត់​បន្ថយ​ជាតិ​អាស៊ីដ​ច្រើន​ក្នុង​ក្រពះ »

អ្នក​កើត​ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ក្រពះ បណ្ដាល​ឲ្យ​ឈឺ​ក្រហាយ​ទ្រូង​រាប់​ម៉ោង ជាពិសេស​ក្រោយ​ការ​បរិភោគ​រួច។ ការ​ទទួល​ទាន​អាហារ​រួច​ហើយ គេង​សម្រាក​ឬ​ទម្រេត​ខ្លួន​ភ្លាម វា​នាំ​ឲ្យ​ឈឺ​ក្រហាយ​ទ្រូង​កាន់​តែ​ខ្លាំង។ ប្រសិន​បើ​រោគ​សញ្ញា​នេះ នៅ​តែ​បន្ត​កើត​ឡើង គឺ​ត្រូវ​ស្វែង​រក​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ។ ចំពោះ​រោគសញ្ញា​អ្នក​មាន​ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ពេល​យប់​វិញ គឺ​នៅ​ពេល​ភ្ញាក់​ពី​ដំណេក ច្រើន​ឈឺ​បំពង់​ក ក្អក ឬ​មាន​ជាតិ​ល្វីង​ជូរចត់​ក្នុង​មាត់។ ក្រៅ​តែ​ពី​មាន​បញ្ហា​គេង​មិន​លក់ អ្នក​មាន​ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ពេល​យប់ គឺ​វា​នឹង​ទៅ​បំផ្លាញ​កោសិកា​ក្នុង​បំពង់​អាហារ ដោយសារ ទឹក​អាស៊ីដ​នោះ វា​ស្ថិត​នៅ​ក្នុង​បំពង់​អាហារ​យូរ នៅ​ពេល​គេង​ទម្រេត​ខ្លួន។

តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ ដើម្បី​កាត់​បន្ថយ​ការ​ច្រាល​ទឹក​អាស៊ីដ​ក្រពះ?

ទាំង​លោក​វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ និង​គេហទំព័រ​សុខភាព WebMD ឲ្យ​ដឹង​ដូច​គ្នា​ថា មធ្យោបាយ​ល្អ​បំផុត សម្រាប់​អ្នក​មាន​ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ក្រពះ គឺ​ត្រូវ​ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ និង​របប​អាហារ​ទទួល​ទាន។ អ្នក​ជំងឺ​ត្រូវ​ចៀសវាង​ការ​ទទួល​ទាន​អាហារ ដែល​មាន​ជាតិ​អាស៊ីដ​ច្រើន ដូច​ជា ប៉េងប៉ោះ ខ្ទឹមស ខ្ទឹមបារាំង ស្ករ​សូកូឡា អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន ជាតិ​ហឹរ​ខ្លាំង និង​ក្រូច​គ្រប់​ប្រភេទ ដូចជា ក្រូចថ្លុង​ជាដើម។ ទម្លាប់​បរិភោគ​អាហារ​បរិមាណ​តិច ជៀសវាង​ការ​ទទួល​ទាន​ច្រើន​ហួសហេតុ រហូត​ដល់​ហល់ ទទួលទានអាហារពេលល្ងាច៣ឬ៤ម៉ោង​មុន​ចូល​គេង និង​ចៀស​វាង​ការ​ទទួលទាន​ អាហារ​សម្រន់​ពេល​យប់​ជ្រៅ។ បន្ថែម​ពី​នេះ អ្នក​មាន​ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ក្រពះ គួរ​កាត់​បន្ថយ​កាហ្វេ តែ ភេសជ្ជៈ​កំប៉ុង (sodas) ស្រា ទឹក​ប៉េងប៉ោះ និង​ទឹក​ក្រូច​ពោធិ៍សាត់។

គេហទំព័រ​សុខភាព WebMD ឲ្យ​ដឹង​ថា គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​អ្នក​មាន​ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ក្រពះ ប្រើ​ថ្នាំ​បន្សាប​ជាតិ​អាស៊ីដ នៅ​ក្នុង​ក្រពះ រយៈ​ពេល ២ខែ ឬ​យូរ​ជាង​នេះ ទៅ​តាម​ស្ថានភាព​របស់​អ្នក​ជំងឺ។ គ្រូពេទ្យ​ក៏​នឹង​ផ្តល់​ដំបូន្មាន​ឲ្យ​អ្នក​មាន​ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ក្រពះ​ដែល​ធាត់​ខ្លាំង ត្រូវ​បញ្ចុះ​ទម្ងន់ ដោយ​បរិភោគ​សាច់​តិច តែ​ទទួល​ទាន​បន្លែ និង​ផ្លែ​ឈើ​ច្រើន។

បន្ថែម​ពី​នេះ គ្រូពេទ្យ​ស្នើ​ឲ្យ​អ្នក​ជំងឺ​កល់​ជើង​គ្រែ ដើម្បី​លើក​ក្បាលដំណេក ឲ្យខ្ពស់ដល់ទៅ៣០ សង្ទី​ម៉ែត្រ មិន​មែន​ដាក់​ខ្នើយ​កល​ច្រើន​ឲ្យ​ក្បាល​ខ្ពស់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។