លោក ហ៊ុន សែន កាលពីថ្ងៃទី៨ មិនា បានចេញបទបញ្ជាតាមរយៈសារសំឡេងចែកចាយតៗគ្នានៅក្នុងបណ្ដាញសង្គមថា ការបិទស្ថាប័នជាតិទាំងបីនេះ មិនមែនបិទទាំងស្រុងទេ គឺត្រូវកាត់បន្ថយមនុស្សចំនួនធ្វើការចំនួន ៩០% និងត្រូវមានមនុស្សនៅប្រចាំការ ចំណែកឯមនុស្សភាគច្រើនទៀតត្រូវធ្វើការនៅតាមផ្ទះក្នុងរយៈពេលសិន។ លោកថា វិធានការបន្ទាន់នេះយ៉ាងតិចក៏មានរយៈពេល ៧ថ្ងៃសិនដើម្បីរង់ចាំមើលស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ បន្តទៀត៖ «ធ្វើយ៉ាងដូច្នេះគឺយើងអាចបញ្ចៀសបាននៅហានិភ័យដែលយើងមិនទាន់ស្គាល់ នូវអ្នកដែលមានការពាក់ព័ន្ធ ពីព្រោះពិតជាច្របូកច្របល់ខ្លាំងណាស់ នូវពេលនេះ។ មានការឆ្លងនៅក្នុងក្រមខណ្ឌនគរបាល មន្ត្រីរាជការ រហូតដល់សិល្បករ សិល្ប ការិនី ផងដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទម្លាយឱ្យដឹងថា មានមនុស្សចំនួន ៤៩នាក់ បានឆ្លងជំងឺកូវីដ១៩ បន្ថែមទៀត នៅភ្នំពេញ ក្រុងព្រះសីហនុ ខេត្តព្រៃវែង និងខេត្តកណ្ដាល។
លោក ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់វិស័យឯកជន បើអាចធ្វើទៅបានគឺកាត់បន្ថយបុគ្គលិកហើយធ្វើការផ្លាស់ប្ដូរវេនគ្នា ដើម្បីបញ្ចៀសមនុស្សកកកុញនៅកន្លែងធ្វើការផង និងនៅកន្លែងតាមផ្លូវផង។
លោក ហ៊ុន សែន បានបន្តថា សម្រាប់ក្រុមគ្រួសារនីមួយៗ ហាមកូនៗ កុំឱ្យចេញក្រៅផ្ទះ ហើយសម្រាប់មនុស្សចាស់ និងមនុស្សពេញវ័យប្រសិនបើមិនមានការចាំបាច់ទេ គឺកុំចេញក្រៅផ្ទះ ហើយបើត្រូវចេញក្រៅផ្ទះត្រូវតែពាក់ម៉ាសការពារ ពីព្រោះឥឡូវនេះជំងឺពិតប្រាកដមិនដឹងនៅកន្លែងណា ហើយនេះជាបញ្ហាប្រឈមដ៏ធំ៖ «ខ្ញុំគិតថា វិធានការនេះ គឺជាវិធានការចាំបាច់របស់សុខភាពបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ក៏ដូចសង្គមជាតិរបស់យើងផងដែរ។ ពិតមែនហើយនៅសល់ច្បាប់មួយដែលព្រឹទ្ធសភា មិនទាន់អនុម័ត ខ្ញុំស្នើ ឯកឧត្ដមប្រធានព្រឹទ្ធសភាស្ដីទី មេត្តាពិនិត្យរកវិធីណាដើម្បីឱ្យច្បាប់ដែលសភាបានអនុម័តនោះបានចូលជាធរមាន»។
ក្រោយពីលោក ហ៊ុន សែន បញ្ចេញសារនេះ ក្រសួងអប់រំយុវជន និងកីឡា ក៏បានចេញសេចក្ដីណែនាំមួយ ឱ្យផ្អាករាល់សកម្មភាពជួបប្រជុំរបស់មន្ត្រីរាជការទាំងអស់ ហើយរាល់ការជួបប្រជុំត្រូវរៀបចំតាមប្រព័ន្ធអនឡាញ ក្នុងករណីចាំបាច់ និងអនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅតាមផ្ទះរៀងៗ ខ្លួន និងត្រូវរៀបចំមន្ត្រីប្រចាំការក្នុងចំនួនតិច ១០ភាគរយ។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនយោបាយលោក គឹម សុខ បានគាំទ្រចំពោះវិធានការរបស់លោក ហ៊ុន សែន ប៉ុន្តែលោកថា ការចេញវិធានការនេះហាក់បីដូចជាយឺតពេក គឺដូចជាលោក ហ៊ុន សែនទើបភ្ញាក់ពីដេក។ លោកបន្តថា ការដាក់ចេញវិធានការបែបនេះ គឺដោយសារតែចំណាត់ការមុខមាត់នយោបាយ ដើរមុខចំណាត់ការបច្ចេកទេស ទើបការរីករាលដាលជំងឺកូវីដ១៩ បានឆ្លងចូលទៅសហគមន៍លឿនរហូតមកដល់ពេលនេះ៖ «ដោយសារតែឥទ្ធិពលមុខមាត់ និងលុយកាក់ធំពេកជាពិសេសលុយចិន នាយករដ្ឋមន្ត្រីខ្លួនឯងបំពានប្រតិបត្តិបីយ៉ាងទៅហើយ។លោកនាយករដ្ឋមន្ត្រីមិនព្រមផ្ដល់ឱកាសអោយអ្នកជំនាញ ចាត់ការពេញអំណាចបច្ចេកទេស ហើយឱ្យក្រុមគ្រូពេទ្យអ្នកជំនាញរង់ចាំស្ដាប់ តែផែនការរៀបចំចង់បានមុខមាត់នយោបាយរបស់នាយករដ្ឋមន្ត្រីដែលមិនចេះបច្ចេកទេសទៅវិញ»។
គិតត្រឹមព្រឹកថ្ងៃទី៨ មីនា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ សរុប ១.០១១នាក់ ក្នុងនោះជាសះស្បើយចំនួន ៥១៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤៩៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។